វិធីទប់ទល់​ការទល់​លាមក

អ្នកជម្ងឺ​ភាគច្រើន​ដែលមក​ជួបគ្រូពេទ្យ ច្រើនតែ​នៅពេល​គាត់បន្ទោរ​បង់រួច គាត់មាន​អារម្មណ៍​ថាបន្ទោរបង់​មិនអស់។ អ្នកខ្លះទៀត​បន្ទោរបង់​រាល់ថ្ងៃ ប៉ុន្តែលាមក​របស់គាត់រឹង ក៏គាត់​គិតថាទល់​លាមក​​​ដែរ។ ការទល់លាមក​កើតមាន​នៅលើមនុស្ស​គ្រប់វ័យ តាំងពីទារក​រហូតដល់​មនុស្សចាស់។ ការទល់លាមក​បណ្ដាលមក​ពីកត្ដាជា​ច្រើនផ្សេងៗគ្នា។ ប្រជាពលរដ្ឋ​មួយចំនួនពុំទាន់​យល់ដឹង ច្បាស់លាស់​ពីមូលហេតុ​នៃការទល់​លាមកនៅ​ឡើយទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្តី​សុខភាពយើង លេខនេះ​សូមលើក​យកអាការ​ទល់លាមក​មកបង្ហាញ​ជូនលោកអ្នកអាន តាមរយៈ​ការជួប សម្ភាសន៍​ជាមួយ​លោកវេជ្ជ​បណ្ឌិតអ៊ុង ចក្រាវុធ អ្នកឯកទេស​ថ្លើម​ក្រពះ ពោះវៀន ឬសដូងបាត នៃ​មន្ទីរពេទ្យ​កាលម៉ែត។

អាការ​ទល់លាមក ជាអ្វី?

តាមនិយម​ន័យវេជ្ជសាស្រ្ត ការទល់លាមក គឺជាការ​បន្ទោរ​បង់លាមក​តិចជាង​បីដង ក្នុងមួយ​សប្ដាហ៍។ លាមក​ដែលចេញ មក​មិនប្រាកដ​ថាមាន​លក្ខណៈរឹង ឬ​រាវនោះទេ គឺសម្គាល់​ទៅលើ​ការបន្ទោរ​បង់ចំនួន​តិចដង​ទៅវិញទេ។ ការទល់​លាមក​ជារោគសញ្ញា នៃជម្ងឺ​ផ្សេងៗទៀត។ គេបែងចែក​ជម្ងឺដែល​អាចបណ្ដាល​ឱ្យទល់លាមក​ជាពីរក្រុម គឺជម្ងឺ​ក្រៅប្រដាប់​រំលាយអាហារ និងជម្ងឺ​ប្រដាប់ រំលាយ​អាហារ។

មូលហេតុ​ទល់លាមក

ការទល់លាមក​បណ្តាលមក​ពីមូលហេតុធំៗ​បីយ៉ាង ៖

  • មូលហេតុទី១ ៖ ការទល់លាមក​បណ្តាល​មកពី​ប្រដាប់​រំលាយអាហារ​ផ្ទាល់តែម្តង។ ឧទាហរណ៍ អ្នកជម្ងឺ​មានជម្ងឺ​មហា រីក​ពោះវៀនធំ ជម្ងឺ​ពោះវៀន​ខ្សោយ ឬ​ឧបសគ្គផ្សេងៗ​នៅលើ​ពោះវៀន វាអាច​បង្កឱ្យ​ពោះវៀន​មានចលនា​មិនបាន​ត្រឹមត្រូវ។
  • មូលហេតុទី២ ៖ ការទល់លាមក​បណ្ដាល​មកពី​ជម្ងឺក្រៅ​ប្រដាប់​រំលាយ​អាហារ។ ឧទាហរណ៍ អ្នកជម្ងឺ​មានជម្ងឺ​ក្រពេញទី រ៉ូអ៊ីតខ្សោយ ជម្ងឺ​ទឹកនោមផ្អែម​ដែលមិនបាន​ព្យាបាល​ត្រឹមត្រូវ ឬពួក​ជម្ងឺដែល​ខ្វះជាតិ​ប៉ូតាស្យូម​ជាដើម។
  • មូលហេតុទី៣ ៖ ការទល់លាមក​បណ្ដាល​មកពី​អាកប្បកិរិយា​របស់់អ្នក​ជម្ងឺផ្ទាល់ ដែល​ប្រព្រឹត្ត​មិនបានល្អ។ ការប្រព្រឹត្ត ទាំងនោះ​មាន ដូចជា​ការបរិភោគ​អាហារ​ដែលមិន​មានជាតិបន្លែ ឬ​ទទួលទាន​បន្លែមិន​គ្រប់គ្រាន់ ក៏​ជាបច្ច័យ​មួយនាំឱ្យ​មានអាការទល់ លាមកដែរ។ ករណីនេះ​កើតមានច្រើន កើតមាន​ជាពិសេសទៅ​មនុស្សវ័យក្មេង​មិនចូលចិត្តិ​ទទួលទាន​បន្លែ។

សូមលោក​អ្នកទទួលទាន​បន្លែឱ្យ​បានច្រើន ព្រោះបន្លែ​មានសារៈ​ប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព។ ប៉ុន្តការ​ទទួល ទាន​បន្លែ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ ត្រូវធ្វើ​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ទទួលទាន និងត្រូវលាង​បន្លែជាមួយ​ពែម៉ង់កាណាត ដើម្បីអស់ ជាតិមេរោគ ឬ​ព្រូន​ដែលជាប់​នឹងបន្លែ។ មិនត្រូវ​ទម្លាប់​ទទួលទាន​អាហារ​បែបអឺរ៉ុប ឬ​បែបអាហារ​ទាន់ចិត្ដ​នោះពេកទេ ព្រោះវា​ជាម្ហូប សម្បូរខ្លាញ់ មិនសូវ​មានបន្លែ ធ្វើឱ្យធាត់ ហើយអាច​មានជម្ងឺ​ផ្សេងៗទៀត ដូចជា​ទល់លាមក​ជាដើម។ សូមទទួល​ទានម្តងម្កាល​ជាពិសេស​នៅពេលធ្វើ​ការច្រើន​រកពេល​ទទួលទាន​មិនបាន។ ឪពុក​ម្តាយ​ត្រូវអប់រំ​កូនឱ្យចេះ​ទទួលទាន​បន្លែ។ ការទទួលទាន​ទឹកមិនបាន គ្រប់គ្រាន់​ក៏ជាបច្ច័យ​មួយឱ្យ​ទល់លាមក​ផងដែរ។ អ្នកធ្វើ​ការនៅ​ការិយាល័យ អង្គុយ​មួយកន្លែង​មិនមាន​ចលនា មិនបាន​ហាត់ប្រាណ ក៏ ជាបច្ច័យ​ធ្វើឱ្យទល់លាមក​បានដែរ។ មិនត្រូវ​ទម្លាប់​ពន្យារ​ពេលបន្ទោរ​បង់នោះទេ ប្រសិនបើ​ដល់ពេល​ត្រូវបន្ទោរបង់ ត្រូវតែឆ្លៀត ទោះជារវល់​ធ្វើការរក​ស៊ីយ៉ាង​ណាក៏ដោយ ព្រោះ​សុខភាព​សំខាន់​ជាងអ្វី​ទាំងអស់។

ថ្នាំពេទ្យ​ក៏ធ្វើឱ្យ​ទល់លាម​កផងដែរ ដូចជា​ប្រភេទ​ថ្នាំបំបាត់​ការឈឺចាប់ ថ្នាំមាន​ជាតិកូដេអ៊ីន ថ្នាំសរសៃ​ប្រសាទ​សម្រាប់ អ្នកដែល​ទទួល​ការព្យាបាល​ជម្ងឺផ្លូវចិត្ត​ជាដើម។ ប្រសិនបើ​អ្នកជម្ងឺបាន​ទៅព្យាបាល​ជាមួយ​គ្រូពេទ្យ​ឯកទេស​ច្បាស់លាស់​មិនមានបញ្ហា អ្វីទេ គាត់និង​បានទទួល​ការណែនាំ​ថាត្រូវធ្វើ​ដូចម្តេច​នៅពេល​ដែលទល់​លាមក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាក​អាការទល់​លាមក

  • ផលវិបាកភ្លាមៗ ៖ ការទល់លាមក​ធ្វើឱ្យមិនស្រួលខ្លួន ព្រោះលាមក​ជាជាតិពុល​ដែលត្រូវ​បញ្ចេញចោល។ នៅពេល មិនបាន​បន្ទោរបង់ អ្នកជម្ងឺ​មានអារម្មណ៍​មិនល្អ ឈឺក្បាល ឆ្អល់ពោះ​ជាដើម ដែលធ្វើ​ឱ្យជះឥទ្ធិពល​មិនល្អដល់​ការស់នៅ អារម្មណ៍ មិនមូល ពិបាកអង្គុយ ពិបាកដើរ​ជាដើម។
  • ផលវិបាកវែងឆ្ងាយ ៖ ការទល់លាមក​អាចជាកត្ដាបង្ក​ឱ្យមានជម្ងឺ​ផ្សេងៗបាន ដូចជា​ជម្ងឺរីកពោះវៀន​ធំជាដើម។ ការរីក យូរទៅ​ធ្វើឱ្យ​បាត់បង់​មុខងារ​បញ្ចេញលាមក ធ្វើឱ្យទល់លាមក​ជាអចិន្រ្តែយ៍ ព្យាបាល​មិនបាន​ទៀតផង។ ការស្រាវជ្រាវ​បានបង្ហាញ ឱ្យឃើញថា​អ្នកដែល​មានជម្ងឺ​មហារីកពោះ​វៀនធំ ច្រើនតែ​ជាអ្នកដែល​មានការ​ទល់លាមក។ មានន័យ​ថាការទល់​លាមក​ជាកត្ដាបង្ក ឱ្យមាន​ជម្ងឺមហារីក​ពោះវៀនធំ។ ទល់លាមក​អាចជា​កត្តាបង្ក​ជម្ងឺ​ឬសដូងបាត​ផងដែរ។

វិធីព្យាបាល​អាការទល់​លាមក

ដោយសារ​មានកត្ដា​ជាច្រើន ការទល់លាមក​ត្រូវធ្វើ​ការព្យាបាល​ទៅតាម​មូលហេតុ​របស់វា។ គ្រូពេទ្យ​សាកសួរ​អំពីមូល ហេតុ ប្រយោជន៍​រករោគ​វិនិច្ឆ័យ​ត្រឹមត្រូវ។ ការព្យាបាល​ត្រូវបំបាត់​មូលហេតុ​របស់វា។

  • ការព្យាបាល​ដោយថ្នាំ​បំបាត់​ការទល់លាមក ៖ អ្នកជម្ងឺ​ត្រូវលេប ឬប្រើ​ថ្នាំទល់លាមក​ដើម្បីឱ្យ​គាត់បន្ទោរ​បង់បាន ចៀស វាងការ​ទល់លាមក​យូរពេក។ ថ្នាំបំបាត់​ការទល់លាមក​មានច្រើន​ប្រភេទ ហើយអាច​មានគ្រោះថ្នាក់។ ដូច្នេះ​ទាមទារ​ឱ្យមាន​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់​ជាមុនសិន មុននឹង​ប្រើវា។
  • ការព្យាបាល​មូលហេតុ ៖ មូលហេតុ​ដែល​បណ្ដាល​ឱ្យទល់លាមក​មានច្រើនដូច​ដែលបាន​រៀបរាប់​ខាងលើ។ ប្រសិនបើ​អ្នក ជម្ងឺ​ទល់លាមក​បណ្តាល​មកពីការ​ទទួលទាន​បន្លែមិន​បានគ្រប់គ្រាន់ គ្រូពេទ្យ​នឹងអប់រំ​ឱ្យទទួល​ទានបន្លែ និង​ហាត់​ប្រាណ។

ការ​ទល់លាមក​ដែលច្រើន​តែកើតមាន​ចំពោះកុមារ គឺច្រើន​បណ្តាល​មកពី​ចំណីអាហារ ព្រោះកុមារ​មិនចូលចិត្ដ​ទទួលទាន បន្លែ ឬទារក​ខ្លះមិនបាន​បៅទឹក​ដោះម្តាយ​ត្រឹមត្រូវ។ ក្នុងករណី​នេះ ដំណោះ​ស្រាយល្អ​គឺម្ដាយ​គួរបំបៅ​កូនដោយ​ទឹកដោះ និងគួរ បង្រៀន​កូនឱ្យចេះ​ទទួល​ទានបន្លែ។

ដំបូន្មាន​អ្នកប្រឹក្សា

សូម​ប្រជាពលរដ្ឋ​ទាំងអស់​យល់ដឹង​ពីការ​ទល់លាមក ព្រោះភាគ​ច្រើនអ្នក​ជម្ងឺទល់​លាមកច្រើន​បណ្តាលមក​ពីឥរិយាបថ របស់​អ្នកជម្ងឺ​ផ្ទាល់។ គួរទទួល​ទានបន្លែ​ឱ្យបានច្រើន ព្រោះវា​ជួយសម្រួល​ដល់ការ​បន្ទោរ​បង់លាមក និងមានសារៈ​សំខាន់​ណាស់ សម្រាប់​សុខភាព មិនធ្វើ​ឱ្យធាត់ ហើយ​ជារបស់​ដែលមាន​តម្លៃថោក​ទៀតផង។ ប៉ុន្តែ​ដើម្បី​ទទួលទាន​បន្លែឱ្យ​បានច្រើន មេផ្ទះ​ត្រូវចេះ រៀបចំច្នៃ​ចំណីអាហារ​ផងដែរ។ ប្រសិន​បើលោក​អ្នកធ្វើ​ការគ្មាន​ពេលរៀប​ចំម្ហូប លោកអ្នក​គួរទទួល​ផ្លែឈើ ពិសាទឹក​ឱ្យបាន​ច្រើន និង ហាត់ប្រាណ​ជាដើម។ ជាពិសេស​នៅពេលចុង​សប្ដាហ៍ ត្រូវឆ្លៀត​ពេលទទួល​ទានបន្លែ។ ប្រសិន​បើមាន​អាការទល់​លាមក ត្រូវទៅជួប គ្រូពេទ្យ មិនត្រូវ​សម្រេចចិត្ដ​ប្រើប្រាស់​ថ្នាំដោយ​ខ្លួនឯងទេ ព្រោះ​ថ្នាំមានច្រើន​ប្រភេទ​ងាយប្រឈម​គ្រោះថ្នាក់។ ការហាត់​ប្រាណ មាន​អត្ថប្រយោជន៍​ខ្លាំងណាស់។ ត្រូវចាត់​ទុកថាការ​ហាត់ប្រាណ​ជាពេល​បាយមួយ​ផងដែរ។ ត្រូវទម្លាប់​បន្ទោរប​ង់ឱ្យបាន​ទៀងទាត់រាល់ ថ្ងៃ ជាពិសេស​ត្រូវទម្លាប់​ក្រោកពី​ព្រលឹម​បន្ទោរបង់ ព្រោះជាពេល​ទំនេរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *