ជាតិសាសន៍នីមួយៗតែងមានប្រពៃណីវប្បធម៌ផ្សេងៗពីគ្នា ទាំងការរស់នៅ ទាំងការស្លៀកពាក់។ កម្ពុជា ជាប្រទេសមួយកាន់ព្រះពុទ្ធសាសនា ដែលមានពិធីបុណ្យជាច្រើនតាមទំនៀមទម្លាប់ប្រពៃណីដ៏ថ្លៃថ្នូរតាំងពីបុរាណកាលមក។ ការស្លៀកពាក់ចូលរួម ក្នុងពិធីបុណ្យសាសនាទាំងនោះ គឺខុសៗគ្នា ដូចជាពិធីបុណ្យបច្ច័យបួន ពីធីបុណ្យកឋិន បុណ្យភ្ជុំបិណ្ឌជាដើម។
សម្លៀកបំពាក់ គឺជាគ្រឿងគ្របដណ្ដប់រាងកាយក៏ពិតមែនហើយ ប៉ុន្ដែវាក៏ជួយលើកកម្ពស់សម្រស់បុរសស្ដ្រីបានមួយផ្នែក ផងដែរ។ តាមរយៈសម្លៀកបំពាក់នេះ បង្ហាញឱ្យឃើញពីសេចក្ដីថ្លៃថ្នូររបស់មនុស្សម្នាក់ៗផងដែរ។ កាលពីលេខមុន ប្រិយមិត្ដអ្នក អានធ្លាប់បានអាន និងជ្រាបរួចមកហើយនូវម៉ូដសម្លៀកបំពាក់ឆ្នាំថ្មីឆ្នាំ២០០៦។ រដូវនេះជារដូវបុណ្យទាន ជាពិសេសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីខ្មែរដ៏ធំនោះ ឈានចូលមកដល់លេខខែនេះ។ ទស្សនាវដ្ដីសុខភាពយើងសូមបង្ហាញជូនប្រិយមិត្ដអ្នកអានគ្រាន់ ជាការស្វែងយល់អំពីសម្លៀកបំពាក់ខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តាមរយៈកិច្ចជួបសម្ភាសន៍ជាមួយលោកស្រី ធិ សុគន្ធា ម្ចាស់់ហាង រស្មីធារិកា២កាត់ដេរ។
ម៉ូដសម្លៀកបំពាក់សម្រាប់ស្ដ្រី
តាំងពីដើមរៀងមក ស្ដ្រីទាំងចាស់ទាំងក្មេងជ្រើសរើសសម្លៀកបំពាក់ដើម្បីស្លៀកពាក់ទៅវត្ដ មិនថាសម្រាប់ពេលបុណ្យភ្ជុំ ឬបុណ្យទានអ្វីនោះទេ ច្រើនតែពាក់អាវប៉ាក់ពណ៌សជាមួយសំពត់បត់។ ចាស់បុរាណលោកយល់ថាពណ៌ស គឺតំណាងឱ្យភាពស្អាត បរិសុទ្ធ គ្មានមន្ទិល គឺមានន័យថាធ្វើបុណ្យដោយចិត្ដស្មោះស។
១. សម្លៀកបំពាក់សម្រាប់ស្ដ្រីវ័យចំណាស់
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ការស្លៀកពាក់របស់គាត់ទៅវត្ដនោះ មិនមានអ្វីជាបញ្ហាចោទនោះទេ។ គាត់ច្រើននិយមស្លៀកជា សំពត់បត់ពាក់ជាមួយអាវប៉ាក់ពណ៌ស ជារឿយៗជាប្រពៃណីតាំងពីបុរមបុរាណមក។
២. សម្លៀកបំពាក់សម្រាប់យុវវ័យ
ជាមួយនឹងការរីកចម្រើនរបស់សង្គម សុភាពនារីជាយុវនារីច្រើនតែនិយមលេងម៉ូដសម្លៀកបំពាក់បន្ដិចដែរ។ ប៉ុន្ដែទោះបី ជាយ៉ាងណាក៏ដោយក៏សុភាពនារីទាំងឡាយមិនត្រូវពាក់អាវដែលមានលក្ខណៈវាល ឬបញ្ចេញសាច់ហួសហេតុពេកនោះទេ ត្រូវឱ្យមាន លក្ខណៈជិតបន្ដិច។
៣. ម៉ូដអាវ
- ពណ៌អាវ ៖ ចំពោះពណ៌វិញ សុភាពនារីអាចធ្វើការជ្រើសរើសបាន ដោយប្រើពណ៌ស កាកអំពៅ ពងមាន់ ឬ ពងក្រសាក៏បាន។ សូមជ្រើសរើសពណ៌ស្រាលៗ។
- ម៉ូដកអាវ ៖ ដោយសារម៉ូដកអាវមានច្រើនប្រភេទ សូមជ្រើសរើសទៅតាមការនិយមចូលចិត្ដ ដូចជាកខ្ទះ កមូល កអប្សរាជាដើម។ សម្រាប់ពិធីបុណ្យដែលទាក់ទងនឹងការទៅវត្ដ លើកលែងតែករណីបុណ្យសពចេញ ស្ដ្រីទាំង ឡាយគួរជ្រើសរើសកអាវដែលមានលក្ខណៈជិត កុំឱ្យវាលខ្លំាងពេក។
- ដៃអាវ ៖ ចំពោះដៃអាវក៏ដូចគ្នាដែរ មានច្រើនម៉ូដ ដូចជាដៃក្លឹង ដៃត្រ័រកា ដៃប៉ោង ដៃប៉ិតជាដើម។ ភាគ ច្រើនគេប្រើដៃក្លឹង ប្រសិនបើអាកាសធាតុក្ដៅស្អុះស្អាប់ គេប្រើអាវដៃបំពង់ដោយក្រណាត់ប៉ាក់ដែលទន់ ព្រោះមិននាំ ឱ្យស្កៀបពេក។
៤. ម៉ូដសំពត់
តាមលក្ខណៈជាប្រពៃណីខ្មែរ គេច្រើនប្រើសំពត់បត់។ ដោយសារសង្គមបច្ចុប្បន្ននេះមានការរីកចម្រើនជឿនលឿន សុភាពនារីច្រើនលេងម៉ូដសំពត់បន្ដិចដែរ ដោយច្នៃជាសំពត់បត់ដែលមានជីពជាភ្លី ឬដាក់ឱ្យមានរូតក្រោយ ច្នៃជាផ្កាភ្ញីជាដើម។ ដើម្បីឱ្យរិតតែ ស្អាតមួយកម្រិតទៀតដែរ។ ទោះបីជាមានការច្នៃយ៉ាងនេះក្ដី គឺស្ថិតនៅតែជាសំពត់ដែលមានលក្ខណៈជាប្រពៃណីខ្មែរដដែល។ ព្រោះ អ្នកខ្លះចង់ឱ្យមានម៉ូដបន្ដិច ជាបែបបុរាណដែរ តែបុរាណបែបសម័យ។
- ការជ្រើសរើសក្រណាត់សំពត់ ៖ បច្ចុប្បន្ននេះ មិនថាបុរស ឬក៏ជាស្ដ្រីនោះទេ ច្រើននិយមក្រណាត់ហូល ឬផាមួង ដែលជា ស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរ។ ព្រោះថាក្រណាត់ហូលមានគោមស្អាតជាច្រើន និងមានតម្លៃថោកសមរម្យ។
- ការជ្រើសរើសពណ៌ ៖ សម្រាប់អ្នកមានទ្រព្យសម្បត្ដិច្រើន គេច្រើនទិញសំពត់គ្រប់ពណ៌តម្រូវទៅតាមថ្ងៃទាំង៧ប្រចាំ សប្ដាហ៍។ ប៉ុន្ដែសម្រាប់អ្នកដែលមានជីវភាពពុំសូវធូរធា អាចប្រើសំពត់មិនចាំបាច់មានពណ៌គ្រប់៧ក៏បានដែរ។
៥. ការជ្រើសរើសកន្សែងពានា
កន្សែងពានាជាទូទៅគេច្រើនយកកន្សែងដែលមានពណ៌ដូចគ្នាទៅនឹងពណ៌សំពត់។ សម្រាប់ស្ដ្រីចំណាស់វិញ គាត់ច្រើនប្រើ ពានាកន្សែងពណ៌ស គឺមិនដូចទៅនឹងពណ៌សំពត់ទេ។
ម៉ូដសម្លៀកបំពាក់សម្រាប់បុរស
សម្រាប់បុរស ជាការងាយស្រួលបំផុត មិនមានអ្វីគួរឱ្យតុបតែងច្រើននោះទេ។ គ្រាន់តែស្លៀកពាក់អាវដៃវែង ឬដៃខ្លីជា មួយខោជើងវែងពណ៌ខ្មៅ ឬពណ៌ខៀវដាក់អាវក្នុងខោ ជាការស្រេច។
ដំបូន្មានរបស់លោកស្រី ធិ សុគន្ធា
ជាការប្រសើរបំផុត សុភាពនារីទាំងឡាយគួរជួបពិភាក្សាជាមួយមេជាងជាមុន ដើម្បីដឹងថាម៉ូដកអាវបែបណាដែលសមល្មមនឹងរូបរាងរបស់គាត់ តើគាត់ត្រូវទិញសំពត់ពណ៌អ្វី ដើម្បីឱ្យសក្ដិសមទៅនឹងសម្បុររបស់គាត់។ ប្រសិនបើចេះស្លៀកពាក់បានតាម ពេលវេលានោះ ធ្វើឱ្យយើងមានសិរីសួស្ដី និងគួរជាទីគយគន់នៃអ្នកផងទាំងពួង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply