នៅឆ្នាំ១៩៩៨ មានមនុស្ស១៤៣លាននាក់នៅលើពិភពលោក កើតជម្ងឺទឹកនោមផ្អែម។ តាមការទស្សន៍ទាយបានឱ្យដឹងថា នៅឆ្នាំ២០២៥ នឹងមានអ្នកកើតជម្ងឺទឹកនោមផ្អែមរហូតដល់ទៅ៣០០លាននាក់។ ជម្ងឺទឹកនោមផ្អែមជាជម្ងឺធ្ងន់ធ្ងរ បើសិនជាគ្មាន ការព្យាបាលឱ្យបានត្រឹមត្រូវ វាអាចបង្កជាជម្ងឺបេះដូង ខ្វាក់ភ្នែក បាត់ចំណង់ផ្លូវភេទ(លិង្គងាប់សម្រាប់បុរស) និងពិការអវៈយវៈ ជាដើម។ ជម្ងឺរ៉ាំរ៉ៃប្រភេទនេះ បើកើតលើអ្នកណាម្នាក់ហើយ ជាទូទៅកើតមានមួយជីវិតហើយ។
ជម្ងឺទឹកនោមផ្អែម ជាអ្វី?
ជាតិស្ករគ្លុយកូសផ្គត់ផ្គង់ថាមពលទៅដល់ជាលិកាទាំងឡាយនៃសព៌ាង្គកាយ។ កម្រិតជាតិស្ករគ្លុយកូសក្នុងឈាម ធានាបាន លំនឹងក្រោយពេលទទួលទានចំណីអាហារ ឬក្រោយពេលធ្វើពលកម្មផ្លូវកាយ ដោយសារប្រព័ន្ធសម្របតម្រូវដ៏ស៊ាំញ៉ាំមួយ ដែលក្នុង នោះអ័រម៉ូនអាំងស៊ុយលីនដើរតួនាទីសំខាន់ខ្លាំងណាស់។ កម្រិតជាតិគ្លុយកូសក្នុងឈាមធម្មតាស្ថិតនៅចន្លោះពី០,៧០ ទៅ១,១០ក្រាម ក្នុង១លីត្រ។ តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក គេហៅជម្ងឺទឹកនោមផ្អែម កាលណាកម្រិតជាតិស្ករក្នុងឈាម មិន ទាន់បរិភោគអ្វីសោះនៅពេលពេលព្រឹក លើសពី១,២៦ក្រាមក្នុង១លីត្រ (ឬ៧មីលីម៉ុលក្នុង១លីត្រ) ហើយក្រោយពេលបរិភោគចំណី អាហាររួច (២ម៉ោងបន្ទាប់ពីទទួលទានជាតិស្ករច្រើន) មានកម្រិតលើស ឬស្មើ២ក្រាមក្នុង១លីត្រ។
ពេលណាកម្រិតជាតិស្ករក្នុងឈាមលើសពី១,៨ក្រាមក្នុង១លីត្រ ជាតិស្ករអាចចេញតាមទឹកនោម។ វត្ដមានជាតិគ្លុយកូស នៅក្នុងទឹកនោម កើតឡើងដោយការសម្របតម្រូវកម្រិតជាតិស្ករក្នុងឈាមថមថយ។
ជម្ងឺទឹកនោមផ្អែមជាជម្ងឺរ៉ាំរ៉ៃ ដែលកើតឡើងដោយការថមថយចុះនៃការប្រើប្រាស់ជាតិស្ករនៅក្នុងខ្លួន។ វិបត្ដិនេះទាក់ ទងទៅនឹងជាតិអ័រម៉ូនអាំងស៊ុយលីន ជាអ័រម៉ូនដែលបញ្ចេញដោយលំពែង(ក្រពេញផ្លូវរំលាយអាហារ)។ អាំងស៊ុយលីនមានមុខងារ ជម្រុញជាតិស្ករចូលទៅក្នុងកោសិការបស់សព៌ាង្គកាយ ព្រមទាំងមានមុខងារប្រើប្រាស់ និងស្ដុកទុកជាតិស្ករនេះផងដែរ។
ពេលដែលលំពែងឈប់ផលិតអ័រម៉ូននេះ ឬពេលដែលសព៌ាង្គកាយទប់ទល់នឹងសកម្មភាពអ័រម៉ូនអាំងស៊ុយលីន ដោយបំផ្លាញ ការផលិតអ័រម៉ូននេះ ជាករណីជម្ងឺទឹកនោមផ្អែម។ ក្នុងករណីនោះ ជាតិស្ករដែលមិនប្រើប្រាស់ច្រាលនៅក្នុងឈាមក្នុងបរិមាណច្រើន លើសលប់ រហូតដល់ហូរចេញតាមទឹកនោម នាំឱ្យទឹកនោមមានរសជាតិផ្អែម។
ការរាលដាលជម្ងឺទឹកនោមផ្អែម
សព្វថ្ងៃនេះ មានមនុស្សជាង ១៥០លាននាក់ កើតជម្ងឺទឹកនោមផ្អែម។ នៅឆ្នាំ១៩៩៨ គេបានរាប់ឃើញមនុស្ស១៤៣លាន នាក់មានជម្ងឺនេះ។ តាមការប៉ាន់ស្មាន មានមនុស្សពេញវ័យកើតជម្ងឺទឹកនោមផ្អែមក្នុងអត្រាចំនួន២,៨%។ នៅសហរដ្ឋអាមេរិក មាន មនុស្សចំនួនពី៦ ទៅ១០% មានជម្ងឺទឹកនោមផ្អែម។
មនុស្សមានអាយុពី៤៥ឆ្នាំឡើងទៅ ចាប់មានជម្ងឺទឹកនោមផ្អែមហើយ។ វ័យដែលពិបាកចៀសផុត គឺនៅចន្លោះពី៥៥ ទៅ៧៥ឆ្នាំ។
តាមការទស្សន៍ទាយបានឱ្យដឹងថា នៅឆ្នាំ២០២៥ នឹងមានអ្នកកើតជម្ងឺទឹកនោមផ្អែមឡើងដល់ទៅ៣០០លាននាក់ មាន អត្រាស្មើនឹង៥,៤% នៃប្រជាជនទាំងអស់នៅលើផែនដី។ នៅពេលនោះ ប្រជាពលរដ្ឋបារាំងអាចនឹងមានដល់ ២,៤លាននាក់ កើត ជម្ងឺទឹកនោមផ្អែមនេះ។ មិនទាន់មានឃើញទូរលេខណាបង្ហាញថា តើប្រជាពលរដ្ឋប៉ុន្មាននាក់នឹងកើតជម្ងឺនេះនៅឡើយទេ។
ប្រភេទជម្ងឺទឹកនោមផ្អែម
ជម្ងឺទឹកនោមផ្អែមមាន២ប្រភេទ គឺជម្ងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២។
១- ជម្ងឺទឹកនោមផ្អែមប្រភេទទី១ ឬជម្ងឺទឹកនោមផ្អែមចំណុះអាំងស៊ុយលីន ឬជម្ងឺទឹកនោមផ្អែម“ស្គម” ៖ វាកើតឡើង ដោយសារការថមថយចុះយ៉ាងខ្លាំងនៃការបញ្ចេញជាតិអ័រម៉ូនអាំងស៊ុយលីន ដោយសារលំពែងលែងផលិតជាតិអ័រម៉ូននេះជាដើម។ វាច្រើនតែបង្កជារោគសញ្ញាស្គមស្គាំង។ ជម្ងឺទឹកនោមផ្អែមប្រភេទទី១នេះ ច្រើនតែកើតលើមនុស្សវ័យក្មេង(អាយុតិចជាង២០ឆ្នាំ) ហើយដែលអាចហៅម្យ៉ាងទៀតថា ជម្ងឺទឹកនោមផ្អែមវ័យក្មេង។ អត្រាកើតជម្ងឺទឹកនោមផ្អែម ប្រភេទទី១នេះ មានចំនួនប្រមាណជា ១០%តែប៉ុណ្ណោះ។
២- ជម្ងឺទឹកនោមផ្អែមប្រភេទទី២ ឬជម្ងឺទឹកនោមផ្អែមមិនចំណុះអាំងស៊ុយលីន ឬជម្ងឺទឹកនោមផ្អែម “ធាត់” ៖ វាកើត ឡើងកាលណាការបញ្ចេញជាតិអាំងស៊ុយលីនមានបរិមាណមិនគ្រប់គ្រាន់ ដើម្បីសម្របតម្រូវអត្រាជាតិស្ករនៅក្នុងឈាម។ ដំណាលគ្នា ផងដែរ សព៌ាង្គកាយចាប់ទប់ទល់នឹងជាតិអ័រម៉ូននេះបន្ដិចម្ដងៗ។ ជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះ ច្រើនកើតលើមនុស្សវ័យលើស ពី៤០ឆ្នាំ។ ហើយជាប្រភេទជម្ងឺទឹកនោម ដែលកើតញឹកញាប់ជាងគេបំផុត គឺ៩០%ចំណោមអ្នកជម្ងឺទឹកនោមផ្អែម។ ហើយជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះ ច្រើនតែកើតលើមនុស្សធាត់ (ជាទូទៅកាលណាទម្ងន់លើសគីឡូពី១០%)។
មូលហេតុកើតជម្ងឺទឹកនោមផ្អែម
រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការស្រាវជ្រាវណាបង្ហាញជាក់លាក់អំពីមូលហេតុពិតប្រាកដ ដែលបង្កឱ្យកើតជម្ងឺ ទឹកនោមផ្អែមនេះឡើយ។ ប៉ុន្ដែយើងអាចដឹងអំពីហេតុផលមួយចំនួន ដែលបង្កការកើតជម្ងឺនេះ។
១- ជម្ងឺទឹកនោមផ្អែមប្រភេទទី១
– សម្បទាសេនេទិចពីកំណើត ៖ ជម្ងឺទឹកនោមផ្អែមប្រភេទទី១នេះ មិនមែនកើតដោយចៃដន្យទៅលើគ្រប់មនុស្សនោះទេ។ ជម្ងឺនេះ កើតទៅលើអ្នកដែលមានលក្ខណៈសេនេទិចពិសេស ដែលមានប្រតិកម្មតបតទៅនឹងកត្ដាបរិស្ថាន។ កត្ដាទាំងនេះ បង្កបង្កើត ការប្រយុទ្ធរបស់ប្រព័ន្ធការពារទៅនឹងកោសិកាលំពែង ដែលជាអ្នកផលិតអ័រម៉ូនអាំងស៊ុយលីន។ ក្នុងចំណោមកត្ដាបង្កទាំងនេះ គេ សង្ស័យថាអាចជាវីរុស និងអាចជាជាតិប្រូតេអ៊ីនម្យ៉ាង ដែលមាននៅក្នុងទឹកដោះគោ។ ហើយដោយសារលក្ខណៈពិសេសសេនេទិច គឺជាបញ្ហាសួរពូជ ជម្ងឺទឹកនោមផ្អែមប្រភេទទី១នេះច្រើនតែកើតមានជារឿយៗនៅក្នុងក្រុមគ្រួសារតែមួយ(មួយវង្សត្រកូល)។
– ការខូចលំពែង ៖ ករណីរលាកលំពែង ដែលបណ្ដាលមកពីជាតិអាល់កុល(ស្រា ឬស្រាបៀរ) អាចបណ្ដាលឱ្យខូចលំពែង បាន។ ចំពោះមហារីកលំពែង ឬសព៌ាង្គកាយមានជាតិដែកច្រើនជ្រុល អាចបង្កការបំផ្លិចបំផ្លាញលំពែងផងដែរ តែជាករណីកម្រ។
២- ជម្ងឺទឹកនោមផ្អែមប្រភេទទី២
– ធាត់ ៖ មនុស្សដែលមានជម្ងឺទឹកនោមផ្អែមប្រភេទនេះ ភាគច្រើនមានទម្ងន់លើសពីទម្ងន់ខ្លួនត្រឹមត្រូវ ដល់ទៅ៣០% ឯណោះ។ ករណីជាតិខ្លាញ់ ជាពិសេសនៅម្ដុំពោះ មានរុំព័ទ្ធសរីរាង្គនៅក្នុងពោះ និងបង្កការប្រយុទ្ធប្រឆាំងរបស់ជាលិកាទៅនឹងសកម្ម ភាពអ័រម៉ូនអាំងស៊ុយលីន។ ជាហេតុនាំឱ្យលំពែងផលិតជាតិអ័រម៉ូនអាំងស៊ុយលីនរិតតែច្រើន។ បើជាតិអាំងស៊ុយលីនអស់ពីស្ដុក ឬមិន អាចមានបរិមាណគ្រប់គ្រាន់ទៅនឹងតម្រូវការ ជម្ងឺទឹកនោមផ្អែមចាប់ផ្ដើមកើតមានឡើងបាន។ អ្នកស្រាវជ្រាវបានទទួលស្គាល់ថា ធាត់ជាករណីសួរពូជផងដែរ ដូច្នេះក្នុងករណីជម្ងឺទឹកនោមផ្អែមប្រភេទទី២ ក៏អាចមានលក្ខណៈតពូជផងដែរ។
– ទម្លាប់អាក្រក់ក្នុងជីវិតរស់នៅ ៖ ភាពខ្ជិលច្រអូស មិនបញ្ចេញកម្លាំង ឬពលកម្ម និងការទទួលទានចំណីអាហារច្រើន លើសលប់ អាចបង្កជាការធាត់ ហើយអាចកើតជាជម្ងឺទឹកនោមផ្អែមបានដែរ។
រោគសញ្ញាជម្ងឺទឹកនោមផ្អែម
គ្រូពេទ្យបានឱ្យដឹងថា មានមនុស្សប្រមាណជា៥% ដែលកើតជម្ងឺទឹកនោមផ្អែមដោយមិនបានដឹងខ្លួន ដោយសារថាពួកគាត់ មិនមានចេញជារោគសញ្ញាធំដុំ ជម្រុញឱ្យពួកគាត់មកជួបជាមួយគ្រូពេទ្យទាន់ពេលវេលាឡើយ។ អ្នកជម្ងឺអាចមានរោគសញ្ញាដូចខាង ក្រោមនេះ មួយ ឬច្រើន។
១- រោគសញ្ញាជម្ងឺទឹកនោមផ្អែមប្រភេទទី១ ៖
– ស្រេកទឹកមិនឈប់ឈរ
– រត់ជុះនោមញឹកញាប់ ជួនងើបជុះនោមពេលយប់
– ដកដង្ហើមចេញចូលញឹកញាប់
– ចុះស្គម ឬស្រកទម្ងន់ រកហេតុផលមិនឃើញ
– រមាស់នៅត្រង់ប្រដាប់ភេទ
– ប្រអប់ជើងមានជម្ងឺប្រសាទ អាចពិការភាព។
២- រោគសញ្ញាជម្ងឺទឹកនោមផ្អែមប្រភេទទី២ ៖
– ដូចរោគសញ្ញាជម្ងឺទឹកនោមផ្អែមប្រភេទទី១ទាំងស្រុង លើកលែងតែករណីចុះស្គម ឬស្រកទម្ងន់តិចតួច ឬច្រើន
– ព្រិលភ្នែកមួយរយៈ ឬយូរអង្វែង
– អស់កម្លាំងដោយស្ដែងឡើងអាការចេះតែចង់ទទួលទានអាហារ បរិភោគរួចហើយ នៅតែគ្មានកម្លាំងទៀត។
ប្រការត្រូវធ្វើពេលមានជម្ងឺទឹកនោមផ្អែម
– សូមជ្រើសរើសទម្លាប់ទទួលទានចំណីអាហារត្រឹមត្រូវ ៖ ប្រសិនបើលោកអ្នកមានជម្ងឺទឹកនោមផ្អែមប្រភេទទី២ ឬបើ លោកអ្នកធាត់មានទម្ងន់លើស ដាច់ខាតលោកអ្នកត្រូវកាត់បន្ថយការទទួលទានកម្រិតកាឡូរីខ្ពស់ ជាពិសេសពួកចំណីអាហារខ្លាញ់សត្វ និងចំណីអាហារសម្បូរណ៍ជាតិស្ករ(ផ្អែមពេក)។ ហេតុនេះ សូមកុំពិសាស្បែកមាន់ទា សូមលើយវាចេញ និងសូមជ្រើសរើសសាច់ដែល គ្មានខ្លាញ់។ ជាការប្រសើរ សូមទទួលទានបន្លែ ផ្លែឈើ និងផលិតផលជាតិទឹកដោះ។ សរុបមក សូមទទួលទានខ្លាញ់តិច និងសារ ធាតុសរសៃឱ្យច្រើន។ បើលោកអ្នកយល់មិនច្បាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងចំណីអាហារ ដើម្បីជួយលោកអ្នក ក្នុងការរៀបចំរបបចំណីអាហារត្រឹមត្រូវ។
– សូមហាត់ប្រាណលេងកីឡាជាប្រចាំទៀងទាត់ ៖ លំហាត់ប្រាណជួយជម្រុញសាច់ដុំឱ្យចាប់យកជាតិស្ករ និងជួយកាត់ បន្ថយការទទួលទានថ្នាំបញ្ចុះជាតិស្ករ។ ម្យ៉ាងទៀត បែបនេះមានសារៈសំខាន់ទាំងខាងសុខភាពផ្លូវកាយ និងទាំងខាងសុខភាពផ្លូវចិត្ដ ផ្លូវអារម្មណ៍។ តើលោកអ្នកចូលចិត្ដកីឡាមួយណាឬទេ? បើចូលចិត្ដ លេងវាទៅ! បើមិនដូច្នេះទេ ការដើរដោយថ្មើរជើងក្នុង១ថ្ងៃ៣០ នាទី ក៏ជាការគ្រប់គ្រាន់ដែរ។ ការធ្វើចលនាទៀងទាត់ជារៀងរាល់ថ្ងៃ សំខាន់ខ្លាំងណាស់។ ប្រសិនបើលោកអ្នកមានអាយុលើសពី ៤០ឆ្នាំ និងលោកអ្នកចង់ចាប់ផ្ដើមសកម្មភាពកីឡា ដែលលោកអ្នកមិនធ្លាប់ដែលលេងទាល់តែសោះ ឬលោកអ្នកធ្លាប់លេងជាយូរ មកហើយ លោកអ្នកគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យសិនទើបល្អ។
– សូមរក្សាទម្ងន់ខ្លួនត្រឹមត្រូវ ៖ លោកអ្នកអាចគណនាទម្ងន់ខ្លួនឯងត្រឹមត្រូវ តាមរយៈការគណនាកម្រិតម៉ាសខ្លួន ដោយ យកទម្ងន់ខ្លួនដែលថ្លឹងឃើញ ចែកនឹងកំពស់គុណនឹងកំពស់។ (ដកស្រង់ពីសៀវភៅ ១០នាទីដើម្បីសម្រស់រាងកាយ និពន្ធដោយ វេជ្ជបណ្ឌិត លី ចេងហ៊ុយ)។ ទម្ងន់ខ្លួនត្រឹមត្រូវ ផលចែក ឬកម្រិតម៉ាសខ្លួន ត្រូវស្ថិតនៅចន្លោះពី២០ ទៅ២៥ បើវាលើសពី៣០ ជាករណីធាត់។ ប្រសិនបើលោកអ្នកចង់សម្រកទម្ងន់ លោកអ្នកត្រូវចាប់យករបបចំណីអាហារសម្រកទម្ងន់ណាមួយ បូករួមជាមួយ សកម្មភាពផ្លូវកាយជាប្រចាំទៀងទាត់ផងដែរ។ ប៉ុន្ដែមុននឹងចាប់ផ្ដើម សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ព្រោះថាសព្វថ្ងៃនេះ ក៏មានឱសថជួយសម្រកទម្ងន់បានខ្លះដែរ។
– សូមបន្ថយការពិសាសុរា និងសូមផ្អាកជក់បារី ៖ ទោះបីជាជាតិសុរា (ស្រា ឬស្រាបៀរ) និងថ្នាំជក់មិនមែនជាមូលហេតុ ផ្ទាល់របស់ជម្ងឺទឹកនោមផ្អែមក៏ដោយ ក៏វាបន្ថែមទម្ងន់ទៅលើផលវិបាកឱ្យរិតតែធ្ងន់ធ្ងរផងដែរ។ សូមលោកអ្នកពិសាជាតិសុរាតែ១កូន ពែង ឬ១កែវក្នុង១ថ្ងៃបានហើយ។ ចំពោះថ្នាំជក់ បើសិនជាលោកអ្នកចង់ឈប់ជក់បារីដោយមានការលំបាក សូមសួរយោបល់របស់ គ្រូពេទ្យ ដែលលោកអ្នកអាចជួបពិគ្រោះបាន។
– សូមជ្រើសរើសការបំបៅកូនដោយទឹកដោះម្ដាយ ៖ តាមការស្រាវជ្រាវបានបង្ហាញថា ទឹកដោះរបស់មេគោ គឺជាកត្ដា បង្កជម្ងឺទឹកនោមផ្អែមប្រភេទទី១។ ប្រការសំខាន់ លោកអ្នកត្រូវខិតខំយ៉ាងណាទប់ស្កាត់ជម្ងឺទឹកនោមផ្អែឱ្យបាន តាមដែលអាចធ្វើ ទៅបាន។ សូមលោកអ្នកជ្រើសរើសការចិញ្ចឹមបុត្រធីតារបស់លោកអ្នក តាមរយៈការបំបៅទឹកដោះម្ដាយ ជាពិសេសក្នុងករណីក្រុម គ្រួសារលោកអ្នក ទាំងខាងប្ដី ទាំងខាងប្រពន្ធ មាននរណាម្នាក់មានជម្ងឺទឹកនោមផ្អែម។
ពេលណាត្រូវទៅជួបគ្រូពេទ្យ?
លោកអ្នកចាំបាច់ត្រូវទៅពិគ្រោះជម្ងឺ បើសិនជាលោកអ្នកមានរោគសញ្ញាណាមួយរបស់ជម្ងឺទឹកនោមផ្អែមទាំងពីរប្រភេទ ទាំងប្រភេទទី១ ទាំងប្រភេទទី២ដែលបានរៀបរាប់ខាងលើនេះ។
រោគសញ្ញាដំបូងរបស់ជម្ងឺទឹកនោមផ្អែមប្រភេទទី១ មានដូចជាចង់រត់ទៅបត់ជើងតូចញឹកញាប់ ស្រេកទឹកខ្លាំងមិនឈប់ ឈរជាដើម។ បើលោកអ្នកឃើញកូនរបស់លោកអ្នកមានរោគសញ្ញាបែបនេះ ក៏ត្រូវនាំទៅពិគ្រោះជាមួយគ្រូពេទ្យផងដែរ។
ផ្ទុយទៅវិញ សូមប្រុងប្រយ័ត្នជម្ងឺទឹកនោមផ្អែមប្រភេទទី២ មិនមានស្ដែងចេញជារោគសញ្ញាទេ។ ដូច្នេះ បើលោកអ្នកគ្រាន់ តែសង្ស័យក៏គួរទៅពិគ្រោះជាមួយគ្រូពេទ្យដែរ ដើម្បីធ្វើការវិភាគវេជ្ជសាស្ដ្ររួមមួយ និងដើម្បីបញ្ចៀសផលអាក្រក់ ដែលបណ្ដាលមក ពីការកើនឡើងនៃជាតិស្ករក្នុងឈាមនោះ។
ការពិនិត្យជម្ងឺ និងការវិភាគវេជ្ជសាស្ដ្រ
ជម្ងឺទឹកនោមផ្អែមប្រភេទណាក៏ដោយ មិនអាចធ្វើរោគវិនិច្ឆ័យបានដោយភ្នែក ការស្ដាប់ ឬដោយការស្ទាបនោះទេ។ ពេល លោកអ្នកជួបជាមួយគ្រូពេទ្យ គាត់នឹងបូមឈាមរបស់លោកអ្នកទៅវិភាគមើលកម្រិតជាតិស្ករនៅក្នុងឈាម។ ការដឹងកម្រិតជាតិស្ករ ក្នុងឈាមនេះ អាចធ្វើរោគវិនិច្ឆ័យបានហើយ ថាមានជម្ងឺទឹកនោមផ្អែម ឬក៏គ្មាន។
ដូច្នេះដំបូងបំផុត គ្រូពេទ្យនឹងធ្វើការវិភាគឈាម និងវិភាគទឹកនោម ដើម្បីរកឱ្យឃើញការប្រែប្រួលកម្រិតជាតិស្ករក្នុង ឈាមជាយថាហេតុ ដូចជាកម្រិតជាតិស្ករក្នុងឈាមពេលព្រឹកមិនទាន់ទទួលទានអ្វីសោះ កម្រិតជាតិស្ករក្នុងឈាមក្រោយទទួលទាន វត្ដមាន ឬកម្រិតជាតិស្ករក្នុងទឹកនោមជាដើម។ ហើយកត្ដាផ្សេងទៀតពាក់ព័ន្ធនឹងជម្ងឺទឹកនោមផ្អែម ក៏ត្រូវបានយកចិត្ដទុកដាក់ពី គ្រូពេទ្យផងដែរ ដូចជាការតាមដានកម្រិតជាតិខ្លាញ់កូឡេស្ដេរ៉ុល និងជាតិខ្លាញ់ទ្រីគ្លីសេរីដក្នុងឈាមជាដើម។
ផលវិបាករបស់ជម្ងឺទឹកនោមផ្អែម
ទោះបីជាករណីជម្ងឺទឹកនោមផ្អែមប្រភេទណាក៏ដោយ ក៏ផលវិបាកយូរអង្វែង និងការបំផ្លិចបំផ្លាញសព៌ាង្គកាយ សុទ្ធតែអាច កើតមានដូចគ្នា បើកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។ ជម្ងឺទឹកនោមផ្អែមដែលមិនបានព្យាបាល បង្កផលប៉ះពាល់ធ្ងន់ធ្ងរ។ ផល ប៉ះពាល់ដែលជួបប្រទះញឹកញាប់ជាងគេ មានដូចជាប៉ះពាល់ទៅលើភ្នែក តម្រង់នោម បេះដូង សរសៃឈាម និងសរសៃប្រសាទ ជាដើម។ ដោយឡែក ជម្ងឺទឹកនោមផ្អែមប្រភេទទី១ អាចបង្កផលប៉ះពាល់ភ្លាមៗទៅលើមេតាប៉ូលីស ដែលអាចបណ្ដាលឱ្យសន្លប់ ជាដើម។
ព្រោះថាកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក និងយូរអង្វែង អាចធ្វើឱ្យខូចសរសៃឈាមទាំងតូចទាំងធំ។ ជាអាទិ វាបង្កការងងឹត ឬខ្វាក់ភ្នែក ងាប់លិង្គ ឬបាត់បង់ចំណង់ផ្លូវភេទ ជម្ងឺបេះដូង ជម្ងឺសរសៃប្រសាទនៅប្រអប់ជើង(អាចកាត់ប្រអប់ជើង នាំឱ្យមានការពិការភាព) និងខូចតម្រង់នោម(ដែលតម្រូវឱ្យលាងឈាមជាប្រចាំ)។
ការព្យាបាលជម្ងឺទឹកនោមផ្អែម
ជម្ងឺទឹកនោមផ្អែមតម្រូវឱ្យមានការព្យាបាលរយៈពេលយូរ និងសព្វជ្រុងជ្រោយ។ ការព្យាបាលជាទូទៅមានគោលបំណង កាត់បន្ថយអត្រាផលវិបាក ឬផលប៉ះពាល់ ដោយសម្របតម្រូវលំនឹងកម្រិតជាតិស្ករនៅក្នុងឈាម។ របបអាហារសមស្របមួយ ក៏ជាករណីចាំបាច់ដែរ។
១- ការព្យាបាលជម្ងឺទឹកនោមផ្អែមប្រភេទទី១
ការព្យាបាលតម្រូវឱ្យមានការចាក់ថ្នាំជាតិអាំងស៊ុយលីន ពី១ ទៅ៣ដងក្នុង១ថ្ងៃ ជារៀងរាល់ថ្ងៃ អាចធ្វើតាមបែបផែន ២យ៉ាង គឺការចាក់ក្រោមស្បែក ដោយប្រើសេរ៉ាំង ឬស្ទីលឡូចាក់ និងការចាក់ដោយទីបស្នប់ភ្ជាប់ទៅនឹងម្ជុលកាតេទែ បង្កប់នៅក្រោម ស្បែកពោះ។
ជាទ្រឹស្ដី ត្រូវចាក់ថ្នាំអាំងស៊ុយលីនដែលមានសកម្មភាពរហ័ស មួយថ្ងៃ៣ដង រៀងរាល់ពេលមុនទទួលទានអាហារ និងចាក់ អាំងស៊ុយលីនដែលមានសកម្មភាពល្មម និងយឺត ពេលព្រឹក ឬពេលល្ងាច។ ព្រោះថាថ្នាំអាំងស៊ុយលីននេះ អាចជំនួសអ័រម៉ូនអាំង ស៊ុយលីនដែលផលិតដោយលំពែង។ សូមធ្វើការចាក់ថ្នាំអាំងស៊ុយលីននេះឱ្យទៀងទាត់ពេលម៉ោង ប្រយោជន៍រក្សាបានលំនឹងកម្រិត ជាតិស្ករក្នុងឈាម។ អ្នកជម្ងឺត្រូវប្រកាន់ខ្ជាប់របបអាហារលំនឹងសមស្របដែលមិនសូវមានជាតិស្ករជ្រាបលឿន ពិសាបង្អែមតិចតួច និងចាក់ថ្នាំអាំងស៊ុយលីនជាប្រចាំក្នុងកម្រិតកំណត់មួយ។ ហើយអ្នកជម្ងឺត្រូវតែបង្ខំខ្លួនឱ្យធ្វើសកម្មភាពផ្លូវកាយជាប្រចាំផងដែរ ដូចជា ហាត់ប្រាណ លេងកីឡាជាដើម។
ការព្យាបាលពីអ្នកជម្ងឺម្នាក់ទៅម្នាក់ មិនដូចគ្នាទាំងស្រុងទេ គឺអាស្រ័យទៅលើអ្នកជម្ងឺម្នាក់ៗ។ ការព្យាបាលចង់ឱ្យកម្រិត ជាតិស្ករក្នុងឈាមធ្លាក់មកនៅបរិមាណក្បែរធម្មតា។ សព្វថ្ងៃនេះ ដោយមានវិធីព្យាបាលទំនើប អ្នកជម្ងឺទឹកនោមផ្អែមអាចមានជីវិត រស់នៅ ដូចមនុស្សធម្មតាដែរ។ ក្នុងករណីអ្នកជម្ងឺទឹកនោមផ្អែមខូចតម្រង់នោម នៅប្រទេសជឿនលឿន គេអាចធ្វើការប្ដូរ ឬផ្សាំ តម្រង់នោម និងលំពែង។
២- ការព្យាបាលជម្ងឺទឹកនោមផ្អែមប្រភេទទី២
ការព្យាបាលមានគោលបំណងតម្រូវកម្រិតជាតិស្ករក្នុងឈាមឱ្យនៅកម្រិតធម្មតា និងទប់ស្កាត់ ឬកាត់បន្ថយផលវិបាក ផ្សេងៗ។ ហើយការព្យាបាលប្រែប្រួលទៅតាមអាយុអ្នកជម្ងឺ ទៅតាមកម្រិតមានតិច ឬច្រើន ឬមិនមានផលវិបាក។ ការទទួលទាន ចំណីអាហារដែលកំណត់ដោយគ្រូពេទ្យជំនាញ(តមស្ករ ឬផ្អែម) និងសកម្មភាពផ្លូវកាយជាប្រចាំ(ហាត់ប្រាណ និងលេងកីឡា) អាច ជាវិធីព្យាបាលមួយគ្រប់គ្រាន់ សម្រាប់ព្យាបាលជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះហើយ។
ប៉ុន្ដែអ្នកជម្ងឺទឹកនោមផ្អែមប្រភេទទី២មួយចំនួនទៀត អាចប្រើថ្នាំលេបបន្ថែមដែលជាថ្នាំបញ្ចុះកម្រិតជាតិស្ករនៅក្នុងឈាម ចេញវេជ្ជបញ្ជាដោយគ្រូពេទ្យព្យាបាល។ ដំណាក់កាលចុងក្រោយ ការព្យាបាលអាចតម្រូវឱ្យប្រើប្រាស់ថ្នាំអាំងស៊ុយលីនចាក់។
សរុបមក ជម្ងឺទឹកនោមផ្អែមតម្រូវឱ្យមានការព្យាបាលសព្វជ្រុងជ្រោយមួយ។ ការកែតម្រូវឱ្យកម្រិតជាតិស្ករក្នុងឈាមនៅ ធម្មតា បូករួមនឹងការព្យាបាលជម្ងឺដទៃផ្សេងទៀត ដូចជាជម្ងឺលើសឈាម ការលើសជាតិខ្លាញ់ក្នុងឈាមជាដើម។ ដូច្នេះ ការព្យាបាល ជម្ងឺទឹកនោមផ្អែមត្រូវធ្វើឡើង និងតាមដានយ៉ាងត្រឹមត្រូវដោយគ្រូពេទ្យ បើមានករណីណាមួយកើតឡើង ត្រូវតែទៅជួបជាមួយ គ្រូពេទ្យ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply