បច្ចុប្បន្ននេះ ការប្រើប្រាស់ថ្នាំញៀននៅកម្ពុជាមានការរីករាលដាលយ៉ាងលឿន និងគួរឱ្យព្រួយបារម្ភ។ អ្នកដែលប្រើប្រាស់ ភាគច្រើនសុទ្ធតែមិនបានយល់ពីគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរនៃការញៀនថ្នាំទេ។ ដើម្បីជាការរួមចំណែកនៅក្នុងការផ្សព្វផ្សាយជូនដល់ ប្រិយមិត្ដអ្នកអានឱ្យបានយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ទស្សនាវដ្ដី សុខភាពយើង សូមលើកយកនូវគ្រឿងញៀនមួយប្រភេទដែលមានឈ្មោះថា ថ្នាំទឹកកក ឬអាយ ប្រយោជន៍ទុកជូនជាការស្វែងយល់។
លោកវេជ្ជបណ្ឌិត មាស វិរិទ្ធ ជាប្រធានមន្ទីរពិសោធន៍គ្រឿងញៀន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានទទូចថា សូមមានការស្វែងយល់ពីថ្នាំញៀនឱ្យបានច្បាស់សិន មុននឹងអ្នកសម្រេចចិត្ដប្រើប្រាស់។
ថ្នាំទឹកកក ជាអ្វី?
ថ្នាំទឹកកក ឬអាយ ជាឈ្មោះហៅក្រៅរបស់ឈ្មួញ ឬអ្នកលក់ថ្នាំញៀនទេ ឈ្មោះពិតរបស់វាគឺមេតំហ្វេតាមីន។ ថ្នាំទឹកកក គឺជាមេតំហ្វេតាមីនសុទ្ធដែលជាក្រាមម្សៅម្យ៉ាងពណ៌ស គ្មានក្លិន មានរសជាតិចត់ ហើយមានរាងដូចគ្រីស្ដាល់ ដែលងាយរលាយនៅ ក្នុងទឹក ឬអាល់កុល។ នៅកម្ពុជា គេច្រើនជួបថ្នាំមេតំហ្វេតាមីននេះនៅក្នុងប្រភេទទម្រង់ជាថ្នាំគ្រាប់ មិនសូវជួបប្រភេទទម្រង់ជាថ្នាំ ទឹកកកទេ។ ក្នុងសណ្ឋានជាក្រាមនេះ គេប្រើវាសម្រាប់ចាក់ ឬជក់ ហើយប្រសិទ្ធភាពរបស់វាអាស្រ័យទៅលើបរិមាណនៃគ្រឿងញៀន និងការប្រើប្រាស់។ វាជាសារធាតុញៀនដែលមានឥទ្ធិពលទៅលើអ្នកប្រើប្រាស់ នៅពេលដែលបានប្រើលើសពី២០ ទៅ៣០មីលី ក្រាម ឬហៅថាមួយដូស(វាមានតម្លៃប្រហែល២ដុល្លារ) ហើយមានប្រសិទ្ធភាពរហូតដល់ទៅ២៤ម៉ោង។ ថ្នាំមេតំហ្វេតាមីនទម្រង់ជា គ្រាប់ គឺបានមកពីការយកមេតំហ្វេតាមីនសុទ្ធទៅកិនកម្ទេចលាយជាមួយសារធាតុផ្សេងទៀត លាយពណ៌ដើម្បីបោះពុម្ពជាគ្រាប់។ មេតំហ្វេតាមីនជាគ្រឿងញៀនមួយនៅក្នុងតារាងទី២ ដែលមានន័យថាវាមានលទ្ធភាពខ្ពស់ក្នុងការបង្កឱ្យមានការបំពាន។ នៅកម្ពុជា មានថ្នាំមេតំហ្វេតាមីនជាប្រភេទគ្រាប់ត្រូវបានចរាចរចាប់ពីឆ្នាំ១៩៩៥ រីឯថ្នាំប្រភេទទឹកកកគេឃើញមាននៅក្នុងឆ្នាំ២០០២។
មូលហេតុដែលនាំឱ្យមានការប្រើប្រាស់មេតំហ្វេតាមីន
មេតំហ្វេតាមីនមានសណ្ឋាននៃការប្រើប្រាស់ច្រើនយ៉ាង ដូចជាជក់ ហឺត លេប ឬចាក់ជាដើម។ គ្រឿងញៀននេះផ្លាស់ប្ដូរ បានច្រើនបែបអាស្រ័យលើវិធី និងគោលបំណងដែលគេប្រើ។ តាមបទពិសោធន៍ដែលទទួលបានពីអ្នកប្រើប្រាស់ ភាគច្រើនអាស្រ័យ ទៅលើទឹកចិត្ដ និងស្ថានភាពរបស់អ្នកប្រើប្រាស់ ដូចជាគេប្រើក្នុងគោលបំណងអាក្រក់អ្វីមួយ ឬដោយចង់សាកល្បងនូវប្រសិទ្ធភាព របស់ថ្នាំ។ ការជឿតាមការអូសទាញ ឬញ្ញុះញ៉ុងពីសំណាក់មិត្ដភក្ដិ ឬការបង្ខំ ឬការបោកបញ្ឆោតដោយប្រើល្បិចដាក់ក្នុងកែវភេសជ្ជៈ វានាំឱ្យមានការប្រើប្រាស់។ គោលបំណងខ្លះទៀត គឺដោយសារការចង់សប្បាយ ឬដោយជឿសម្ដីឃោសនារបស់អ្នកលក់ ឬអ្នកដែល ធ្លាប់ប្រើប្រាស់ ដែលបានអួតប្រាប់ពីលក្ខណៈដ៏វិសេសវិសាលរបស់គ្រឿងញៀនថាវាអស្ចារ្យបែបនេះបែបនោះជាដើម ដែលធ្វើឱ្យលង់ ជឿ ហើយឈានដល់ការប្រើប្រាស់រហូតដល់ញៀន។ នៅមានបញ្ហាខ្លះទៀត ដូចជាមានអារម្មណ៍ស្មុគស្មាញ ហើយពិបាកចិត្ដនៅក្នុង ក្រុមគ្រួសារ ឬការងារដោយមិនមានការដោះស្រាយ ទើបត្រូវជ្រើសការប្រើប្រាស់ថ្នាំញៀន ដោយសង្ឃឹមថាគ្រឿងញៀនអាចជួយ ខ្លួនបានជាដើម។ មិនទាន់មានទិន្នន័យច្បាស់លាស់ដែលថា តើអ្នកប្រើប្រាស់ថ្នាំញៀនជាមនុស្សជំពូកណានោះទេ។ តែតាមតួលេខជា ផ្លូវការណ៍របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថានៅក្នុងឆ្នាំ២០០៦នេះ ចំនួននៃអ្នកប្រើប្រាស់ ថ្នាំញៀននៅកម្ពុជាមានរហូតដល់ទៅជាង៧០០០នាក់ នៅក្នុង៩ខេត្ដក្រុងសំខាន់ៗ ដែលភាគច្រើននៃអ្នកប្រើប្រាស់ គឺជាយុវវ័យ។ នៅ លើពិភពលោក អ្នកដែលប្រើប្រាស់គ្រឿងញៀនច្រើនតែជាយុវវ័យដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។
អាការៈអ្នកដែលប្រើប្រាស់មេតំហ្វេតាមីន
អ្នកដែលប្រើប្រាស់ថ្នាំមេតំហ្វេតាមីន ទោះបីជាដោយស្ម័គ្រចិត្ដ ដោយបន្លំ ឬដោយបង្ខំ ឥទ្ធិពលរបស់វាអាចនាំឱ្យជាតិ ឬ សារធាតុញៀនជ្រាបចូលតាមឈាម ហើយបំពុលទៅលើខួរក្បាល ដែលធ្វើឱ្យអារម្មណ៍ប្រែប្រួល និងផ្លូវចិត្ដមិនប្រក្រតី នាំឱ្យការគិត មិនប្រក្រតីនៅក្នុងការគ្រប់គ្រងខ្លួន និងអារម្មណ៍។ យើងអាចសម្គាល់បានតាមរយៈកាយវិការ និងការប្រព្រឹត្ដរបស់អ្នកប្រើប្រាស់ គ្រឿងញៀន ដូចជាចរិតប្រែប្រួលខ្លាំងជាដើម។ បើគាត់ជក់ ឬប្រើប្រាស់មេតំហ្វេតាមីន អាចធុំក្លិនឈ្ងៀម ហើយរាងកាយចុះស្គម សាច់ឡើងក្ដៅ ចូលចិត្ដគេងថ្ងៃ មិនសូវចូលចិត្ដពិសាអាហារជាដើម។ អ្នកប្រើប្រាស់មិនចូលចិត្ដសម្អាតខ្លួន ព្រោះពេលគាត់ប្រើមេតំហ្វេតាមីននាំឱ្យកម្ដៅក្នុងខ្លួនកើនឡើង ដែលជាហេតុនាំឱ្យគាត់រងានៅក្នុងសីតុណ្ហភាពធម្មតា តែបើគាត់ចុះទឹក នាំឱ្យគាត់មិនចង់ ក្រោកពីទឹកទៅវិញ ព្រោះវាត្រជាក់ស្រួល។ បើគាត់ចាក់ អាចឃើញស្នាមចាក់នៅលើដៃ។ ដើម្បីឱ្យច្បាស់ថាតើគាត់ពិតជាបានប្រើ ប្រាស់មេតំហ្វេតាមីន ឬអត់ មានតែការពិនិត្យនូវទឹកនោម និងឈាមទេ ទើបអាចដឹងលទ្ធផលប្រាកដបាន។
ស្ថានភាពញៀនរបស់អ្នកដែលប្រើប្រាស់មេតំហ្វេតាមីន
ជាធម្មតា បើសិនជាគាត់បានប្រើតែមួយដង វាមិនងាយញៀនទេ តែមេតំហ្វេតាមីនមានចំណុចពិសេសម្យ៉ាងដែលអាចអូស ទាញអារម្មណ៍របស់អ្នកប្រើប្រាស់ឱ្យមានចិត្ដចង់តែប្រើរហូតដល់ថ្នាក់ញៀន។ អ្នកប្រើប្រាស់នឹងមានចំណង់ដោយខានប្រើប្រាស់មិន បាន ទោះបីជាគាត់បានដឹងថាវាជាថ្នាំញៀនក៏ដោយ ឥទ្ធិពលរបស់វាបានទាក់ទាញចិត្ដរបស់អ្នកប្រើឱ្យបំភ្លេចមិនបាន។ ហើយវាបាន ទាក់គាត់ឱ្យចង់ប្រើប្រាស់បន្ដដើម្បីចង់បានអារម្មណ៍ដែលគាត់ចង់បាន ឬឆ្លងកាត់ដំណាក់កាលដែលគាត់ប្រើប្រាស់ជាលើកទីមួយ។ វាក៏ ដូចជាគ្រឿងញៀនដទៃទៀតដែរ ការប្រើប្រាស់មេតំហ្វេតាមីនច្រើនឆាប់ទទួលផលជាភាពស៊ាំ ឬដុះមេ តែក្នុងរយៈពេលពី២ទៅ៣នាទីប៉ុណ្ណោះ។ វាជាអន្ទាក់សម្រាប់ថ្ពក់អ្នកប្រើឱ្យមានចំណង់ចង់ប្រើវាដោយខានមិនបាន។ អ្នកដែលបានប្រើប្រាស់ច្រើនដង ហើយចង់ បញ្ឈប់ការប្រើប្រាស់ អាការញៀននឹងស្ដែងចេញមក។
វិធីព្យាបាលអ្នកញៀនមេតំហ្វេតាមីន
មកដល់ពេលនេះ មិនទាន់មានរូបមន្ដណាមួយដែលអាចព្យាបាលអ្នកញៀនមេតំហ្វេតាមីនឱ្យបានជាពិតប្រាកដទេ។ តាម បទពិសោធន៍នៃការព្យាបាលតាមក្បួនវេជ្ជសាស្ដ្រ បើអ្នកប្រើប្រាស់រយៈពេលខ្លី ហើយកម្រិតនៃការញៀននៅមានកម្រិតស្រាល អ្នក ជំនាញអាចជួយព្យាបាលទៅតាមលំនាំមួយដែលអាចមានប្រសិទ្ធភាព។ ការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់ លុះត្រាណាតែអ្នកប្រើ ប្រាស់ ព្រមទាំងក្រុមគ្រួសារ ឬអ្នកគាំទ្ររបស់អ្នកប្រើប្រាស់ ត្រូវទទួលយកដោយស្ម័គ្រចិត្ដនូវសេវាព្យាបាលក្នុងការផ្ដាច់គ្រឿងញៀន ។ វាទាមទារការចូលរួម និងតាំងចិត្ដឱ្យបានម៉ឺងម៉ាត់។
មេតំហ្វេតាមីនបំផ្លាញជីវិតអ្នកប្រើប្រាស់ និងសង្គម
មេតំហ្វេតាមីនមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់ អាចបណ្ដាលឱ្យស្លាប់ភ្លាមៗ បើប្រើប្រាស់ថ្នាំ ដែលមិនសុទ្ធ មិនត្រឹមត្រូវ ឬលើសកម្រិត។ មេតំហ្វេតាមីននាំឱ្យមានគុណវិបត្ដិ និងផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រសាទអាច បណ្ដាលឱ្យដាច់សរសៃឈាមនៅក្នុងខួរក្បាល និងគាំងបេះដូង។ បើសិនជាគាត់ជក់ វាអាចនាំឱ្យខូចសួត ហើមសួត មហារីកសួតជាដើ មដែលមានលក្ខណៈធ្ងន់ធ្ងរជាងមនុស្សធម្មតារហូតដល់ជាង១០០ដង។ វាអាចនាំឱ្យខូចសាច់ដុំបេះដូង ខូចតម្រងនោម រលាកច្រមុះរ៉ាំ រ៉ៃជាដើម។ ពេលមានអារម្មណ៍រួមភេទ ប្រព្រឹត្ដដោយមិនមានការប្រើប្រាស់ស្រោមអនាម័យ ឬការប្រើប្រាស់ថ្នាំដោយការចាក់ម្ជុល រួមគ្នា ពិតជាងាយឆ្លងមេរោគអេដស៍ និងជម្ងឺកាមរោគផ្សេងៗណាស់ ប្រសិនបើអ្នកដទៃទៀតមានផ្ទុកជម្ងឺស្រាប់។ សម្រាប់អ្នកប្រើ ប្រាស់ជាស្ដ្រីដែលមានគភ៌ អាចនាំឱ្យទារកនៅក្នុងផ្ទៃរលូត ញៀនដល់ទារក ការរីកចម្រើនផ្នែកខួរក្បាល និងផ្នែកបញ្ញាមានការអន់ ថយជាដើម។ ចំពោះសង្គម វានាំឱ្យអ្នកប្រើប្រាស់មានការចាយលុយច្រើន និងពេលវេលាយ៉ាងច្រើនទៅលើគ្រឿងញៀន មិនអាច មានលទ្ធភាពកាន់កាប់តួនាទីការងារបានល្អ ព្រោះត្រូវចំណាយពេលសម្រាប់ការស្វែងរក និងប្រើប្រាស់ទៅលើគ្រឿងញៀន។ វាអាច រាលដាលដល់ការកកើតជាអំពើប្លន់ គម្រាមទារប្រាក់ ដែលនាំឱ្យសង្គមវឹកវរ។ កាលណាមានអ្នកប្រើប្រាស់គ្រឿងញៀនកាន់តែច្រើន នាំឱ្យមានបទល្មើសច្រើននៅជុំវិញខ្លួន និងក្នុងសង្គមកាន់តែច្រើនផងដែរ។
ដំបូន្មានអ្នកប្រឹក្សា
សូមកុំព្យាយាមសាកល្បងប្រើថ្នាំញៀន និងសូមកុំគិតថាថ្នាំញៀនអាចជួយរំដោះទុកបាន បែបនេះជាការគិតខុសហើយក៏ជា ការដុតខ្លួនឯងវិញទេ។ បើលោកអ្នកមានចំណេះដឹងពីផលវិបាកនៃការប្រើប្រាស់ថ្នាំញៀន សូមជួយផ្សព្វផ្សាយបន្ដផង ព្រោះអាចជួយ ទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ និងគ្រោះថ្នាក់នៃការញៀននេះបានមួយកម្រិត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply