បច្ចុប្បន្ននេះ របៀបតុបតែងខ្លួន និងកែសម្ផស្សមានច្រើនបែបច្រើនយ៉ាងប្រកបដោយបច្ចេកទេសទំនើបៗ និងផលិតផលល្អៗជាច្រើនដើម្បីកែច្នៃសម្ផស្សឱ្យស្រស់ស្អាតលើសពីធម្មជាតិ។ ការសាក់នៅលើដងខ្លួន និងផ្ទៃមុខត្រូវបានទទួលការនិយមសម្រាប់ មនុស្សសម័យថ្មី។ ការសាក់លើដងខ្លួនអាចច្នៃជារូបភាពផ្សេងៗ។ ចំណែកឯការសាក់នៅលើបបូរមាត់ ចិញ្ចើម និងលើរង្វង់ភ្នែក ភាគច្រើនក៏ជាការចូលចិត្ដរបស់នារីទាន់សម័យដែរ។
ការសាក់បបូរមាត់ជាប្រធានបទមួយដែលទស្សនាវដ្ដី សុខភាពយើង លើកមកជម្រាបជូនលោកអ្នកសម្រាប់ជាការស្វែងយល់។ លោកអ្នកនឹងបានយល់ដឹងអំពីវិធីសាក់ អត្ថប្រយោជន៍ និងផលប៉ះពាល់នៃការសាក់បបូរមាត់ តាមរយៈការជួបសម្ភាសន៍ជា មួយលោកស្រី សុផាន មុំ អ្នកជំនាញនៅហាងកែសម្ផស្សម៉ិញតាំ។
ការសាក់បបូរមាត់ ជាអ្វី?
ការសាក់បបូរមាត់ គឺសំដៅទៅលើវិធីធ្វើឱ្យបបូរមាត់មានរបៀប មានពណ៌ស្រស់ស្អាត ជាប់បានយូរ។ ការសាក់បបូរមាត់ មានពីរប្រភេទ គឺការសាក់ផ្ទៃបបូរមាត់ និងការសាក់រឹមបបូរមាត់។
វិធីសាក់បបូរមាត់
ការសាក់បបូរមាត់ធ្វើឡើងទៅតាមដំណាក់កាលដោយឡែកៗពីគ្នា។ ជាដំបូង អ្នកជំនាញត្រូវដឹងថាអតិថិជនរបស់ខ្លួនមាន ទម្រង់បបូរមាត់បែបណា និងចង់បានពណ៌អ្វី។ សាក់បបូរមាត់មានពីរយ៉ាង គឺសាក់រឹមបបូរមាត់ជារាងបេះដូង និងសាក់តាមលំនាំរឹមបបូរមាត់ចាស់។ អ្នកដែលមានបបូរមាត់ពណ៌ខ្មៅពីធម្មជាតិ ឬដោយការប្រើផលិតផលខុស ហើយចង់ប្ដូរពណ៌បបូរមាត់ គាត់ត្រូវសាក់ ពេញផ្ទៃបបូរមាត់តែម្ដងដើម្បីប្ដូរពណ៌ពីខ្មៅទៅជាក្រហមព្រឿងៗជាដើម។ ការសាក់រឹមបបូរមាត់ ឬសាក់ផ្ទៃបបូរមាត់មានវិធីសាក់ តែមួយបែបដូចគ្នា។
មុនសាក់បបូរមាត់ អ្នកជំនាញត្រូវសម្អាតមាត់អតិថិជនឱ្យស្អាតជាមុនសិន ហើយទើបយកថ្នាំស្ពឹកមកជូតពីលើបបូរមាត់។ បន្ទាប់មក យកម្ជុលចាក់លើបបូរមាត់ ឱ្យជាតិថ្នាំស្ពឹកជ្រាបចូលទៅក្នុងបបូរមាត់។ ថ្នាំស្ពឹកជួយបន្ថយការឈឺចាប់នៅពេលសាក់។ ក្រោយពីបបូរមាត់ស្ពឹកហើយ អ្នកជំនាញបានយកម្ជុលសម្រាប់សាក់ ដែលមានលាយពណ៌តាមចិត្ដអតិថិជនចង់បាន ដូចជាក្រហមតិចៗ ក្រហមដិត ការ៉ុត ផ្កាឈូកជាដើម មកសាក់ជារឹមបបូរមាត់មានរាងបេះដូង ឬផ្ទៃបបូរមាត់ទាំងអស់តែម្ដង។ ថេរវេលានៃការសាក់ មិនយូរប៉ុន្មានទេ អាស្រ័យទៅតាមការចង់បានរបស់អតិថិជន ប្រមាណពី៣០នាទីទៅ១ម៉ោងប៉ុណ្ណោះ។ ការសាក់ម្ដងៗមានតម្លៃប្រមា ណជា៦០ដុល្លារ។ ក្រោយពេលសាក់ អតិថិជនត្រូវតមការទទួលទានអាហារមួយចំនួន ដូចជាសាច់គោ គ្រឿងសមុទ្រ ត្រកួនជាដើម ប្រយោជន៍ចៀសវាងការលេចចេញជាផ្លែ ឬហើមសាច់។
អត្ថប្រយោជន៍នៃការសាក់បបូរមាត់
ការសាក់នេះមានអត្ថប្រយោជន៍សម្រាប់ផ្នែកសោភ័ណភាព អាចលើកសម្រស់ធម្មជាតិបានមួយកម្រិត។ ជាងនេះទៅទៀត ការសាក់បានធ្វើឱ្យសុភាពនារីដែលរវល់ក្នុងការបំពេញការងារ គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការតុបតែងនោះ ងាយស្រួលបានច្រើន។ ការសាក់បបូរមាត់អាចជាប់បានយូរទៅតាមអ្នកនាងកញ្ញាចង់បានជួនរហូតដល់១០ឆ្នាំ។
ផលការប៉ះពាល់នៃការសាក់បបូមាត់
ការសាក់នេះកម្រមានផលប៉ះពាល់ណាស់ លើកលែងតែក្នុងករណីដែលលោកអ្នកទៅរកសេវាកម្មសាក់ ដោយគ្មានអ្នកជំនា ញច្បាស់លាស់ គ្មានអនាម័យ។ ព្រោះថាការសាក់មិនត្រឹមត្រូវតាមក្បួន បណ្ដាលឱ្យបបូរមាត់កើតទៅជាផ្លែសាច់ ដែលពិបាកព្យាបាល ឱ្យជាបើអាចជាក៏ប្រើរយៈពេលយូរដែរ។
ដំបូន្មានអ្នកជំនាញ
បើចង់កែសម្ផស្សមិនថាតែការសាក់បបូរមាត់ទេ អ្នកនាងកញ្ញាចាំបាច់ត្រូវរកអ្នកជំនាញត្រឹមត្រូវច្បាស់លាស់ ចៀសវាង ស្ដាយក្រោយដោយប្រការណាមួយ។ បើមិនដូច្នោះអ្នកនាងកញ្ញាអាចខាតបង់ប្រាក់កាស និងពេលវេលាច្រើន ហើយមិនអាចស្អាតដូចបំណងទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply