ជម្ងឺ​ដំបៅ​ក្រពះ​ពោះវៀន

បើនិយាយ​ពីជម្ងឺ​ដំបៅ​ក្រពះ​ពោះវៀន ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​មិនតិច​នាក់ទេ​សុទ្ធតែ​ធ្លាប់ស្ដាប់​ឮ។ អ្នកខ្លះ​ដឹងច្បាស់ អ្នកខ្លះទៀតមិន​ដឹងថា​ជម្ងឺនេះ​ជាអ្វី​ច្បាស់លាស់​នៅឡើយ​ទេ។ ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​​​​នេះ បន្ទាប់​ពីការ​ស្រាវជ្រាវ​រកឃើញ​មេរោគ​បាក់តេរី​អេលីកូបាក់ទែរពីឡូរី​ដែលគេ​ឱ្យរហ័ស​នាមថា​បាក់តេរី​ក្រពះ​នេះមក ចំណេះ​ដឹងទាក់ទង​នឹងជម្ងឺ​ដំបៅក្រពះ​ពោះវៀន មានការលូត លាស់គួរឱ្យ​កត់សម្គាល់។ ជម្ងឺនេះកើត​លើប្រជាពលរដ្ឋ​ទូទៅ តាមការ​ប៉ាន់ស្មានមាន​ប្រមាណជា១០% បានកើត និងធ្លាប់កើត​ជម្ងឺដំបៅ ក្រពះ​ពោះវៀននេះ ក្នុងមួយឆាក​ជីវិតរបស់ខ្លួន។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមណែនាំ​លោកអ្នកអាន​អំពីជម្ងឺដំបៅ ក្រពះពោះវៀន ដើម្បី​ជាការយល់ដឹង និង​ថែទាំសុខភាព។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺ​ដំបៅ​ក្រពះពោះវៀន ជាអ្វី?

ជាជម្ងឺម្យ៉ាង ដែលកើត​មានដំបៅ​ស៊ីរូងលើជញ្ជាំង​ក្រពះអាហារ​(ជម្ងឺដំបៅក្រពះ) ឬលើជញ្ជាំង​ពោះវៀនតូច ដែល​ស្ថិតនៅ កៀកក្រពះ​(ជម្ងឺដំបៅពោះវៀន)។ ជម្ងឺដំបៅ​ក្រពះពោះវៀន​ជាជម្ងឺធុនស្រាល ដែលងាយស្រួល​ក្នុងការ​ព្យាបាលទេ។ ប៉ុន្ដែ​ផលវិបាក របស់​ជម្ងឺនេះ អាចមាន​ស្ថានភាព​ធ្ងន់ធ្ងរ ដូចជា​ដំបៅ​ស៊ីរូង​មានហូរឈាម ក្រពះរួមស្វិត ធ្លាយក្រពះ​ធ្លាយពោះវៀន​ជាដើម។ ផលវិបាក ទាំងនេះកើត​ឡើងជួន​ដោយគ្មាន​រោគសញ្ញា​ស្ដែងចេញ​ជាមុនឡើយ។

ការរាលដាល​ជម្ងឺដំបៅក្រពះ​ពោះវៀន

ជម្ងឺដំបៅក្រពះ និងជម្ងឺ​ដំបៅពោះវៀន​ឌុយអូដេណូម ជាជម្ងឺរ៉ាំរ៉ៃ និងងាយលាប់។ ដំបៅពោះវៀន​មានអត្រាកើត ឬ​អត្រាប្រេវ៉ាងឡង់​ខ្ពស់ជាជម្ងឺ​ដំបៅក្រពះ​ចំនួនដល់​ទៅ៣ដង។ បុរសងាយ​កើតជម្ងឺ​ដំបៅក្រពះ​ពោះវៀននេះជាង​ស្ដ្រីដល់ទៅ​៥ដងឯណោះ​។ ជម្ងឺដំបៅនេះ​ច្រើនតែ​កើតលើ​មនុស្សវ័យ​ពី៣០ ទៅ៤៥ឆ្នាំ។

មូលហេតុ​បង្កជម្ងឺ​ដំបៅក្រពះ​ពោះវៀន

ជម្ងឺ​ដំបៅក្រពះ​ពោះវៀន​បង្កឡើងដោយ​មេរោគ​អេលីកូបាក់ទែរពីឡូរី ដោយឱសថ​មួយចំនួន និងដោយ​កត្ដាផ្សេងៗ ទៀត។

មេរោគអេលីកូបាក់ទែរពីឡូរី ៖ មានប្រមាណ​ជា៩០% បង្កជម្ងឺ​ដំបៅពោះវៀន​ដោយ​អេលីកូបាក់ទែរ ចំពោះ​ជម្ងឺដំបៅ​ក្រពះមាន​ប្រមាណជា៧០%។ អេលីកូបាក់ទែរពីឡូរី ជាប្រភេទ​បាក់តេរី​ម្យ៉ាងដែលរ​ស់នៅក្នុង​ទឹករំអិលក្រពះ។ ការវិភាគ​រកជម្ងឺ​ដែលបង្កដោយ​មេរោគ​អេលីកូបាក់ទែរ អាចធ្វើបាន​តាមរយៈ​ការច្រឹបសាច់​យកទៅវិភាគ និងតាមរយៈ​ការពិនិត្យឈាម។

-​ ថ្នាំអាស្ពីរីន និងថ្នាំប្រឆាំងការរលាក ការលេបអាស្ពីរីន និងថ្នាំ​ប្រឆាំងការរលាក​(មិនមែនស្ដេរ៉ូអ៊ីដ) ទាំងនេះ​ក៏ជាដើម ហេតុចម្បង​របស់ជម្ងឺដំបៅ​ស៊ីរូងនេះដែរ។ កម្សោយ​ជញ្ជាំងក្រពះ អាចជា​ច្រកមួយនៃការ​ជ្រៀតចូលអាស៊ីដ​ដែលផលិត​ដោយថ្នាំទាំងនេះ។

-​ កត្ដាសួរពូជ៖កាយសម្បទា​ពីកំណើត ឬពីគ្រួសារ ក៏ជាករណី​បង្កដំបៅដែរ ប៉ុន្ដែរ​បៀបឆ្លង​តគ្នា​ដ៏ស៊ាំញាំ​មិនទាន់ស្រាវ ជ្រាវរក​ឃើញច្បាស់លាស់​នៅឡើយទេ។ អ្នកដែល​មានឈាម​ក្រុមសូន្យ ឬក្រុមអូ(០) ងាយរង​ការកើត​ជម្ងឺដំបៅ​នេះឡើង​ដល់ទៅ ៣០%ឯណោះ។

កត្ដាផ្លូវចិត្ដផ្លូវកាយ៖ កត្ដានេះ​ក៏ដើរ​តួនាទីសំខាន់​ផងដែរ។ អាការស្ដ្រេស្ស ឬជម្ងឺ​តានតឹងចិត្ដ ក៏​ជាដើមចម​បង្កើនការ កើតជម្ងឺនេះ ឬ​បង្កើនការ​លាប់ជម្ងឺនេះ​ផងដែរ ជាពិសេស​ពេលមាន​ស្ថានភាព​ស្មុគស្មាញ​ក្នុងជីវិត ដូចជា​​បញ្ហាលុយកាក់ បញ្ហាគ្រួសារ បញ្ហាផ្ទាល់ខ្លួន បញ្ហាវិជ្ជាជីវៈ ពេលមាន​សង្គ្រាមរាំងជល់​ជាដើម។

– សុរា បារី ឬថ្នាំជក់ ថ្នាំគ័រទីកូអ៊ីដ(ដែលខ្មែរនិយមហៅថា ថ្នាំសរសៃ) នោះក៏អាច​ជាដើមហេតុដែរ។

– ជម្ងឺកើត​ដំណាលគ្នា​មួយចំនួន ដូចជាជម្ងឺ​ក្រិនថ្លើមជាដើម។

មេរោគងេលីកូបាក់ទែរ ពីឡូរី (មើលដោយមីក្រូទស្សន៍ពង្រីក7700ដង)

ដំណើរសរីរៈ​សាស្ដ្ររបស់​ជម្ងឺដំបៅ​ក្រពះពោះវៀន

ដំបៅក្រពះ​ពោះវៀន បង្កឡើងដោយការ​បាត់បង់លំនឹង​រវាងកត្ដា​បំពារបំពាន (អាស៊ីដរសក្រពះ និងជាតិប៉ិបស៊ីន) និង កត្ដាការពារ​របស់ភ្នាសមុយកឺ (ទឹករំអិលក្រពះ ជាតិប៊ីកាបូណាត ចរន្ដឈាម)។ ជាក់ស្ដែងជាងនេះ ការបាត់​បង់លំនឹង​រវាងរសក្រពះ ដែលមាន​ជាតិអាស៊ីដក្លរីឌ្រិច និងគុណភាព​ជញ្ជាំងភ្នាស​មុយកឺ អាចបង្កជា​ដំបៅរលួយ ឬដំបៅស៊ីរូងបាន។ ពួកអ៊ីយ៉ុងអាស៊ីដ)​ផលិតឡើងដោយ​កោសិកាក្រពះ ហើយរត់​ចូលទៅក្នុង​ប្រហោងក្រពះ ដោយយន្ដការ​ជីវ-គីមីសាស្ដ្រ​ដ៏ស៊ាំញាំម្យ៉ាង។

កត្ដាមួយ​ចំនួន​ដែលបង្កើន​ការបញ្ចេញ​រសក្រពះ មានដូច​ខាងក្រោមនេះ ៖

– ជាតិហ្គាសស្ទ្រីន ដែលផលិត​ដោយ​កោសិកា​ក្រពះ ពេលប៉ះពាល់​ជាមួយ​ចំណីអាហារ

– ប្រព័ន្ធ​ប្រសាទ​សួតក្រពះ(ប្រសាទគូទី១០) ភ្ញោចកោសិកា​ក្រពះ​បញ្ចេញ​អ៊ីយ៉ុងអាស៊ីដ និង​ជាតិហ្គាសស្ទ្រីន។ ការរំញោច ប្រសាទគូទី​១០នេះ កើតមាន​ឡើងពេល​ឃ្លានបាយ ការឃើញ និងការ​ធុំក្លិន​ចំណីអាហារ​ឆ្ងាញ់ៗ។

– ជាតិអ៊ីស្ដាមីន​បង្កើន​ការបញ្ចេញ​ជាតិអាស៊ីដ​រសក្រពះ ដោយភ្ជាប់​ខ្លួនទៅនឹង​ចុងប្រសាទ​ទទួលនៅ​លើកោសិកា​ក្រពះ។

– ការចូល​ទៅដល់​នៃចំណីអាហារ ដែលបរិភោគ​ចូលទៅដល់ក្រពះ

– កង្វះជាតិស្ករ​នៅក្នុងឈាម

– អាស៊ីដ​ទឹកប្រមាត់

– ថ្នាំជក់​(បារី ឬ​ថ្នាំចុក)

– រំញោចប្រសាទ​គូទី១០ ពេលមានអាការស្ដ្រេស្ស ឬការ​តានតឹងចិត្ដ​ជាដើម

– ការពុកផុយ​នៃភ្នាសមុយកឺ​ក្រពះ ជាពិសេស​បង្កដោយ​ថ្នាំពេទ្យ​មួយចំនួន

– បុគ្គលដែល​មានបញ្ហាផ្លូវចិត្ដ ដូចពិបាកចិត្ដ គិតច្រើនជាដើម

– កត្ដាអនាម័យ​ចំណីអាហារ ក្រៅពីថ្នាំជក់ អាចជាតិអាល់កុល ឬជាតិសុរា។ ជាតិសុរា និង​របបអាហារមួយ​ចំនួនក៏ជាកត្ដា បង្កដំបៅក្រពះ​ពោះវៀនដែរ តែគ្រាន៉តែ​ជួនកាលជា​បែបប្រយោល

– និងកត្ដា​សេនេទិក (ហ្សែនពីកំណើត)។

ផ្ទុយពី​កត្ដាខាងនេះ ជាតិ​ប្រូស្ដាគ្លង់ឌីន​ដើរតួនាទី​សម្របសម្រួល​លំនឹងរវាង​កត្ដាបង្ក និងកត្ដាការពារ។ ជាតិ​នេះទប់ស្កាត់ការ ចេញ​រសក្រពះអាស៊ីដ ដែលបង្ក​ដោយកត្ដាបង្ក​ភ្ញោចការចេញ​រសនេះ ដូចជាអ៊ីស្ដាមីន ហ្គាសស្ទ្រីន ជាតិ​អាសេទីលកូលីន ចំណីអាហារ​ជាដើម។ លើសពីនេះ​ទៅទៀត វាមានតួនាទី​ការពារ​ថែទាំភ្នាសមុយកឺ​ក្រពះពោះវៀន ប្រឆាំង​នឹងភ្នាក់ងារ​ចង្រៃផ្សេងៗ។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញា​ជម្ងឺដំបៅក្រពះ​ពោះវៀន

ដំបៅក្រពះ​ពោះវៀន គឺជាជម្ងឺរ៉ាំរ៉ៃ និងងាយរើ​ឡើងវិញ។ បើជាករណី​ជាក់លាក់ ដំបៅ​ក្រពះពោះវៀន​បង្កជាការ​ឈឺចាប់ ដែលមានសណ្ឋាន​ជារមូលពោះ ឈឺក្រហាយ ឈឺរមួល​នៅត្រង់ចុងដង្ហើម និងនៅ​ក្រោមឆ្អឹងជំនីខាងស្ដាំ។ អាការ​ឈឺទាំងនេះ សាយភាយជារង្វង់​ជុំវិញខ្លួន ឬចាក់រាលទៅខ្នង។ ការឈឺ​ពាក់ព័ន្ធជាចង្វាក់​ទៅនឹងពេល​ទទួលទានអាហារ ជា​ទូទៅកើត​មានរយៈពេល១ទៅ៤​ម៉ោងក្រោយ​ពេលទទួលទាន​អាហាររួច ហើយ​ស្ថិតនៅ​រហូតដល់​ពេលទទួលទាន​អាហារ​បន្ទាប់ទៀត។ ប៉ុន្ដែការ​ឈឺអាចត្រូវ សម្រន់​ដោយការ​ទទួលទាន​អាហារ។ វាមាន​សភាព​ជាខ្សែចង្វាក់​៣ពេល គឺបរិភោគ-បាត់ឈឺ-ឈឺ-បរិភោគ។ ការឈឺរមូល​នេះអាច វិវត្ដប្រមាណ​ជា១៥ថ្ងៃ ហើយមានការ​កើតឡើងមួយ ឬច្រើនដងក្នុង១ឆ្នាំ។

មានរោគ​សញ្ញាផ្សេង​ទៀតផងដែរ​អាចកើត​មានឡើង​ដូចជាចង្អោរ ឬក្អួត វិបត្ដិការ​រំលាយអាហារ​(ការរំលាយអាហារ ដោយពិបាក)​ជាដើម។

ជាអកុសល រោគសញ្ញា​ទាំងនេះ​មិនប្រាកដ​ជាកើតមាន​រហូតនោះទេ ជួនកាល​គ្រូពេទ្យ​សម្រេចព្យាបាល ដោយ​គ្រាន់តែមាន រោគសញ្ញា​រំខានធម្មតា​តែប៉ុណ្ណោះ។​ជួនកាល​ក្រពះដំបៅពោះវៀន​មិនមាន​រោគសញ្ញាឡើយ ដោយ​គ្រាន់តែ​មានគុណវិបត្ដិ​មួយចំនួនតែ ប៉ុណ្ណោះ ដូចជា

– ហូរឈាម​តាមផ្លូវរំលាយអាហារ ៖ មានឈាមនៅ​ក្នុងកំអួត ឬមាន​លាមកពណ៌ខ្មៅ

– ការធ្លាយ​ក្រពះពោះវៀន ៖ មានការឈឺចាប់​យ៉ាងខ្លាំង និងពោះរឹង

– ត្បៀត ឬ​រួមក្រពះ​នៅផ្នែក​ជាប់ពោះវៀនតូច ៖ មានអាការចង្អោ និងក្អួត

– ស្លេកស្លាំង​គ្មានហេតុផល​ជាដើម។

ដំបៅ​មួយចំនួន​មិនមាន​រោគសញ្ញាទេ ជាពិសេស​ពេលកើត​មានលើមនុស្ស​វ័យចំណាស់ អ្នកមាន​កើតជម្ងឺទឹក​នោមផ្អែម អ្នកកំពុង​ទទួលការ​ព្យាបាល​ដោយថ្នាំ​ប្រឆាំងរលាក ឬ​អ្នកកំពុង​ទទួលការ​ព្យាបាលជម្ងឺ​ដំបៅស៊ីរូង​នេះតែម្ដង។ ដូច្នេះ​មានតែ​គ្រូពេទ្យ និង​ការឆ្លុះក្រពះ​ពោះវៀនទេ ទើបអាច​ធ្វើរោគវិនិច្ឆ័យ​បានត្រឹមត្រូវ។

ប្រការ​ត្រូវធ្វើ​ពេលមានជម្ងឺ​ដំបៅក្រពះ​ពោះវៀន

សូមពិសាថ្នាំប្រឆាំងអាស៊ីដ ថ្នាំប្រឆាំង​អាស៊ីដដែល​អាចដាក់លក់​ជាសេរី នៅតាម​ឱសថស្ថាន សុទ្ធតែ​អាចមានប្រសិទ្ធ ភាពកាត់​បន្ថយការ​ឈឺរមួល ឬចុកចាប់ ដែលបណ្ដាលមក​ពីដំបៅក្រពះ​ពោះវៀន។ ផ្ទុយទៅវិញ ថ្នាំង​ទាំងនោះមិន​អាចព្យាបាល​ជម្ងឺដំបៅ​ក្រពះពោះវៀន​ឱ្យបាន​ជាសះស្បើយ​១០០%​បានឡើយ ទោះបី​ក្នុងករណី​ណាក៏ដោយ​គ្រាន់តែសម្រន់​តែប៉ុណ្ណោះ។​ប្រសិនបើ លោកអ្នក​មានអាការ​ឈឺចាប់​តាមផ្លូវ​រំលាយអាហារ សំខាន់​លោកអ្នក​ត្រូវមាន​រោគវិនិច្ឆ័យ​ច្បាស់លាស់​ជាក់លាក់ និងការព្យាបាល ត្រឹមត្រូវ​ណាមួយ។

សូមកាត់បន្ថយការប្រើប្រាស់ថ្នាំប្រឆាំងរលាក សូមប្រើប្រាស់​ផលិតផល​ឱសថប្រឆាំង​នឹងការរលាក​មួយចំនួន ដូចជា​អាស្ពីរីនអ៊ីប៊ុយប្រូហ្វែន​ជាដើម ក្នុង​កម្រិតត្រឹមត្រូវ ឬតិចតួច​បានហើយ។ បើលោក​អ្នកចង់​ប្រើប្រាស់ថ្នាំ​ប្រឆាំងរលាក សូមសាក​សួរយោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុនសិន ដើម្បីទទួល​បានឱសថ​ប្រឆាំង​រលាក​ផ្សេងទៀត ប្រភេទដូចគ្នា និង​មានប្រសិទ្ធភាព​ដូចគ្នា ហើយ បង្កផល​ប៉ះពាល់តិចតួច​ជាងដល់ប្រព័ន្ធ​រំលាយអាហារ។

សូមទទួលទានផលិតផលជាតិទឹកដោះ ទឹកដោះគោ និង​ផលិតផល​ទឹកដោះ ជួយកាត់​បន្ថយការឈឺ​ចាប់ដែលបង្ក ឡើងដោយ​ជម្ងឺដំបៅក្រពះ​ពោះវៀន ប្រសិន​បើខ្លួនលោក​អ្នកមិនមាន​ប្រតិកម្មជាមួយ​នឹងជាតិឡាក់តូស។ ប្រសិន​បើលោកអ្នក​មានបញ្ហា​ដំបៅក្រពះ​ពោះវៀន សូមពិសា​ប្រភេទ​ផលិតផល​ទឹកដោះ​ទាំងនេះ ពេលដែល​មានការឈឺចាប់។ ចំណីអាហារ​ផ្សេងទៀត ក៏មាន​ឥទ្ធិពលដូច​គ្នាផងដែរ។ សូមខំប្រឹង​កត់ចំណាំ​ចំណីអាហារណា ដែល​ជួយដល់​លោកអ្នក។

សូមផ្អាកការជក់បារី ការជក់បារី​អាចធ្វើឱ្យរើការ​ឈឺចាប់ ដែលបង្ក​ដោយ​ដំបៅក្រពះពោះវៀន និង​ពន្យាការ​ជាសះ ស្បើយភ្នាស​ជញ្ជាំងប្រព័ន្ធ​រំលាយអាហារ។

សូមចៀសវាងទទួលទានចំណីអាហារបង្កផលប៉ះពាល់ទឹកតែ កាហ្វេ និងជាតិសុរា បន្ថែម​ទម្ងន់ទៅលើ​ដំបៅផ្លូវរំលាយ​អាហារ​ឱ្យរិតតែ​ធ្ងន់ធ្ងរ។​ប្រភេទ​ចំណីអាហារ​ផ្សេងទៀត ក៏អាច​ធ្វើឱ្យបញ្ហា​ដំបៅក្រពះ​ពោះវៀន​រិតតែ​ធ្ងន់ធ្ងរ​ដែរ។ សូមប្រឹង​ប្រែងរក ឱ្យឃើញ​ចំណីអាហារ​ណាដែល​បង្កើនការ​ឈឺចាប់ និងសូម​កំណត់​ការទទួលទានវា។

រូបភាពទស្សនាវដ្តីសុខភាពយើង

ពេល​ណាត្រូវទៅ​ពិគ្រោះជាមួយ​​គ្រូពេទ្យ?

– ប្រសិនបើ​លោកអ្នក​មានការឈឺ​នៅក្នុងពោះ​ចាក់ដោតខ្លាំង និងមានរយៈ​ពេលអូស​បន្លាយយូរ មិនព្រម​បាត់សោះ ហើយ ទោះបីជា​បានលេបថ្នាំ​ប្រឆាំងអាស៊ីដ និងចំណី​អាហារមួយ​ចំនួន ក៏មិនព្រម​បាត់អន់ដែរ។

– ប្រសិន​បើលោកអ្នក​មានក្អួត​ធ្លាក់ឈាម ឬបត់ជើង​ធំមានលាមក​ពណ៌ខ្មៅ។

– ប្រសិន​បើលោកអ្នក​មានអារម្មណ៍​ឈឺចុកខ្លាំង​នៅក្នុងពោះ ហើយពោះ​របស់លោកអ្នក​ឡើងរឹង។

ការពិនិត្យជម្ងឺ និងវិភាគវេជ្ជសាស្ដ្រ

ជាដំបូង គ្រូពេទ្យ​ចាប់ផ្ដើម​ពិនិត្យគ្លីនិក​(ពិនិត្យរោគសញ្ញា) និងសាកសួរ​អ្នកជម្ងឺ ប្រយោជន៍​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ថាតើ មានមូលហេតុ​ផ្សេងទៀត​បង្ករោគ​សញ្ញាទាំង​នេះដែរឬទេ។ បន្ទាប់មក ការពិនិត្យ​ជម្ងឺពីររ​បៀបអាច​ធ្វើឡើង ដើម្បី​វិភាគថា​មានជម្ងឺ ដំបៅក្រពះ​ពោះវៀន​ដែរឬទេ។

– ឆ្លុះក្រពះ​ពោះវៀន ការឆ្លុះ​ក្រពះ​ពោះវៀន គឺជាការ​ស៊កបញ្ចូល​ទៅតាមមាត់ នូវកូនបំ​ពង់ទុយ​យោតូចមួយ ដែលមាន ភ្ជាប់កូន​កាម៉េរាថត​នៅនឹង​ក្បាលទុយយោ ដើម្បីមើល​រូបភាព​ជញ្ជាំង ឬភ្នាស​ក្រពះ ព្រមទាំង​អាចច្រឹបសាច់​ក្រពះយកទៅវិភាគ​រកមេរោគ​បង្កហេតុ។

– ថតផ្លូវ​រំលាយអាហារ មានការពិនិត្យ​វិភាគជម្ងឺ​ផ្សេងទៀត ដោយការ​ថតផ្លូវ​រំលាយ​អាហារ (មានបំពង់​អាហារ ក្រពះ ពោះវៀន)។ អ្នក​ជម្ងឺអាច​ទទួលទាន​ជាតិបារីយ៉ូម ឬ​អាចផឹកទឹក​បារីយ៉ូម នៅ​មុនពេល​ធ្វើការថត​ដោយ​កាំរស្មីអ៊ិច​(វិទ្យុសាស្ដ្រ)។ តាំង​ពីមានការ​រកឃើញ​វិធីឆ្លុះក្រពះ​មកការ​ថតនេះ​ហាក់ដូចជា​បាត់បង់​តួនាទី ហើយ​ក៏​មិនសូវ​និយម​ប្រើដែរ។

នៅក្នុង​ករណី​មួយចំនួន ការពិនិត្យ​ឆ្លុះអេកូ​ត្រូវបាន​ធ្វើឡើង ដើម្បី​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​រោគវិនិច្ឆ័យ ច្រាន​ចោលនូវ​ជម្ងឺស្រ ដៀងគ្នា​ផ្សេងទៀត ដូចជា​ក្រួសទឹកប្រម៉ាត់ ជម្ងឺ​លំពែងជាដើម។

ការពិនិត្យ​ជម្ងឺទាំង​នេះជាការ​ចាំបាច់ ក្នុងករណី​អ្នកជម្ងឺ​មានអាយុ​ច្រើនជាង​៤៥ឆ្នាំ ដោយសារ​ថាក្រោយ​អាយុនេះ អ្នកជម្ងឺ មុខជា​អាចមាន​ជម្ងឺមហារី​កក្រពះ។ ករណី​អ្នកជម្ងឺ​អាយុតិច​ជាង​៤៥ឆ្នាំ គ្រូពេទ្យ​អាចចាប់​ផ្ដើមដោយ​ធ្វើតេស្ដ​​ស្រាវជ្រាវ​រកវត្ដ​មានមេរោគ​អេលីកូបាក់ទែរពីឡូរី​មុនគេ​ហើយប្រសិន​បើមិន​មានបំណង់​ធ្វើការឆ្លុះ​ក្រពះទេ។ ករណី​នេះ គ្រូពេទ្យ​អាចធ្វើ​តេស្ដឈាម ឬតេស្ដ “ក្លិនមាត់” ដែលមាន​គោលដៅ​វាស់​អត្រាអ៊ីដ្រូសែន​នៅក្នុងខ្យល់​ដែលដក​ដង្ហើមចេញ ដែល​តេស្ដអាច​បង្ហាញវត្ដមាន​បាក់តេរីនេះ។

ជួនកាល​គ្រូពេទ្យ​អាចធ្វើ​ការស៊ក​ទុយយោ​បូមទឹក​រសក្រពះ ដើម្បី​វិភាគ​កម្រិត​ជាតិអាស៊ីដ​លើស និង​អាចឃើញ​ជម្ងឺផ្សេង ទៀត ដូចជាជម្ងឺ​ហ្សូលីនហ្សឺអេលីសុន​ជាដើម។

ការព្យា​បាលជម្ងឺ​ដំបៅក្រពះ​ពោះវៀន

មាន​របៀប​ព្យាបាល​២យ៉ាង ដើម្បី​ព្យាបាល​ជម្ងឺដំបៅ​ក្រពះ​ពោះវៀន​ឱ្យបាន​ជាសះស្បើយ គឺ​ជាការ​ព្យាបាល​ដំបៅ​បង្កដោយ បាក់តេរី​អេពីកូបាក់ទែរពីឡូរី និង​ដំបៅ​ដោយ​មូលហេតុ​ផ្សេងទៀត។

១- ជម្ងឺដំបៅ​ក្រពះពោះ​វៀនដោយ​អេលីកូបាក់ទែរពីឡូរី

ក្នុងករណី​ដំបៅបង្ក​ឡើងដោយ​មេរោគអេលីកូបាក់ទែរពីឡូរី គ្រូពេទ្យ​អាចចាប់​ផ្ដើមព្យាបាល​ដោយថ្នាំ៣មុខ​(ថ្នាំប្រឆាំងអ៊ី យ៉ុងអាស៊ីដមួយមុខ និងថ្នាំ​ប្រឆាំង​មេរោគ​បាក់តេរី២មុខ) ក្នុងរយៈ​ពេល១​សបា្ដហ៍។ ជាទូទៅ​ការព្យាបាល​ដោយលេបថ្នាំ​ទាំងនេះអាច មាន​ប្រសិទ្ធភាព៩៥%ឯណោះ ពោល​គឺបាក់តេរី​អេលីកូបាក់ទែរ​ត្រូវបានកម្ចាត់​ចេញពីក្នុង​ក្រពះពោះវៀន។

លទ្ធផល​នៃការព្យា​បាលអាច​ត្រួតពិនិត្យ​នៅ១ខែក្រោយ ដោយការឆ្លុះ និងច្រឹប​យកសាច់​ទៅវិភាគ។ ក្រោយ​ពីជាសះ ស្បើយហើយ ករណីនេះ​មិនរើ​ឡើងវិញទេ។ ពេលទទួល​ទានថ្នាំ​ព្យាបាល​ទាំងនេះ លោកអ្នក​ត្រូវគោរព​ឱ្យបាននូវ​ប្រការត្រូវ​ធ្វើទាំងឡាយ ដែលទាក់ទង​នឹងអនាម័យ​ជីវិតរស់នៅ និងអាហា​រូបត្ថម្ភ។

2- ជម្ងឺដំបៅ​ក្រពះ​ពោះវៀន​ដោយមូលហេតុ​ផ្សេងទៀត

ក្នុងករណី​មិនមែន​ជាបាក់តេរី​អេលីកូបាក់ទែរ ក៏ការ​ព្យាបាល​ដោយថ្នាំលេប​ប្រឆាំង​អ៊ីយ៉ុងអាស៊ីដ​នៅតែ​ប្រើដដែល តែការ ព្យាបាល​ត្រូវប្រើ​ពេលវេលា​យូរជាង គឺរហូតដល់​ទៅ៤​សបា្ដហ៍​ឯណោះ។

ចាប់តាំង​ពីមានការ​ស្រាវជ្រាវ​រកឃើញ​ការព្យាបាល​ដោយឱសថ​ថ្មីៗមក ការព្យាបាល​ដោយវះកាត់​ក្រពះហាក់ដូចជា​មិន សូវមាន​អនុវត្ដឡើយ លើកលែង​តែក្នុងករណី​មានផល​ប៉ះពាល់ ឬវិបត្ដិបង្ក​ដោយដំបៅ ដូចជាការ​ធ្លាយក្រពះ​ជាដើម។ ប៉ុន្ដែ​ចំពោះស្ថាន ភាពធ្ងន់ធ្ងរ​មួយចំនួន ការព្យាបាល​ដោយវះកាត់​នៅតែជា​តែមួយគត់ និងមាន​ប្រសិទ្ធភាពខ្ពស់។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *