អាពាហ៍ពិពាហ៍ជារឿងមួយសំខាន់ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺជីវិតក្រោយអាពាហ៍ពិពាហ៍។ មានគូស្វាមីភរិយាមួយចំនួនមានបុត្រភ្លាម បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច។ មានគ្រួសារខ្លះទៀតមានបុត្រច្រើនដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ របស់គាត់។ ការមានផែនការគ្រួសារមួយច្បាស់លាស់ និងត្រឹមត្រូវ ប្រៀបបានដូចជាផែនទីដ៏ល្អមួយសម្រាប់ដំណើរជីវិតដូច្នោះដែរ ហើយ គប្បីមានបុត្រតាមប្រាថ្នា មិនមែនដោយចៃដន្យនោះទេ។
ផែនការគ្រួសារត្រឹមត្រូវ អាចឱ្យលោកអ្នកចៀសផុតពីការមានកូនដោយចៃដន្យបាន។ ក្រោយពីអាពាហ៍ពិពាហ៍ គូស្វាមី ភរិយាមិនគួរចាប់ផ្ដើមឱ្យមានបុត្រតែម្ដងនោះទេ។ អ្នកទាំងពីរគួរតែពិភាក្សាគ្នាថាតើគួរមានបុត្រនៅពេលណា។ តើគួរស្វែងរកសេវាពន្យារ កំណើតនៅទីណា? អ្នកខ្លះទៀតគិតថារឿងផែនការគ្រួសារមិនគួរគិតនៅពេលក្រោយរៀបអាពាហ៍ពិពាហ៍ភ្លាមទេ គឺគិតថាចំាមានបុត្រមួយ ឬពីរសិនទើបពិភាក្សាគ្នាជាក្រោយ។ មានអ្នកយល់ច្រឡំផងដែរថាការនិយាយរឿងពន្យារកំណើត គឺជារឿងដែលត្រូវនិយាយចំពោះតែ មនុស្សដែលមានបុត្ររួចហើយតែប៉ុណ្ណោះ។ ការគិតបែបនេះជាការខុសឆ្គង និងហួសពេល ព្រោះថានៅពេលមានកូនច្រើន ជីវភាពចាប់ផ្ដើម លំបាកទៅហើយ។
មធ្យោបាយពន្យារកំណើត
សាស្ដ្រាចារ្យមហាបរិញ្ញា គុំ កាណាល់ ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក បានមានស្រាសន៍ថា នៅក្នុងកម្មវិធី ពន្យារកំណើតមិនសំណូមពរឱ្យមានកូនច្រើនទេ គឺត្រូវឱ្យមានកូនរង្វើលបន្ដិច។ រៀបការនៅអាយុជាង២០ឆ្នាំ ៣ឆ្នាំអាចមានកូនមួយ ហើយ នៅក្នុងគ្រួសារមួយគួរមានកូនបីនាក់ប៉ុណ្ណោះ។ អំឡុងពេលមានគភ៌ គឺជាពេលវេលាមួយដែលយើងមានឯកសិទ្ធក្នុងជីវិត ព្រោះយើងនឹង ទទួលបាននូវមរតកមួយជាទីស្រឡាញ់របស់គ្រួសារ។ ដូចនេះយើងត្រូវធានាឱ្យបានថាយើងចង់មានកូន យើងត្រូវតែបានកូននោះ មិនមែន មិនចង់បានកូន ស្រាប់តែមានកូននោះទេ។ ពាក្យស្លោកមួយឃ្ល្កាបានពោលថាមានកូនតាមប្រាថ្នាមិនមែនតាមការចៃដន្យទេ។ មានកូនមិន តាមប្រាថ្នា ម្ដាយអាចមិនសូវយកចិត្ដទុកដាក់ក្នុងការថែទាំគភ៌ឌិតដល់ទេ ព្រោះគាត់មានកូនដែលគាត់មិនទាន់ចង់បាន។
បច្ចុប្បន្ននេះ មានមធ្យោបាយច្រើនក្នុងការពន្យារកំណើត។ ទីមួយគូស្វាមីភរិយាអាចជ្រើសរើសយកស្រោមអនាម័យក៏ បាន ដែលមានតម្លៃថោក អាចរកទិញបាននៅគ្រប់ទីកន្លែង។ ទី២ ជាប្រភេទថ្នាំគ្រាប់ និងជាប្រភេទថ្នាំចាក់ក៏បាន។ មានមធ្យោបាយពន្យារ កំណើតផ្សេងទៀតដែលប្រើបានដូចជាកងដាក់នៅក្នុងស្បូនជាដើម។ មុននឹងប្រើប្រាស់មធ្យោបាយពន្យារកំណើតទាំងនេះ សូមស្ដ្រីទាំងឡាយ អញ្ជើញទៅពិគ្រោះជាមួយគ្រួពេទ្យជំនាញជាមុនសិន។
ហេតុអ្វីត្រូវធ្វើការពន្យារកំណើត?
ការពន្យារកំណើតផ្ដល់ឱកាសគ្រប់គ្រាន់ដល់ឪពុកម្ដាយមានកូនតិច និងកូនដែលគាត់ចង់បានពិតប្រាកដ។ ស្វាមីភរិយាអាច កំណត់ឱ្យមានបុត្រក្នុងកំឡុងពេល៤ឆ្នាំមួយ ឬ៣ឆ្នាំទើបមានកូនម្នាក់ ក៏មិនជាការយឺតពេលដែរ។ ប្ដីប្រពន្ធត្រូវងាកទៅរកការងារជាមុនសិន ហើយត្រូវគិតថាការងារនោះអាចមានលទ្ធភាពចិញ្ចឹមកូនបានឬទេ។ ហើយតើគ្រួសារមានចំណូលប្រចាំឆ្នាំដូចម្ដេច មានផ្ទះសម្បែងហើយឬ នៅ? លើសពីនេះទៅទៀត ផ្ដល់ឱ្យឪពុកម្ដាយមានពេលវេលាធ្វើការងារច្រើន មានទីលំនៅជាក់លាក់ មានពេលវេលាច្រើនក្នុងការចិញ្ចឹម បីបាច់ថែរក្សាកូននិមួយៗ គ្រួសារអាចរកប្រាក់ផ្គត់ផ្គង់ជីវភាពបានប្រសើរជាងគ្រួសារដែលមានកូនច្រើន។ ឪពុកម្ដាយអាចដកឃ្លា ២ឬ៣ឆ្នាំ ទើបឱ្យមានកូនម្នាក់ទៀត ម្ដាយមានពេលវេលាចិញ្ចឹមថែទាំកូនបានល្អ សុខភាពម្ដាយក៏ល្អផងដែរ។
ដំបូន្មានអ្នកជំនាញ
បុរសគួរតែស្វះស្វែងរកសេវាសុខភាពត្រឹមត្រូវឱ្យប្រពន្ធក្នុងការពិគ្រោះជម្ងឺផ្សេងៗ ឬសម្រាលបុត្រ។ ស្វាមីមិនគួរឱ្យប្រពន្ធ និងកូនជាទីស្រឡាញ់ឆ្លងទន្លេដោយប្រថុយប្រថាននោះទេ។ នៅពេលមានកូនហើយត្រូវគិតគូរពីសុខភាពកូនដោយយកកូនទៅចាក់វាក់សាំង ការពារជម្ងឺផ្សេងៗ។ បុរសជាស្វាមីគួររំលឹក ឬពញាក់ស្មារតីប្រពន្ធឱ្យនាំកូនទៅទទួលវ៉ាក់សាំងតាមការណែនាំរបស់ពេទ្យ ដើម្បីចៀសវាងការ ពិការភាពផ្សេងៗរបស់ទារក។
បុរសជាស្វាមីត្រូវជូនភរិយាទៅពិនិត្យផ្ទៃពោះ នៅពេលមានផ្ទៃពោះ។ ក្រោយពីពេលសម្រាល ក៏ត្រូវនាំប្រពន្ធទៅមន្ទីរ ពេទ្យផងដែរ។ ការឆ្អើរភ្លើង គួរចៀសវាងព្រោះនាំឆ្លក់ផ្សែង និងប៉ះពាល់ដល់សុខភាពម្ដាយ និងទារក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply