របៀប​​​រៀបចំខ្លួនមុន​ពេលរៀប​អាពាហ៍ពិពាហ៍

តាមច្បាប់​ស្ដីពី​អាពាហ៍​ពិពាហ៍ និងគ្រួសារ​បានចែង​ថាបុរស និងនារី​ដែលពេញ​លក្ខណៈ​ច្បាប់ មានសិទ្ធិ​ពេញលេញ​ក្នុងការ សម្រេច​អាពាហ៍​ពិពាហ៍។ ភាគីម្ខាង​មិនអាច​បង្ខំឆន្ទៈ​ភាគីម្ខាង​ទៀតបាន​ឡើយ។ គ្មាន​នរណា​មួយអាច​បង្ខំ​បុគ្គល​ណាម្នាក់​ឱ្យរៀប ឬរា រាំង​មិនឱ្យ​រៀប​អាពាហ៍​ពិពាហ៍​បានឡើយ បើ​អាពាហ៍​ពិពាហ៍​នោះរៀប​តាម​ក្បួនខ្នាត​ដែលមាន​ចែងនៅ​ក្នុងច្បាប់។ បុរស​អាច​រៀបអាពាហ៍​ពិពាហ៍​បានចាប់​ពីអាយុ​២០ឆ្នាំ​ឡើងទៅ ចំពោះនារី គឺចាប់ពី​អាយុ១៨​ឆ្នាំឡើងទៅ។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​សង្គមខ្មែរ​សម័យ​បច្ចុប្បន្ន ការរៀប​ចំទុកដាក់​កូនចៅឱ្យ​មានគូ​ស្រករ គឺមាន​ការ​ខុសគ្នា​ពីសម័យ​ខ្មែរបុរាណ។ ភាព ខុសគ្នា​នេះ​ប្រែប្រួល​ទៅតាម​ការវិវឌ្ឍន៍​របស់​សង្គម និងទៅ​តាម​គ្រួសារ​នីមួយៗ។ មុនពេល​រៀប​អាពាហ៍​ពិពាហ៍ បុរស និងស្ដ្រីគួរ​យល់ ដឹងនូវ​បញ្ហាមួយ​ចំនួន។

ការជ្រើសរើស​គូស្រករ​សម័យ​បច្ចុប្បន្ន

បច្ចុប្បន្ន ការអប់រំ​ធ្វើឡើង​នៅ​សាលារៀន ដែលជា​មជ្ឈមណ្ឌល​អប់រំ​កូន​ប្រុសស្រី​ជាមួយ​គ្នា។ កូនប្រុសស្រី​មានឱកាស​ជួប គ្នា​រាល់ថ្ងៃ។ ពួកគេ​មានឱកាស​ក្នុងការ​ស្វែងយល់​ចិត្ដគ្នាមុន​ពេល​រៀបការ។ គ្រួសារ​ខ្លះ ឪពុកម្ដាយ​ទុកដាក់​កូនឱ្យ​មានគូ​ស្រករ​ស្ថិតនៅ លើកូន​ប្រុសស្រី​ជាអ្នក​សម្រេច សំខាន់​ឱ្យតែកូន​ទាំងពីរ​ចេះយល់​ចិត្ដគ្នា។

– បញ្ហា​ការងារ

លោក មៀច ប៉ុណ្ណ ទីប្រឹក្សា​ក្រុមជំនុំ​ទំនៀម​ទម្លាប់ខ្មែរ នៃ​ពុទ្ធសាសន​បណ្ឌិត្យ​បានធ្វើ​ការ​អះអាងថា សម័យ​បច្ចុប្បន្ននេះ កូនប្រុស និងកូនស្រី​អាចរៀប​អាពាហ៍​ពិពាហ៍​ទៅបាន លុះត្រា​ណាកូន​ប្រុស និងកូនស្រី​នោះមាន​ការងារ​ធ្វើទាំង​សងខាង។ ក្នុងន័យនេះ មុនពេល​រៀប​អាពាហ៍​ពិពាហ៍ កូនប្រុស​ស្រីត្រូវតែ​មានការ​ងារ​ធ្វើជា​ចាំបាច់ ដើម្បី​រួមចំណែក​គ្នាក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ និងដើម្បី​ឱ្យមាន សុភមង្គល​រឹងមាំ។ ដោយយោង​ទៅតាម​ភាព​ស្មើគ្នា​នៃយែនឌ័រ គឺមានន័យ​ថាបុរស និងស្ដ្រីមាន​សិទ្ធិ​ស្មើគ្នា​នៅក្នុង​សង្គម រួម ទាំង​សិទ្ធិមាន​ការងារធ្វើ សិទ្ធិទទួល​ប្រាក់​បំណាច់​ស្មើនឹង​បុរស។ ហេតុអ្វី​បានជា​បច្ចុប្បន្ននេះ ស្ដ្រីត្រូវ​មាន​ការងារ​ធ្វើជា​ចាំបាច់​ដូចបុរស​ជា ស្វាមីដែរ?

បើយើង​ក្រឡេក​មើលទៅ​ស្ថានភាព​សង្គម​ជាក់ស្ដែង មាន​ការងារ​ខ្លះប្រាក់​បៀវត្ស​មាន​កម្រិតទាប ទោះបី​ជាគូស្វាមី​ភរិយា មានធ្វើ​ការនោះ​ទាំងពីរ​នាក់ ក៏នៅតែ​ចិញ្ចឹមគ្នា​ទាំង​ពិបាកផង។ ចុះប្រសិន​បើភាគី​ខាងប្រពន្ធ​គ្មាន​ការងារ​ធ្វើទៀត​នោះ យើងអាច​សន្និដ្ឋាន​បានថា អាពាហ៍​ពិពាហ៍​នោះនឹង​មិនអាច​កើតឡើង​បានឡើយ។ ដូច្នេះ​ជាការ​ប្រសើរ ស្ដ្រី និងបុរស​ត្រូវមាន​ការងារ​ធ្វើ​ដូចគ្នា មិន ត្រូវ​ពឹងផ្អែក​ទៅលើតែ​ម្ខាងណា​នោះទេ។

– ការស្វែងយល់​ចិត្ដគ្នា​មុនពេល​រៀការ

នៅសម័យនេះ​មុននឹង​រៀប​អាពាហ៍​ពិពាហ៍ បុរស និងស្ដ្រី​គួរតែ​មានឱកាស​មួយ​សមរម្យ ដើម្បី​ស្វែងយល់​ពីចិត្ដ​ថ្លើម​គ្នាទៅ វិញ​ទៅមក។ ព្រោះថា​ធម្មជាតិ​បង្កើត​មនុស្សមក​មានចិត្ដ​គំនិតផ្សេងៗ​ពីគ្នា។ បុរសនារី​ខ្លះប្រាថ្នា​គូអនាគត​ដែលមាន​រូបសម្បត្ដិ​ស្អាត មាន សម្រស់ល្អ​ផូរផង់ ដូចជាតារា​ភាពយន្ដ។ ចំណែកឯ​អ្នកខ្លះទៀត​ប្រាថ្នា​គូអនាគត ដោយសម្លឹង​មើលទៅ​លើចិត្ដ គំនិត ឬកិរិយាមា យាទ។ អ្នកខ្លះ​គិតថាកុំឱ្យ​តែពិកា ឱ្យតែបាន​រូបរាង​សមរម្យ ចិត្ដថ្លើមល្អ ចេះអត់ធ្មត់ មិនប្រើ​ហិង្សា​ក្នុងការ​ដោះស្រាយ​បញ្ហាមើល ឃើញគុណ​សម្បត្ដិច្រើន​ជាង​គុណវិបត្ដិ គេអាចទទួល​យកបាន។ បុរសខ្លះ​ទៀតសង្កេត​ទៅឃើញថា​នារីនោះ ថ្វីត្បិតតែ​មិនសូវជា​ស្អាត មែន តែចេះ​រៀបចំទុក​ដាក់ផ្ទះ​សម្បែង ចេះថែទាំ​កូនចៅ ចេះអនាម័យ​បានល្អ ចេះអត់ធ្មត់ គេអាចយក​បានហើយ។ ដូច្នេះការ​មើលចិត្ដ គ្នាមុននាំ​ឱ្យមានការ​សង្កេត​ច្បាស់លាស់ និងយល់ចិត្ដ​គ្នាទៅវិញ​ទៅមក។

– ការពិនិត្យ​សុខភាព

នៅក្នុង​សង្គមខ្មែរ សព្វថ្ងៃមាន​បញ្ហាចោទ​ទាក់ទង​នឹងជម្ងឺកាម​រោគជាពិសេស​ជម្ងឺអេដស៍ ដែលជាជម្ងឺ​ដ៏កាចសាហាវ។ ប្រសិនបើ​យើងមិន​បានដឹងជា​មុនទេ វានឹង​ប៉ះពាល់​ដល់ជីវិត និងក្រុមគ្រួសារ។ ដូច្នេះការ​ពិនិត្យ​សុខភាព ឬការរក​ការផ្ដល់​ប្រឹក្សាទាក់ ទង​នឹងសុខភាព​មុនពេល​រៀបការ​ជារឿង​សំខាន់ណាស់។ ភាគី​ទាំងសង​ខាងត្រូវ​មានការ​ព្រមព្រៀង​គ្នាទៅ​ធ្វើតេស្ដ​ឈាម ដើម្បី​ពិនិត្យ រក​មេរោគអេដស៍ និងដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នូវបញ្ហា​មួយចំនួន​ដែលទាក់ទង​នឹងវ័យ​របស់​ពួកគាត់ ថាតើ​គាត់ជាវ័យ​គ្រប់ការ ហើយ ឬនៅ។ គាត់ត្រៀម​ខ្លួនត្រៀម​ផ្លូវចិត្ដ ហើយមាន​ចំណេះដឹង​អាចធ្វើជា​ឪពុកម្ដាយគេ​បានហើយ ឬនៅ? តើពេលរៀប​ការហើយ គួរចង់​បានកូនភ្លាម ឬទេ? តើសុខភាព​គាត់អាច​មានកូន ឬទេ ព្រោះអាច​ថាគាត់នៅវ័យ​ក្មេងពេក។ ទាំងបុរស​ទាំងស្ដ្រី​គួរទៅ​ពិភាក្សា សួរយោបល់​ពីគ្រូពេទ្យមុននឹង​ចូលប្រឡូក​ចូលក្នុងជីវិត​គ្រួសារ។

ផលវិបាកនៃការជ្រើសរើស​គូស្រករ​សម័យ​បច្ចុប្បន្ន

មុនពេល​រៀបការ កូនប្រុស និងកូនស្រី​ត្រូវតែ​មានការងារ​ធ្វើជា​ចាំបាច់ ដែលផ្ទុយ​ពីទស្សនៈ​ចាស់បុរាណ​ដែល​កូនស្រី ត្រូវតែ ឱ្យប្ដីចិញ្ចឹម​នៅពេល​រៀបការរួច។ ការជ្រើសរើស​គូស្រករ​ដោយ​ចិត្ដឯង ខ្លាចក្រែង​កូនប្រុស និងកូនស្រី​មើលចំណុច​ល្អតែ​មួយជ្រុង ជាពិសេស​គិតតែ​ទៅលើ​រូបសម្បត្ដិ ឯសីលធម៌ និងចរិយាប្ដី​ល្អប្រពន្ធល្អ​មិនបាន​គិតដល់។ លុះពេល​រស់នៅ​ជាមួយគ្នា​មិនបាន​សុខសាន្ដ បង្កជា​ទំនាស់​ចែកផ្លូវ​គ្នានៅ​កណ្ដាលទី មិនបាន​ដល់ចាស់ព្រឹទ្ធ​ចាស់ព្រេង​ដូចពាក្យចាស់​លោកថា​ខាំចេករបូត ខាំពោតរបេះ​ឡើយ។ រស់ នៅ​ជាមួយគ្នា​យូរទៅ​គុណវិបត្ដិ​លេចចេញ​ឡើងកាន់​តែច្រើនឡើង ធ្វើឱ្យលុប​បាត់នូវ​សម្រស់។

ការជ្រើសរើសគូ​ស្រករនៅ​សម័យបុរាណ

កាលពី​សម័យ​បុរាណ ការទុក​ដាក់កូន​ចៅឱ្យ​មានគូ​ស្រករ​ជាភារៈកិច្ច​របស់​មាតាបិតា។ មុនពេល​រៀបការ ឪពុកម្ដាយ​រើស ពូជពង្ស ដូចជា​មើលពូជពង្ស​ដែលមិន​ផឹកស្រា ពូជប្រពន្ធ​ច្រើន ពូជឆ្កួត ពូជកាប់ចាក់​ជាដើម។ សព្វថ្ងៃនេះ​ឪពុកម្ដាយ​ខ្លះ ក៏នៅប្រកាន់ ការជ្រើសរើស​គូស្រករបែប​នេះខ្លះដែរ។

– ការអប់រំ​កូនប្រុស

កាលដើមឡើយ​ការអប់រំកូន​ចៅហាក់​ដូចជាមាន​ការខណ្ឌ​ដាច់ពីគ្នា។ ចំពោះ​បុរស​គេអប់រំ​ឱ្យក្លាយ​ទៅជា​បុរសដើម​ទ្រូងប្រាំ ហត្ថ ឬហៅថា​បុរស​គ្រប់លក្ខណ៍។ បុរសដើម​ទ្រូងប្រាំហត្ថ មាននយ័ថា​ជាបុរស​ដែលចេះ​ឱ្យសេចក្ដីសុខ​ដល់ក្រុម​គ្រួសារ និងសង្គម។ ការបណ្ដុះ​បណ្ដាល​បុរសឱ្យ​ក្លាយទៅ​ជាកូនប្រុស​ដើមទ្រូង​ប្រាំហត្ថនេះ ធ្វើឡើង​នៅក្នុង​វត្ដអារាម​ដែលជា​មជ្ឈមណ្ឌល​តែមួយ​គត់សម្រាប់​ហាត់ពត់​កូនប្រុស​ឱ្យទៅជា​កូនប្រុស​គ្រប់លក្ខណ៍។ ការបួសរៀន​ត្រូវធ្វើឡើង​ជាច្រើនឆ្នាំ និងឆ្លងកាត់​ដំណាក់កាល​នៃវិន័យ​ជាច្រើន។ ដល់ពេល​សឹកចាក​ផ្នួស ធ្វើឱ្យគាត់​មានគំនិត​ចាស់ទុំ​ជាស្រេច​ហើយ។ ដូច្នេះ​ហើយមុន​នឹងចូល​ស្ដីដណ្ដឹង​កូនក្រមុំ សំណួរ​ដែល​ឪពុកម្ដាយ ខាងស្រី​ចោទសួរ​ជាដំបូងគេ គឺតើកូន​ប្រុសរបស់អ្នក​បានបួស​រៀន ដែរឬទេ។

– ការអប់រំកូន​ស្រី

ចំណែក​ខាងកូន​ស្រីវិញ​ការអប់រំ​ធ្វើឡើង​នៅក្នុងគ្រូសារ គឺអប់រំឱ្យ​កូនស្រី​មាន​សីលធម៌ ក្លាយទៅ​ជាស្ដ្រី​គ្រប់លក្ខណ៍។ ការ អប់រំឱ្យ​ក្លាយទៅស្ដ្រី​គ្រប់លក្ខណ៍នេះ គឺអប់រំ​តាមរយៈ​ការចូលម្លប់។ កាចូលម្លប់​នេះធ្វើ​ចំពោះ​ក្មេងស្រី​ដែលមាន​វ័យគ្រប់ការ ហើយ ការចូល​ម្លប់នេះ​មិនមានរយៈ​ពេលកំណត់​ទេជាទូទៅ​ពី៣ ឬ៦ខែអាស្រ័យ​ទៅលើ​គ្រួសារ​នីមួយៗ។ ភារៈកិច្ច​របស់ស្ដ្រី​ចូលម្លប់​អប់រំខ្លួន ឱ្យក្លាយ​ទៅជា​ម្ដាយល្អ ប្រពន្ធល្អ និងជា​មេផ្ទះល្អ។ និយាយ​រួមការ​ចូលម្លប់​ជាការលត់ដំ​ចរិយា​សម្បត្ដិ សីលធម៌ឱ្យ​ក្លាយជា​ប្រពន្ធល្អ និង ឱ្យមាន​សម្រស់​ផូរផង់។ កូនស្រី​រៀបការ​ហើយច្រើន​ពឹងផ្អែក​ទាំងស្រុង​ទៅលើប្ដី​ជាអ្នក​ចិញ្ចឹម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាកនៃការ​ជ្រើសរើស​គូស្រករតាម​បែបបុរាណ

សម័យមុន ការអប់រំ​កូនចៅ​នៅកន្លែង​ផ្សេងគ្នា កូនប្រុស​អប់រំនៅ​តាមវត្ដ​អារាម ចំណែកកូន​ស្រីការ​អប់រំ​នៅផ្ទះ។ ទំនាក់ ទំនង​រវាងកូនប្រុស និងកូនស្រី​មិននៅ​លាយឡំ​នឹងគ្នាឡើយ។ ការទុកដាក់​កូនចៅឱ្យ​មានគូស្រករ គឺសម្រេច​ទៅលើតែ​ឪពុកម្ដាយ​ជា អ្នកសម្រិត​សម្រាំង ដោយគាត់​ពឹងផ្អែក​ទៅលើ​បទពិសោធន៍​របស់ប្ដី​ប្រពន្ធ​គាត់ផ្ទាល់។ ប្រសិនបើ​សម័យនេះ​ការជ្រើសរើស​គូស្រករ​នៅ តែប្រកាន់​យកតាម​បែបបុរាណ ប្ដីប្រពន្ធ​អាចមាន​ការពិបាក​រស់នៅ​ជាមួយគ្នា សុភមង្គល​អាចមិន​បានយូរ​អង្វែង។ ដោយសារ​ប្ដីប្រពន្ធ មិនបាន​យល់ចិត្ដ​ថ្លើមគ្នាទៅ​វិញទៅមក ដោយសារ​ឪពុកម្ដាយ​មើលមិនបាន​គ្រប់ជ្រុងជ្រោយ។ មួយវិញ​ទៀតស្ដ្រី​ឋិតនៅក្រោម​បន្ទុក របស់​ស្វាមី​ជាអ្នកចិញ្ចឹម​នឹងអាច​មាន​ផលវិបាក នៅពេល​ណាដែល​មានបញ្ហា​កើតឡើង។ ជាឧទាហរណ៍ គ្រួសារ​មានស្ថានភាព​តានតឹង មានជម្លោះ​ទាស់ទែងគ្នា នាំឱ្យភាគី​ជាបុរស​អាចមាន​ប្រៀបជាង ដោយសារ​ប្រពន្ធរស់​នៅក្រោម​បន្ទុករបស់​ប្ដីទាំងស្រុង។ ប្រសិនបើ គ្រួសារ​នោះមាន​កូនទៀត នាំឱ្យ​បញ្ហារឹត​តែ​ស្មុគស្មាញ និងមាន​បន្ទុកកាន់​តែធ្ងន់ធ្ងរ​ថែមទៀត។

ដំបូន្មាន​អ្នកជំនាញ

តាមការ​យល់ឃើញ​របស់លោក មៀច ប៉ុណ្ណ ការរៀប​ចំទុកដាក់​កូនចៅ​ឱ្យមាន​គូស្រករ​សម្រាប់​សម័យ​បុរាណ និងសម័យ បច្ចុប្បន្ន​មានចំណុច​ល្អម្យ៉ាងម្នាក់។ ជាប្រការ​ប្រសើរ​ការរៀបចំ​ទុកដាក់​កូនចៅ​ឱ្យមាន​គូស្រករ យើងគួរ​ប្រើនូវ​វិធីទាំងពីរ​ចូលគ្នា។ ឪពុកម្ដាយ​គួរចូលរួម​ចំណែក​រៀបចំ​គូស្រករ​គួបផ្សំនឹង​ជាមួយ​កូនប្រុស​ស្រីផង។

កូនប្រុស​កូនស្រី​ក៏ត្រូវ​ជម្រាប​ឪពុកម្ដាយ​ឱ្យជួយ​វិនិច្ឆ័យ​លើលក្ខណៈ​សម្បត្ដិ​គូស្រករ​របស់ខ្លួន​ផងដែរ។ ប្រសិនបើ​មើលឃើញ ចំណុចមិនល្អ​របស់ភាគី​ម្ខាងទៀត ឪពុកម្ដាយ​គួរចេះ​ពន្យល់​ណែនាំ់កូន ដោយសន្ដិវិធី​ថាយើងមិន​គួរយកគេ​ធ្វើជាគូ​អនាគតទេ ដោយ សារគេ​មានចំណុច​មិនល្អយ៉ាងនេះ ឬយ៉ាងនោះច្រើន។ ឪពុកម្ដាយ​មានតួនាទី​មួយសំខាន់​ក្នុងការ​ពន្យល់ណែនាំ​កូនអំពីការ​រស់នៅ និង នាំកូន​ចៅទៅពិនិត្យ​សុខភាព​មុនពេល​រៀបការ ដើម្បីជា​ការពារ​ទុកជាមុន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *