បុត្រធីតាគឺជាខ្សែចំណងចងភ្ជាប់សុភមង្គលគ្រួសារ ដែលជាផ្លែផ្កានៃជីវិតស្នេហា និងជីវិតអាពាហ៍ពិពាហ៍។ ដើម្បីឈាន ដល់ការមានបុត្រធីតា កត្ដាដែលគូស្វាមីភរិយាត្រូវយកចិត្ដទុកដាក់នោះ គឺការថ្នាក់ថ្នមថែរក្សាគ្នាទៅវិញទៅមក ចែករំលែកសុខទុក្ខ រវាងគ្នានឹងគ្នា។ ពេលវេលាមួយដែលស្វាមីភរិយាត្រូវបង្កើនការថ្នាក់ថ្នម ពិសេសនោះគឺអំឡុងពេលមានផ្ទៃពោះ និងក្រោយពីសម្រាល។ ខណៈពេលនោះ ស្ដ្រីជាភរិយាពិតជាត្រូវការជំនួយទាំងកម្លាំងកាយទាំងកម្លាំងចិត្ដពីក្រុមគ្រួសារ សំខាន់បំផុតពីបុរសជាស្វាមី។
ដើម្បីទទួលបាននូវបុត្រធីតាមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវាងវៃ ត្រូវពឹងផ្អែកមួយផ្នែកធំទៅលើសុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ដរបស់ស្ដ្រីជាម្ដាយ។ លោកសាស្ដ្រាចារ្យ លាង ច័ន្ធរិទ្ធ អ្នកឯកទេសផ្នែកសម្ភព និងរោគស្ដ្រី និងជាអនុប្រធានមន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត បានចូលរួមសម្ភាសន៍ជាមួយទស្សនាវដ្ដីសុខភាពយើង ដើម្បីពន្យល់ពីកត្ដាចាំបាច់មួយចំនួនដែលបុរសជាស្វាមីគួរ តែប្រតិបត្ដិចំពោះភរិយា។
ភរិយាមិនអាចអត់ប្ដីបានទេ
ជាស្វាមី និងជាឪពុកដ៏ល្អ គ្មានអ្វីពិបាកក្នុងការប្រពឹត្ដទ្បើយ។ វាអាស្រ័យទៅលើសន្ដានចិត្ដ និងការទទួលខុសត្រូវរបស់ បុរសជាស្វាមីតែប៉ុណ្ណោះ។ ស្ដ្រីសឹងតែ១០០% ទោះបីនៅក្នុងឋានៈណាក៏ដោយ សុទ្ធតែត្រូវការការយកចិត្ដទុកដាក់របស់ស្វាមី ដោយ រាប់តាំងពីប្រការតូចៗទ្បើងទៅ ដូចជាការជួយកិច្ចកាផ្ទះសម្បែង ការចែករំលែកសេចក្ដីសប្បាយ ការជួយគ្នាពេលមានធុរៈ តួយ៉ាង ដូចជាពេលមានជម្ងឺ ពេលពពោះ ពេលសម្រាល ក្រោយពេលសម្រាលជាដើម។ បើស្វាមីទាំងទ្បាយធ្វើបាន គឺវាស្មើគ្រាប់ពេជ្រមាន តម្លៃបំផុតរបស់ស្ដ្រី។
ពេលពពោះ ពេលសម្រាល និងក្រោយពេលសម្រាលកូន ស្ដ្រីត្រូវការជំនួយជាចាំបាច់ពីសំណាក់ក្រុមគ្រួសារ ជាពិសេសពី ស្វាមី។ ក្នុងពេលមានផ្ទៃពោះ ស្ដ្រីតែងតែជួបប្រទះនឹងបញ្ហាចាញ់កូន វិលមុខ ឈឺក្បាល ក្អួតចង្អោរជាដើម។ ការសម្រាលកូន គឺជា ពេលវេលាដែលលំបាកបំផុតក្នុងមួយជីវិតស្ដ្រី។ ក្រោយពេលសម្រាល ស្ដ្រីរិតតែត្រូវការជំនួយទាំងផ្លូវកាយទាំងផ្លូវចិត្ដ ព្រោះពេល នោះស្ដ្រីនៅសរសៃខ្ចីធ្វើអ្វីមិនបានច្រើនទេ។
ស្វាមីល្អត្រូវចេះជួយភរិយា
1. កាតព្វកិច្ចស្វាមីពេលស្ដ្រីពពោះ ៖ ពេលមានផ្ទៃពោះ ស្ដ្រីជាម្ដាយច្រើនមានអាការប្រែប្រួលជាច្រើន ដូចជាប្រព័ន្ធសរសៃខ្លួនប្រាណ មនោសញ្ចេតនាទៅជាឆាប់ខឹង ព្រួយចិត្ដខុសធម្មតា ជាពិសេសសម្រាប់ការមានផ្ទៃពោះជាលើកដំបូង។ ហេតុដូច្នេះ ហើយទើបបុរសជាស្វាមី មានតួនាទីជាអ្នកសម្របសម្រួល ផ្ដល់កម្លាំងចិត្ដ និងពង្រឹងសតិអារម្មណ៍របស់ភរិយា កុំឱ្យមានការព្រួយ បារម្ភ ឬភ័យខ្លាចជាដើម។ ជាពិសេសទៅទៀត អាការហេវហត់អស់កម្លាំងរបស់ភរិយា ត្រូវការការផ្គត់ផ្គង់បំប៉នរាងកាយជាចាំបាច់។ ស្វាមីត្រូវរ៉ាប់រងភារកិច្ចនេះ ដូចជាបង្កអារម្មណ៍ជ្រះថ្លាដើម្បីឱ្យភរិយាខំប្រឹងក្នុងការទទួលទានអាហារបំប៉នទាំងឡាយ ទោះបីជានាង ដឹងច្បាស់ថាពេលទទួលទានចូលទៅនឹងត្រូវក្អួតចេញមកវិញក៏ដោយ។ ការពោលពាក្យផ្អែមល្ហែមលួងលោម “អូនខំប្រឹងញ៉ាំឱ្យបានច្រើន ដើម្បីកូនរបស់ពួកយើងកើតមកឆ្លាតមានសុខភាពល្អ។ សូមព្យាយាមរំលឹកភរិយាអំពីពេលវេលាដែលត្រូវទៅពិនិត្យផ្ទៃពោះ ឬក៏ លេបថ្នាំតាមវេជ្ជបញ្ជាជាដើម។ សូមចៀសវាងកុំឱ្យភរិយាធ្វើកិច្ចការធ្ងន់ពេក លើកវត្ថុលើសពី១២គីទ្បូក្រាម ឈោងចាប់របស់អ្វីដែល ខ្ពស់ហួសពីដៃ ព្រោះថាបើស្ដ្រីធ្វើការធ្ងន់ក្នុងពេលមានផ្ទៃពោះ អាចមានការពិបាកពេលសម្រាល ឬក៏កើតកូនមិនគ្រប់ខែ អាចមិនគ្រប់ គីទ្បូជាដើម។ ប៉ុន្ដែមិនត្រូវឱ្យភរិយានៅស្ងៀមរហូតទេ លំហាត់ប្រាណ និងការងារស្រាលៗអាចបំបាត់អាការស្ពឹកស្រពន់ ធ្វើឱ្យស្ដ្រី និង ទារកក្នុងផ្ទៃមានសុខភាពល្អ។ ប្រការពិសេសជាងនេះទៅទៀត សូមកុំចម្លងរោគផ្សេងៗឱ្យភរិយា ដូចជាជម្ងឺកាមរោគ ស្វាយប្រមេះ ទាមឡា ជម្ងឺអេដស៍ជាដើម ព្រោះថាបើឪពុកមានជម្ងឺអាចចម្លងទៅឱ្យម្ដាយ ហើយចម្លងបន្ដទៅឱ្យកូនក្នុងផ្ទៃជាបន្ដទៀត។ បើ ស្រឡាញ់កូន សូមថែរក្សាសុខភាពខ្លួនឯង ក៏ដូចជាសុខភាពរបស់ភរិយាដែរ។
2. កាតព្វកិច្ចស្វាមីពេលសម្រាលកូន ៖ ថ្វីត្បិតតែវាមានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្ដែវត្ដមានរបស់បុរសជាស្វាមីនៅក្បែរគឺពិតជាបានរួមចំណែកសំខាន់ជាជំនួយឱ្យស្ដ្រីមានកម្លាំងក្នុងការសម្រាល។ ស្ដ្រីនឹងគិតថាស្វាមីរបស់គាត់ពិតជាស្រឡាញ់ និងបារម្ភពីគាត់ ខ្លាំងណាស់។ សូមធ្វើយ៉ាងណាកុំឱ្យភរិយាមានអារម្មណ៍ថាលោកជាប្ដីត្រូវការនាងដើម្បីតែការរួមភេទប៉ុណ្ណោះ។ ស្ដ្រីមួយចំនួនយល់ថា ការស្គាល់សុខទុក្ខភរិយានៅពេលសម្រាល ជាអ្វីដែលនាងចង់បានបំផុតក្នុងមួយជីវិតគូស្រករ។
3. កាតព្វកិច្ចស្វាមីក្រោយពេលសម្រាលកូន ៖ ភរិយាសរសៃខ្ចីធ្វើអ្វីមិនកើត ស្វាមីដ៏ល្អត្រូវជួយនាងឱ្យបានច្រើន គឺត្រូវទទួលធ្វើការងារសព្វបែបយ៉ាងក្នុងផ្ទះ។ ក្រោយពេលសម្រាល ស្ដ្រីត្រូវការថ្នមខ្លួន ព្រោះបើមិនប្រុងប្រយ័ត្ន អាចបណ្ដាលឱ្យជាទាស់សរសៃ ដែលចាស់ៗនិយមហៅថារោគទាស់ដែលមានការពិបាកព្យាបាល។ ប៉ុន្ដែបច្ចុប្បន្នដោយបញ្ហាជីវភាព បុរសមួយចំនួន ជាពិសេស នៅតាមទីក្រុង មិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំថ្នាក់ថ្នមភរិយាប៉ុន្មានទេ ដោយស្វាមីខ្លះទុកឱ្យភរិយានៅជាមួយសាច់ ញាតិ ដូចជាឪពុកម្ដាយ បងប្អូនជាដើម។ បើមិនបានថ្នាក់ថ្នមផ្លូវកាយ សូមថ្នាក់ថ្នមផ្លូវចិត្ដរបស់នាងផង។
ដំបូន្មានអ្នកជំនាញ
ពេលរៀបការ គឺមានបំណងចង់កសាងគ្រួសារ។ ដូចនេះត្រូវខំពង្រឹងស្មារតីទៅវិញទៅមក ជួយដោះស្រាយបញ្ហារួមគ្នា ពុំ ត្រូវមើលបំណាំគ្នាឡើយ។ ត្រូវយល់ថាចាប់ពីថ្ងៃដែលលោកអ្នករៀបការរហូតដល់វ័យចំណាស់ គឺមានរយៈពេលយូរខ្លាំងណាស់ ហេតុនេះលោកអ្នកត្រូវខិតខំកសាងអំពើល្អរវាងគ្នានឹងគ្នា ដើម្បីបន្សល់ទុកនូវគ្រួសារមួយដែលមានការគោរពស្រឡាញ់ និងសុភមង្គល។ សុភមង្គលអាចកើតឡើងបានលុះត្រាតែមានសេចក្ដីស្នេហាខ្ជាប់ខ្ជួន ការព្រមព្រៀងយល់ចិត្ដថ្លើមគ្នា និងយល់អំពីភារកិច្ចជាប្ដីជាប្រពន្ធ រៀងៗខ្លួន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply