វិធីកាត់បន្ថយ​ជម្ងឺចាញ់​ច្រាប

ចាញ់ច្រាប ឬបាក់ស្បាត កើតមាន​ច្រើននៅ​ក្នុង​សង្គមខ្មែរ​ស្ទើរតែ​គ្រប់វ័យ ហើយអ្នក​ខ្លះពុំ​បាន​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះទេ។ ភាពបាក់​ស្បាតនេះ ធ្វើឱ្យ​អ្នកជម្ងឺ​បញ្ចេញ​អាការៈ ដូចជា​ឆាប់ភ័យ ឆាប់តក់ស្លុត ភ័យគ្មាន​ហេតុផល នឹកឃើញ​តែភាព​រន្ធត់​នៅនឹងមុខ​ជាដើម បណ្ដាលឱ្យ​មានជម្ងឺ​ផ្សេងៗ​ដល់​រាងកាយ នាំឱ្យ​ទទួលទាន​ដំណេក​មិនលក់។ មានអ្នក​ជម្ងឺខ្លះ គ្រាន់តែ​ឮសូរ​ពេទ្យ​ហៅ ឈមោះ​ក៏មាន​ការភ័យ​ខ្លាចដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺចាញ់ច្រាប​ជាអ្វី?

យោងតាម​សៀវភៅ សុខភាព​ផ្លូវចិត្ដ​សហគមន៍​នៅកម្ពុជា របស់​អង្គការ​ចិត្ដ​សង្គម​អន្ដរ​វប្បធម៌ បានលើក​ឡើងថា​ជម្ងឺបាក់ ស្បាត ឬចាញ់ច្រាប គឺជាវិបត្ដ​ផ្លូវចិត្ដ កើតមាន​ក្រោយពី​បុគ្គលបាន​ឆ្លងកាត់​ព្រឹត្ដិការណ៍​ដែល​ពោរពេញ​ដោយក្ដី​តក់ស្លុត និងភ័យ​រន្ធត់។ ហើយ​ព្រឹត្ដិការណ៍​ទាំងនេះ ភាគច្រើន​កើតចេញ​ពីកត្ដា​ខាងក្រៅ។ ជាអាទិ មានកត្ដា​ជាច្រើន ដូចជា​សង្គ្រាម ការ​បាត់បង់​ទីលំនៅ ការរំលោភ​បំពាន គ្រាប់មីន ធ្វើទារុណកម្ម ជាប់ពន្ធនាគារ គ្រោះថ្នាក់​ធ្ងន់ធ្ងរ ភ្លើងឆេះផ្ទះ ចោរប្លន់​ជាដើម។ ឯកត្ដា​ខ្លះទៀត បណ្ដាល​មកពី គ្រោះថ្នាក់​ធម្មជាតិ ដូចជា​ទឹកជំនន់ ដែលធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត​មនុស្ស​ច្រើននាក់។

លោកវេជ្ជបណ្ឌិត កែ ឈុំ អ្នកឯកទេស​ខាងជម្ងឺ​ផ្លូវចិត្ដ បានលើក​ឡើងថា ជម្ងឺចាញ់ច្រាប ឬបាក់ស្បាតនេះ កើតឡើង​ពីមូល ហេតុ​ជាច្រើន ក្នុងសង្គម និងគ្រួសារ​មានអំពើ​ហិង្សា។ ការអប់រំ​នៅក្នុង​គ្រួសារ មានភាព​តឹងរឹងពេក។ គ្រួសារ​មាន​របៀប​រស់នៅ ខុសៗគ្នា ឪពុកម្ដាយ​មានចរិត​ខុសៗគ្នាដែរ សម្ដីសំដៅ​ទៀតសោត​ក៏ខុសៗគ្នា។ គ្រួសារខ្លះ និយាយ​ទន់ភ្លន់​ទៅរកគ្នា​ទៅវិញ​ទៅមក នាំ ឱ្យកូនៗ​របស់គេ ស្លូតបូត​ម៉ឺងមាត់​នៅក្នុងសង្គម។ ជួនកាល​គ្រួសារល្អ ប៉ុន្ដែសង្គម​បរិយាកាស​ខាងក្រៅ​គាបសង្កត់ នាំឱ្យ​សមត្ថភាព​ផ្លូវកាយ​មិនអាច​ទ្រាំទ្របាន ដែលឈាន​ទៅដល់​មានជម្ងឺ​បាក់ស្បាត។ ករណីខ្លះ គឺគ្រួសារ​ជាអ្នក​បំបាក់​តែម្ដង ធ្វើឱ្យ​មានសម្ពាធ​ទៅលើ ក្មេង មានពេល​ខ្លះគ្រាន់តែ​ឮសូរសម្លេង​អ្វីមួយ ក៏កុមារ​នោះភ័យ​ញ័រញាក់ដែរ។ ឧទាហណ៍ កាលពី​នៅសម័យ​មុន នៅពេល​មានភ្លើង ឆេះផ្ទះ ឬច័ន្ទគ្រាសម្ដងៗ គេតែងតែ​បាញ់កាំភ្លើង។ លុះពេល​ឮស្នូរ​កាំភ្លើង​នៅកន្លែង​ណា ក៏ចាប់ផ្ដើម​ភ័យស្លន់ស្លោ​រៀបចំ​ឥវ៉ាន់ ដើម្បី ត្រៀម​រត់គេច។

ចំពោះ​កុមារ​ដែលលួច​ទ្រព្យគេ នៅពេល​គេចាប់​បានគេ​សំឡុត កំហែង ឬវាយដំ ធ្វើឱ្យ​កុមារ​ភ័យរន្ធត់​បាក់ស្បាត។ ហើយ មក​ដល់ផ្ទះ ប្រសិន​បើម្ដាយ​ស្ដីបន្ទោស​ថែមទៀត​នាំឱ្យ​កុមារ​នោះរឹត​តែភ័យ​ខ្លាចតក់​ស្លុតថែម​ទៀត។ ជួនកាល​ទៅជា​មិនបាន​ដេកទេ រត់ទៅ​ពួននៅ​ក្រោមតុ​ជាដើម។ កាលពីមុន គ្រូកាច សិស្សមាន​ការភ័យ​នឹងការ​សំឡុត​របស់គ្រូ។

ផលវិបាករបស់​ជម្ងឺបាក់​ស្បាត

ជម្ងឺនេះ អាចបង្ក​ឱ្យកើត​ជម្ងឺផ្លូវចិត្ដ​ធ្ងន់ធ្ងរ ឬឈឺ។ បើសិន​ជារឿង​នេះកើត​ឡើងចំពោះ​គាត់ញឹក​ញាប់ជា​បន្ដបន្ទាប់ អាចឱ្យ អ្នកជម្ងឺ​ធ្លាក់ទឹកចិត្ដ និងវិកលចរិត។ ជម្ងឺបាក់ស្បាត​ប្រែប្រួល​ទៅតាមវ័យ នៅពេល​យើងធ្វើ​អំពើ​សាហាវ​ទៅលើ​កុមារ នៅពេល​កុមារ នោះធំឡើង ហើយប្រសិន​បើគេមាន​អំណាច នាំឱ្យគេ​ទៅជា​មនុស្សកាច​សាហាវ​ទៅវិញ ហើយអាច​ប្រព្រឹត្ដ​អំពើ​យុងឃ្នង។ ជួនកាល ពួកគេ​បង្កើតជា​ក្រុមបង​ធំបងតូច អំពើដែល​ធ្លាប់ធ្វើ​ទៅលើ​ពួកគេ គេមាន​កម្លាំងពេញ គេនឹង​ធ្វើបក​មកវិញ។ ប្រសិន​បើពួក​គេមាន បុគ្គលិក​លក្ខណៈបែប​នេះហើយ យើងមិន​ងាយនឹង​កែប្រែ​ជាសះស្បើយ​មកលក្ខណៈ​ធម្មតា​វិញទេ។ វាមិនមែន​ជាជម្ងឺ​ធ្ងន់ធ្ងរទេ ប៉ុន្ដែវា បែរទៅ​ជាមាន​ចរិតកាច​សាហាវ មិនមាន​ធម៌មេត្ដា អាចកើត​មានអំពើ​ហិង្សាទៅ​ថ្ងៃក្រោយ ដោយសារ​ការ​ត្រាប់តាម។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីកាត់បន្ថយ​ជម្ងឺចាញ់​ច្រាប

ដើម្បីកាត់​បន្ថយ​បញ្ហានេះ ជាពិសេស​ម្ដាយនៅ​ពេលមាន​ផ្ទៃពោះ ត្រូវថែរក្សា​គភ៌ ឱ្យបាន​ល្អមិនឱ្យ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ដ ធ្ងន់ធ្ងរ។ ក្នុងឋានៈ​ជាឪពុកម្ដាយ គ្រួសារ​មួយត្រូវ​រៀបចំ​ក្រុមគ្រួសារ ទុកដាក់​កូនចៅ​របៀបណា។ ទោះបី​ជាកូន​មិនបាន​ល្អគ្រប់គ្នា ក៏ មិនត្រូវ​ស្ដីបន្ទោស មិនត្រូវ​ប្រើពាក្យ​សម្ដីធ្ងន់​ដាក់ពួក​គេដែរ។ អំពើហិង្សា​នៅក្នុង​គ្រួសារ មិនត្រូវ​ឱ្យកូន​ឃើញទេ នាំឱ្យមាន​ការភ័យ ខ្លាចតក់ស្លុត។ កូនធ្វើខុស​បន្ដិចបន្ដួច មិនត្រូវ​វាយដំកូន ត្រូវកាត់បន្ថយ​ការសំឡុត​កំហែងកូន។ ព្រោះថា​កូនខ្លះ មាន​កាយសម្បទា​ខាង ខួរក្បាល​មិនល្អ​ពីកំណើត។ អំពើហិង្សា​មិនគួរឱ្យ​ក្មេងឃើញទេ ហើយក៏មិន​ត្រូវធ្វើ​ទៅលើ​កុមារដែរ នៅពេល​វាធំឡើង វាធ្វើ​កាយវិការ ឬធ្វើអំពើ​ហិង្សាមក​ឪពុកម្ដាយ​វិញ។

ត្រូវចេះ​សម្រួល​អារម្មណ៍ ធ្វើសមាធិ​ស្មឹងស្មាធ​ឱ្យស្ងប់ក្នុង​បរិយាកាសល្អ។ ពេលជួប​បញ្ហាបាត់បង់​មនុស្សជាទី​ស្រឡាញ់ ឈឺ ចាប់ខ្លាំង ក្ដុកក្ដួល នឹកស្រណោះ​ដល់អ្នក​ដែល​អនិច្ចកម្ម​ទៅ អ្នកដែល​ចាញ់ច្រាប​អាចឱ្យ​ព្រះសង្ឃ​សូត្រធម៌​បួងសួង​ដល់អ្នក​ដែលជាទី ស្រឡាញ់​នោះ ទៅនាំឱ្យ​អារម្មណ៍​បានស្ងប់​ខ្លះដែរ។ ការពិភាក្សា​ពីរឿង​ដែលខ្លួន​ពិបាកចិត្ដ​ប្រាប់អ្នក​ដែលគួរ​ទុកចិត្ដ ឬមិត្ដជាទី​ស្រឡាញ់ ក៏ធ្វើឱ្យ​យើងធូរ​ស្រាលខ្លះដែរ។ បើប្រើគ្រប់​វិធីហើយ នៅតែ​មិនបាត់​ការចាញ់​ច្រាបទៀត សូមទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ខាងផ្លូវចិត្ដ នុះជា​ការប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *