ម្ដាយគ្រប់រូបតែងតែចង់បានបុត្រដែលមានសុខភាពល្អ ទ្រលុកទ្រលន់ និងឆ្លាតវៃ។ ដូចគ្នានេះដែរ សម្រាប់លោកស្រីសុខា សុធានី ដែលជាពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងជាវេជ្ជបណ្ឌិតទៀត សព្វថ្ងៃនេះលោកស្រីមានបុត្រមួយនាក់។ កូនស្រីមាន អាយុទើបតែ២ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែគេមានទម្ងន់២១គីឡូទៅហើយ។ កូនរបស់លោកស្រីជាក្មេងដែលវៃឆ្លាត និងមានសុខភាពល្អទៀត ផង។ តើលោកអ្នកជាមាតាបិតាចង់ដឹងពីវិធីសាស្ដ្រក្នុងការថែទាំបុត្ររបស់លោកស្រីឬទេ?
សម្រាប់ទំព័រសុខភាពស្ដ្រី មាតា និងបុត្ររបស់ទស្សនាវដ្ដីសុខភាពយើង នៅលេខនេះ សូមបង្ហាញជូនលោកអ្នកពីវិធីសាស្ដ្រ ក្នុងការថែទាំបុត្ររបស់លោកស្រីតាំងពីពេលមានផ្ទៃពោះមក ដោយជួបសម្ភាសន៍ជាមួយលោកស្រីផ្ទាល់។ តាមរយៈបទពិសោធន៍ របស់លោកស្រីខាងក្រោមនេះ តើមាតាទាំងឡាយគួរយកជាគំរូដែរឬទេ?
ការថែរក្សាគភ៌
1. ឥរិយាបថ និងការធ្វើការងារពេលមានផ្ទៃពោះ ៖ នៅពេលមានផ្ទៃពោះ ស្ដ្រីមួយចំនួនតែងគិតថាត្រូវថ្នមខ្លួន ពេលខ្លះ គាត់ថ្នមខ្លួនជ្រុលពេក ធ្វើឱ្យសុខភាពបែរជាទ្រុឌទ្រោមទៅវិញ។ សម្រាប់លោកស្រីវិញ ដោយសារលោកស្រីមានការងារច្រើន លោក ស្រីត្រូវធ្វើការធម្មតារហូតដល់ថ្ងៃសម្រាលបុត្រតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលសម្រាលបុត្របានមួយខែកន្លះ លោកស្រី ចូលបម្រើការងារវិញទៀត។ លោកស្រីហាក់គិតបែបវិទ្យាសាស្ដ្របន្ដិចដោយយល់ថាធម្មតាកូន និងម្ដាយមានអារម្មណ៍ទាក់ទងគ្នា។ ដូច្នេះ ក្នុងកំឡុងពេលមានផ្ទៃពោះ ប្រសិនបើលោកស្រីគេងច្រើននៅផ្ទះ នៅពេលសម្រាលរួចមក កូនរបស់លោកស្រី និងខ្លួនលោកស្រី នឹងក្លាយជាក្មេងខ្ជិល ឬស្ពឹកស្រពន់ជាមិនខាន។
លោកស្រីបានពន្យល់អំពីបញ្ហាទាំងនេះថាជាធម្មតានៅពេលមានផ្ទៃពោះ ស្ដ្រីតែងតែមានអាការចាញ់គភ៌ជារឿងធម្មតា។ ទោះបីជាមានសភាពចាញ់បែបនេះក្ដី លោកស្រីនៅតែបន្ដការងារជាធម្មតា។ លោកស្រីយល់ថានៅពេលគភ៌មានអាយុចាប់ពី៣ខែទៅ វាចាប់ផ្ដើមដឹងថាម្ដាយគិតអ្វី និងធ្វើអ្វី។ ហើយម្យ៉ាងទៀតស្ដ្រីមានផ្ទៃពោះមិនត្រូវគិតអ្វីច្រើននោះទេ ប៉ុន្ដែលោកស្រីបានទទួលស្គាល់ ថាជីវិតរស់នៅរមែងជួបនូវវិបត្ដិជាធម្មតា ដូចនេះយើងត្រូវចេះរកវិធីដោះស្រាយ។ ប្រការទាំងប៉ុន្មាននេះហើយ ដែលអាចឱ្យទារក នៅក្នុងផ្ទៃម្ដាយចេះគិតពិចារណា ដឹងពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ គេដឹងពីវិធីគួរដោះស្រាយបញ្ហាដូចម្ដេច តាមរយៈអារម្មណ៍ និង សកម្មភាពការងាររបស់ម្ដាយ។ នៅពេលសម្រាល គេនឹងក្លាយជាក្មេងឆ្លាត។ លោកស្រីត្រេកអរជាមួយនឹងបុត្រីរបស់លោកស្រី នៅ ពេលដែលគេសម្រាលមក គេជាក្មេងម្នាក់ដែលឆ្លាត ហើយពូកែដោះស្រាយបញ្ហាដែលគេជួបប្រទះ ដោយមិនមានអ្នកណាបង្រៀនគេ ឡើយ គឺហាក់ដូចជាគេដឹងរួចទៅហើយ។
2. ការហាត់ប្រាណពេលមានផ្ទៃពោះ ៖ លោកស្រីតែងក្រោកឡើងនៅពេលព្រឹកព្រលឹមហាត់ប្រាណដោយចាក់ភ្លេង ឬ ចម្រៀង។ លោកស្រីលើកដៃបន្ដិចបន្ដួច ហាត់កាយវិការដែលទាក់ទងនឹងការអង្គុយ ព្រមទាំងដើរច្រើនដើមី់្បជួយសម្រួលដល់ការ សម្រាល។
3. ការទទួលទានចំណីអាហារពេលមានផ្ទៃពោះ ៖ លោកស្រីយកចិត្ដទុកដាក់ជាខ្លាំងលើចំណីអាហារក្នុងកំឡុងពេលនេះ លោកស្រីបង្កើនការទទួលទានអាហារ។ ប្រសិនបើលោកស្រីទទួលទានទៅក្អួត លោកស្រីប្រញាប់ទៅលុបលាងមាត់ចេញ រួចទើប លោកស្រីបន្ដទទួលទានអាហារបន្ដិចៗជាបន្ដទៀត។ លោកស្រីទទួលទានអាហារតិចៗតែច្រើនដង ដើម្បីកុំឱ្យសុខភាពទន់ខ្សោយ។ ឧទាហរណ៍ ពីមុនធម្មតាធ្លាប់ញ៉ាំបាយមួយចាន តែក្រោយត្រូវការញ៉ាំពីរចាន។
លោកស្រីទទួលទានបន្លែច្រើន ដើម្បីឱ្យបុត្ររបស់លោកស្រីមានសាច់ស្អាត សក់ស្អាត មានរោមល្អ។ លោកស្រីទទួលទាន សណ្ដែកច្រើន ព្រោះពពួកសណ្ដែកមានវីតាមីនច្រើនយ៉ាង អាចជួយឱ្យស្បែកស្អាត។ លោកស្រីមិនទទួលទានជាតិផ្អែមច្រើនទេ ជាពិ សេសផ្លែឈើដែលលោកស្រីយល់ថាមានជាតិគីមីច្រើន ដូចជាអាហារកំប៉ុង អាហារផ្អាប់ជូរ ដូចជាជ្រក់ម្ទេស ព្រោះវាងាយនឹងឱ្យរាក រូស។ លោកស្រីទទួលទានអាហារណាដែលលោកស្រីយល់ថាល្អសម្រាប់សុខភាពម្ដាយ និងកូន។ លោកស្រីទទួលទានអាហារបន្ថែម ដូចជាពពួកវីតាមីនអាដែលជួយដល់ភ្នែក វីតាមីនដេ កាល់ស្យូម ត្រីសមុទ្រ និងទទួលទានទឹកដោះគោបន្ថែម ដើម្បជួយឱ្យឆ្អឹង និង ធ្មេញរបស់ទារកលូតលាស់ល្អ។ ទោះបីជាលោកស្រីជាវេជ្ជបណ្ឌិតក៏ដោយ ក៏លោកស្រីទៅពិនិត្យផ្ទៃពោះនៅឯមន្ទីរពេទ្យជារៀងរាល់ ខែដែរ។ គ្រឿងស្រវឹង និងបារី លោកស្រីមិនទទួលទានឡើយ ពោលមុននឹងលោកស្រីទទួលទានអ្វី ក៏លោកស្រីគិតពីកូនក្នុងផ្ទៃដែរ។ អ្វីដែលមិនល្អដល់កូនក្នុងផ្ទៃ លោកស្រីមិនទទួលទានឡើយ។
4. ប្រការតំណមមួយចំនួន ៖
- មិនត្រូវឈោងដៃយករបស់អ្វីដែលនៅទីតាំងខ្ពស់ ឬផុតដៃ
- មិនត្រូវធ្វើ្វដំណើរផ្លូវឆ្ងាយ ព្រោះខ្លាចមានគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពបុត្រក្នុងផ្ទៃជាយថាហេតុ។
ការថែទាំបុត្រ
នៅពេលលោកស្រីសម្រាលបុត្របាន២៤ម៉ោង លោកស្រីបានបំបៅកូនជាមួយទឹកដោះដំបូង។ ដោយហេតុថាកូនតូចបៅ ច្រើន ហើយលោកស្រីជាប់រវល់ជាមួយការងារផង លោកស្រីបានឱ្យកូនបៅទឹកដោះគោបន្ថែម។ នៅពេលកូនអាយុបាន៦ខែ លោកស្រី ឱ្យអាហារបន្ថែមមានបបរជាដើម។ នៅក្នុងបបរមានអង្ករ ពងមាន់ ដំឡូងបារាំង ល្ពៅ ថ្លើមជ្រូក និងត្រកួន រម្ងាស់យកជាតិ រួចកិន បញ្ចុកកូន។ លោកស្រីឱ្យអាហារនេះនៅពេលព្រឹកព្រលឹម បន្ទាប់មកយកបបរនៅសល់ទ់ៅកម្ដៅ។ ពេលព្រឹកបន្ទាប់ពីបញ្ចុកកូនរួច ប្រហែលជាម៉ោង១០ ពេលរសៀល និងពេលល្ងាច លោកស្រីត្រូវបញ្ចុកកូនតូចម្ដងទៀត។
ការថែទាំបុត្ររបស់លោកស្រី គឺជឿជាក់ទៅលើការរស់នៅជាចម្បង ដូចជាការហូបចុកមានអនាម័យ រស់នៅស្អាត នាំឱ្យ មានសុខភាពល្អ។ ជាពិសេសការហូបចុក ប្រសិនបើចេះតែឱ្យកុមារហូបចុកផ្ដេសផ្ដាស ចម្អិនមិនបានឆ្អិនល្អ ឬខ្វះអនាម័យ គេនឹងងាយ ឈឺណាស់។ លោកស្រីកត់សម្គាល់ឃើញថាក្រោយពេលដែលលោកស្រីថែទាំសុខភាពបែបនេះ ឃើញថាកូនលោកស្រីជាក្មេងឆ្លាតមាន ការចងចាំបានល្អ និងមានសុខភាពល្អ។
ចំពោះការថែទាំសុខភាពបុត្រ លោកស្រីយកកូនទៅចាក់ថ្នាំបង្ការគ្រប់៧មុខតាមកម្មវិធីជាតិ។ លោកស្រីងូតទឹកឱ្យកូនជា មួយទឹកក្ដៅឧណ្ហៗរយៈពេល៥ខែ ដើម្បីឱ្យកូនមានសុខភាពល្អ។ លោកស្រីបានសារភាពដែរថាកូនរបស់លោកស្រីធ្លាប់ឈឺ តែទោះបី ជាឈឺ ក៏មិនឈឺរយៈពេលយូរដែរ យ៉ាងច្រើន២ ឬ៣ថ្ងៃប៉ុណ្ណោះ។
រីឯការអនាម័យ លោកស្រីលាងសម្អាតបោកទុកដាក់សម្ភារៈកូននៅដាច់ដោយឡែកពីសម្ភារៈរបស់មនុស្សធំ ដោយលោក ស្រីយល់ថាក្មេងងាយនឹងឆ្លងមេរោគណាស់ ប្រសិនបើយើងធ្វើអនាម័យមិនបានស្អាត។
បណ្ដាំផ្ញើរបស់ សុខា សុធានី
ដើម្បីឱ្យមានសុខភាពល្អ និងសេចក្ដីសុខនៅក្នុងគ្រួសារ សុភាពបុរស និងសុភាពនារីទាំងឡាយ គួរយកចិត្ដទុកដាក់ឱ្យមែន ទែនចំពោះបញ្ហាសុខភាពជាចម្បង។ កាលណាសុខភាពល្អ ការងារក៏ល្អដែរ ហើយបុត្រធីតាក៏មានសុខភាពល្អ គ្រួសារមានសុភមង្គល។ ស្ដ្រីជាមាតាទាំងឡាយ ប្រសិនបើមានបុត្រធីតាឈឺ គួរបញ្ជូនទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីធ្វើការព្យាបាល ទាន់ពេល។ ចូរកុំជឿទៅលើអបីយ៍ជំនឿ ឬទៅទិញថ្នាំដោយខ្លួនឯង ដោយមិនមានវេជ្ជបញ្ជា ព្រោះអាចនាំឱ្យជម្ងឺរបស់កូនលោកអ្នក ទទួលការព្យាបាលយឺតយ៉ាវ ឬអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ នៅពេលមានផ្ទៃពោះ ស្ដ្រីជាម្ដាយមិនគួរទទួលទានអាហារ ដែលមានជាតិផ្អែមពេកនោះទេ ព្រោះអាចនាំឱ្យកូនថ្លោសពិបាកសម្រាល ជួនកាលទៀតម្ដាយអាចកើតជម្ងឺទឹកនោមផ្អែម លើសឈាម ឬព្រាយក្រឡាភ្លើង។ យើងមិនគួរទទួលទានតាមឃ្លាននោះទេ ដែលធ្វើឱ្យលោកស្រីអ្នកនាងធាត់ឥតអំពើ។ នាំឱ្យក្រោយពេល សម្រាលធ្វើឱ្យលោកស្រីអ្នកនាងធាត់មិនមានរាង មានសង្វារពោះ ស្បែករហែក ដើមទ្រូងខូច និងឆាប់ចាស់ទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply