នៅសម័យបុរាណ ទឹកឃ្មុំត្រូវបានចាត់ទុកជាចំណីអាហាររបស់អាទិទេព។ មុនពេលស្រាវជ្រាវរកឃើញការផលិតស្ករអំពៅ មនុស្សប្រើប្រាស់ទឹកឃ្មុំ ជាចំណីអាហារផ្អែម។ វាជាចំណីអាហារសំណល់របស់អណ្ដាត។ មិនត្រឹមតែប៉ុណ្ណឹងទេ ទឹកឃ្មុំផ្ដល់ជាអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ដល់សុខភាពទៀតផង។ ជាអាទិ ទឹកឃ្មុំធ្លាប់បានប្រើជាឱសថសម្រាប់ព្យាបាលអាការៈឈឺបំពង់ក។
ទឹកឃ្មុំ ជាអ្វី?
ទឹកឃ្មុំជាផលិតផលធម្មជាតិសុទ្ធសាធ ផលិតដោយសត្វឃ្មុំ ដែលក្រេបចេញពីទឹកដមផ្កា។ ទឹកឃ្មុំធម្មជាតិ ឬទឹកឃ្មុំសុទ្ធ ជា ចំណង់បានរបស់អ្នកប្រើទឹកឃ្មុំ ព្រោះថា“ធម្មជាតិ” ជាពាក្យមានអត្ថប្រយោជន៍ ជាពិសេសសម្រាប់សុខភាព។ ទឹកឃ្មុំជាចំណីអាហារ ផ្អែមតែមួយគត់ ដែលមនុស្សលោកទទួលស្គាល់រាប់សិបសតវត្សរ៍មកហើយ។ ដើម្បីបានទឹកឃ្មុំ១ក្រាម សត្វឃ្មុំ១ក្បាលត្រូវក្រេបផ្កា ប្រមាណជា ១៥០០ទង។
ប្រភេទទឹកឃ្មុំ
ទឹកឃ្មុំមានពណ៌ រសជាតិ និងមានកំហាប់ខាប់ ឬរាវ ទៅតាមប្រភេទផ្កា ឬរុក្ខជាតិដែលឃ្មុំបានក្រេប។ មានប្រភេទទឹកឃ្មុំ ផ្អែមខ្លាំង ទឹកឃ្មុំក្លិនឈ្ងុយ និងទឹកឃ្មុំផ្កា។ ទឹកឃ្មុំដែលមិនស្គាល់ប្រភពផ្កាច្បាស់លាស់ អាចហៅថាទឹកឃ្មុំផ្កាគ្រប់មុខ។ បើដឹងប្រភពផ្កា ឬរុក្ខជាតិតែមួយ គេហៅថាទឹកឃ្មុំ“ឆៅ”។ ជួនកាលគេបានធ្វើចំណាត់ថ្នាក់ទឹកឃ្មុំ ទៅតាមដើមឈើដែលវាទុំ។
ទឹកដមទឹកឃ្មុំ
ទឹកដមទឹកឃ្មុំ ឬក្បាលទឹកឃ្មុំ ជាសារធាតុសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន និងអំបិលខនិជ។ វាជាចំណីអាហាររបស់ កូនឃ្មុំ នៅក្នុងសំបុកឃ្មុំ។ កូនឃ្មុំទាំងនេះ រស់ដោយសារទឹកដមទឹកឃ្មុំ បន្ទាប់មកក្លាយជាស្ដេចឃ្មុំ(មានអាយុវែងជាងឃ្មុំកម្មការិនី) និងឃ្មុំឈ្មោល។ ពួកឃ្មុំដែលមិនបានស៊ីទឹកដមទឹកឃ្មុំនេះ ភាគច្រើនជាឃ្មុំកម្មករដែលគ្មានភេទ មិនមែនញី មិនមែនឈ្មោល។ ស្ដេចឃ្មុំ រស់ដោយស៊ីទឹកដមទឹកឃ្មុំនេះពេញមួយជីវិត ហើយវាមានអាយុវែងជាងឃ្មុំដទៃ ដល់ទៅ៥ ឬ៦ដងឯណោះ។
ទឹកដមនេះ ត្រូវបានប្រមូលផ្ដុំទុកដាក់ក្នុងសំបុកឃ្មុំ ដំណាលពេលជាមួយទឹកឃ្មុំដែរ។ ដោយសារថាជាចំណីអាហាររបស់ ស្ដេចឃ្មុំ ទឹកដមទឹកឃ្មុំនេះ ត្រូវបានគេយកមកធ្វើអាជីវកម្ម ជាពិសេសនៅប្រទេសបារាំង មានដាក់លក់នៅកន្លែងលក់ម្ហូបអាហារ និង នៅឱសថស្ថាន ក្នុងតម្លៃខ្ពស់ណាស់។ ទោះបីជាទឹកដមទឹកឃ្មុំនេះ សម្បូរទៅដោយវីតាមីន និងអំបិលខនិជក៏ដោយ ក៏មិនមែនជាថ្នាំទិព្វ ជួយប្ដូរភេទអ្នកណាម្នាក់ ជួយឱ្យឆ្លាតវៃ មានអាយុវែង(ដូចស្ដេចឃ្មុំ) និងជាសះស្បើយពីជម្ងឺបានឡើយ។ កេរ្ដិ៍ឈ្មោះ និងតម្លៃខ្ពស់ របស់វាត្រូវបានគេចាត់ទុកថា ជាសារធាតុ ឬឱសថទិព្វ គឺគ្រាន់តែឥទ្ធិពល“បញ្ឆោត”តែប៉ុណ្ណោះ។ ប៉ុន្ដែមិនទាន់មានការស្រាវជ្រាវវិទ្យា សាស្ដ្រណាបញ្ចាក់អំពីឥទ្ធិពលទិព្វនៅឡើយទេ។
ទឹកឃ្មុំជាប្រភពថាមពល
ទឹកឃ្មុំ១០០ក្រាម(១ខាំ) មានជាតិស្ករគ្លុយស៊ីដចំនួន ៧៦ក្រាម គឺជាជាតិស្ករគ្លុយកូស និងជាតិស្ករផ្លុចតូស ក្រៅពីនេះគឺជា ជាតិទឹក។ ពួកឃ្មុំមានអង់ស៊ីមពិសេសនៅក្នុងគែ ហៅថាអាំងវែរ៉ាស ដែលវែកចែកជាតិសាក់ការ៉ូស ជាជាតិស្ករទាំង២នេះ។ ជាតិស្ករ ទាំងនេះ មានកម្រិតជ្រួតជ្រាបចូលក្នុងឈាមខ្ពស់ រត់សំដៅចូលទៅក្នុងឈាមយ៉ាងលឿន ហើយបង្កើតជាថាមពលបន្ទាន់ភ្លាម ដែលជា ចំណង់បានរបស់កីឡាករ។ ជាតិគ្លុយកូសត្រូវបានប្រើប្រាស់ផងដែរ សម្រាប់ដំណើរការរបស់ខួរក្បាល ពេលខួរក្បាលធ្វើការខ្លាំង វាត្រូវ ការគ្លុយកូសបរិមាណប្រហាក់ប្រហែលនឹងសព៌ាង្គកាយ។ អ្នកតមជាតិស្ករ ឬអ្នកសម្រកទម្ងន់ មិនត្រូវទទួលទានទឹកឃ្មុំឡើយ។ ក្នុង ទឹកឃ្មុំ១០០ក្រាម មានចំនួន៣០០គីឡូកាឡូរី។ ទឹកឃ្មុំមានផ្ទុកកាឡូរីតិចជាងស្ករ ព្រោះទឹកឃ្មុំមានផ្ទុកជាតិទឹក។ រីឯស្ករសុទ្ធចំនួន ១០០ក្រាម មានដល់ទៅ៤០០គីឡូកាឡូរីឯណោះ។ សូមចងចាំថា ជាតិអង់ស៊ីមអាំងវែរ៉ាស បង្កឱ្យទឹកឃ្មុំដែលទុកក្នុងដប រិតតែផ្អែម ឡើងជារៀងរាល់ឆ្នាំ។
ទឹកឃ្មុំមានជាតិរ៉ែកម្រតិចតួច និងសារធាតុផ្សេងទៀត
នៅក្នុងទឹកឃ្មុំ មិនសូវមានជាតិរ៉ែកម្រទេ ហើយយើងក៏មិននិយមទទួលទានទឹកឃ្មុំច្រើនហួសហេតុទេ។ ទឹកឃ្មុំ១០០ក្រាម (១ខាំ) មានជាតិរ៉ែកម្រ ប្រមាណជា១០០ ទៅ២០០មីលីក្រាមតែប៉ុណ្ណោះ។ ក្រៅពីជាតិរ៉ែកម្រ មានវីតាមីន លំអងផ្កា ជាតិពណ៌ ជាតិក្រអូបធម្មជាតិ ជាតិអង់ស៊ីម និងសារធាតុប្រឆាំងនឹងមេរោគបាក់តេរី។ ជាតិប៉ូតាស្យូមសំខាន់សម្រាប់តុល្យភាពជាតិទឹក ជាតិម៉ា ញ៉េស្យូមប្រឆាំងអាការស្ដ្រេស្ស(តានតឹងផ្លូវចិត្ដ) ជាតិផូស្វ័រ ផ្ដល់ថាមពល។ រីឯជាតិកាល់ស្យូម សំខាន់សម្រាប់សុខភាពឆ្អឹង និងជាតិ ដែក ប្រឆាំងនឹងកង្វះគ្រាប់ឈាមក្រហម។
ទឹកឃ្មុំព្យាបាលអាការៈឈឺបំពង់ក
ពិសាទឹកឃ្មុំ១ស្លាបព្រា ១គ្រាប់ ឬឆុងលាយក្នុងទឹក អាចជួយកាត់បន្ថយក្អក និងអាការឈឺបំពង់ក ដោយសារការប្រទាក់ រសជាតិផ្អែម ជាតិជ័រ និងសារធាតុក្រអូប ដែលមាននៅក្នុងទឹកឃ្មុំនោះ។ ការឆុងទឹកឃ្មុំជាមួយទឹកក្ដៅអាចប្រើ ដូចជាទឹកថ្នាំខ្ពុលមាត់ បានដែរ។
ទឹកឃ្មុំជួយសុខភាពផ្លូវចិត្ដ
ទឹកឃ្មុំ ជាចំណីអាហារគួរជាទីត្រេកត្រអាល បង្កប់ទៅដោយទឹកដម និងមានរសជាតិផ្អែម វាអាចប្រើជាថ្នាំសម្រាលជម្ងឺ ផ្លូវចិត្ដ ក្នុងដំណាក់កាលមានបញ្ហាខ្លាំងក្លា។ ទឹកឃ្មុំ១ស្លាបព្រា ឬ១ក្រាម ដែលទទួលទានចូល អាចបង្កឥទ្ធិពលបែបអនុគ្រោះដល់ អារម្មណ៍។ បើគិតទៅលើកម្រិតអាហារូបត្ថម្ភ ទឹកឃ្មុំមានគុណសម្បត្ដិ ច្រើនជាងស្ករគ្រាប់។
ពេលហៀបចូលដំណេក លោកអ្នកអាចពិសាទឹកដោះគោលាយទឹកឃ្មុំ វាធ្វើឱ្យលោកអ្នកស្ងាត់ស្ងៀមអារម្មរណ៍ និងទទួល ទានដំណេកលក់ស្រួល។ ប៉ុន្ដែត្រូវលាង ឬដុសធ្មេញចេញផង ព្រោះទឹកឃ្មុំអាចបង្ករោគដង្កូវស៊ីធ្មេញ។
កម្រិតអាហារូបត្ថម្ភ
ទឹកឃ្មុំ១០០ក្រាម មានផ្ទុកថាមពលចំនួន៣០០គីឡូកាឡូរី។ ទឹកឃ្មុំមួយស្លាបព្រាសម្ល មានចំណុះពី១៥ ទៅ១៨ក្រាម មាន ចំនួនពី៦០ ទៅ៧០គីឡូកាឡូរី។
- ជាតិស្ករគ្លុយស៊ីដ ៧៦ក្រាម
- ជាតិម៉ាញ៉េស្យូម ៥មីលីក្រាម
- ទឹក ១៨ក្រាម
- ជាតិកាល់ស្យូម ៥មីលីក្រាម
- ជាតិប្រូតេអិីុន ០,៤ក្រាម
- វីតាមីនសេ ៣មីលីក្រាម
- ជាតិប៉ូតាស្យូម ៤៧មីលីក្រាម
- វីតាមីនបេ៣ ០,៣មីលីក្រាម
- ជាតិផូស្វ័រ ១៧មីលីក្រាម
- វីតាមីនបេ១ បេ២ និងបេ៦
- ជាតិសូដ្យូម ៥មីលីក្រាម
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply