សុភាពនារីទាំងឡាយ តែងតែចង់បានសម្រស់ផូផង់ ដែលជាទីទាក់ទាញភ្នែករបស់អ្នកផងទាំងពួង។ មិនថាតែសម្រស់ផ្ទៃមុខ រូបរាងកាយប៉ុណ្ណោះទេ សក់ក៏ជាចំណែកមួយដែលអ្នកនាងកញ្ញាគួរចាប់អារម្មណ៍ ប្រុងប្រយ័ត្ន និងថែរក្សាជាប្រចាំផងដែរ។ បើ សរសៃសក់របស់អ្នកនាងកញ្ញាស្រស់ស្អាត ស្រស់ថ្លា ឬទន់រលោង គឺរិតតែជួយលើកសម្រស់អ្នកនាងកញ្ញាមួយកម្រិតថែមទៀត។ សក់បែកចុង គឺជាក្ដីបារម្ភមួយដែលត្រូវគិតគូរ។
ដើម្បីជាជំនួយដល់អ្នកនាងកញ្ញាក្នុងការថែទាំសក់ឱ្យបានស្រស់ស្អាត ទស្សនាវដ្ដីសុខភាពយើង បានជួបធ្វើការសម្ភាសន៍ជា មួយអ្នកជំនាញនៅហាងកែសម្ផស្ស ឡាលីនប៊ីយូធីឃែរ៍។
សក់បែកចុង?
សក់បែកចុង គឺជាសក់មានសភាពស្ងួត គ្មានទម្ងន់ និងខ្វះសារធាតុចិញ្ចឹមសម្រាប់បម្រុងសក់។ នៅតាមសរសៃសក់នីមួយៗ មានការប្រេះបែក ឬស្នាមកង់ៗនៅលើសរសៃសក់។ ពេលដែលយើងសិតមកមានដាច់កម្ទេចសក់ដែលបែកចុង ហើយសរសៃសក់ ដែលបែកចុងមានលក្ខណៈសំពោង និងបាសចុង។ មានសក់មួយចំនួនបែកចុងខ្លាំង ប្រេះបែកជាបី ឬជាបួននៅចុងសក់ មានគ្រើមនៅ តាមសរសៃសក់ និងមានលក្ខណៈផុយតែម្ដង។
ប្រភេទសក់បែកចុង
យុវវ័យសម័យបច្ចុប្បន្ន ភាគច្រើនមានការនិយមចូលចិត្ដការរចនា ឬការតុបតែងសក់ទៅតាមសម័យទំនើប ដែលជាបញ្ហា ប្រឈមមុខបំផុតនឹងការបែកចុង។ បញ្ហាសក់បែកចុង គឺមានកម្រិតធ្ងន់ និងកម្រិតស្រាល។
- កម្រិតធ្ងន់ ៖ បែកចុងបណ្ដាលមកពីការអ៊ុតសក់ត្រង់់ អ៊ុតសក់រួញ គាបសក់ ហាយឡាយសក់ ឬលាបពណ៌សក់ជាញឹកញាប់ដែលបណ្ដាលឱ្យសក់បែកចុង និងឆេះ។ បញ្ហាដែលប៉ះពាល់ធ្ងន់ធ្ងរ គឺសក់ដែលមានសរសៃតូចឆ្មា ងាយទទួលរងប្រតិកម្មគីមីនៅ ក្នុងផលិតផល។ ព្រោះសរសៃសក់ទន់ មិនសូវរឹងមាំ ពេលដែលត្រូវនឹងសារធាតុគីមី ធ្វើឱ្យសក់ប្រែប្រួលខុសពីសភាពដើមយ៉ាង រហ័ស។
- កម្រិតស្រាល ៖ ភាគច្រើនកើតឡើងដោយសារសក់នោះមានសភាពស្ងួត ខ្វះការថែទាំ ដូចជាការកក់សក់ ការជ្រើសរើស សាប៊ូដែលមិនមានគុណភាពជាដើម។ សរសៃសក់ធំពីធម្មជាតិមិនសូវមានបញ្ហាបណ្ដាលមកពីសារធាតុគីមីដែលមាននៅក្នុងផលិតផល ដែលមិនត្រូវនឹងសរសៃសក់របស់យើងនោះទេ។
វិធីថែទាំសក់បែកចុង
ចំពោះសក់ដែលជួបនឹងបញ្ហាបែកចុងហើយ សូមកាត់ ឬច្រឹបចុងសរសៃសក់ដែលប្រេះបែក ឬតម្រឹមចុងសក់របស់អ្នកនាង កញ្ញាឱ្យស្មើ។ រួចហើយសឹមធ្វើការកក់សក់ឱ្យស្អាត ហើយត្រូវជូតសក់ឱ្យស្ងួតជាប្រចាំ។ លើសពីនេះទៅទៀត ត្រូវយកឡេ ឬប្រេង បន្ទន់សក់មកលាបចុងៗសក់ ដើម្បីកុំឱ្យសក់ស្ងួត។
វិធីបង្ការកុំឱ្យសក់បែកចុង
ការថែរក្សា និងការការពារសរសៃសក់ឱ្យរឹងមាំ ទន់រលោង និងមានសំណើមជាប់ជានិច្ចនោះ គឺត្រូវមានវិធានការក្នុងការ កក់សក់ ត្រូវចេះជ្រើសរើសយកផលិតផលណាដែលត្រូវនឹងសរសៃសក់ ត្រូវលាបប្រេងបន្ទន់សក់ និងអប់សក់ជាប្រចាំ។ ចៀសវាងការ ប្រើចាហួយលាបលើសក់ ព្រោះវាអាចធ្វើឱ្យសក់រឹង និងបែកចុង។ គួរប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឡេលាប និងថ្នាំអប់សក់ជំនួយ សក់។ ព្រោះបើសិនជាអ្នកនាងកញ្ញាប្រើផលិតផលដោយមិនបានពិនិត្យឱ្យបានច្បាស់លាស់ អាចធ្វើឱ្យសក់អ្នកនាងកញ្ញាខូច។ គប្បីការពារសក់កុំឱ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក កម្ដៅថ្ងៃក្ដៅក៏អាចបណ្ដាលឱ្យសក់បែកចុងផងដែរ។ គប្បីកុំចូលចិត្ដប្រើថ្នាំលាបពណ៌សក់ញឹកញាប់ ពេក ព្រមទាំងសូមចៀសវាងការប្រើឧបករណ៍បាញ់សក់ដែលធ្វើឱ្យសក់រឹង និងការលេងម៉ូដសក់ហួសហេតុ។
ដំបូន្មានអ្នកជំនាញ
មុននឹងអ្នកនាងកញ្ញាជ្រើសរើសផលិតផលមកប្រើ ត្រូវយល់ដឹងឱ្យបានច្បាស់ពីគុណប្រយោជន៍ និងគុណវិបត្ដិរបស់វាជាមុន សិន។ ក្នុងករណីដែលអ្នកនាងកញ្ញាមានបញ្ហាសក់បែកចុងខ្លាំងដែលពិបាកក្នុងការកែ ឬព្យាបាល អ្នកនាងកញ្ញាត្រូវទៅពិគ្រោះជាមួយ អ្នកជំនាញណាមួយ ប្រយោជន៍ធ្វើការព្យាបាលសក់របស់អ្នកនាងកញ្ញាឱ្យមានសភាពល្អស្អាតឡើងវិញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply