វិធីពន្យារ​កំណើត​ដោយថ្នាំគ្រាប់

ឪពុកម្ដាយ​នានា​មានគំនិត​ខុសៗគ្នា​ពីការ​កំណត់​ពេលវេលា និង​ការកំណត់​ចំនួន​សមាជិក​ក្នុងគ្រួសារ។ គូស្រករ​វ័យក្មេ្មងខ្លះ កំណត់​ពេលវេលា​មានកូន​រហូតដល់​ពួកគេមាន​តុល្យភាព​ផ្នែកសេដ្ឋកិច្ច ទើបពួក​គេសម្រេច​ធ្វើការ​ពន្យារ​កំណើត។ មានមធ្យោបាយ ពន្យារ​កំណើត​ជាច្រើន​សម្រាប់​ជ្រើសរើស ដូចជា​ថ្នាំគ្រាប់​សម្រាប់​លេប ថ្នាំចាក់ កងដាក់​ក្នុងស្បូន កងសម្រាប់​ដាក់ដៃ ស្រោម​អនាម័យ ការតម​រួមភេទ​តាមរដូវ​របស់​ស្ដ្រីជាដើម។ ចំណុច​ទាក់ទង​នឹងថ្នាំ​ពន្យារ​កំណើត​នេះនឹង​ត្រូវបកស្រាយ​ជូននៅ​ទំព័រនេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាជំនួយ​ដល់ការ​សម្រេច​ជ្រើសរើស​យកវិធី​ពន្យារ​កំណើត​ណាមួយ​ដែលសក្ដិសម​នឹងលោក​អ្នក ទស្សនាវដ្ដី សុខភាព យើង សូមលើក​យកមក​បង្ហាញ​ជូនមុន​គេអំពី​វិធីពន្យារ​កំណើត​ដោយ​ប្រើថ្នាំគ្រាប់ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត វង ដាវី ប្រធាន​គ្លីនិក​ភ្នំពេញ​ទីពីរ នៃសមាគម​រ៉ាក់។

ថ្នាំគ្រាប់​ពន្យារ​កំណើត ជាអ្វី?

ថ្នាំគ្រាប់​ពន្យារ​កំណើត គឺ​ជាថ្នាំ​ដែលមាន​ជាតិអ័រម៉ូន ដូចគ្នា​នឹងអ័រម៉ូន​ធម្មជាតិ​ក្នុងខ្លួន​របស់ស្ដ្រី។ ថ្នាំគ្រាប់​សម្រាប់​លេប ពន្យារ​កំណើត​មាន២​ប្រភេទ។

1. ថ្នាំគ្រាប់​ស៊ីអូស៊ី បន្ទះថ្នាំ​ដែលមាន​ចំនួន២៨​គ្រាប់មាន​ពីរពណ៌ មានជាតិ​អ័រម៉ូន​ពីរមុខ គឺអឺសស្ដ្រូសែន និង​ប្រូហ្សេស្ទីន ដែលដូច​គ្នាទៅ​នឹងអ័រម៉ូន​ធម្មជាតិ​របស់ស្ដ្រី។

2. ថ្នាំគ្រាប់ភីអូភី បន្ទះថ្នាំ​មានចំនួន​២៨គ្រាប់​មានតែ​មួយពណ៌ មានជាតិ​អ័រម៉ូន​ប្រូហ្សេស្ទីន​មួយមុខ ដែលដូច​គ្នាទៅនឹង ជាតិអ័រម៉ូន​ធម្មជាតិ​របស់ស្ដ្រី។

តួនាទី​របស់ថ្នាំ​គ្រាប់​ពន្យារកំណើត

ជាធម្មតា ការបង្ក​កំណើត​ទារកក្នុង​ផ្ទៃកើតឡើង​ដោយការ​ភពប្រសព្វ​គ្នារវាង​មេជីវិត​ឈ្មោល​(ដែលមាន​ក្នុងទឹកកាម​បុរស ជាមួយ​នឹង​មេជីវិតញី​(ដែលបព្ចោញ​ដោយកន្សោម​ពងស្ដ្រី)។ បន្ទាប់​ពីលេប​ថ្នាំនេះ ជាតិ​អ័រម៉ូន​បានសាយភាយ​បន្ដិចម្ដងៗ​ចូលក្នុងរាង កាយ​របស់ស្ដ្រី ធ្វើឱ្យ​ទឹករំអិល​មាត់ស្បូន​ឡើងខាប់​អាចរារាំង​ការជ្រៀត​ចូលនៃ​មេជីវិត​ឈ្មោល​ទៅក្នុងស្បូន។ បន្ថែម​ពីលើនេះ ជាតិអ័រម៉ូន​ក៏បាន​បញ្ឈប់​ការខ្ជាក់​មេជីវិតញី និង​ធ្វើឱ្យស្រទាប់​ក្នុងរបស់​ស្បូនប្រែប្រួល​ដែលជា​ហេតុធ្វើ​ឱ្យការបង្កកំណើត​ត្រូវបាន​ការពារ ឬ​រាំង ស្កាត់។ ថ្នាំលេប​ពន្យារកំណើត​មួយបន្ទះ​មានប្រសិទ្ធភាព​អាចការពារការ​មានផ្ទៃពោះ​បានភ្លាមៗ រយៈពេល​មួយខែ។ បើលេប​ថ្នាំស៊ីអូស៊ី​ត្រឹមត្រូវ និង​ទៀងទាត់ថ្នាំ មាន​ប្រសិទ្ធភាព​ដល់ទៅ​៩៩.៩%​ឯណោះ។

ពេលដែល​ស្ដ្រីអាច​ប្រើថ្នាំ​គ្រាប់ពន្យារ​កំណើតបាន

ស្ដ្រីអាច​លេបថ្នាំ​គ្រាប់បាន​គ្រប់ពេល​ទាំងអស់ ឱ្យ​តែប្រាកដ​ថាគ្មាន​ផ្ទៃពោះ។ ជាទូទៅ​ស្ដ្រីអាច​លេបថ្នាំ​បានទៅ​តាមពេល វេលា​កំណត់​ណាមួយ​ដូចខាង​ក្រោម។

  • ចាប់ពី​ថ្ងៃមាន​រដូវរហូត​ដល់ថ្ងៃទី៥
  • បន្ទាប់​ពីសម្រាល​ភ្លាម បើមិន​បំបៅដោះកូន
  • ៦សប្ដាហ៍​ក្រោយពី​សម្រាល​ដោយបំបៅ​ដោះកូន ឬ​ក្នុងអំឡុង​ថ្ងៃក្រោយ​រលូត ឬ​រំលូតដោយ​គ្មានការបង្ក ឬ​ឆ្លងរោគ។

ថ្នាំនេះ​សមស្រប​ចំពោះស្ដ្រី​ភាគច្រើន​ដែលពេញវ័យ និង​ស្ដ្រីមិន​ទាន់​អស់រដូវ ប៉ុន្ដែ​ស្ដ្រីដែល​លេបថ្នាំ​គ្រាប់ពន្យារ​កំណើតនេះ ត្រូវមាន​លក្ខណៈ​សម្បត្ដិ​មួយចំនួន ឬ​ក្នុងគោល​បំណង​ណាមួយ​ដូចតទៅ។

  • ត្រូវការ​មធ្យោបាយ​ពន្យារ​កំណើត​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់
  • មានការ​ចងចាំ​ការលេប​ថ្នាំបានល្អ
  • មានឈាម​រដូវច្រើន
  • មានប្រវត្ដិ​កូនក្រៅ​ស្បូន
  • ឧស្សាហ៍​ឈឺចាប់​ពេលមាន​រដូវ។
រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីប្រើ​ប្រាស់ថ្នាំ​គ្រាប់ពន្យារ​កំណើត

1. ថ្នាំគ្រាប់​ស៊ីអូស៊ី ៖ ស្ដ្រីត្រូវ​លេបតាម​សញ្ញា​ព្រួញដំបូង មួយថ្ងៃ​មួយគ្រាប់​ឱ្យបាន​ទៀងទាត់​ពេល ហើយ​លេបរហូត​ទាល់តែ អស់ថ្នាំ​ពីបន្ទះ ទោះជា​កំពុងមាន​រដូវក៏​ដោយ។ នៅពេល​អស់ថ្នាំហើយ សូមបន្ដ​លេបបន្ទះ​ថ្មីទៀត។

  • បើស្ដ្រីភ្លេច​លេបថ្នាំ​សកម្ម​(ពណ៌លឿង)​១គ្រាប់លើស​ពី១២ម៉ោង ស្ដ្រី​គួរតែ​អនុវត្ដ​ប្រការ​មួយចំនួន ត្រូវលេប​មួយគ្រាប់ ភ្លាម​ពេលនឹក​ឃើញ ហើយលេប​មួយគ្រាប់​ទៀតនៅ​ម៉ោង​ដដែល។
  • ចំណុច​មួយទៀត អាច​លេបពីរ​គ្រាប់តែម្ដង បើនឹក​ឃើញ​ចំពេល​ត្រូវលេប និងបន្ដ​លេបថ្នាំ​ដែលនៅ​សល់ក្នុង​បន្ទះដូច ធម្មតា​រហូតអស់​១បន្ទះ។
  • បើក្នុង​ករណី​ភ្លេចលេបថ្នាំ​សកម្ម​(ពណ៌លឿង)​២គ្រាប់ ឬ​លើស​ពីនេះ ស្ដ្រីគួរ​តែលេប​គ្រាប់ថ្នាំ​ដែលភ្លេច​ទីមួយ​ភ្លាមពេល នឹកឃើញ រួចចោល​គ្រាប់ថ្នាំ​ភ្លេចដែល​នៅសល់ ហើយ​បន្ដលេប​គ្រាប់ថ្នាំ​១ថ្ងៃ១​គ្រាប់ដូច​ធម្មតារហូត​ដល់អស់​ពីបន្ទះ និង​ប្រើប្រាស់ ស្រោម​អនាម័យ​ក្នុងពេល​រួមរ័ក ឬ​តមមិនរួមភេទ​រយៈពេល៧​ថ្ងៃក្នុងពេល​ដែលលេប​ថ្នាំសល់​ក្នុងបន្ទះ រហូតទាល់​តែអស់​ថ្នាំក្នុង​បន្ទះ នោះ។
  • បើលោកស្រី​អ្នកនាង​ភ្លេចថ្នាំ​ដែលមាន​ជាតិដែក​(ពណ៌ត្នោត) លោកស្រី​អ្នកនាង​ត្រូវចោលថ្នាំ​ដែល​ភ្លេចនោះ ហើយបន្ដ ថ្នាំដែល​នៅសល់​ធម្មតា​រហូតអស់​ពីបន្ទះ។

2. ថ្នាំគ្រាប់​ភីអូភី ស្ដ្រីត្រូវលេប​គ្រាប់ថ្នាំ​តាមសញ្ញា​ព្រួញដំបូង​មួយថ្ងៃ​មួយគ្រាប់​ឱ្យទៀងទាត់​ពេលម៉ោង ហើយ​លេបរហូត ទាល់តែ​អស់ថ្នាំ​ពីបន្ទះ ទោះជា​កំពុងមាន​រដូវ​ក៏ដោយ។ នៅពេល​អស់ថ្នាំហើយ សូមបន្ដ​លេបបន្ទះ​ថ្មីទៀត។ បើភ្លេច​លេប១គ្រាប់ លើសពី​៣ម៉ោង ស្ដ្រីគួរតែ ៖

  • លេប១​គ្រាប់ភ្លាម​ពេលនឹក​ឃើញ ហើយបន្ដ​លេបថ្នាំ​ដែលនៅ​សល់ក្នុង​បន្ទះដូច​ធម្មតា​រហូត​អស់​ពីបន្ទះ
  • ប្រើ​ស្រោមអនាម័យ ឬ​តមរួមភេទ​រយៈពេល​២ថ្ងៃ ក្នុងខណៈ​ដែលនៅ​សល់រហូត​អស់​ពីក្នុងបន្ទះ
  • បើរួមរ័ក​ក្នុងចន្លោះ​ពេលដែល​ភ្លេចលេបថ្នាំ​ត្រូវទៅ​ជួបជា​មួយគ្រូពេទ្យ ដើម្បី​ពិភាក្សា​ពីការការពារ​កំណើត​បន្ទាន់។

គុណ​សម្បត្ដិ​ថ្នាំគ្រាប់​ពន្យារ​កំណើត

ថ្នាំគ្រាប់​ពន្យារកំណើត​ទាំងពីរ​ប្រភេទនេះ​មានប្រយោជន៍​ជារួមគឺ ៖

  • មាន​សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ ងាយ​ប្រើប្រាស់ និង​ឆាប់មាន​កូនវិញ ពេលឈប់​ប្រើថ្នាំ
  • បន្ថយការ​ឈឺចាប់​ពេលមាន​រដូវ បន្ថយ​ការធ្លាក់​ឈាមរដូវ មិនរំខាន​ការរួមរ័ក​ផ្លូវភេទ
  • បន្ថយ​ភាពស្លេក​ស្លាំងរបស់​ស្ដ្រី និងធ្វើ​ឱ្យរដូវ​មកទៀង​ទាត់ល្អ
  • បន្ថយ​ការប្រឈម​មុខទៅនឹង​ជម្ងឺមហារីកស្បូន កន្សោម​ពងជាដើម​ផងដែរ។
  • ថ្នាំគ្រាប់​ភីអូភី​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សមស្រប​ចំពោះ​ស្ដ្រីដែល​បំបៅដោះ​កូនដោយ​មិនបន្ថយ​បរិមាណ​ទឹកដោះ​ឡើយ។

គុណវិបត្ដិ​ថ្នាំគ្រាប់​ពន្យារ​កំណើត

ស្ដ្រីភាគ​ច្រើនប្រើថ្នាំ​លេបនេះ​មិនមាន​ផលរំខាន​អ្វីទេ។ ប៉ុន្ដែ​ស្ដ្រីខ្លះ​មានផល​រំខានមួយ​ចំនួន ៖

1. ស្ដ្រីដែល​ប្រើថ្នាំ​ស៊ីអូស៊ី ច្រើន​ជួបបញ្ហា​បន្ដិចបន្ដួច ដូចជា​ដោះឡើង​តឹង ឬ​ឈឺដោះ ឈឺក្បាល វិលមុខ ចង្អោរ ឡើង ទម្ងន់ និង​រាំងរដូវ​ជាដើម។ ផលរំខាន​ទាំងនេះ​នឹងបាត់​ទៅវិញ បន្ទាប់ពី​លេបថ្នាំ​បាន៣ ឬ​៤បន្ទះ។

2. ស្ដ្រីដែល​ប្រើថ្នាំភីអូភី ធ្លាក់ឈាម​តិចៗចន្លោះ​រដូវមិនទៀង ឬ​គ្មានឈាម​រដូវ ឈឺក្បាល​តិចៗ​ជាដើម។ ផលរំខាន ទាំងនេះ​មិនមែន​ជារោគ​សញ្ញា​នៃជម្ងឺទេ ហើយ​ក៏មិន​មានបង្ក​ភាពធ្ងន់ធ្ងរ ឬ​បណ្ដាល​ឱ្យប៉ះពាល់​ដល់សុខភាព​របស់ស្ដ្រី​ក៏ទេដែរ។ វានឹង បាត់បង់​ទៅវិញ​មួយរយៈ​ពេលក្រោយ។

វីធីថែទាំ​សុខភាព ពេលប្រើ​ថ្នាំគ្រាប់​ពន្យារ​កំណើត

គ្រប់ស្ដ្រី​ដែល​ជ្រើសរើស​ការពន្យារ​កំណើត​ដោយ​ប្រើថ្នាំគ្រាប់ ត្រូវមក​ពិនិត្យ​សុខភាព​ជាទៀងទាត់​នៅពេលមួយ​ខែបន្ទាប់ពីប្រើថ្នាំ៣​ខែក្រោយ និង​មួយឆ្នាំ​ក្រោយ​មកទៀត តាមការ​កំណត់​របស់គ្រូពេទ្យ ឬ​មន្ទីរពេទ្យ និង​ទទួលថ្នាំ​ជាបន្ដ បើសិន​ជាគ្មានរោគ សញ្ញា។ ប៉ុន្ដែ​នៅពេល​មានសញ្ញា​មួយចំនួន ស្ដ្រីត្រូវរួសរាន់​មកកាន់​មន្ទីរពេទ្យ។

1. ស្ដ្រីដែល​ប្រើថ្នាំ​ស៊ីអូស៊ី

  • ភ្នែក ឬ​ស្បែកឡើង​លឿង
  • ឈឺពោះ​ផ្នែកខាង​ក្រោមខ្លាំង
  • ស្រវាំងភ្នែក
  • ឈឺទ្រូង ហើយពិបាក​ដកដង្ហើម
  • ឈឺជើងខ្លាំង

2. ស្ដ្រីដែល​ប្រើថ្នាំ​ភីអូភី

  • បាត់រដូវ​បន្ទាប់ពី​មានរដូវ​ទៀងទាត់រយៈ​ពេលយូរ​មកហើយ
  • ធ្លាក់ឈាម​រដូវច្រើន​មិនធម្មតា
  • ភ្នែក ឬ​ស្បែកឡើង​លឿង
  • ឈឺពោះ​ផ្នែកខាង​ក្រោមខ្លាំង
  • ឈឺក្បាលខ្លាំង ឬ​ស្រវាំងភ្នែក

ករណី​ហាមប្រើប្រាស់​ថ្នាំគ្រាប់​ពន្យារ​កំណើត

មិនមែន​គ្រប់ស្ដ្រី​ទាំងអស់ សុទ្ធ​តែអាច​ប្រើប្រាស់​ថ្នាំគ្រាប់​ពន្យារ​កំណើត​បាននោះទេ។ ក្នុងករណី​ដែលស្ដ្រី​មិនអាច​ទទួលការ ពន្យារ​កំណើត​បាន វាទាក់ទង​នឹងបញ្ហា​សុខភាពមួយ​ចំនួនរបស់​ស្ដ្រីនោះ។

  • ស្ដ្រីដែល​ទើបតែ​សម្រាល​កូនបានរយៈ​ពេលតិច​ជាង៦​សប្ដាហ៍
  • ស្ដ្រីដែល​ជក់បារី​លើសពី១៥​ដើមក្នុង​មួយថ្ងៃ
  • ស្ដ្រីដែល​មានជម្ងឺ​លើសឈាម ទឹក​នោមផ្អែម ជម្ងឺបេះដូង ជម្ងឺមហារីក​សុដន់ ជម្ងឺ​រលាក​ថ្លើមសកម្ម ទាចទឹក​ធ្ងន់ធ្ងរ ជម្ងឺប្រ កាំង ជម្ងឺ​សរសៃ​ប្រសាទ​ជាដើម។

ដំបូន្មាន​អ្នកជំនាញ

ទោះជា​យ៉ាងណា គ្រប់ស្ដ្រី​ទាំងអស់​មិនត្រូវ​សម្រេចចិត្ដ​ប្រើប្រាស់​ថ្នាំពន្យារ​កំណើត​ណាមួយ ដោយ​មិនបាន​ទទួលការ​ប្រឹក្សា ពីគ្រូពេទ្យ​ជំនាញ និង​ការពិនិត្យ​សុខភាព​ជាមុនទេ។ ព្រោះថា​មានតែ​វិធីនេះទេ ទើបអាច​ធានាថា​លោកស្រី​អ្នកនាង​មានសុវត្ថិភាព​ក្នុងការ​ប្រើប្រាស់។ កន្លែង​ដែលធានា​ដល់ការផ្ដល់​សេវាពន្យារ​កំណើត គឺ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *