មូលហេតុ​កុមារខ្លាចខ្មោច​

បើរំលឹក​ដល់​ពាក្យថាខ្មោច កុមារ​ខ្លះគ្រាន់តែ​ឮសូរ ភ័យប៉ះ​រោមច្រូង ព្រឺសម្បុរ​គីងគក់ ញាក់ស្មា លាន់​មាត់ថា អ្ហូ! មិន បានទេ។ អ្នកខ្លះភ័​យរហូត​ដល់ថ្នាក់ខ្លាច​ទីងងឹត​មិន​ហ៊ានសម្លឹង​មើល ឬដើរ​​​​កាត់​តែ​​​ម្នាក់ឯង ហើ​យរ​ហូតដល់មិនមាន​សមាធិគ្រប់ គ្រាន់​ដើម្បី​ធ្វើការងារ ឬរៀន​សូត្រទៀត​ផង។ កុមារ​ខ្លះទៀត​បានឮ​ហើយ​សើចញឹមៗ អាការ​ទំនងបែប​មិនជឿទេ! តែនេះគ្រាន់តែ​​​ជាអាការ​​​​​​​ខាងក្រៅ​​​​ប៉ុណ្ណោះ។ ការខ្លាច​នេះអាច​វិវឌ្ឍន៍ពីការ​ខ្លាចធម្មតា​ទៅជារោគ​វិកលចរិត​បានដោយ​មិនដឹង​ខ្លួន។

រូបភាពទស្សនាវដ្តីសុខភាពយើង

បកស្រាយ​ទៅនឹងករណី​ខ្លាចខ្មោចនេះ លោកស្រី​វេជ្ជបណ្ឌិត ចក ធីតា អ្នកឯកទេស​ខាងវិកលវិទ្យា បានអះអាងថា ខ្មោចពិត​ជាមិនមាន​រូបរាង​មែនទែន​ទេ។ វាគ្រាន់​តែជាអារម្មណ៍​របស់​មនុស្សដែល​ពាក់ព័ន្ធ​ទៅនឹង​សភាពការណ៍​ដែលគួរ​ឱ្យភ័យ ឬអារម្មណ៍​ខ្លាចដោយ​សារញាណ​របស់គេ​ទៅនឹងអ្វី​ដែលគេ​មើលឃើញ​(វិញា្ញណអរូបិយ៍) តែអ្នក​ផ្សេងបែរ​ជាមើលអត់​ឃើញ ហើយគេ​ក៏សន្មត់​ខ្លួនគេ​ថាត្រូវខ្មោច​លងហើយ។

ការខ្លាច ជាអ្វី?

ការខ្លាច គឺជាអាការ​ដែលធ្វើឱ្យ​អារម្មណ៍ភ័យ ញ័រ គេចវេស​មិនចង់​ជួបនឹងរបស់​អ្វីមួយ។ ការខ្លាច​អាចបង្ករ​ហូតដល់ ទៅបែក​អារម្មណ៍​មិនអាច​ធ្វើការងារ​ផ្សេងៗបាន។ ការភ័យ​ខ្លាចទីខ្ពស់ ខ្លាចសត្វ​កណ្ដុរ ខ្លាចសត្វ​ឈ្លើងជាដើម វាអាច​គ្រាន់តែជា រោគ​សញ្ញាដំបូង​ធម្មតានៃ​ការខ្លាច​ប៉ុណ្ណោះ។ ការខ្លាចខ្លាំង ឬធ្ងន់ធ្ងរ​អាចជាសញ្ញណ​វិកលចរិត​(ប៉ះពាល់ផ្លូវចិត្ដ)បាន។ ជាក់ស្ដែង បទ​ពិសោធន៍​នៃរបបប្រល័យ​ពូជសាសន៍​បានបន្សល់​ទុកនូវ​ជនរងគ្រោះមិន​តិចជាង​មួយលាននាក់​ទេនៅ​ទូទាំង​ប្រទេស​ដែលមាន​ជម្ងឺបាក់​ស្បាតនៅ​មិនទាន់​មានការ​ប្រឹក្សា​ព្យាបាល​រហូតមក​ទល់សព្វ​ថ្ងៃនេះ។

ជម្ងឺខ្លាច​ខ្មោច ជាអ្វី?

ការខ្លាចខ្មោចនេះ ជាជម្ងឺ​ចិត្ដសាស្ដ្រ​ម្យ៉ាង​ដែល​អាចចាត់​ទុកបាន​ថាធម្មតា​(មិនវិកលចរិត) ឬក៏​រីកធំធាត់​រហូតមាន រោគសញ្ញា​វិកលចរិត។ វាអាស្រ័យ​ទៅលើប្រតិ​កម្មតបត ភាពរឹងមាំ សតិបញ្ញា ការប៉ះ​ពាល់ដល់​ញ្ញាណទាំង​ប្រាំរបស់់អ្នក​រងគ្រោះ និង​បទពិសោធន៍​អាក្រក់ៗជាបន្ដបន្ទាប់ ដែលអាចគម្រាម និងលង​បន្លាចដល់​គេពេញ​មួយជីវិត។

មូលហេតុ​នៃការខ្លាច​ខ្មោច

មកទល់​នឹង​បច្ចុប្បន្ននេះ មិនទាន់​មានការ​ស្រាវជ្រាវ និង​អង្កេត​ឱ្យបាន​ច្បាស់លាស់​ណាមួយ​ថាតើភាគ​ច្រើននៃអ្នកដែល រងគ្រោះ​ធ្ងន់ធ្ងរ​កើតចំពោះ​កុមារអាយុ​ប៉ុន្មាន ហើយថា​តើមាន​រោគ​សញ្ញា ឬអាការ​ដំបូងដូចម្ដេច​នៅឡើយទេ។ ប៉ុន្ដែ​ភាគច្រើននៃ ជម្ងឺឬការ​ខ្លាចខ្មោច​នេះមិនមែន​កើតពីកំណើតទេ វាច្រើនតែ​បង្កឡើងដោយ​ការបំភ័យ ឬនិយាយ​បន្លាច។ ជាទូទៅ​អ្នកខ្លះមាន ទម្លាប់​បំភ័យអ្នកដទៃ​ដោយអចេតនា ឬបំណង ដើម្បី​ឱ្យខ្លួន​បានសប្បាយ​ដោយទង្វើនេះ​មិនបានគិត​ដល់គ្រោះថ្នាក់​ធ្ងន់ធ្ង្ងរ​នាពេល អនា​គតទេ។ កុមារ​មានភាព​ទន់ជ្រាយ និង​ឆាប់ចាប់​យកនូវទិន្នន័យ​ដែលយើង​ជាអ្នក​បញ្ចូលឱ្យ។ ប៉ុន្ដែ​ជួនកាល​បទពិសោធន៍ ដោយផ្ទាល់​ចំពោះការ​ទទួលរង​នូវការ​ធ្វើបាប ឬគម្រាម​គំហែង​ធ្ងន់ធ្ងរ​ទៅលើ​ញាណ​របស់គេ ក៏អាច​ជាបច្ច័យ​អាក្រក់​នៃការខ្លាច ខ្មោចនេះ​ដែរ។ ការ​ទស្សនា​នូវភាពយន្ដ​ប្រភេទរឿងខ្មោច ដែលមាន​លក្ខណៈភ័យ​រន្ធត់ខ្លាំង ការ​ទទួលនូវ​ព័ត៌មាន ឬបាន​ជួបបទ ពិសោធន៍​អវិជ្ជមាន​ដ៏ច្រើនលើស​លប់ពីកម្ម​បទនេះ ក៏អាច​ដិតជាប់នៅ​ក្នុងអារម្មណ៍​រហូតស្ទើរ​តែមួយ​ជីវិត​របស់គេ បើ​សិនជាមិន បានទទួល​ការព្យាបាល​ដោយការ​ប្រឹក្សា​ពីអ្នក​ជំនាញ។

ជាទូទៅ​អ្នកជម្ងឺ​ប្រភេទ​នេះច្រើនមាន​រោគសញ្ញា​ខ្លះៗ ដូចជាអាការ​កើតលើ​ផ្លូវចិត្ដ និងលើ​ផ្លូវកាយ​មួយចំនួន។

– អាការលើ​ផ្លូវចិត្ដ ៖ អ្នកជម្ងឺ​មានការ​ភ័យខ្លាច ព្រួយចិត្ដ គិតច្រើន រសាប់រសល់ មានអារម្មណ៍​ញាប់ញ័រ ងាយ​ភ្ញាក់ ផ្អើល គេងមិន​ដូចធម្មតា និង​និយាយ​ដដែលៗ​ថាខ្លួនគាត់​ត្រូវខ្មោចលង ឬមើល​ឃើញអ្វីដែលអ្នក​ដទៃមើលមិន​ឃើញជាដើម។

– អាការ​លើផ្លូវកាយ អាការ​ដូចជា​ត្រជាក់​ចុងដៃ​ចុងជើង បែក​ញើស​ខុសធម្មតា ញ័រដើមទ្រូង​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាក​នៃការ​ខ្លាចខ្មោច

នៅពេល​ដែលទិន្នន័យ​អវិជ្ជមាន​បានបញ្ចូល​ពេញខួរ​ក្បាល​របស់កុមារ ការយក​ចិត្ដទុក​ដាក់​នឹងបទ​ពិសោធន៍​នេះបាន ប្រែក្លាយ​គេឱ្យទៅ​ជាមនុស្ស​ដែលគ្មាន​សមត្ថភាព​គ្រប់គ្រាន់​(មានជម្ងឺផ្លូវចិត្ដ)។ ជាលទ្ធផល​អាចបង្កឱ្យកុមារ​ខ្លាចកន្លែង​ដែល ងងឹត មិនហ៊ាន​នៅម្នាក់ឯង ទន់ជ្រាយ ត្រម៉ង់ត្រមោច មិនសូវ​និយាយ​ស្ដី មាន​ប្រតិ​កម្មត​បតខ្លាំង​ទៅនឹង​អ្វីដែល​គេបាន​ឃើញ មានអារម្មណ៍​មិនស្ងប់ និង​មិនអាច​ធ្វើការងារ ឬរៀន​សូត្របាន។ មាន​សភាព​បែបនេះ​យូរអង្វែង គេអាច​ត្រូវប្រឈម​មុខនឹងជម្ងឺ វិកលចរិត​ធ្ងន់ធ្ងរ​ទៀតផង។

វិធី​ព្យាបាល​អាការខ្លាច​ខ្មោច

ករណី​សង្ស័យ​ថាមានអាការ​ធ្ងន់ធ្ងរ ជំហ៊ាន​ដំបូង​ត្រូវនាំកុមារ​មកជួប​ពិគ្រោះជាមួយ​នឹងអ្នកជំនាញ​ខាងចិត្ដសាស្ដ្រ​ដើម្បី កំណត់​វិធានការ​ព្យាបាល។ ចូរចង​ចាំថា​ជម្ងឺខ្លាចខ្មោច​នេះមានការ​ប៉ះពាល់​ជាខ្លាំង​ដល់ប្រព័ន្ធ​ខួរក្បាល តែមិន​មែនសុទ្ធ​តែពាក់ព័ន្ធ ដល់​បញ្ញាទេ។ ជម្ងឺ​នេះអាចការ​ពារបាន​ដោយការ​ព្យាយាម​លើកទឹក​ចិត្ដ និងគាំ​ទ្រកុមារ​នោះឱ្យបាន​ច្រើន។ ហើយ​ចូរព្យាយាម​កុំ និយាយបំ​ភិតបំភ័យ​ពីអ្វីដែល​គេខ្លាច កុំបង្ហាញ​នូវអ្វីដែល​ធ្វើឱ្យ​អារម្មណ៍​គេរំជួល​ខ្លាំង ហើយ​បញ្ចូល​នូវព័ត៌​មានល្អៗ​ដល់គេ។ ការព្យា​បាលយូរ ឬឆាប់​អាស្រ័យ​ទៅលើ​អាការ​របស់​អ្នកជម្ងឺ ហើយ​ការព្យាបាល​ដោយការ​ប្រឹក្សា ការផ្ដល់ថ្នាំ និង​ការស្ដារ​កាយ​និតិសម្បទា​នឹងត្រូវ​ធ្វើជា​បន្ដបន្ទាប់។ ការ​សែនព្រេន ឬនិមន្ដ​ព្រះសង្ឃ​ស្រោច​ទឹកមន្ដ​រំដោះ​គ្រោះ​ជាដើម ក៏ជាការ​អាចជួយ​លើក​ទឹកចិត្ដ និង​បង្កើន​ជំនឿ​ចិត្ដ​របស់​កុមារឱ្យ​បានធូរស្រាល​បានផង​ដែរ។

ដំបូន្មាន​អ្នកជំនាញ

បើសិន​ករណី​លោក​អ្នកមិនអស់​ចិត្ដនឹង​អ្វីមួយ គួរ​ចំណាយ​ពេល​នាំកូន​ទៅជួបជាមួយ​នឹងអ្នក​ឯកទេស​ខាងចិត្ដ​សាស្ដ្រ ដើម្បី​ទទួល​ការប្រឹក្សា និង​ព្យាបាល​ឱ្យទាន់​ពេលវេលា។ បើសិន​ជាករណី​ជម្ងឺមាន​ការរំខាន​ខ្លាំង ដូច​ជាគេង​មិនលក់ ឆេវឆាវខុស ធម្មតា ឬ​ទឹកចិត្ដ​មិននឹងន​ដែល​ប៉ះទង្គិច​ខ្លាំង​រហូតដល់​ធ្វើការងារ ឬរៀនសូត្រ​អ្វីមិន​កើតជាដើម ក៏គួរមក​ពិគ្រោះជម្ងឺជា​មួយនឹង អ្នក​ជំនាញ​ខាងសុខភាព​ផ្លូវចិត្ដ​របស់​យើង​បានដែរ។ ចូរចង​ចាំថាការ​ប្រឹក្សាជាថ្នាំ​ដ៏ល្អបំផុត​សម្រាប់​ព្យាបាល​ជម្ងឺ​ប្រភេទ​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *