ខ្ញុំឧស្សាហ៍​ស្រឺត

ជម្ងឺផ្លូវ​ចិត្ដត្រូវ​បាន​បែងចែក​ជាពីរ​ប្រភេទ គឺជម្ងឺ​ផ្លូវចិត្ដធំ និងជម្ងឺផ្លូវ​ចិត្ដតូច។ ជម្ងឺផ្លូវ​ចិត្ដធំ ឬធ្ងន់ធ្ងរ គឺសំដៅ​ទៅលើ​ជម្ងឺផ្លូវចិត្ដដែល​ប៉ះពាល់​ដល់ការ​គិត ដូចជា​គិតថា​មានគេ​និយាយ​ជាមួយ​គាត់ តែតាម​ពិតមិន​មាន ឬគិតថា​គាត់ជា​មនុស្ស​អស្ចារ្យ ឬបដិសេធ ឬមិនដឹងថា​ខ្លួនមាន​ជម្ងឺ ហើយ​បាត់បង់​ភាព​ម្ចាស់ការ ឬដឹងខ្លួន។ ឯជម្ងឺ​ផ្លូវចិត្ដ​តូច ឬស្រាល គឺសំដៅ​ទៅលើ​ជម្ងឺផ្លូវចិត្ដ​ដែល​ប៉ះពាល់ ដល់អារម្មណ៍ ដូចជា​សប្បាយរីករាយ នៅមិនសុខ ភ័យខ្លាច​ជាដើម អាចនៅ​ដឹងខ្លួន​ថាមាន​ជម្ងឺដោយ​អាចរត់​ទៅរក​ជំនួយ។ ចុះជម្ងឺ ស្រឺតជា​អ្វីទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត ឡោ វណ្ណថារី ជាអ្នក​សម្រប​សម្រួល​ក្រុមពិនិត្យ​ជម្ងឺ នៃអង្គការ​ចិត្ដសង្គម​អន្ដរវប្បធម៌​ធីភីអូ សូមណែនាំ នូវជម្ងឺ​ផ្លូវចិត្ដ​ដែលបណ្ដាល​មកពីការ​តានតឹង​ចិត្ដមួយ គឺជម្ងឺ​ស្រឺត។

ជម្ងឺស្រឺត ជាអ្វី?

ជម្ងឺស្រឺត គឺជាជម្ងឺ​ផ្លូវចិត្ដ​ដែល​ទាក់ទង​ទៅនឹង​ការ​តានតឹង​ចិត្ដជា​សំខាន់ ហើយវា​គ្រាន់ជា​ផ្នែកមួយ​តូចនៃ​ជម្ងឺផ្លូវចិត្ដ។ ជម្ងឺ នេះអាច​ស្ដែងចេញ​ជារោគ​សញ្ញា ដូចជា​ស្រឺតបាត់​មាត់បាត់ក ប្រកាច់​ជាដើម ជាលក្ខណៈ​ប្រព័ន្ធ​សរសៃ​ប្រសាទ។ តែ​មូលហេតុពិត ប្រាកដ​មិនមែន​បណ្ដាលមក​ពីបញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទទេ ព្រោះពេល​ពិនិត្យ​ខួរក្បាល និងប្រព័ន្ធ​ប្រសាទ ឃើញនៅល្អ​មិនមាន​បញ្ហា ទេ។ ភាគច្រើន ជម្ងឺស្រឺត​បណ្ដាលមក​ពីការពិបាក​ចិត្ដខ្លាំងពេក។ ជម្ងឺស្រឺត​កើតនៅ​គ្រប់វ័យ តែច្រើនតែ​កើតលើក្មេង​ជំទង់​អាយុក្រោម ២០ឆ្នាំ ដែលភាគច្រើន​ជាក្មេងស្រី ព្រោះពួ​កគេមិនមាន​ឱកាសដើម្បី​បានបញ្ចេញ​នូវទុក្ខព្រួយ ឬការតានតឹង​ចិត្ដរបស់​ពួកគេ​ដូចពួកក្មេង ប្រុសៗឡើយ ជាហេតុនាំឱ្យ​មានអារម្មណ៍​ពិបាកចិត្ដ​កាន់តែ​កើនឡើង។

រោគសញ្ញា​ជម្ងឺស្រឺត

អ្នកដែលមាន​ជម្ងឺស្រឺតអាច​មានអាការស្រឺត​បាត់មាត់​បាត់ក កន្ដ្រាក់ៗដៃជើង​ជាដើម។ លក្ខណៈប្រកាច់​នេះមិនមែន​ជាការ ធ្វើពុត​ដើម្បី​ទាមទារ​ការចាប់​អារម្មណ៍ទេ ទោះបីជា​អ្នកជម្ងឺ​ដែលប្រកាច់​នោះនៅដឹង​ខ្លួនពេល​ប្រកាច់ក៏​ដោយ ព្រោះនេះជា​ចំណុចពិសេស​នៃជម្ងឺស្រឺត។ អាការប្រកាច់​អាចកើត​មានពេល​អ្នកជម្ងឺ​នៅដឹងខ្លួន ហើយមាន​លក្ខណៈខុសៗ​គ្នាតាម​ប្រភេទ​មនុស្ស អ្នកជម្ងឺខ្លះមាន អាការកន្ដ្រាក់​តែផ្នែកណា​មួយនៃ​រាងកាយ ដូចជាកន្ដ្រាក់​តែដៃជាដើម។ មានមនុស្ស​ជាច្រើនដឹង​ខ្លួនជាមុន នៅពេលគាត់​ជិតស្រឺត។ វាមានបញ្ហា​ដោយសារការ​ឈ្លានពាន​នៃជម្ងឺ​ផ្លូវចិត្ដ ពិសេសគឺការ​ពិបាកចិត្ដ ឬតានតឹងចិត្ដ​ខ្លាំង។ លក្ខណៈប្រកាច់​អាចច្រឡំ​ជាមួយនឹង អាការ​ខ្វះជាតិស្ករ ឬជម្ងឺឆ្កួតជ្រូក។ ជម្ងឺឆ្កួតជ្រូក​មានលក្ខណៈ​មិនធម្មតា​នៅក្នុងចលនា​ខួរក្បាល។

យ៉ាងណាម៉ិញ អ្នកជម្ងឺ​មិនសូវស្រឺត​នៅក្នុង​ស្ថានភាព​ដែលមាន​គ្រោះថ្នាក់ ហើយនិង​មិនមាន​ប៉ះពាល់អ្វី​ធ្ងន់ធ្ងរទេ ព្រោះអ្នក ជម្ងឺអាចដឹង​ខ្លួនមុនពេល​ស្រឺត។ អាការស្រឺត​អាចប្រកាច់​យូរដល់ទៅ​៣០នាទី យើងអាច​មើលភ្នែក​(ភ្នែកបិតប្រឹមៗ​ដូចភ្នែក​ទន្សាយ) ។ យើងអាច​កំណត់ប្រភេទ​ជម្ងឺបានតាមរយៈ​ការសាកសួរ និងពិនិត្យ​ខួរក្បាល​ឱ្យបាន​ច្បាស់លាល់។

មូលហេតុ​កើតជម្ងឺ​ស្រឺត

មូលហេតុដែលនាំ​ឱ្យមាន​ជម្ងឺផ្លូវចិត្ដ​ភាគច្រើន​បណ្ដាលមក​ពីការ​ពិបាកចិត្ដ ឬតានតឹងចិត្ដ។ មូលហេតុ​នៃការ​ពិបាកចិត្ដ អាច មកពីការ​ព្រាត់ប្រាស់​គ្រួសារ ភាពក្រីក្រ សង្គ្រាម ជម្លោះនៅក្នុង​ក្រុមគ្រួសារ ការផ្លាស់ប្ដូរ​ទីលំនៅ ភាពអត់​ការងារធ្វើ ការខកចិត្ដជា ដើម។ កត្ដាទាំងនេះ​អាចនាំឱ្យមាន​ជម្ងឺស្រឺត តែមូលហេតុ​ជាក់ស្ដែង គឺមកពីកត្ដា​ជម្ងឺផ្លូវចិត្ដ ដែលទាក់ទង​ទៅនឹងបញ្ហា​មជ្ឈដ្ឋាន​ដែល គាត់រស់​នៅច្រើនជាង ពិសេសគឺ​ទំនាស់ក្នុងចិត្ដ។ ពេលដែល​ត្រូវគេ​បន្ទោស ខកចិត្ដ ឬតានតឹង​ក្នុងចិត្ដ នាំឱ្យថប់​អារម្មណ៍ខ្លាំង រួចហើយ វាបាន​ផ្លាស់ប្ដូរ​ជារោគសញ្ញា​លើរូបរាង​កាយវិញ ដូចជាស្រឺត​បាត់មាត់​ជាដើម។ ស្រឺតមិនមែន​ជាជម្ងឺ​តពូជទេ។ អ្នកមាន​ជម្ងឺស្រឺត មិន អាចប្រកប​ការងារ​បានល្អទេ ព្រោះជម្ងឺស្រឺត​នេះអាច​កើតឡើង​នៅពេលកំពុង​ធ្វើការងារ។ វាជាកង្វល់មួយ​នៅក្នុង​គ្រួសារ ពេលដែល មានសមាជិក​ណាម្នាក់​មានបញ្ហា។

វិធីបង្ការ និងព្យាបាល​ជម្ងឺស្រឺត

ដោយ​មូលហេតុ​ចម្បងនៃ​ជម្ងឺស្រឺត គឺមកពីការ​តានតឹងចិត្ដ។ ដូច្នេះវិធី​បង្ការដែល​មាន​ប្រសិទ្ធភាព គឺត្រូវយល់ដឹង​ពីការគ្រប់ គ្រងភាព​តានតឹង​នៅក្នុងខ្លួន និងជ្រើសរើស​វិធីវិជ្ជមាន​មកដោះស្រាយ មានដូចជា​ធ្វើសមាធិ លេងកីឡា​ជាដើម ដើម្បីបន្ថយ​ភាពតានតឹង​ចិត្ដដោយកុំ​ទុកនៅ​ក្នុងខ្លួន។ តាមពិត ជម្ងឺផ្លូវចិត្ដ​ភាគច្រើន​អាចត្រូវ​ព្យាបាលបាន​ប្រកបដោយ​ប្រសិទ្ធភាព។ តែអ្នកជម្ងឺផ្លូវ​ចិត្ដជាច្រើន​កម្រទៅជួប​ពិគ្រោះពី​បញ្ហាសុខភាព​ផ្លូវចិត្ដណាស់ ឬទៅរក​គ្រូពេទ្យពេល​មានករណី​ធ្ងន់ធ្ងរ ដែលនាំឱ្យ​ការព្យាបាល​មិនសូវ​មានប្រសិទ្ធភាព ហើយថែមទាំង​បង្កគ្រោះថ្នាក់​ថែមទៀត។ ជាធម្មតា ជម្ងឺស្រឺត​ប្រហែលជា​៩០%អាចនឹង​ត្រូវបាត់ទៅ​វិញដោយខ្លួនឯង​(រសាយចិត្ដ)ទោះបីជា​មិនបានទទួល​ការព្យាបាល នៅរយៈពេល​ពីរថ្ងៃ ឬយ៉ាងយូរ​មួយខែ នៅពេលដែល​ចិត្ដបានធូរស្រាល​ខ្លះ ឬពេលគាត់ យល់ច្បាស់​ពីជម្ងឺស្រឺតថា​វាជាជម្ងឺទាក់ទង​ទៅនឹងផ្លូវចិត្ដ។ មានតែ២៥%​ប៉ុណ្ណោះដែល​មិនបានបាត់​ទៅវិញ មានន័យថា​ត្រូវការ​ការព្យាបាល។

ការនិយាយ​ពិគ្រោះអាច​មានប្រសិទ្ធភាព​ដូចឱសថដែរ តែអាស្រ័យ​ទៅលើការ​និយាយ​បែបព្យាបាល​ដែលធ្វើឡើង​ក្នុងហេតុ ផលណាមួយ​ដែលអ្នកជម្ងឺ​ចង់បាន។ ឱសថ​សម្រាប់ព្យាបាល​ជម្ងឺផ្លូវចិត្ដ​មានប្រសិទ្ធភាព កាលណា​ប្រើប្រាស់​គ្រប់កម្រិត​ប្រើប្រាស់ ឬ គ្រប់ដូស និងក្នុងពេលវេលា​ត្រឹមត្រូវ។ ករណីដែលកើត​ស្រឺតឡើងភ្លាមៗ​ងាយព្យាបាល តែបើទុក​ដល់រាប់ខែ វាអាចពិបាក​នៅក្នុងការ ព្យាបាល។ វិធីដោះស្រាយ ឬព្យាបាលដែល​ប្រសើរបំផុត គឺត្រូវរក​មូលហេតុ​ដែលនាំឱ្យ​ខ្វល់ចិត្ដ ឬតានតឹងចិត្ដ។ អ្នកជម្ងឺ​អាចមាន លាយឡំ​ជាមួយនឹងជម្ងឺ​ផ្លូវចិត្ដ​ផ្សេងទៀត ដូចជាជម្ងឺ​ថប់អារម្មណ៍ ជម្ងឺធ្លាក់​ទឹកចិត្ដ​ជាដើម ករណីនេះ​ត្រូវតែទទួល​ការព្យាបាល​ទាំងអស់​ព្រមគ្នា។

ការព្យាបាល​មួយទៀត​ដែលឃើញថា​មានប្រសិទ្ធភាព​ខ្ពស់ផងដែរ គឺការភ្ជាប់​ឱ្យអ្នកជម្ងឺ​បានយល់ និងទទួលស្គាល់​ថាជម្ងឺ ស្រឺតជា​ជម្ងឺផ្លូវចិត្ដ ដែលអាច​ឆាប់បាត់​ទៅវិញ។ ការធ្វើលំហាត់​ដើម្បីសម្រាកកាយ​អាចជាវិធីល្អ​មួយដែរ​សម្រាប់ព្យាបាល​ជម្ងឺផ្លូវចិត្ដ នេះ។ ការរៀនពីការ​គ្រប់គ្រង​ខ្លួនឯង និងដោះស្រាយ​ការតានតឹង​ចិត្ដដោយ​វិធីវិជ្ជមាន ឬជួបអ្នក​ប្រឹក្សាជំនាញ​ខាងចិត្ដសាស្ដ្រ​អាចជួយ ឱ្យធូរស្រាល​បានខ្លះដែរ។ សម្រាប់អ្នក​ដែលមាន​ជំនឿលើការ​ស្រោចទឹក ឬសែនព្រេន​ក៏អាចជួយឱ្យ​ស្រាលបានដែរ។ ការប្រើថ្នាំ សម្រាប់​ព្យាបាល​ជម្ងឺស្រឺត គឺជាជំហ៊ាន​ចុងក្រោយ ដោយសារវា​ជាជម្ងឺផ្លូវចិត្ដ​កម្រិតស្រាល។ ការឱ្យថ្នាំទប់​ស្រឺតគឺគ្រាន់តែ​ផ្ដល់ដើម្បី បន្ថែមទំនុក​ចិត្ដដល់អ្នក​ជម្ងឺប៉ុណ្ណោះ ភាគច្រើន​អ្នកជំនាញ​ខាងចិត្ដវិទ្យា​ផ្ដល់ឱ្យត្រឹមតែ​ថ្នាំវីតាមីន។

ដំបូន្មាន​អ្នកជំនាញ

សម្រាប់អ្នក​ដែលមាន​ជម្ងឺផ្លូវចិត្ដ​ត្រូវការ​ពិគ្រោះជា​ចាំបាច់។ ដូច្នេះ​សូមជ្រើសរើស​កន្លែងប្រឹក្សា​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង ការផ្លាស់ប្ដូរ​ពេទ្យព្យាបាល​ច្រើន​ញឹកញាប់ ព្រោះអ្នក​ងាយនឹងក្លាយ​ជាកណ្ដុរសាក​ថ្នាំណាស់។ គ្រូពេទ្យ​ភាគច្រើន​យល់ថា​ស្រឺតជា​ជម្ងឺ្ងរូប រាងកាយ នាំឱ្យការ​ផ្ដល់ថ្នាំគ្មាន​ប្រយោជន៍ ហើយអាច​ប៉ះពាល់​ដល់ខួរក្បាល​ដោយសារ​ថ្នាំប្រតិកម្ម។ ថ្នាំព្យាបាល​ជម្ងឺផ្លូវចិត្ដ​ភាគច្រើន មានសកម្មភាព​ទាក់ទង​ទៅនឹង​ខួរក្បាល ដូច្នេះមុន​ផ្ដល់ថ្នាំ គួរធ្វើរោគ​វិនិច្ឆ័យ​ឱ្យបាន​ច្បាស់លាស់។ ការដែល​អ្នកជុំវិញ​ភ័យស្លន់ស្លោជា មួយនឹង​អ្នកជម្ងឺស្រឺត អាចជាការ​លើកទឹកចិត្ដ​ឱ្យកើតឡើង​បន្ដទៀត។

សូមស្វែងរក​ជំនួយឱ្យ​បានត្រឹមត្រូវ និងសមស្រប ចៀសវាង​ការចំណាយ​ពេលវេលា និងថវិកាឥត​ប្រយោជន៍។ សូមរៀនពីវិធី​គ្រប់គ្រង​ការតានតឹង​ចិត្ដដោយត្រូវ​ជ្រើសរើស​វិធីវិជ្ជមាន​មកដោះស្រាយ ឬរំលោះ​ការតានតឹង​ចិត្ដដែល​មិនងាយ​គេចរួច ដោយការ ធ្វើសមាធិ ហាត់កីឡា​ជាដើម។ មិនគួរ​ជ្រើសរើស​យកការ​ពិសាស្រា ប្រើប្រាស់​គ្រឿងញៀន ឬការទៅ​រកស្រី​ដើម្បីដោះស្រាយ​អាការ តានតឹង​ចិត្ដទេ វាអាចហុច​ផលអវិជ្ជមាន​នៅពេលក្រោយ ឬអាចនាំឱ្យ​លើសដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *