ឈឺចុកឆ្អល់ពោះ

ពេលទទួល​ទានបាយរួច ខ្ញុំឧស្សាហ៍​ឈឺចុកឆ្អល់​នៅក្នុង​ពោះខ្លាំង​ណាស់។ ទោះបី​ជាខ្ញុំខំ​ទទួលទាន​តិចៗ និងត្រឹមត្រូវ​បែបណាក៏ដោយ ក៏ខ្ញុំនៅតែ​ឈឺណែន​ក្នុងពោះ និងមានអាការ​ចង្អោរ។ តើមានវិធី​អ្វីជួយឱ្យ​ខ្ញុំបាន​ទទួលទាន​ដោយគ្មាន​បញ្ហាអ្វីកើត​ឡើងឬទេ? លោក ត.ព អាយុ៤២ឆ្នាំ ខេត្ដកំពង់ចាម

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ រោគសញ្ញា​ដែលលោក​បានធ្វើ​ការរៀប​រាប់មកនេះ អាចជា​ករណី​វិបត្ដិ​រំលាយ​អាហារ ឬការរំលាយ​អាហារ​មិនបាន​ល្អ ដែលបណ្ដាល​មកពី​មូលហេតុ​ជាច្រើន​ផ្សេងៗគ្នា។ វិបត្ដិ​រំលាយអាហារ ឬការរំលាយ​អាហារមិន​បានល្អ អាចដោយសារ​ក្រពះរួម​តូច កាលបើ​ពេលទទួល​ទានឆាប់​ឆ្អែត តែមាត់នៅ​តែឃ្លាន។ ការរំលាយ​អាហារ​មិនបាន​ល្អខ្លះ មានតឹងពោះ ហើមពោះ ភើ និងក្អែលលេប អាហារ​វិញជាដើម។ វិបត្ដិរំលាយ​អាហារ ឬការរំលាយ​អាហារ​មិនបានល្អ អាចកើត​ដោយសារ​ច្រាលអាហារ​ពីក្រពះ​មកបំពង់​អាហារ ជាទូទៅ​មានរោគសញ្ញា​ក្រហាយតាម​បណ្ដោយ​ក្រោយឆ្អឹង​សន្ទះទ្រូង ពីចុងដង្ហើម​ឡើងមក​ដើមក។ វិបត្ដិ​រំលាយ​អាហារ​ម្យ៉ាងទៀត ដែលកើត​ញឹកញាប់​ផងដែរ ពាក់ព័ន្ធ​ទៅនឹងវិបត្ដិ​របត់ពោះវៀន ឈឺចាក់ខ្លាំង និងចង្អោរ ប៉ុន្ដែបែបនេះ​ក៏អាចជា​ករណី​វិបត្ដិ​ចរាចរ របស់​ពោះវៀនតូច​ផងដែរ។

ការព្យាបាល​វិបត្ដិរំលាយ​អាហារនេះ ពឹងផ្អែក​ទាំងស្រុង​ទៅលើមូល​ហេតុផ្ទាល់​របស់វា។ តាមការ​រៀបរាប់​របស់លោក លោកហាក់​ដូចជា​គោរពការ​ទទួលទាន និងរបប​អាហារបាន​ត្រឹមត្រូវ។ ប៉ុន្ដែលោក​ត្រូវ​គិតផងដែរ​ថា ការទទួលទាន​ថ្នាំពេទ្យ​មួយចំនួន ដោយគ្មាន​វេជ្ជបញ្ជា ក៏អាចបង្ក​ផលប៉ះពាល់​ដល់ការ​រំលាយ​អាហារ​ផងដែរ ដូចជាថ្នាំ​អាស្ពីរីន​ជាដើម។ ដូច្នេះសូម​លោកអញ្ជើញ​ទៅ ជួបគ្រូពេទ្យ​ជំនាញ ដើម្បីទទួល​ការព្យាបាល​បានត្រឹមត្រូវ។ ការសម្រេចចិត្ដ​លេបថ្នាំពេទ្យ​ដោយខ្លួនឯង​គ្មានវេជ្ជបញ្ជា មិនគួរធេ ឡើយ។ សូមលោក​ទម្លាប់បរិភោគ​មួយៗ កុំតក់​ក្រហល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *