ជម្ងឺទឹកនោមផ្អែមជាជម្ងឺធ្ងន់ធ្ងរដែលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅលើពិភពលោកកំពុងប្រឈមមុខ និងទទួលរង។ យោងតាមរបាយការណ៍របស់សមាគមទឹកនោមផ្អែមកម្ពុជា ប្រជាពលរដ្ឋ១០%ក្នុងក្រុងភ្នំពេញបានទទួលរងនូវជម្ងឺទឹក នោមផ្អែមដែលតម្រូវឱ្យមានការព្យាបាលអស់ពេលមួយជីវិត។ ដើម្បីឱ្យអ្នកជម្ងឺទឹកនោមផ្អែមងាយស្រួលក្នុងការតាមដានកម្រិតជាតិ ស្ករនៅក្នុងឈាមរបស់ខ្លួន។ អ្នកវិទ្យាសាស្ដ្របានខិតខំស្រាវជ្រាវឃើញនូវឧបករណ៍វាស់កម្រិតជាតិស្ករក្នុងឈាមយ៉ាងរហ័សមួយប្រភេទដែលអ្នកជម្ងឺអាចប្រើវាស់ដោយខ្លួនឯងបាន។
សូមស្វែងយល់កាន់តែច្បាស់ជាមួយទស្សនាវដ្ដី សុខភាពយើង អំពីឧបករណ៍វាស់កម្រិតជាតិស្ករនេះតាមរយៈកិច្ចសម្ភាសន៍ ជាមួយលោកវេជ្ជបណ្ឌិត ប៉ែន ហ៊ន ប្រធានផ្នែកពិនិត្យជម្ងឺក្រៅនៃមន្ទីរពេទ្យព្រះកុសុមៈ។
ឧបករណ៍វាស់កម្រិតជាតិស្ករក្នុងឈាម ជាអ្វី?
ឧបករណ៍វាស់កម្រិតជាតិស្ករក្នុងឈាមជាប្រភេទឧបករណ៍ប្រើសម្រាប់វាស់ជាតិស្ករដែលអ្នកជម្ងឺអាចប្រើដោយខ្លួនឯងបានដោយប្រើរយៈពេលមិនដល់១នាទីផង។ ឧបករណ៍នេះមានច្រើនប្រភេទណាស់នៅតាមទីផ្សារ ដោយទ្បែកសម្រាប់នៅមន្ទីរពេទ្យព្រះកុសុមៈ បានទទួលការឧបត្ថម្ភពីក្រុមហ៊ុនអាបូត្ដ (Abbott)។
គុណប្រយោជន៍របស់ឧបករណ៍វាស់កម្រិតជាតិស្ករក្នុងឈាម
ការប្រើឧបករណ៍នេះអាចធ្វើឱ្យអ្នកជម្ងឺងាយស្រួលក្នុងការតាមដានជាតិស្ករ ដើម្បីងាយស្រួលក្នុងការបរិភោគអាហារផ្សេង ៗ ក៏ដូចជាអាចគ្រប់គ្រងនូវរោគសញ្ញាដែលបញ្ជាក់ពីកម្រិតជាតិស្ករក្នុងឈាម។
វីធីប្រើឧបករណ៍វាស់កម្រិតជាតិស្ករក្នុងឈាម
ដើម្បីប្រើប្រាស់ឧបករណ៍វាស់កម្រិតជាតិស្ករក្នុងឈាមឱ្យបានជោគជ័យ អ្នកជម្ងឺចាំបាច់ត្រូវចេះចាំឱ្យបានច្បាស់លាស់ក្នុងវិធី ប្រើប្រាស់ដែលមានដូចតទៅ ៖
ជាដំបូង លោកអ្នកចំាបាច់ត្រូវពិនិត្យចុងម្រាមដៃឱ្យដឹងថាស្ថានភាពស្បែក និងកម្រាស់ដៃរបស់លោកអ្នកជាមុនសិនដើម្បី តម្រូវទៅតាមលេខរបស់ឧបករណ៍។
- បើស្បែកក្រាស់ អាចប្រើកម្រិតលេខ៤ ឬលេខ៥
- បើស្បែកមធ្យម ត្រូវប្រើកម្រិតលេខ៣
- បើស្បែកស្ដើង ត្រូវប្រើកម្រិតលេខ២
បន្ទាប់មក ត្រូវសម្អាតស្បែកដៃដោយអាល់កុល រួចទុកឱ្យស្ងួតតទៅទៀត។ លោកអ្នកត្រូវយកឧបករណ៍ដាក់ម្ជុលមកចុច លើចុងម្រាមដែលសម្អាតរួច ដើម្បីបានឈាមទៅផ្ដិតនឹងក្រដាសអេទ្បិចត្រូត រួចត្រូវរងចាំលទ្ធផលដែលនឹងបង្ហាញអំពីបរិមាណជាតិ ស្ករនៅក្នុងឈាមនៅលើកញ្ចក់ឧបករណ៍វាស់ជាតិស្ករក្នុងឈាម។ បើតួលេខបង្ហាញថាចន្លោះពី៧៥ ទៅ១១០មីលីក្រាមក្នុងមួយដេស៊ីលីត្រ នោះកម្រិតជាតិស្ករក្នុងឈាមធម្មតា។ ផ្ទុយទៅវិញបើជាតិស្ករក្នុងឈាមលើសពី១១០មីលីក្រាម គឺលោកអ្នកលើសជាតិស្ករក្នុងឈាម។ លោកអ្នកគួរប្រើឧបករណ៍នេះ ក្នុងមួយថ្ងៃតែម្ដងជាការគ្រប់គ្រាន់ គប្បីប្រើនៅពេលព្រឹកព្រលឹមមុនពេលទទួលទានអាហារ ។ ព្រោះថាបើវាស់ក្រោយពេលទទួលទានអាហារ លទ្ធផលដែលបានមិនសូវសុក្រិតទ្បើយ។
ប្រការគួរត្រួតពិនិត្យតាមដានជាតិស្ករ
លោកអ្នកត្រូវឧស្សាហ៍វាស់កម្រិតជាតិស្ករជាប្រចាំ ដើម្បីតាមដានសភាពនៃរាងកាយ ជាពិសេសសម្រាប់លោកអ្នកដែល មានអាយុច្រើនលើសពី៤០ឆ្នាំ និងមានរោគសញ្ញាមួយចំនួន ដូចជាស្រេកទឹកខ្លាំង នោមច្រើនលើសពី៣លីត្រក្នុងមួយថ្ងៃ ឃ្លានខ្លាំង បរិភោគច្រើន រមួលក្រពើនៅជើង វិលមុខច្រើនដង មានដំបៅក្រជាសះស្បើយ ធាត់ លើសទម្ងន់ជាដើម។
ដំបូន្មានអ្នកជំនាញ
មុននឹងលោកអ្នកជ្រើសរើសឧបករណ៍សម្រាប់វាស់ជាតិស្ករ សូមលោកអ្នកគិតគូរពីគុណភាពជាចម្បង។ ចំពោះលោកអ្នក ដែលមានជម្ងឺទឹកនោមផ្អែម គប្បីមានឧបករណ៍នេះនៅតាមខ្លួនជាប់ជានិច្ច។ ប្រការល្អបំផុត គួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ជំនាញជាមុនសិន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦
Leave a Reply