ឪពុកម្ដាយតែងតែស្រឡាញ់កូន ថែរក្សា និងថ្នាក់ថ្នមកូន។ ការថ្នាក់ថ្នមនេះមិនមែនមានតែនៅពេលប្រសូត្រមកហើយនោះទេ។ គឺត្រូវថែរក្សាតាំងពីកូននៅជាទារកក្នុងផ្ទៃម្លេះ។ ដំណាក់កាលកូននៅក្នុងផ្ទៃជាប្រការគួរយកចិត្ដទុកដាក់យ៉ាងខ្លាំង។ សម្រាប់អ្នកនាងស្រីម៉ុចផ្ទាល់វិញ តើអ្នកនាងថែរក្សាគភ៌ និងបុត្ររបស់អ្នកនាងតាមវិធីបែបណា?
លោកអ្នកនាងបានជ្រាបរួចមកហើយអំពីវិធីថែរក្សាសម្ផស្សរបស់អ្នកនាងស្រីម៉ុចនៅទំព័រខាងមុខ។ សម្រាប់ទំព័រ សុខភាពស្ដ្រីមាតានិងបុត្រនេះទស្សនាវដ្ដី សុខភាពយើង នឹងលើកយកពីបទពិសោធន៍របស់អ្នកនាងផ្ទាល់ក្នុងការថែរក្សាគភ៌ និងបុត្ររបស់ អ្នកនាងវិញម្ដង។ អ្នកនាងស្រីម៉ុច ជាតារាសម្ដែង មានបុត្រាម្នាក់អាយុ១ខួបហើយ។ កូនប្រុសរបស់អ្នកនាងមានព្រលឹងស្រស់ស្អាត និងមានសុខភាពទ្រឡុកទ្រលន់។
ការថែរក្សាគភ៌
ការទទួលទានអាហារ ៖ នៅពេលមានផ្ទៃពោះ អ្នកនាងទទួលទានតែអាហារណាដែលជំនួយដល់កូនក្នុងផ្ទៃ និងមិនទទួល ទានអាហារដែលមិនគួរទទួលទាននោះទេ។ កាលនោះ អ្នកនាងចូលចិត្ដបរិភោគបន្លែ និងផ្លែឈើ ជាពិសេសផ្លែប៉ោម អ្នកនាងបរិភោគ ជារៀងរាល់ថ្ងៃ ព្រោះអ្នកនាងយល់ថាជំនួយដល់សក់ និងធ្មេញកូនក្នុងផ្ទៃ។ អ្នកនាងមិនទទួលទានអាហារណា ដែលមានជាតិគីមីទេ។ អ្នកនាងទទួលទានគ្រាប់ថ្នាំម្យ៉ាងដែលធ្វើពីខ្លាញ់ត្រី ដើម្បីជួយដល់ភ្នែក និងជួយដល់ខួរក្បាលរបស់កូន និងពិសាជាតិទឹកច្រើន។ អ្នកនាងតមអាហារណាដែលមានរសជាតិជ្រុលពេក ដូចជារសប្រៃពេក មានខ្លាញ់ច្រើនពេក ហិរពេកជាដើម ដើម្បីកុំឱ្យប៉ះពាល់ដល់ កូនក្នុងផ្ទៃ។ ហើយអ្នកនាងតមអាហារត្រជាក់ ដូចជាទឹកកកជាដើម។អ្នកនាងមិនបរិភោគអាហារដែលធ្វើឱ្យក្ដៅដូចជាសាច់ពពែ។ អ្នកនាងអាចតមបានទាំងអស់នូវអាហារដែលបានរៀបរាប់ខាងលើនេះ តាមការណែនាំរបស់ម្ដាយអ្នកនាង។ នៅពេលអ្នកនាងមានទម្ងន់បាន៧ខែ អ្នកនាងទទួលទានទឹកដូងជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃសម្រាលបុត្រ។
ការតាមដានទារកក្នុងផ្ទៃ ៖ ស្វាមីអ្នកនាងតែងតែជូនអ្នកនាងទៅមន្ទីរពេទ្យជារៀងរាល់ខែ ដើម្បីតាមដានថាតើទារកក្នុងផ្ទៃអ្នកនាងវិវឌ្ឍន៍ដល់ណាហើយ និងមានបញ្ហាអ្វីកើតឡើងឬទេ។
សកម្មភាពប្រចាំថ្ងៃ ៖ អ្នកនាងតែងហាត់ប្រាណតាមវេជ្ជបញ្ជាដោយដើរឱ្យបានញឹកញាប់។ អ្នកនាងតមមិនងូតទឹកនៅពេល យប់ជ្រៅ។ អ្នកនាងតមមិនអង្គុយនៅផ្ទាល់ឥដ្ឋ។ នៅពេលនោះ អ្នកនាងចូលចិត្ដអានសៀវភៅ ដែលអាចឱ្យជាទម្លាប់ល្អដល់ទារកក្នុងផ្ទៃ។ លើសពីនេះទៅទៀតនោះ ស្វាមីអ្នកនាងតែងយកចិត្ដទុកដាក់ចំពោះអ្នកនាង និងធ្វើឱ្យអ្នកនាងសប្បាយចិត្ដជានិច្ច។
ការថែទាំបុត្រ
បន្ទាប់ពីពេលសម្រាល អ្នកនាងបានបំបៅកូនជាមួយទឹកដោះដំបូងបានប្រហែលកន្លះខែប៉ុណ្ណោះ ដោយសារអ្នកនាងមិនមានទឹកដោះទៀត។ អ្នកនាងបានឱ្យម្សៅទឹកដោះគោជំនួសវិញ។
ការឱ្យអាហារបន្ថែមដល់កូន ៖ នៅពេលបុត្រអាយុបាន៦ខែ អ្នកនាងបានឱ្យបបរដល់កូនជាអាហារបន្ថែម។ បបរនោះមាន លាយសាច់ត្រី ត្រកួន ដំឡូងបារាំង និងការ៉ុត ដែលអ្នកនាងកិនជាមួយម៉ាស៊ីនទឹកក្រឡុក។ អ្វីដែលជាពិសេសនោះ គឺអ្នកនាងមិនដាក់ ប៊ីចេង និងអំបិលនៅក្នុងបបរនោះទេ។ អ្នកនាងឧស្សាហ៍បញ្ចុកកូនបន្ថែមនូវអាហារផ្សេងទៀត ដូចជាបបរកំប៉ុង ផ្លែឈើកោស ផ្លែ ប៉ោម ផ្លែចេក ផ្លែសេរីជាដើម។
ការចាក់ថ្នាំការពារ ៖ ស្វាមីអ្នកនាងតែងជូនអ្នកនាង និងកូនទៅចាក់ថ្នាំបង្ការជម្ងឺមួយចំនួន នៅមន្ទីរពេទ្យតាមវេជ្ជបញ្ជា មានដូចជាជម្ងឺកញ្ច្រិលក្អកមាន់ របេងជាដើម។ អ្នកនាងមានឧបករណ៍វាស់កម្ដៅសម្រាប់ប្រើនៅក្នុងផ្ទះ ដើម្បីវាស់កម្ដៅកូននៅពេល ណាមានអាការប្លែក។
ការងូតទឹកក្ដៅ ៖ អ្នកនាងងូតទឹកក្ដៅឱ្យកូនរយៈពេល១ខែតាមការណែនាំរបស់គ្រូពេទ្យ។ ម្ដាយក្មេករបស់អ្នកនាងមក ជួយថែរក្សាកូនអ្នកនាងយ៉ាងហ្មត់ចត់ សូម្បីតែងូតទឹក និងប្ដូរសម្លៀកបំពាក់ក៏មិនឱ្យត្រូវខ្យល់ដែរ។ គាត់បិទទ្វារ និងបង្អួច មិនឱ្យខ្យល់ចូលឡើយ។ នៅពេលលាយទឹកក្ដៅឱ្យកូនងូត គាត់លាយយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត ដោយស្មានកម្ដៅយ៉ាងត្រឹមត្រូវ មុន នឹងងូតឱ្យកូន។ ក្រៅពីនោះ អ្នកនាងទុកដាក់កូនយ៉ាងប្រុងប្រយ័ត្ន មិនទុកឱ្យកូននៅកន្លែងដែលជិតទឹកក្ដៅ និងកន្លែងគ្រោះថ្នាក់ ដូច ជាជ្រុងតុជាដើម។ ដាក់ក្មេងនៅកន្លែងដែលផុតពីគ្រោះថ្នាក់ ប្រយោជន៍ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ព្រោះកុមាររពឹសណាស់។
ការអនាម័យសម្លៀកបំពាក់កូន ៖ អ្នកនាងស្រីម៉ុចជ្រើសរើសការប្រើក្រណាត់ស្អាតធ្វើជាកន្ទបកូន អ្នកនាងបោកគក់យ៉ាង ស្អាតហាលឱ្យចំកម្ដៅថ្ងៃ ដើម្បីសម្ល្កាប់មេរោគ។ អ្នកនាងប្រើកន្ទបជាស្បៃឱ្យកូន ដោយសារអ្នកនាងយល់ឃើញថា វាងាយស្រួល និង សន្សំសំចៃថែមទៀតផង ដោយអ្នកនាងមិនចាំបាច់ចំណាយលុយច្រើន។ នៅពេលប្រឡាក់គ្រាន់តែបោកគក់ឱ្យស្អាត ហើយហាលឱ្យចំ កម្ដៅថ្ងៃតែប៉ុណ្ណោះ ដើម្បីជាការសម្លាប់មេរោគ។ ហើយអ្នកនាងឧស្សាហ៍ប្ដូរកន្ទបកូន នៅពេលដែលកូននោម ឬសើម។ អ្នកនាងតែងតែទុកដាក់សម្ភារៈប្រើប្រាស់របស់កូននៅដោយឡែកពីមនុស្សធំ។
បណ្ដាំផ្ញើរបស់ស្រីម៉ុច
នៅពេលភរិយាមានផ្ទៃពោះ ជាការសំខាន់ណាស់បុរសជាស្វាមីត្រូវតែផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធ និងចេះលើកទឹកចិត្ដ ប្រពន្ធ។ ស្វាមីគួរតែឆ្លៀតពេលជូនភរិយាទៅមន្ទីរពេទ្យ មិនថាទៅពិនិត្យផ្ទៃពោះ ឬការចាក់ថ្នាំបង្ការដល់កូននោះទេ។ ស្វាមីត្រូវផ្ដល់ នូវភាពសប្បាយរីករាយដល់ប្រពន្ធ ព្រោះថាការធ្វើឱ្យប្រពន្ធសប្បាយចិត្ដ នាំឱ្យទារកដែលនៅក្នុងផ្ទៃម្ដាយក៏សុខភាពល្អផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply