គ្រុនឈាម​សម្លាប់កុមារ​ជាប្រចាំ

រដូវ​ភ្លៀងធ្លាក់​បានចូលមក​ដល់ ជម្ងឺ​គ្រុនឈាម​ក៏ចាប់ផ្ដើម​កើតមាន។ ឪពុកម្ដាយ​ទាំងទ្បាយ​តែងតែភ័យ​ខ្លាចនៅ​ក្នុងរដូវនេះ ព្រោះថា​ជម្ងឺគ្រុនឈាម​ត្រូវបានចាត់​ទុកជាជម្ងឺ​ដ៏កាចសាហាវ​ដែលអាច​ឱ្យកុមារ​ស្លាប់បាន។ គ្រុនឈាម​កើតទ្បើង​ក្នុងរយៈ​ពេលខ្លី ហើយ​ធ្ងន់ធ្ងរភ្លាម បើសង្គ្រោះ​មិនទាន់​ពេលវេលា​កុមារ​នឹងមាន​គ្រោះថ្នាក់។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត ក្ដាន់ យុវុត្ថា អនុប្រធាន​មន្ទីរពេទ្យ​កុមារជាតិ ចូលរួម​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ស្ដីពីជម្ងឺ គ្រុនឈាម​សម្រាប់​លេខនេះ ដើម្បីផ្ដល់​ជាព័ត៌​មានដល់​ប្រិយមិត្ដ​អ្នកអាន។

ជម្ងឺគ្រុន​ឈាម ជាអ្វី?

គ្រុនឈាម​ជាជម្ងឺឆ្លង​មួយប្រភេទ​ដែលបង្ក​ទ្បើងដោយ​វីរុសម្យ៉ាង​ឈ្មោះវីរុសដាំង។ វីរុសដាំង​នៃជម្ងឺ​គ្រុនឈាម​អាចឆ្លងដល់ កុមារ​តាមភ្នាក់​ងារមួយ គឺមូសខ្លាញី​ដែលចូលចិត្ដ​ខាំមនុស្ស​នៅពេលថ្ងៃ​ច្រើនជាង​ពេលយប់។ វាជាជម្ងឺ​កាចសាហាវ​អាចសម្លាប់​ជីវិត កុមារក្នុងរយៈ​ពេល២៤ម៉ោង បើជួយសង្គ្រោះ​មិនទាន់​ពេលវេលា។

កុមារ​ដែលឆ្លង​ជម្ងឺគ្រុនឈាម​អាចមាន​អាយុចាប់ពី​ទើបនឹងកើត រហូតដល់​ពេញវ័យ។ ដោយទ្បែក​ចំពោះកុមារ​ដែលមាន អាយុតិច​ជាងមួយឆ្នាំ ពុំសូវ​ប្រឈមមុខ​ប៉ុន្មានទេ។ ផ្ទុយទៅវិញ​កុមារ​ដែលមាន​អាយុចាប់ពី៣ ទៅ៧ឆ្នាំ​ជាក្រុមកុមារ​ដែលរងគ្រោះ ដោយសារ​ជម្ងឺគ្រុនឈាមច្រើន​ជាងគេ។

ការរាត​ត្បាតនៃ​ជម្ងឺគ្រុនឈាម

គ្រុនឈាម​ជាជម្ងឺ​កាចសាហាវ​មួយក្នុង​ចំណោម​ឃាតក​ទាំងបី​ដែលសម្លាប់​កុមារ​នៅអាយុ​ក្រោម៥ឆ្នាំ​ច្រើនជាងគេ មានជម្ងឺ រលាកផ្លូវ​ដង្ហើម ជម្ងឺរាក និងជម្ងឺគ្រុនឈាម។ ប៉ុន្ដែ​បច្ចុប្បន្ននេះ ដោយសារ​ការយល់​ដឺងរបស់​ឪពុកម្ដាយ កុមារ​ត្រូវបាននាំ​មកកាន់មន្ទីរ ពេទ្យទាន់​ពេលវេលា។ រីឯការយល់​ដឹងក៏ដូច​ជាការធ្វើ​រោគវិនិច្ឆ័យ​របស់គ្រូពេទ្យ​ជំនាញ​មានការ​រីកចម្រើន ភាពងាយ​ស្រួលក្នុង​ការធ្វើ ដំណើរ បានកាត់​បន្ថយគ្រោះ​នៃជម្ងឺ​គ្រុនឈាម គួរឱ្យកត់​សម្គាល់​បើប្រៀបធៀប​ទៅនឹងអំទ្បុង​ទសវត្សរ៍ទី៩០​កន្លងមក។ តួលេខកុមារ ដែលស្លាប់​ដោយជម្ងឺ​គ្រុនឈាម​ក្នុងឆ្នាំកន្លង​ទៅនេះ មានការ​ថយចុះ​គួរឱ្យគត់​សម្គាល់ ពោលក្នុង​ចំណោមកុមារ​១០០នាក់​មានស្លាប់តែ ម្នាក់ប៉ុណ្ណោះ(១%)។

ប្រភេទ និងរោគសញ្ញា​ជម្ងឺគ្រុនឈាម

ជម្ងឺនេះ​ចែកចេញ​ជាពីរកម្រិត និងមាន​រោគសញ្ញា​ទៅតាម​កម្រិតនីមួយៗ គឺៈ

– កម្រិតស្រាល ក្នុងកម្រិតនេះ កុមារដែល​មានជម្ងឺ​គ្រុនឈាម​ស្ដែងចេញ​ជាអាការ​រោគគ្រុនក្ដៅ​ភ្លាមៗ មានរយៈ​ពេលពី ២ទៅ៧ថ្ងៃ ជាមធ្យម​មានសីតុណ្ហភាពពី​៣៩ ទៅ៤០អង្សាសេ។ កម្ដៅ​ខ្លាំងបែប​នេះអាច​ធ្វើឱ្យកុមារ​ប្រកាច់បាន។ កុមារមាន​លេចចេញ​ជាស្នាម​កន្ទួល​អុចពណ៌​ក្រហម​ស្រដៀង​នឹងស្នាម​មុសខាំ​នៅលើស្បែក។ យើងអាច​ចំណាំ​ស្នាមក្រហម​នេះបាន​ដោយការ​ទាញស្បែក​កុមារឱ្យតឹង បើស្បែក​ត្រូវមុស​ខាំនឹង​រលុបស្នាម។ ផ្ទុយទៅវិញ​បើស្នាម​កន្ទួលក្រហម​ដោយសារ​ជម្ងឺគ្រុនឈាម​នោះ មិនបាត់​ទៅវិញទេ។ ស្នាមទាំង​នេះមាន​នៅលើពោះ ខ្នង ក្លៀកជាដើម។ ជាងនេះ​ទៅទៀត កុមារអាច​មានស្នាម​ជាំនៅពេល​ចាក់ថ្នាំ ជួនកាលមាន​ឈាមតិច ៗបន្ទាប់​ពីដកម្ជុល​ចាក់ថ្នាំ។ កុមារខ្លះ​អាចចេញ​ឈាមតាមច្រមុះ តាមអញ្ចាញ​ធ្មេញ បន្ទោរ​បង់លាមក​លាយឈាម​ជាដើម។

– កម្រិតធ្ងន់ធ្ងរ កុមារ​ច្រើនតែសន្លប់​លែងដឹងខ្លួន ចុងដៃចុង​ជើងត្រជាក់ ហើយប្រែ​ពណ៌ជា​ស្វាយ ជីបចរ​ខ្សោយ និងសម្ពាធ​ឈាមចុះទាប។ ក្នុងកម្រិតនេះ កុមារ​ប្រឈមមុខ​នឹងគ្រោះ​ថ្នាក់ខ្លាំង​បំផុត ហើយ​គ្រូពេទ្យ​ជំនាញ​ក៏មានការពិបាក​ក្នុងការព្យា​បាល សង្គ្រោះ។

ការព្យាបាល​ជម្ងឺគ្រុនឈាម

រហូតមក​ដល់ពេលនេះ មិនទាន់មាន​ថ្នាំសម្រាប់​ព្យាបាល​ជម្ងឺ​គ្រុនឈាម​នៅឡើយទេ។ ការព្យា​បាលជម្ងឺ​គ្រុនឈាម​ធ្វើឡើង ទៅតាមមុខ​សញ្ញារបស់វា ដូចជា​បើកម្ដៅ​ឡើងខ្លាំង ត្រូវប្រើ​ថ្នាំបញ្ចុះកម្ដៅ។ បើកុមារ​បាត់បង់​ជាតិទឹកខ្លាំង ត្រូវ​ព្យួរសេរ៉ូម។ បើកុមារ ក្អួតឈាម ជុះឈាម ឬឈាមហូរ​ក្នុងពោះ​ច្រើនពេក ត្រូវបញ្ចូល​ឈាមបន្ថែម។ លោក​វេជ្ជបណ្ឌិត ក្ដាន់​យុវុត្ថា បានបញ្ជាក់​បន្ថែមថា សម្រាប់​ថ្នាំបញ្ចុះ​កម្ដៅចំពោះ​ជម្ងឺគ្រុនឈាម ត្រូវប្រើតែ​ថ្នាំប្រភេទ​ប៉ារ៉ាសេតាមុល​តែប៉ុណ្ណោះ ហាមដាច់​ខាតមិន​ឱ្យប្រើប្រាស់​ថ្នាំអាស្ពី រីន ព្រោះ​ថ្នាំប្រភេទ​នេះអាចធ្វើឱ្យ​កុមារហូរឈាម​កាន់តែខ្លាំង។

ការប្រើប្រាស់​ថ្នាំប៉ារ៉ាសេតាមុល​នោះទៀតសោត ត្រូវឱ្យ​សមស្របតាម​កម្រិត គឺ៣០មីលី​ក្រាមក្នុង​មួយគីឡូក្រាម​នៃទម្ងន់ កុមារក្នុង​រយៈពេល​២៤ម៉ោង។ បើលើស​ពីចំនួននេះ ថ្នាំប៉ារ៉ាសេតាមុល​អាចប៉ះពាល់​ទៅលើ​ថ្លើមកុមារ។ ជម្ងឺ​គ្រុនឈាម​ជាជម្ងឺមួយ ដែលអាច​ហៅបានថា​ក្បាលរឹង​ជាមួយថ្នាំ​បញ្ចុះកម្ដៅ ពេលប្រើថ្នាំ កម្ដៅចុះ​បន្ដិចរួច​ក៏ក្ដៅ​ឡើងវិញ។ ដូច្នេះ​ដើម្បីជា​ជំនួយក្នុង​ការបញ្ចុះ កម្ដៅ លោកអ្នកអាច​ប្រើកន្សែង​ទទឹកស្អំលើ​កុមារចៀស​វាងការប្រើ​ថ្នាំលើសកម្រិត។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីបង្ការ​ជម្ងឺគ្រុនឈាម​

ការពារ​ប្រសើរ​ជាងព្យាបាល​ជាវិធីសាស្ដ្រ​មួយយ៉ាងល្អ។ ជម្ងឺ​គ្រុនឈាម​អាចបង្ការ​បានតាម​រយៈការចៀស​វាងកុំឱ្យ​មូសខ្លាញីខាំ ព្រោះមូស​ខ្លាញី​ជាភ្នាក់ងារ​ចម្លងរោគ។ ការសម្រាក​ទោះបីពេល​ថ្ងៃក៏ដោយ ត្រូវឱ្យ​កូនតូច​របស់លោក​អ្នកសម្រាក​ក្នុងមុង​ជានិច្ច ។ បើកុមារ​មានអាយុច្រើន ហើយត្រូវ​ឱ្យកុមារ​លេងក្នុង​ទីដែលមាន​ពន្លឺគ្រប់គ្រាន់ ព្រោះថា​មូសនៅ​តែកន្លែង​ងងឹត និងស៊ុប​ទ្រុបប៉ុ ណ្ណោះ។ ផ្ទះត្រូវ​មានពន្លឺ​គ្រប់គ្រាន់ ត្រូវបើក​ទ្វាបើកបង្អួច។ ដើម្បី​សម្លាប់​ភ្នាក់ងារ​ចម្លង​មេរោគ ជាដំបូង​ត្រូវសម្លាប់​ដង្កូវទឹក ពីព្រោះ មូសកើត​ចេញពី​ដង្កូវទឹក។ បើចង់​សម្លាប់​ដង្កូវទឹក លោកអ្នក​ត្រូវឧស្សាហ៍​លាងពាង​ទឹកឱ្យបាន​យ៉ាងហោច​ណាស់មួយ​សប្ដាហ៍ម្ដង ឬ ដាក់​ថ្នាំអាល់បែត​សម្លាប់​ដង្កូវទឹក ហើយ​គ្របពាង​ឱ្យជិត​ជាប្រចាំ។ ថូផ្កា និងចាន​ទ្រតុទូ​ត្រូវ​ឧស្សាហ៍​ប្ដូរទឹកចេញ បើមិន​ដូច្នេះទេអាច ចាក់ប្រេងកាត​បន្ដិចចូល​ដើម្បីកុំឱ្យ​មូសពងបាន។ បំផ្លាញ​ជម្រកមូសខ្លា​ដែលមាន​ដូចជាកន្លែង ឬឧបករណ៍​ដែលដក់ទឹក ស្មៅ ព្រៃស៊ុប ទ្រុបនៅ​ជុំវិញ​បរិវេណ​ផ្ទះ​ជាដើម។ សម្បក​កំប៉ុង ត្រលោកដូង និង​សម្បក​កង់ឡាន ក៏ត្រូវ​លុបបំបាត់​ឱ្យអស់ដែរ ព្រោះវត្ថុ​ទាំងនោះ អាចជា​ជម្រក​សម្រាប់​មូសខ្លា។

ដំបូន្មាន​អ្នកជំនាញ

លោកវេជ្ជបណ្ឌិត ក្ដាន់ យុវុត្ថា បានមាន​ប្រសាសន៍​ឱ្យដឹងថា​តាមបទ​ពិសោធន៍​កន្លងមក ជាធម្មតា​ក្នុងរយៈ​ពេលពីរ ឬបីឆ្នាំ ម្ដង ជម្ងឺ​គ្រុនឈាម​អាចផ្ទុះ​ខ្លាំង។ ដោយឡែក​សម្រាប់ឆ្នាំ​២០០៦នេះ នឹងអាចកើត​ឡើងនូវ​ជម្ងឺគ្រុន​ឈាមខ្លាំង ព្រោះថា​ឆ្នាំនេះ​សង្កេត ឃើញថា​មានភ្លៀង​ធ្លាក់ខ្លាំង ចាប់ផ្ដើម​តាំងពី​ខែមេសា។ បើប្រៀប​ធៀបរយៈ​ពេល៤ខែ​ដំបូងក្នុង​ឆ្នាំ២០០៥ និង​ឆ្នាំ២០០៦ ឃើញថា ឆ្នាំ២០០៥​មានកុមារ​កើតជម្ងឺ​គ្រុនឈាម​១៣៣នាក់ រីឯឆ្នាំ២០០៦​មាន១៣៨នាក់។ ជម្ងឺ​គ្រុនឈាម​ច្រើនកើត​មាននៅតាម​តំបន់ផ្សេង ៗ ដូចជា​ក្រុងភ្នំពេញ​(ច្រើនជាងគេ) ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដបាត់ដំបង​ជាដើម។

សូមលោកអ្នក​ជាឪពុកម្ដាយ ឬអាណា​ព្យាបាល​នាំកូនមក​កាន់មន្ទីរ​ពេទ្យជា​បន្ទាន់ ក្នុង​ករណីក​ម្ដៅរបស់​កុមារ​ឡើងខ្លាំង។ សូមកុំ​ព្យាយាម​សាកល្បង​ព្យាបាល​នៅផ្ទះដោយ​ខ្លួនឯង។ បើអូស​បន្លាយ​រយៈពេលយូរ​កុមារអាច​ស្លាប់បាន ហើយ​បើមិន​ស្លាប់ក៏ពិបាក ក្នុងការ​ព្យាបាលដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *