បរិយាកាសនៅប្រទេសកម្ពុជាមានការផ្លាស់ប្ដូរជានិច្ច ពីមួយរដូវទៅមួយរដូវ ធ្វើឱ្យទារកដែលកើតមកហើយ រស់នៅក្នុងសង្គមជួបប្រទះនូវជម្ងឺជាច្រើន ដូចជាជម្ងឺរបេង កញ្ជ្រិល គ្រុនស្វិតដៃជើង តេតាណូស ខាន់ស្លាក់ រលាកស្រោមខួរ ក្អកមាន់ រលាកថ្លើមប្រភេទបេជាដើម។ ជម្ងឺទាំងនេះ ច្រើនតែកើតឡើងទៅលើកុមារ ដែលមិនបានចាក់ថ្នាំការពារ។ កុមារគ្រប់រូបអាចចាក់ ថ្នាំការពារជម្ងឺទាំងអស់នេះបាន។ ប្រសិនបើកុមារមិនបានចាក់ថ្នាំការពារជម្ងឺទាំងអស់នេះទេ កុមារនឹងមានគ្រោះថ្នាក់ដល់ស្លាប់។
កាលពីមុន ឪពុកម្ដាយនៅមិនទាន់យល់ គាត់មិនចង់ឱ្យកូនចាក់ថ្នាំបង្ការទេ ដោយខ្លាចចាក់ទៅធ្វើឱ្យកូនរបស់គាត់ក្ដៅខ្លួន។ បច្ចុប្បន្ននេះ ការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលតាមរយៈសារព័ត៌នានាៗ ដូចជាវិទ្យុ ទូរទស្សន៍ជាដើម នោះធ្វើឱ្យឪពុកម្ដាយកាន់តែ យល់ច្បាស់ ហើយបាននាំកូនមកចាក់ថ្នាំបង្ការដល់មន្ទីរពេទ្យផ្ទាល់តែម្ដង។
ហេតុអ្វីបានជាកុមារត្រូវចាក់ថ្នាំបង្ការ?
តាមកម្មវិធីជាតិ ការចាក់ថ្នាំបង្ការធ្វើទៅលើកុមារអាយុក្រោម៥ឆ្នាំ ព្រោះថាតាមការសិក្សាបានបង្ហាញថា នៅប្រទេសកម្ពុ ជា អត្រានៃការស្លាប់របស់កុមារដែលមានអាយុក្រោម៥ឆ្នាំមានអត្រាខ្ពស់។ ការចាក់ថ្នាំបង្ការមាន៧មុខ គឺថ្នាំវ៉ាក់សាំង ជម្ងឺរបេង រលាកថ្លើមប្រភេទបេ ក្អកមាន់ ខាន់ស្លាក់ តេតាណូស គ្រុនស្វិតដៃជើង និងវ៉ាក់សាំងជម្ងឺកញ្ជ្រិល។ កុមារគ្រប់រូបអាចមានគ្រោះថ្នាក់ ដល់ស្លាប់ ដោយសារជម្ងឺធ្ងន់ធ្ងរទាំងនេះ។
ជម្ងឺកញ្ជ្រិលនេះ ក្រៅពីធ្វើឱ្យកុមារកើតជម្ងឺខ្វះអាហារូបត្ថម្ភ និងខួរក្បាលរីកលូតលាស់មិនបានល្អ វាបណ្ដាលឱ្យកុមារខ្វាក់ ភ្នែក ដោយសារខ្វះជីវជាតិអា ទៅជាជម្ងឺឡើងបាយភ្នែក ដែលនាំឱ្យកុមារខ្វាក់ភ្នែកបាន។ រីឯជម្ងឺតេតាណូស កើតឡើងតាមមុខរបួស ដែលកខ្វក់ វាក៏អាចសម្លាប់មនុស្សបានដែរ បើសិនជាយើងមិនចាក់ថ្នាំការពារ។
ដូច្នេះ ការសំខាន់ត្រូវនាំកូនទៅមន្ទីរពេទ្យដើម្បីទទួលការចាក់ថ្នាំការពារ សមដូចឃ្លាមួយបានពោលថា ការពារប្រសើជា ជាងព្យាបាល។ ចាក់ថ្នាំបង្ការអស់លុយតិច ហើយការពារបានជម្ងឺគ្រប់មុខទៀតផង។ បើយើងមិនចាក់ទេ ដល់ពេលកូនឈឺ យើងត្រូវ ចំណាយថវិការច្រើន ពេលវេលាក៏ច្រើន ហើយកុមារអាចស្លាប់ ឬអាចពិការបាន។
ពេលណាត្រូវចាក់ថ្នាំបង្ការ?
ត្រូវនាំកុមារទៅចាក់ថ្នាំបង្ការតាមពេលកំណត់ និងតាមកម្មវិធីជាតិ។ ថ្នាំបង្ការជម្ងឺរបេង និងជម្ងឺរលាកថ្លើមប្រភេទបេ ត្រូវ ចាក់ទៅលើទារកទើបកើត។ នេះគឺជាការចាក់ថ្នាំបង្ការពីទីសូន្យ។ នៅពេលកុមារអាយុបាន៦សប្ដាហ៍(១ខែកន្លះ) យើងចាប់ផ្ដើមចាក់ ថ្នាំបង្ការលើកទីមួយ មានជម្ងឺខាន់ស្លាក់ ក្អកមាន់ រលាកថ្លើមប្រភេទបេ ជម្ងឺគ្រុនស្វិតដៃជើង និងតេតាណូស។ នៅអាយុបាន១០ សប្ដាហ៍(២ខែកន្លះ) យើងចាក់ថ្នាំបង្ការទាំងនេះ រំលឹកជាលើកទី២។ នៅអាយុបាន១៤សប្ដាហ៍(៣ខែកន្លះ) យើងចាក់រំលឹកជាលើកទី ៣។ លុះអាយុ៩ខែ យើងចាក់ការពារជម្ងឺកញ្ជ្រិលវិញម្ដង។
បច្ចុប្បន្ននេះ ក្រៅពីចាក់ថ្នាំបង្ការទាំងនេះ មានថ្នាំបង្ការផ្សេងទៀតជាច្រើនប្រភេទនាំចូលពីប្រទេសដទៃ ដូចជាមានថ្នាំចាក់ ការពារជម្ងឺផ្ដាសាយ រលាកស្រោមខួរជាដើម។ ការចាក់ថ្នាំបង្ការធ្វើទៅតាមប្រភេទថ្នាំរបស់ប្រទេសនីមួយៗ និងចាក់ទៅតាមអាយុ ផងដែរ។ បើសិនជាកុមារមិនបានចាក់ថ្នាំបង្ការតាមប្រតិទិនរបស់កម្មវិធីជាតិទេ នៅពេលកុមារនោះអាយុបាន១ឆ្នាំ យើងក៏អាច ចាក់បានដែរ។ យើងចាប់ផ្ដើមចាក់ថ្នាំបង្ការជម្ងឺរបេង គ្រុនស្វិតដៃជើង ក្អកមាន់ តេតាណូស និងកញ្ជ្រិល ព្រោះថ្នាំការពារនេះ អាច ចាក់បាននៅក្នុងអាយុចន្លោះពីក្រាម២ឆ្នាំ។ រីឯថ្នាំគ្រុនស្វិតដៃជើង និងកញ្ជ្រិល បើកុមារមិនទាន់បានចាក់អ្វីសោះ អាចចាប់ផ្ដើមចាក់ពី អាយុ២ ទៅ៥ឆ្នាំ។ ថ្នាំរលាកថ្លើមប្រភេទបេ ត្រូវចាក់បីដង ជារៀងរាល់១ខែម្ដងៗ ហើយចាក់រំលឹកឡើងវិញនៅ១ឆ្នាំក្រោយ បន្ទាប់ មករាល់៥ឆ្នាំ ឬ១០ឆ្នាំម្ដងទៀត។
បម្រាមខ្លះៗ ចំពោះការចាក់ថ្នាំបង្ការ
មានបម្រាមខ្លះក្នុងការចាក់ថ្នាំបង្ការដល់កុមារ។ បម្រាមជាដាច់ខាតនោះមាន ទី១មិនត្រូវផ្ដល់ថ្នាំបង្ការជម្ងឺរបេងដល់កុមារ ដែលយើងដឹងថាកុមារនោះផ្ទុកមេរោគអេដស៍ ឬកើតជម្ងឺអេដស៍ហើយនោះទេ។ ទី២មិនត្រូវផ្ដល់ថ្នាំបង្ការជម្ងឺខាន់ស្លាក់ ក្អកមាន់ តេ តាណូសជាលើកទី២ ឬទី៣ នៅពេលដែលកុមារធ្លាប់ប្រកាច់ ឬមិនទទួលក្នុងកំឡុងពេល៣ថ្ងៃបន្ទាប់ពីការចាក់លើកទី១នោះទេ។ ទី៣មិនត្រូវផ្ដល់ថ្នាំបង្ការ ជម្ងឺខាន់ស្លាក់ដល់កុមារ ដែលធ្លាប់ប្រកាច់ជារឿយៗ ឬមួយកុមារមានជម្ងឺប្រព័ន្ធប្រសាទកណ្ដាលនោះទេ។
ចំពោះកុមារមានសុខភាពមិនសូវល្អ ដូចជាគ្រុនក្ដៅខ្លាំង កម្ដៅចាប់ពី៣៨អង្សាសេកន្លះឡើងទៅ ហើយមានជម្ងឺបន្ទាប់បន្សំ ផ្សេងៗទៀត យើងមិនអាចចាក់ថ្នាំបង្ការបានទេ។ នៅតាមកន្លែងខ្លះបន្ទាប់ពីចាក់ថ្នាំបង្ការ គ្រូពេទ្យមានផ្ដល់ថ្នាំគ្រាប់បន្ថែម ដូចជាវីតា មីនអា ថ្នាំព្រូន ជាលើកដំបូងដល់កុមារ ដែលមានអាយុចាប់ពី១២ខែឡើងទៅ។ ត្រូវឱ្យថ្នាំព្រូន និងថ្នាំវីតាមីនអា ដើម្បីចៀសវាងជម្ងឺ ខ្វាក់មាន់ ជារៀងរាល់៦ខែម្ដងផងដែរ។
ប្រការគួរប្រតិបត្ដិពេលចាក់ថ្នាំបង្ការ
នៅពេលចាក់ថ្នាំបង្ការ គ្រូពេទ្យក៏ជម្រាបឪពុកម្ដាយផងដែរអំពីថ្នាំដែលកូនរបស់គាត់ត្រូវទទួលថាជាថ្នាំអ្វី និងប្រាប់អំពីឥទ្ធិ ពលថ្នាំដែលរំខានក្រោយពេលចាក់ ដើម្បីកុំឱ្យឪពុកម្ដាយមានការបារម្ភ។ ឥទ្ធិពលបន្ទាប់បន្សំពេលចាក់ថ្នាំបង្ការលើកទី១ ករណីការ ពារជម្ងឺរបេង មានចេញកន្ទួលតូចៗពណ៌ក្រហមប៉ោងនៅលើដៃរបស់ទារក បន្ទាប់មកមានដំបៅ។ តែវានឹងជាសះស្បើយដោយខ្លួនឯង វិញ ដោយបន្សល់ទុកស្លាកស្នាម។ ថ្នាំចាក់ការពារជម្ងឺគ្រុនស្វិតដៃជើង មិនមានឥទ្ធិពលអ្វីទៅលើកុមារទេ។ ថ្នាំបង្ការគ្រុន ខាន់ស្លាក់ តេតាណូស និងថ្នាំបង្ការក្អកមាន់ ពេលចាក់ហើយ ធ្វើឱ្យកុមារគ្រុនក្ដៅ មួម៉ៅ និងឈឺចាប់។ អាការទាំងនេះ មិនមានអ្វីធ្ងន់ធ្ងរទេ ហើយក៏មិនចាំបាច់ធ្វើការព្យាបាលពិសេសណាមួយទេ។ អាការគ្រុនក្ដៅបែបនេះ មានន័យថា ថ្នាំដែលយើងចាក់កំពុងបញ្ចេញឥទ្ធិពល។ នៅពេលមានអាការបែបនេះ ឪពុកម្ដាយគ្រាន់តែឱ្យថ្នាំប៉ារាសេតាមុល ហើយហាមមិនឱ្យយកកន្សែងមកដណ្ដប់ពីលើពោះទេ។ ថ្នាំ បង្ការកញ្ជ្រិលក៏មានក្ដៅខ្លួនដែរ ហើយជួនកាលមានចេញកន្ទួលកញ្ជ្រិលស្រាលៗ នេះជាការចេញឥទ្ធិពលបន្ទាប់បន្សំរបស់ថ្នាំទេ។
ជាធម្មតាមួយសប្ដាហ៍ក្រោយពីទទួលថ្នាំបង្ការ កុមារមានអាការក្ដៅខ្លួនរយៈពេល១ថ្ងៃទៅ៣ថ្ងៃ មានន័យថាថ្នាំបង្ការកំពុង តែបញ្ចេញឥទ្ធិពល ដើម្បីការពារនឹងជម្ងឺ។ ប្រសិនបើកុមារបានចាក់ថ្នាំបង្ការតាមកម្មវិធីជាតិនេះ ជាការល្អប្រសើរបំផុត។
សូមឪពុកម្ដាយគ្រប់រូបយកបុត្រធីតាទៅចាក់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងនូវជម្ងឺទាំងអស់ខាងលើ។ ការចាក់ថ្នាំបង្ការនេះ មិនមានគុណវិបត្ដិអ្វីធ្ងន់ធ្ងរដល់កុមារទេ គ្រាន់តែមានការក្ដៅខ្លួនបន្ដិចបន្ដួចប៉ុណ្ណោះ។ ប្រសិនបើឪពុកម្ដាយមានចម្ងល់ សូម ទៅជួបពិគ្រោះជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply