បច្ចុប្បន្នស្ដ្រីភាគច្រើនចូលរួមបម្រើការងារក្នុងសង្គម ផ្ទុយពីសម័យមុនដែលតែងតែពោលថាស្ដ្រីបង្វិលចង្ក្រានមិនជុំ។ ជាក់ស្ដែងស្ដ្រីរឹងមាំមួយរូបដែលលេចធ្លោក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺលោកស្រី ពាន់ ភួងបុបា្ផ ត្រូវបានចាត់ទុកថាជាស្ដ្រីដែលមានជោគជ័យក្នុង អាជីពរបស់ខ្លួន។ ទន្ទឹមនឹងភាពជោគជ័យនេះ តើលោកស្រីមានភាពជោគជ័យក្នុងជីវិតក្រុមគ្រួសាររបស់លោកស្រីឬទេ?
ជាមួយទំព័រយុវវ័យរបស់ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបទពិសោធន៍ខ្លះៗរបស់លោកស្រីក្នុងការរៀបចំគ្រួសារ និងការអប់រំកូនៗរបស់លោកស្រីតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកស្រីពាន់ ភួងបុប្ផាតែម្ដង។
ស្ថានភាពគ្រួសារ
លោកស្រីពាន់ ភួងបុបា្ផ រៀបការចំនួន២ដង មានបុត្រាបុត្រីចំនួន៤នាក់។ លោកស្រីរៀបការលើកទីមួយនៅពេលលោកស្រី មានអាយុ១៥ឆ្នាំជាមួយលោកពុធ ចាន់រស្មី។ ស្វាមីលោកស្រីទទួលមរណភាពក្នុងសម័យប៉ុលពតដោយបានបន្សល់ទុកនូវកូនស្រីពីរ នាក់ គឺឈ្មោះពុធ មរកត(រៀបការរួច) និងឈ្មោះពុធ ចិត្រា(រៀបការរួច)។ លោកស្រីបានរៀបការជាលើកទីពីរនៅឆ្នាំ១៩៨៣ជា មួយលោកទូច ប៊ុនជួន ហើយមានកូនស្រីម្នាក់ឈ្មោះទូច ភួងនិមល(នៅលីវ) និងកូនប្រុសម្នាក់ឈ្មោះទូច ភួងវីរៈ(រៀបការរួចទៅរស់ នៅសហរដ្ឋអាមេរិក)។ បច្ចុប្បន្នលោកស្រីមានចៅចំនួន៤នាក់។
ការអប់រំកូន
លោកស្រីមានវិធីសាស្ដ្រច្បាស់លាស់ និងម៉ឺងម៉ាត់ណាស់សម្រាប់ការអប់រំកូនៗ ចាប់តាំងពីពួកគេនៅតូចរហូតពេញវ័យ។ ទោះបីជាលោកស្រីមិនមានពេលវេលាច្រើននៅជិតកូន ដោយសារលោកស្រីមានតួនាទីជាអ្នករកប្រាក់ចំណូលសម្រាប់គ្រួសារ។
- ពេលកូននៅតូច ៖ ក្នុងពេលកូននៅតូច លោកស្រីមិនសូវមានការរវល់ដូចពេលនេះទេ ម្ល៉ោះហើយលោកស្រីតែងតែព្យា យាមពន្យល់កូនបន្ដិចម្ដងៗពីអំពីទង្វើគួរ ឬមិនគួរប្រព្រឹត្ដទៅតាមកម្រិតដែលគួរតែដឹងរបស់កូន។ ភាគច្រើន លោកស្រីជ្រើសរើស យកពេលទទួលទានអាហារសម្រាប់និយាយ និងពន្យល់ប្រាប់កូនពីបញ្ហាផ្សេងៗ ឬក៏បកស្រាយចម្ងល់របស់កូន។
- ការនិយាយប្រដៅកូន ៖ លោកស្រីគិតថាលោកស្រីមិនចាំនិយាយប្រដៅកូនច្រើនពេកទេ គឺប្រើវិធីធ្វើជាគំរូដល់កូន ដូច ជាពេលលោកស្រីចង់ឱ្យកូនធ្វើអ្វីមួយ លោកស្រីតែងតែទៅធ្វើកិច្ចការមុនកូន នោះកូននឹងរៀនតាមអ្វីដែលលោកស្រីបានធ្វើ។ ត្រង់ ចំណុចនេះលោកស្រីចង់បញ្ជាក់ថាគ្រួសារជាសាលាទីមួយរបស់កូន។ ប៉ុន្ដែប្រការនេះអាចជោគជ័យទៅបានអាស្រ័យទៅចិត្ដគំនិតចង់ ចេះចង់ដឹងរបស់កូនផ្ទាល់តែម្ដង។ មានកូនខ្លះ ទោះបីម្ដាយព្យាយាមធ្វើបង្ហាញយ៉ាងណា ក៏មិនរវល់ និងធ្វើតាមដែរ ពេលនោះអ្នក ម្ដាយចាំបាច់ត្រូវតែប្រើ និងបង្ហាត់កូនតែម្ដង។ ជួនកាលទោះជាខំបង្ហាត់បង្រៀនយ៉ាងណា ក៏មិនអាចឱ្យកូននោះក្លាយទៅជាមនុស្សល្អ បានដែរ។ លោកស្រីបានបន្ថែមថាបរិស្ថានជុំវិញក៏មានចំណែកប្រែក្លាយកូនៗរបស់លោកស្រីក្លាយទៅជាមនុស្សងាយប្រដៅដែរ។ ព្រោះលោកស្រីមានផ្ទះនៅជាយក្រុងជាប្រភេទផ្ទះដាច់ដោយទ្បែក ម្ល៉ោះហើយទើបកូនលោកស្រីមិនអាចទទួលឥទ្ធិពលពីបរិយាកាស ខាងក្រៅ។ ម្យ៉ាងទៀត ប្រហែលជាដោយសារតែលោកស្រីតែងតែរៀបចំទុកដាក់អ្វីដែលកូនត្រូវការចំាបាច់សម្រាប់ប្រើប្រាស់ក្នុងការ សិក្សា ក៏ដូចជាការកម្សាន្ដផ្សេងៗ ជាហេតុផលមួយទាក់ទាញកូនមិនឱ្យចេញទៅរកការកម្សាន្ដក្រៅផ្ទះបាន។ លោកស្រីតែងតែម៉ឺង ម៉ាត់ជានិច្ចចំពោះកូន និងជ្រើសយកការកំណត់ពេលវេលាចំពោះកិច្ចការផ្សេងៗដែលដាក់ឱ្យកូនបំពេញ។ ការមានវិន័យនេះហើយ ទើបកូនៗរបស់លោកស្រីក្លាយជាអ្នកដែលមានរបៀបរៀបរយជានិច្ច។
ការផ្ដល់សេរីភាពដល់កូន
ចំពោះបញ្ហាសេរីភាព លោកស្រីកម្រនឹងបើកទូលាយសេរីភាពដល់កូនណាស់ លើកលែងតែសេរីភាពនោះទាក់ទងនឹងការ សិក្សា។ បញ្ហានេះត្រូវបានលោកស្រីយល់ថាការផ្ដល់សេរីភាពខ្លាំងពេក អាចជួយជំរុញកូនឱ្យធ្លាក់ក្នុងអំពើឧបាយមុខផ្សេងៗ តាមរយៈ ការអូសទាញផ្សេងៗ។ ការដើរកម្សាន្ដផ្សេងៗ លោកស្រីព្យាយាមមិនបណ្ដោយឱ្យកូនទៅស្រេចនឹងចិត្ដនោះទេ បើចង់ទៅត្រូវរងចាំ ដល់ឱកាសទៅជាលក្ខណៈគ្រួសារ។ ទោះបីជាកូនអង្វរ ឬក៏យំស្រែកបែបណាក៏ដោយ លោកស្រីយល់ថានេះជាគន្លឹះក្នុងការគ្រប់គ្រង សេរីភាពរបស់កូនដើម្បីឱ្យកូនក្លាយទៅជាបុគ្គលដែលមានរបៀបរៀបរយក្នុងការដើរហើរ។ ជាទូទៅ គ្រួសារលោកស្រីតែងតែចេញ ទៅកម្សាន្ដនៅបរទេស ឬតំបន់រមណីយដ្ឋានផ្សេងៗ គ្រាន់តែមិនញឹកញាប់ប៉ុណ្ណោះ ព្រោះសមាជិកក្នុងគ្រួសារម្នាក់ៗ សុទ្ធតែរវល់ក្នុង ការងារ និងការរៀនសូត្រ។
ការទុកដាក់កូនឱ្យមានគូស្រករ
លោកស្រីមានប្រសាសន៍ថាលោកស្រីជាម្ដាយមានសំណាងមួយរូបក្នុងរឿងនេះ ព្រោះកូនរបស់លោកស្រីមិនបានធ្វើឱ្យ លោកស្រីខកចិត្ដទ្បើយ។ ទាំងនេះប្រហែលជាដោយសារតែលោកស្រីបានផ្ដល់ការសិក្សាដល់កូនបានច្រើនគួរសម ទើបការសិក្សាក្លាយ ជាទុនក្នុងការពិចារណាពីរឿងគូជីវិតឱ្យបានសមប្រកប។ កូនស្រីច្បងទាំងពីរមានកម្រិតវប្បធម៌ត្រឹមបាក់ឌុប ចំណែកឯកូនស្រីប្រុស បន្ទាប់កម្រិតបរិញ្ញាប្រ័ត។ លោកស្រីមិនដែលរារាំងកូនណាម្នាក់ក្នុងការសេពគប់មិត្ដភក្ដិទេ គ្រាន់តែលោកស្រីមានសំណូមពរចំពោះ កូន ក៏ដូចជាពន្យល់ហេតុផលផ្សេងៗដែលអាចកើតនៅពេលសេពគប់មិត្ដមិនល្អ។
បណ្ដាំផ្ញើ
នៅចុងបញ្ចប់នេះ លោកស្រីបានផ្ដាំផ្ញើរដល់ស្ដ្រីជាម្ដាយទាំងអស់ថាថ្វីត្បិតតែម្ដាយគ្រប់រូបតែងតែស្រឡាញ់ មានព្រហ្មវិហា រធម៌ចំពោះកូន ប៉ុន្ដែយ៉ាងណាកុំឱ្យការស្រឡាញ់នោះ បានទទួលលទ្ធផលមកវិញ ជាការឈឺចាប់ឱ្យសោះ។ សូមព្យាយាមបំពេញអ្វីទៅ ឱ្យកូន តាមការយល់ថាត្រឹមត្រូវ និងសមស្របជាមួយអាយុកាលរបស់កូន។ សូមព្យាយាមធ្វើជាគំរូល្អដល់កូន។
រួមសេចក្ដីមកវិញ អ្វីដែលបានជម្រាបជូនខាងលើនេះ ជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកស្រីពាន់ ភួងបុបា្ផក្នុងការអប់រំកូន ។ ទស្សនាវដ្ដី សុខភាពយើង សង្ឃឹមថាបទពិសោធន៍នេះនឹងក្លាយទៅជាជំនួយដល់ការអប់រំកូនរបស់អ្នកម្ដាយសម័យថ្មីនេះ។ សូម ជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply