ក្មេងស្ទាវ​អុកឡុក​សង្គម

​ចំណោម​ប្រជាពល​រដ្ឋខ្មែរ​ជិត១៤លាន​នាក់ មានប្រមាណ​ជា៦០%​ជាយុវវ័យ​(អាយុក្រោម៣០ឆ្នាំ)​។ យុវវ័យ​មួយចំនួន​តូចបាន​បង្ករ​បាតុភាព​អុកឡុក​នៅក្នុង​សង្គម ដូចជា​វាយសម្លាប់​គ្នា បង្ហោះម៉ូតូ បំផ្លាញ​​​​ទ្រព្យសម្បត្ដិ​សាធារណៈ បង្កើត​ក្រុមបង​ធំបង​តូចជាដើម។ ក្រុម​ស្ទាវទាំង​នេះចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅតាម​ទីក្រុង​ក៏ដូច​ជាជនបទ ជួន​វិវឌ្ឍន៍​ពីក្មេង​ស្ទាវ​រហូត​ដល់ចាស់ ស្ទាវទៀតផង​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោក ម៉ាក សារ៉ាត មន្ដ្រី​សម្រប​សម្រួល​នៃអង្គ​ការ​ប្រឹក្សា​យុវជន កម្ពុជាដើម្បី​ពិភាក្សា​លើប្រធាន​បទក្មេង​ស្ទាវនេះ​។

ក្មេងស្ទាវ ជានរណា?​

តាម​ធម្មតា​ក្មេងស្ទាវ គឺសំដៅ​ទៅដល់​ក្មេងជំទង់​ដែលមាន​អាយុចាប់​ពី១៦ ឬ១៨ឆ្នាំ​ឡើងទៅ ឬ​វ័យ​កំពុង​ពេញកម្លាំង​។ តែ ចំពោះ​ស្ទាវនៅ​ក្នុងន័យ​ដែល​ប្រជាពល​រដ្ឋ​ខ្មែរយើង​មាន​ប្រតិកម្ម​នៅពេល​នេះ គឺ​សំដៅ​ទៅលើ​ក្រុមក្មេង​ដែលច្រើន​តែបង្ក​ឱ្យមានការ ច្របូកច្របល់ ដើររក​រឿង​គេឯង ធ្វើអ្វី​មិនទំនង ឬប្លែកៗ​ពីគេ បង្ក​អសន្ដិ​សុខនៅ​ក្នុងសង្គម​ និង​អំពើ​អសកម្ម​ផ្សេងៗ​ទៀត។ ពួកគេអាច ជាកូន​របស់​លោកអ្នក មិត្ដ​ភក្ដិ​របស់​លោកអ្នក ឬសាច់​ញាតិ​របស់​លោកអ្នក ដោយមិនមាន​ការរើស​អើងថា​សុទ្ធតែ​ជាអ្នកមាន អ្នកក្រ ឬជាអ្នក​មានកាយស​ម្បទាល្អ ឬពិការភាព​ ទើប​អាចជា​ក្មេងស្ទាវ​ឡើយ។​

មូល​ហេតុ​ដែលក្មេង​ស្ទាវដើរ​អុកឡុកសង្គម​

យុវជន​ទាំងនោះ​ភាគច្រើន គឺជាមនុស្ស​ដែល​មានបញ្ហា​។ ហើយ​បញ្ហា​របស់​ពួក​គេភាគ​ច្រើន​ត្រូវបាន​សង្គម​មើល​រំលង និង មិន​មាន​ការយកចិត្ដ​ទុកដាក់​ដោះ​ស្រាយ។ មាន​កត្ដា​ជាច្រើន​ដែលនាំឱ្យ​ពួកគេដើ​រអុកឡុក​សង្គម ដូចជា​ធ្វើដើម្បីទាម​ទារការចាប់​អារម្មណ៍ ធ្វើត្រាប់​តាមភាព​យន្ដ ឬវប្បធម៌​បរទេស ដែលពួក​គេគិត​ថាវាឡូយ​ជាដើម។ ​ម្យ៉ាងទៀ​ត​គឺការចង់​បញ្ជាក់ពី​អំណាច ព្រោះយុវជន ដែល​ជាបង​ធំតែងតែ ចង់បង្ហាញថា​ពួកគេគឺ​ជាអ្នកខ្លាំង សូម្បីតែ​មើលមុខ​ក៏មិនបាន ហើយអាច​ដើរវាយ​គេវាយ​ឯងបាន។ ការប្រើ ប្រាស់ថ្នាំញៀន ឬគ្រឿង​ស្រវឹងដែល​ជាហេតុនាំ​ឱ្យពួកគេ​មិនអាចឃុំ​គ្រងខ្លួន​ឯងបាន និង​មានគំនិតចង់​តែប្រើអំពើ​ហឹង្សា។ ភាពគ្មាន​ការ ងារ​ធ្វើត្រឹមត្រូវ ក៏ងាយ​នឹងបង្ក​ឱ្យពួក​គេចូលរួម​នៅក្នុងក្រុម​បងតូចបង​ធំដែរ ព្រោះថា​បើពួកគេ​មានការ​ងារធ្វើ ពួកគេគ្មាន​ពេលវេលា ដើម្បី​អុកឡុក​អ្នកដទៃទេ។

នៅក្នុង​ចំណោម​ក្មេងស្ទាវ​ទាំងនេះ សីលធម៌​ធ្លាក់ចុះច្រើន រីឯគុណ​ភាពនៃការ​សិក្សា និង​ការអប់រំ​នៅមានកម្រិត​ទាប។ ការ ច្រណែនគ្នា ចង់មាន​ចង់បានឆាប់​រហ័ស ឬតាម​ផ្លូវកាត់ ការអួត​អាង មានបញ្ហា​នៅក្នុង​គ្រួសារ ឬមាន​ការលើក​ទឹកចិត្ដ​ពីគ្រួសារដើម្បី ក្លាយ​ជាបង​ធំជាដើម ក៏​ត្រូវបាន​គេរកឃើញ​ថាមាន​ចំណែក​នៅក្នុងការ​បង្កមូលហេតុ​នេះដែរ។ ពួក​គេរៀន​ពីសង្គម​ជុំវិញខ្លួន។

មើលយ៉ាង​ម៉េចទើប​ដឹងថាក្មេង​ស្ទាវទាំងនោះ​មានបញ្ហា?

យើងមិន​អាចធ្វើការ​សន្និដ្ឋាន​បានទេថា​ក្មេងមានបញ្ហា ដោយ​គ្រាន់តែមើល​ត្រឹមតែ​អាកប្បកិរិយា ឬការ​តុបតែង​ខ្លួនតែខាង ក្រៅ​របស់​ពួកគេ​នោះទេ។ ទោះ​បីជាអ្នក​ខ្លះមាន​ការតុប​តែងខ្លួន​ខុសប្លែក​ពីគេយ៉ាង​ណាក៏ដោយ ទង្វើទាំងនេះ​វា​គ្រាន់​តែជាការ​បង្ហាញ នូវនិន្នា​ការរបស់​ពួកគេទៅ​លើអ្វី​ដែលពួក​គេពេញចិត្ដ ដោយមិន​បានរករឿង​រំខាននរណា​ម្នាក់ទេ​។ យើង​អាចសម្គាល់​បានខ្លះ​ដែរអំពី ឥរិយាបថ​របស់ក្មេង​ដែលមាន​បញ្ហា ប្រសិន​បើមាន​អាការខុស​ពីប្រក្រតី ដូច​ជាការប្រើប្រាស់​ពាក្យពេចន៍ ឬសកម្មភាព​ហឹង្សាណា​មួយ ឬការតាំង ខ្លួន​ជាបង​ធំរបស់​ពួកគេ។ ករណី​ពួកគេ​មានការប្រើ​ប្រាស់ថ្នាំ​ញៀន វានាំ​ឱ្យពួកគេ​មានអារម្មណ៍​មិននឹងនរ ញ័រដៃញ័រ​ជើងជា ដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្មេង​ស្ទាវបង្ក​ផលវិបាក​អ្វីខ្លះដល់គ្រួសារ និងសង្គម?

នៅពេល​ដែលពួក​គេដើរ​បង្កបញ្ហា​ខូចខាត​ដល់សាធារណៈជន មុខមាត់ កិត្ដិយស និងកេរ្ដិ៍ឈ្មោះ​របស់គ្រួសារ​នឹងត្រូវអាប់ ឱន។ លើសពីនេះ​ទៅទៀត វាអាច​បង្កជាការ​បំផ្លាញ​ទ្រព្យសម្បត្ដិ មាសប្រាក់ លួចប្លន់ និងធ្វើ​ឱ្យគ្រួសារ​អស់សង្ឃឹម​ជាដើម។ ចំពោះ ប្រទេសជាតិ វារិត​តែធ្ងន់ធ្ងរ​ទៅទៀត។ ព្រោះ​ថាពួកគេ​នឹងធ្វើឱ្យ​ខូចសន្ដិសុខ សណ្ដាប់ធ្នាប់ និង​ស្ថេរភាព​សាធារណៈ ព្រមទាំងធ្វើឱ្យ មនុស្ស​បាត់បង់​ជំនឿទុក​ចិត្ដគ្នា​ទៅវិញទៅមក និង​បង្កឱ្យមាន​ករណីចារកម្ម ឫចោរ​កម្មផ្សេងៗ ដែល​គម្រាមគំហែង​ដល់ការ​ទស្សនា កំសាន្ដនានា។

វិធីសាស្ដ្រ​អប់រំ​ក្មេងស្ទាវ

ទង្វើភាគ​ច្រើនរបស់​ពួកគេ គឺទាមទារ​ការចាប់អារម្មណ៍​ពីសង្គម និងគ្រួសារ ហើយ​ត្រូវការការ​លើកទឹកចិត្ដ និងការ​មិនរើស អើង​ពួកគេ ជាពិសេស​ឱកាស​ការងារ និង​ឱកាស​ធ្វើជាមនុស្ស​ល្អ។ គ្មាន​នរណា​ម្នាក់អាច​រស់នៅតែ​ម្នាក់ឯងបាន​ឡើយ ដូច្នេះ​ពួកគេក៏ ត្រូវ​ការពិភព​លោកដ៏ស្រស់​ស្អាតមួយ​សម្រាប់​ឱ្យពួកគេ​រស់នៅដែរ។ គ្រួសារ និង​សង្គម​សុទ្ធតែ​មានទួនាទី​ក្នុងការអប់រំ​កែប្រែពួក​គេ។ ព្រោះ​បើសង្គម និង​គ្រួសារ​មានបញ្ហា ពួកគេ​ក៏ងាយ​មានបញ្ហា​ដែរ។ អ្វី​ដែលយើង​គួរ​ធ្វើគឺ​ត្រូវរក​មូលហេតុ​ដំបូង​ដែលពួក​គេផ្លាស់ប្ដូរ ថា​តើពួក​គេធ្វើនេះ​ដើម្បីអ្វី ឬ​ដោយ​សារអ្វី។ វា​អាចងាយ​ស្រួលនៅក្នុង​ការកែប្រែឥរិយា​បថរបស់​ពួកគេ​ត្រឡប់​មកជាម​នុស្សល្អ​វិញ។ សូមផ្ដល់​ឱកាស​ឱ្យពួកគេ​ឱ្យបានច្រើន ព្រោះត្រូវ​ការពេលវេលា​យូរដើម្បី​កែប្រែពួក​គេ។ សូម​ព្យាយាម​អប់រំ​ពួកគេតា​មបែប​ទន់ភ្លន់ ​និង​ព្យាយាម​ពន្យល់អប់រំ​ពួកគេឱ្យបាន​ញឹកញាប់​ពីផលវិបាក​នៃសកម្មភាព​មិនល្អ​។ សូម​ចាត់ទុក​ពួកគេថា​នៅមាន​តម្លៃជា​មនុស្សផង និង​កុំរើសអើង​ពួកគេ។ សូម​ថែរក្សា​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ​ពួកគេ​ឱ្យបានល្អ ប្រើវិធីសាស្ដ្រ​នៅក្នុង​ការបន្ធូរ​អារម្មណ៍ឱ្យ​បានត្រឹម ត្រូវ អាច​រកវិធី​លេង​កីឡា ហាត់​ប្រាណ ឬ​រកការងារ​ផ្សេងៗ​ឱ្យពួកគេធ្វើ​ ដើម្បីចៀស​វាងការ​ប្រព្រឹត្ដិ​អំពើមិន​ល្អ។

ដំបូន្មាន​អ្នកជំនាញ

យុវវ័យគួរ​មានការ​ទទួល​ខុសត្រូវ​ចំពោះទង្វើ​របស់ខ្លួន មិន​ត្រូវបង្កការ​ខូតខាត​ដល់អ្នក​ដទៃទេ។ ករណី​កិច្ចដែល​ល្អបំផុត សម្រាប់​យុវជន គឺការ​សិក្សាស្វែង​រកចំណេះដឹង និងចំណេះធ្វើ ដើម្បី​ជាទុន​នៅក្នុង​ការកសាង​អនាគត។ អាណា​ព្យាបាលគួរ​មានការ លើក​ទឹកចិត្ដ​កូន និង​ចំណាយ​ពេលវេលា​ណែនាំ​កូនឱ្យបា​នច្រើន អំពីផលវិបាក​នៃអំពើអសកម្ម​ទាំងនោះ។ ពួកគេ​មិនបាន​ទទួល​ផលអ្វី ចំណេញ​ពីសកម្មភាព​ទាំងនោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *