- បរិមាណមនុស្ស ៖ ២នាក់
- រយៈពេលរៀបចំគ្រឿង ៖ ៣០នាទី
- រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
- សាច់ជ្រូក ១០០ក្រាម (១ខាំ)
- បង្គាស្រស់ ១០០ក្រាម (១ខាំ)
- ត្រាវ ២៥០ ក្រាម
- ពងមាន់ ២គ្រាប់
- ម្សៅបំពង ២ស្លាបព្រា
- ប្រេងខ្ចង ១ស្លាបព្រាបាយ
- ខ្ទឹមស ២កំពឹស
- ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ២ចានកង្កឹះ
- ជីវ៉ាន់ស៊ុយ
- ទឹកជ្រលក់
វិធីធ្វើ
1. ជាដំបូង ត្រូវយកសាច់ និងបង្គាស្រស់ដែលបានសម្អាតរួចរាល់ មកចិញ្ច្រាំជាមួយខ្ទឹមស និងជីវ៉ាន់ស៊ុយ ទាល់តែម៉ដ្ឋល្អ ទើបបន្ថែម ប្រេងខ្ចង ម្រេច អំបិល ស្ករស និងម្សៅស៊ុប ច្របល់ចូលគ្នាឱ្យសប់ទុកដោយទ្បែក។
2. ត្រាវចិតសម្បកឱ្យស្អាត រួចឈូសជាសរសៃស្ដើងៗ។
3. បំបែកពងមាន់យកតែផ្នែកលឿងដាក់ក្នុងចានលាយជាមួយម្យៅបំពង កូរឱ្យចូលសាច់គ្នា ទើបដាក់ត្រាវដែលឈូសទុកនោះចូល ច្របាច់ជាមួយម្សៅដែលលាយពងមាន់ទាល់តែទ្បើងស្អិត ទើបឈប់។ សូមចងចាំថាមិនត្រូវថែមទឹកទេ ព្រោះធ្វើឱ្យត្រាវមិនស្អិតល្អ។
4. នៅពេលត្រាវស្អិតហើយ ត្រូវយកមកសូនជាដុំតូចៗល្មមរាងជាពងក្រពើ យកដាក់សាច់ដែលចិញ្ច្រាំជាស្នូលកណ្ដាល។
5. ដាក់ខ្ទះលើចង្ក្រាន រួចចាក់ប្រេងឆាចូលទុកឱ្យក្ដៅ ទើបបង់ដុំត្រាវដែលសូនទុកនោះចូលបំពងក្នុងកម្ដៅតិចៗល្មមប្រមាណជា១០នា ទី នោះត្រាវបំពងនឹងក្រហមស្រួយមិនខានទ្បើយ។
6. បន្ទាប់ពីបំពងរួចរាល់ហើយ ត្រូវយកត្រាវបំពងមកតម្រៀបក្នុងចានដែលរៀបចំមានសាទ្បាត់ និងការុតដែលឈូសជាសរសៃៗមាន រាងដូចជាសម្បុកសត្វ។
របៀបធ្វើទឹកជ្រលក់
យករំដេង និងខ្ទឹមស ចិតសម្បកឱ្យស្អាត បុកឱ្យម៉ដ្ឋ ពូតយកទឹកមកលាយជាមួយទឹកខ្មេះបន្ដិច ស្ករត្នោត ទឹកក្រូចឆ្មារ និង អំបិល រួចភ្លក់ឱ្យបានរសជាតិផ្អែម ប្រៃ និងជូរ។ នៅពេលទទួលទាន ត្រូវរោយសណ្ដែកដីបុកពីលើ។
ចំណាំ ៖ ម្ហូបនេះជាប្រភេទអាហារសម្រន់សម្រាប់ទទួលទានក្រៅពេលអាហារ តែក៏អាចទទួលទានជាមួយបាយសបានដែរ។ ម្ហូបនេះ ត្រូវទទួលទានជាមួយទឹកជ្រលក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply