ការចិញ្ចឹមកូនរបស់ឪពុកម្ដាយគ្រប់រូបរមែងតែចង់ឱ្យកូនមានសុខភាពល្អ មិនថាក្នុងកាលទេសណាទេ។ ទន្ទឹមនឹងនោះដោយសារបញ្ហាជីវភាពមានឪពុកម្ដាយជាច្រើនធ្វេសប្រហែសក្នុងការបំប៉នរាងកាយកូន មានខ្លះច្រើននិយមឱ្យកូនកាន់លុយទៅទិញចំណី ដែលក្មេងចង់ញ៉ាំដោយខ្លូនឯង។ កុមារដែលកាន់លុយទិញចំណីអាហារដោយខ្លួនឯង ច្រើនជ្រើសទិញនូវចំណីអាហារដែលគ្មានគុណភាពសម្រាប់ទ្រទ្រង់រាងកាយ។ ក្នុងនោះក៏មានឪពុកម្ដាយមួយចំនួនគ្មានលទ្ធភាពផ្ដល់ចំណីអាហារឱ្យកូនបានគ្រប់គ្រាន់តែម្ដង។ កុមា រដែលទទួលចំណីអាហារមិនគ្រប់គ្រាន់ត្រូវប្រឈមមុខនឹងជម្ងឺខ្វះអាហារូបត្ថម្ភដែលបង្កបានជាសភាពស្គមក្រិនដែលនិយមហៅថាជាជម្ងឺខ្វះវីតាមីន។
បញ្ហាកង្វះអាហារូបត្ថម្ភនេះជាបញ្ហាកំពុងជួបប្រទះច្រើននៅកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិត ជា កាំហ៊ូយ អ្នកជំនាញខាងអាហារបំប៉ននៅមន្ទីរពេទ្យកុមារជាតិ នឹងបកស្រាយពន្យល់ពីមូលហេតុ និងផលវិបាកនៃភាពស្គមក្រិនរបស់កុមារ។
ស្គមក្រិន ជាអ្វី?
វាជាប្រភេទមួយក្នុងចំណោមជម្ងឺខ្វះអាហារូបត្ថម្ភ ឬចំណីអាហារ។ ជម្ងឺនេះបណ្ដាលមកពីការផ្ដល់ជាតិប្រូតេអ៊ីន និងកាទ្បូរី មិនគ្រប់គ្រាន់ តិចតួច ឬក៏មិនត្រឹមត្រូវតាមសេចក្ដីត្រូវការរបស់រាងកាយ ហើយបូករួមទាំងជាតិរ៉ែខនិច និងជាតិវីតាមីន។
ប្រភេទ និងរោគសញ្ញាស្គមក្រិន
ស្គមក្រិនរបស់កុមារចែកជា៣កម្រិត និងមានរោគសញ្ញាទៅតាមកម្រិតនីមួយៗ ៖
– ស្គមក្រិនកម្រិតស្រាល ៖ ក្នុងកម្រិតនេះ សុខភាពកុមារមិនសូវបង្កផលវិបាកប៉ុន្មានទេ។ កម្រិតនេះងាយស្រួលក្នុងការព្យាបាល ដោយគ្រាន់តែបំពេញបន្ថែមនូវសារធាតុបំប៉នផ្សេងៗដល់កុមារតែប៉ុណ្ណោះ។
– ស្គមក្រិនកម្រិតមធ្យម ៖ កុមារតូចៗគួរតែមានការលូតលាស់ និងឡើងទម្ងន់យ៉ាងឆាប់រហ័ស។ ប្រសិនបើកុមារមិនកើនទម្ងន់ ក្នុងអំឡុងពេល២ខែ នោះជាសញ្ញាបញ្ជាក់ថាកុមារមានបញ្ហាហើយ។ ក្នុងកម្រិតមធ្យមនេះ ឪពុកម្ដាយត្រូវនាំកុមារមកកាន់មន្ទីរ ពេទ្យយ៉ាងហោចណាស់ឱ្យបាន១ខែម្ដងយ៉ាងទៀងទាត់ ដើម្បីតាមដានសភាពជម្ងឺរបស់កុមារ។ បើធ្វេសប្រហែសក្នុងដំណាក់កាលនេះ កុមារអាចមានជម្ងឺស្គមក្រិនក្នុងកម្រិតជម្ងឺធ្ងន់ធ្ងរបាន។
– ស្គមក្រិនកម្រិតធ្ងន់ធ្ងរ ៖ វាជាកម្រិតមួយដែលពិបាកក្នុងការព្យាបាលណាស់។ កុមារអាចស្លាប់បាន បើសិនជួយសង្គ្រោះមិនទាន់ពេលវេលា។ ក្នុងកម្រិតនេះ កុមារមានសភាពស្គមខ្លាំង មុខជ្រួញដូចមនុស្សចាស់ ភ្នែកខូង ខ្សោយសាច់ដុំ សក់ក្បាលស្ដើងក្រហមតិចៗ ហើយងាយពុកផុយ ងាយបាក់ និងងាយជ្រុះ ឆាប់ហត់ ដកដង្ហើមដង្ហក់ជាដើម។ ក្នុងកម្រិតធ្ងន់ធ្ងរនេះ កុមារមិនត្រឹមតែស្គម ក្រិនប៉ុណ្ណោះទេ តែកុមារអាចមានអាការហើមថែមទៀត។ គ្រប់កម្រិតនៃជម្ងឺស្គមក្រិនរបស់កុមារ ឪពុកម្ដាយមិនអាចសន្និដ្ឋានដោយ ខ្លួនឯងបានឡើយ។ កុមារក្នុងកម្រិតនេះ មានចរិតឆាប់ខឹង ឆាប់ឃ្លាន តែហូបមិនបាន ឬក៏ហូបចូលទៅត្រូវក្អួតចេញមកវិញ គ្មាន កម្លាំងកំហែង តែកុមារនោះយំតិចៗសឹងមួយថ្ងៃទល់ល្ងាច។ កុមារស្គមក្រិនក្នុងកម្រិតធ្ងន់ធ្ងរនេះ ច្រើនតែកើតមានឡើងនៅពេល ដែលគេត្រូវផ្ដាច់ ឬបញ្ឈប់ការបំបៅដោះ។ គ្រប់ដំណាក់កាលនៃជម្ងឺ គ្រូពេទ្យជំនាញនឹងអាចប្រាប់ឪពុកម្ដាយទាំងឡាយអំពីកម្រិត ជម្ងឺដែលកំពុងប្រឈមមុខ។
ផលវិបាកស្គមក្រិន
បើសិនជាលោកអ្នកបណ្ដោយឱ្យកូនមានជម្ងឺស្គមក្រិន នោះកូនរបស់លោកអ្នកនឹងជួបប្រទះបញ្ហាអសមត្ថភាព ទាំងរាងកាយនិងខួរក្បាលរបស់គេ។ កុមារនឹងមានកាយសម្បទាមិនមាំមួន រឹងប៉ឹង ខ្សោយកម្លាំង ឆាប់ហត់ធ្វើអ្វីមិនកើត ងាយរងផលប៉ះពាល់ ជម្ងឺផ្សេងៗ កោសិកានៃឆ្អឹងត្រូវបានកាត់បន្ថយការវិវឌ្ឍន៍ ធ្វើឱ្យកុមារមានកម្ពស់ទាបដែលនិយមហៅថាជម្ងឺក្រិន។ ការប៉ះពាល់ផ្នែក ខួរក្បាល ធ្វើឱ្យកុមារគ្មានលទ្ធភាពទទួលយកការចងចាំពេញលេញ រៀនមិនពូកែ អន់ថយប្រាជ្ញា ចាញ់ច្រាបគេជាដើម។
វិធីបង្ការស្គមក្រិន
ដើម្បីទប់ទល់នឹងបញ្ហាខ្វះអាហារូបត្ថម្ភ ក៏ដូចជាជម្ងឺស្គមក្រិនរបស់កុមារបាន ឪពុកម្ដាយទាំងឡាយត្រូវព្យាយាមប្រតិបត្ដិ តាមវិធីដូចខាងក្រោមនេះ ៖
– ការបំបៅដោះកូនដោយទឹកដោះម្ដាយជួយការពារកុមារឱ្យគេចផុតពីជម្ងឺផ្សេងៗ ជាពិសេសជម្ងឺខ្វះអាហារូបត្ថម្ភ និងជួយ ឱ្យកុមារមានការលូតលាស់ទាំងផ្លូវកាយ និងផ្លូវចិត្ដបានល្អ។ យ៉ាងហោចណាស់ក៏ត្រូវបំបៅកូនឱ្យបាន៦ខែនៃកំណើតដំបូងដែរ។
– កុមារត្រូវការបរិភោគពី៣ ទៅ៥ដងក្នុងមួយថ្ងៃ។ បើកុមារបរិភោគអាហារអស់ ហើយចង់បរិភោគទៀត លោកអ្នកត្រូវ ឱ្យវាបរិភោគបន្ថែម។
– អាហារដែលជួយឱ្យកុមារលូតលាស់បានល្អ មានដូចជាសាច់សត្វ សាច់ត្រី ស៊ុត សណ្ដែក គ្រាប់ធញ្ញជាតិ ប្រេងឆាជាដើម ។ អាហារផ្សេងៗ ដែលសម្បូរដោយជីវជាតិអា មានថ្លើម ស៊ុត ផ្លែឈើដែលមានពណ៌លឿង និងបន្លែដែលមានស្លឹកពណ៌បៃតង។ ប្រសិនបើអាហារទាំងនោះ មិនអាចមាន ឬផ្ដល់ឱ្យមិនគ្រប់គ្រាន់ទេ នោះលោកអ្នកអាចផ្ដល់ថ្នាំគ្រាប់ជីវជាតិអា២ដងក្នុងមួយឆ្នាំ។
– ក្រពះរបស់កុមារតូចជាងក្រពះរបស់មនុស្សពេញវ័យ ដូចនេះកុមារមិនអាចបរិភោគច្រើនក្នុងពេលតែម្ដងបានទេ។ ប៉ុន្ដែ សេចក្ដីត្រូវការផ្នែកថាមពលដើម្បីលូតលាស់ គឺត្រូវការក្នុងកម្រិតមួយខ្ពស់ណាស់។ ដូច្នេះវាចាំបាច់ខ្លាំងណាស់ ដែលកុមារត្រូវការបរិ ភោគអាហារឱ្យបានច្រើនដង ដើម្បីបំពេញសេចក្ដីត្រូវការអស់ទាំងនេះ។
– វាជាការសំខាន់ណាស់ដែលត្រូវលួងលោមកុមារឈឺឱ្យបរិភោគ។ បញ្ហានេះអាចជាការលំបាក ពីព្រោះកុមារដែលឈឺអាច បាត់បង់ចំណង់ហូបចុក។ ការសំខាន់មួយទៀត ត្រូវបន្ដផ្ដល់អាហារដែលកុមារចូលចិត្ដ ហើយត្រូវផ្ដល់ឱ្យបន្ដិចម្ដងៗឱ្យបានច្រើនដង តាមតែអាចធ្វើទៅបាន។ ប្រសិនបើជម្ងឺបានធូរស្រាល ហើយចំណង់នៃការបរិភោគនៅតែបន្ដថយចុះច្រើនថ្ងៃនោះ ត្រូវយកកុមារទៅ ជួបគ្រូពេទ្យ។ កុមារមិនទាន់ជាសះស្បើយទាំងស្រុងទេ បើកុមារមិនទាន់មានទម្ងន់ស្មើនឹងទម្ងន់ដែលវាទើបនឹងចាប់ផ្ដើមឈឺ។ នៅពេលជាសះស្បើយ កុមារត្រូវការអាហារក្រៅពេលមួយពេលបន្ថែមទៀតជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ឱ្យបានមួយសប្ដាហ៍។
បើលោកអ្នកអនុវត្ដបានតាមប្រការដែលជម្រាបជូនខាងលើនេះ កូនរបស់លោកអ្នកពិតជាអាចគេចផុតពីជម្ងឺស្គមក្រិន ឬខ្វះ អាហារូបត្ថម្ភបាន។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកប្រុងប្រយ័ត្នដល់ការផ្ដល់ចំណីអាហារដល់កូន ព្រោះចំណីអាហារប្រភេទខ្លះគ្មានគុណភាពគ្រប់គ្រាន់សម្រាប់ ទ្រទ្រង់រាងកាយទេ ផ្ទុយទៅវិញវាអាចធ្វើឱ្យកូនលោកអ្នកមានជម្ងឺថែមទៀតផង។ សូមប្រុងប្រយ័ត្នផងដែរចំពោះការផ្ដល់ថ្នាំដែល ជួយឱ្យកុមារញ៉ាំបាយបាន សូមជួបជាមួយគ្រូពេទ្យជាមុនសិន មុនសម្រេចផ្ដល់ថ្នាំឱ្យកុមារលេប។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply