កុមារនៅក្នុងប្រទេសកម្ពុជាមួយចំនួនមានភព្វវាសនាល្អណាស់ ដែលបានកើតមកមានកាយសម្បទាគ្រប់គ្រាន់ មិនមានជម្ងឺពីកំណើត។ កុមារខ្លះអាចមានរហូតដល់ទៅកម្លាំងចិត្ដ និងបញ្ញាលើសពីកុមារដទៃទៀតផង។ កុមារខ្លះទៀតមិនបានទទួលការយកចិត្ដទុកដាក់ពីឪពុកម្ដាយ ទោះបីជាមានក្ដី មិនមានជម្ងឺពីកំណើតក្ដី តែដោយការធ្វេសប្រហែសមិនបានព្យាបាលជម្ងឺពីស្រាល ជាហេតុនាំឱ្យកុមារត្រូវរងគ្រោះ ជម្ងឺរិតតែធ្ងន់ធ្ងរ។ ហឺតជាជម្ងឺមួយដែលងាយរងគ្រោះផងដែរ ប្រសិនមិនបានពិនិត្យ និងព្យាបាលឱ្យបានទាន់ពេល។
ជម្ងឺហឺត ជាអ្វី?
ជម្ងឺហឺត គឺជាជម្ងឺផ្លូវដង្ហើមរ៉ាំរ៉ៃមួយដែលកើតមានញឹកញាប់ក្នុងចំណោមជម្ងឺរ៉ាំរ៉ៃទាំងឡាយនៅលើពិភពលោក។ ហឺតអាចជាជម្ងឺតពូជដែរ ជម្ងឺប្រភេទនេះកំពុងតែកើនឡើងខ្លាំងក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ពិសេសទៅលើកុមារ។ ហឺតគ្មានមេរោគទេ តែមេរោគខ្លះជាអ្នកចាក់ឱ្យវាកើតឡើង និងខ្លាំងឡើង។ ហឺតមិនមែនជាប្រភេទជម្ងឺឆ្លងទេ ដូច្នេះការប្រាស្រ័យទាក់ទងមិនសូវជាបញ្ហាទេ។ តែមេរោគជម្ងឺផ្លូវដង្ហើមអាចឆ្លងបាន។
មូលហេតុជម្ងឺហឺត
តាមរយៈការសាកសួរទៅកាន់ក្រុមគ្រួសារ បើរកឃើញថាមាននរណាម្នាក់ធ្លាប់កើតហឺត ឬមានប្រតិកម្មជាមួយនឹងសារធាតុផ្សេងៗ ដូចជាប្រតិកម្មជាមួយនឹងរោមឆ្កែ រោមឆ្មា ក្លិនទឹកអប់ ឬប្រតិកម្មជាមួយនឹងស៊ុតជាដើម វាជាកត្ដាមួយដែលអាចឱ្យកុមារងាយឆ្លង ឬអាចមានជម្ងឺហឺតដែរ។ ព្រោះអាការហត់របស់កុមារនៅពេលជួបជាមួយនឹងលម្អងផ្កា ឬសារធាតុប្រតិកម្មផ្សេងទៀតអាចលាប់ទៅជាហត់ខ្លាំង ហើយនឹងអាចក្លាយជាជម្ងឺហឺតតែម្ដង។ វាអាចយោងទៅតាមបរិស្ថានជុំវិញដែរ ដូចជាមានសារធាតុខ្លះនាំឱ្យមានប្រតិកម្ម ធូលីដីដែលមានបង្កប់សត្វល្អិត ឬដង្កូវមាននៅក្នុងកន្ទេល និងស្រោមខ្នើយជាដើម ក៏អាចជំរុញនាំឱ្យក្លាយជាជម្ងឺ ហឺតពេលដែលដកដង្ហើមចូល។ សត្វកន្លាតក៏ជាកត្ដាមួយជួយជំរុញឱ្យមានការប្រតិកម្មដែរ មិនចាំបាច់ដល់ចូលក្នុងច្រមុះនោះទេ។ អ្នកខ្លះត្រឹមចាក់ថ្នាំ ក៏នាំឱ្យប្រតិកម្ម។ ហើយលម្អងផ្កាប្រភេទខ្លះ ផ្ទះដែលមានសំណើម ហើយងាយដុះផ្សិត ផ្សែងបារី ភាពកខ្វក់នៃធាតុអាកាស និងការរលាកផ្លូវដង្ហើម ជួនកាលវាទាំងនេះក៏ជាកត្ដាជំរុញផងដែរ។
វិធីបង្ការជម្ងឺហឺតកុមារ
ដើម្បីបង្ការកុំឱ្យកុមារមានជម្ងឺហឺត សូមរក្សាកុមារឱ្យឆ្ងាយពីផ្សែងបារី រោមឆ្កែ រោមឆ្មា និងសារធាតុនានា ដែលក្មេងងាយនឹងរងប្រតិកម្មជាមួយ។ សូមកុំបោសផ្ទះឱ្យហុយចូលច្រមុះ បំបាត់រោមឆ្កែឆ្មា និងសត្វកន្លាតជាដើម។ បង្ការកុំឱ្យជម្ងឺរីករាលដាល ដែលជាករណីនាំឱ្យកុមារមានជម្ងឺហឺត សូមប្រើឱសថណាដែលមានប្រសិទ្ធភាព(តាមការកំណត់)។ មុននឹងហាត់កីឡា កុមារត្រូវមានការបាញ់ថ្នាំ ដើម្បីឱ្យរួមទងសួត រួចចៀសវាងអាការឆាប់ហត់។ អ្នកជម្ងឺត្រូវការការតាមដានយូរអង្វែងពីគ្រូពេទ្យ ចៀសវាងការប្រើឱសថចាក់ ឬលេប ព្រោះវាអាចប៉ះពាល់ច្រើនដល់ឈាម មិនមែនគ្រប់កុមារគួរតែប្រើទេ តែវាអាស្រ័យទៅលើកុមារ។
រោគសញ្ញាជម្ងឺហឺត
ដោយសារវាជាប្រភេទជម្ងឺដែលពាក់ព័ន្ធទៅនឹងផ្លូវដង្ហើម ការធ្វើវិនិច្ឆ័យរករោគសញ្ញានៃជម្ងឺហឺតនេះមានការលំបាកណាស់។ ជួនកាលរកមិនឃើញថាកុមារមានជម្ងឺហឺតទេ ព្រោះវាបានកប់បាត់ទៅក្នុងជម្ងឺផ្លូវដង្ហើម និងជួនកាលកុមារហត់តែពេលរលាកផ្លូវដង្ហើម។ យើងអាចគិតថាកុមារអាចមានជម្ងឺហឺត កាលណាវាមានអាការដកដង្ហើមហត់ ឮសូរងឺតៗ (ដង្ហើមចូលងាយតែពិបាកដង្ហើមចេញ) ឧស្សាហ៍ក្អក ថប់ដង្ហើម (ពេលយប់ ឬពេលព្រលឹម) តឹងទ្រូងជាដើម។ ប្រការល្អបំផុតគួរនាំកុមារមកជួបគ្រូពេទ្យឯកទេសដើម្បីធ្វើការវាស់នូវមុខងារផ្លូវដង្ហើមរបស់កុមារ ដើម្បីកំណត់ថាតើកុមារមានជម្ងឺហឺត ឬគ្រាន់តែជាអាការជម្ងឺផ្លូវដង្ហើមធម្មតា។
ផលវិបាកជម្ងឺហឺតកុមារ
អាការហត់នាំឱ្យកុមារបាត់បង់ឱកាសទៅសាលារៀន មិនមានកម្លាំងកាយសម្បទាបរិបូរណ៍ដូចកុមារដទៃទៀត។ ការរលាកផ្លូវដង្ហើមប៉ះពាល់ដល់ការរីកលូតលាស់របស់កុមារ។ សួតកុមារត្រូវការការរីកលូតលាស់ បើសួតមានបញ្ហា នៅពេលចាស់ទៅនាំឱ្យកុមាររីកធំធាត់មិនបានល្អដូចក្មេងធម្មតា។ ជួនកាលបន្ដហត់ដល់ចាស់ បើសិនមិនបានទទួលការព្យាបាលទាន់ពេល។ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ពេលចាស់ ឬអាចវិវឌ្ឍន៍ដល់ចាស់តែម្ដង និងអាចគ្រោះថ្នាក់ដល់ស្លាប់។ ទោះបីជាកុមារមានកម្លាំងធម្មតាពេលមិនហត់តែបើមានការប្រើកម្លាំងខ្លាំងនាំឱ្យកុមារឆាប់ហត់។ ផ្លូវដង្ហើមមានអាការរលាករ៉ាំរ៉ៃ វាងាយមានប្រតិកម្មជាមួយសារធាតុប្រតិកម្មផ្សេងៗ។ វាអាចចាប់ផ្ដើមហើម ស្ទះ ឬណែនទងសួត ទងសួតត្បៀតតូចដែលរំខានដល់ការចេញចូលនៃខ្យល់ដកដង្ហើម។ បើមានចេញស្លេសនាំឱ្យកាន់តែរំខានដល់ការដកដង្ហើមមួយកម្រិតទៀត។
ការព្យាបាលជម្ងឺហឺតកុមារ
មានការលំបាក និងស្មុគស្មាញនៅក្នុងការព្យាបាលជម្ងឺហឺតកុមារ។ ត្រូវមានការចូលរួម និងសហការណ៍ពីអាណាព្យាបាលពួកគាត់ត្រូវយល់ពីស្ថានភាពនៃជម្ងឺកុមារនេះ និងត្រូវផ្ដល់លទ្ធភាពឱ្យកុមារមានលទ្ធភាពអាចគ្រប់គ្រងជម្ងឺហឺតបានដោយខ្លួនឯង ពិសេសពេលកុមារកំពុងតែហត់។ គ្រូពេទ្យគ្រាន់តែជាអ្នកផ្ដល់ដំបូន្មាន តែអាណាព្យាបាលជាអ្នកអនុវត្ដ និងជាជំនួយការដ៏ល្អ។ បើមានការព្យាបាលត្រឹមត្រូវ វាអាចឱ្យកុមារបានទៅសាលាវិញ អាចប្រកបកិច្ចការ ឬធ្វើការងារបានដូចមនុស្សទូទៅដែរ ពិសេសកុមារអាចលេងកីឡាផ្សេងៗបាន។ ជាទូទៅការព្យាបាលមានពីរដំណាក់កាលសំខាន់ៗ។
1. ដំណាក់កាលទីមួយ ៖ ពេលកុមារមានអាការហត់ ត្រូវប្រើប្រាស់ឱសថ ដូចជាលេប ហិត ឬចាក់ទៅតាមប្រភេទជម្ងឺ ជួនកាលត្រូវតែសម្រាកពេទ្យដើម្បីតាមដានជម្ងឺ។ ជំហាននេះ វាគ្រាន់តែជួយឱ្យកុមារបាត់ហត់សិនតែប៉ុណ្ណោះ។ វាមិនទាន់ចប់ត្រឹមនេះទេ កុមារអាចហត់ទៀត ពេលទងសួតរលាករ៉ាំរ៉ៃជាប្រចាំ និងមិនទាន់ជាទាំងស្រុង។ ពេលកុមារបាត់ហត់ កុមារអាចទៅរៀនបាន តែរយៈក្រោយមកអាចនឹងរើឡើងវិញ បើសិនធ្វេសប្រហែសមិនបានតាមដាន។ ការវាស់មុខងារផ្លូវដង្ហើមច្បាស់លាស់ មិនមែនត្រឹមតែឈប់ហត់តែប៉ុណ្ណោះទេ។ សូមចាំថារាល់ការហត់កុមារតែងមានការរលាកផ្លូវដង្ហើម។
2. ដំណាក់កាលទីពីរ ៖ ការព្យាបាលបង្ការកុំឱ្យហត់វិញ។ ត្រូវការប្រើប្រាស់ឱសថបង្ការជាស្ប៊ាយ(ឧបករណ៍បំពង់បាញ់ថ្នាំហឺតចូលទៅក្នុងសួតតែម្ដង មិនប៉ះពាល់ដល់ឈាម)។ ពពួកក័រទីកូអ៊ីត ជាប្រភេទអ័រម៉ូនសម្រាប់បាញ់ចូលតាមមាត់ឱ្យកុមារកើតហឺត មួយថ្ងៃពីរដងជាដើម តាមការណែនាំរបស់ពេទ្យ។ កុមារអាចហាត់ប្រាណបាន និងមិនចាំបាច់មកដេកពេទ្យ។ ការព្យាបាលបែបនេះ សំខាន់ណាស់។ បច្ចុប្បន្នមិនទាន់មានការអនុវត្ដទេនៅក្នុងប្រទេសមួយចំនួន តែកម្ពុជាមានកម្មវិធីបែបនេះហើយ។ បន្ទាប់ពីការព្យាបាល កុមារអាចដេកលក់បានយ៉ាងស្រួល អាចរស់នៅបានដោយធម្មតា។ បើមិនព្យាបាល កុមារអាចប្រឈមមុខនឹងជម្ងឺនេះអស់មួយជីវិត។ គ្រូពេទ្យត្រូវការព្យាបាលយូរ ដោយយោងទៅតាមមុខងារផ្លូវដង្ហើមរបស់សួត។ មានតែគ្រូពេទ្យឯកទេសទេ ដែលអាចវាយតម្លៃបានថាគួរបន្ដការព្យាបាល ឬត្រូវព្យាបាលរយៈពេលប៉ុន្មានឆ្នាំ។ ការព្យាបាលជម្ងឺហឺតកុមារមិនដូចគ្នាទេ។
ដំបូន្មានអ្នកជំនាញ
អាណាព្យាបាលខ្លះមិនចង់ឱ្យអ្នកដទៃដឹងថាកូនខ្លួនមានបញ្ហានេះទេ ព្រោះពួកគាត់គិតថាជម្ងឺហឺតមិនអាចព្យាបាលបាន ឬខ្មាសគេ ជាហេតុនាំឱ្យកុមារមិនបានទទួលការព្យាបាល។ បើមិនបានទទួលការព្យាបាលទេ នាំឱ្យកុមារមិនមានឱកាសបានធូរស្រាលនិងមានឱកាសធ្វើអ្វីដែលមានប្រយោជន៍ជាច្រើន។ សូមគិត និងមើលក្នុងផ្លូវសុទិដ្ឋិនិយម មានឥស្សរៈជនសំខាន់ៗនៅលើពិភពលោកជាច្រើនដែលមានជម្ងឺហឺត។ ក្រោយពីបានទទួលការព្យាបាលដោយយកចិត្ដទុកដាក់រួចហើយ ពួកគេបានធ្វើអ្វីៗជាច្រើនដែលមានប្រយោជន៍ និងមានឧត្ដមភាពសម្រាប់ជីវិតរបស់ពួកគេ។ ការព្យាបាលមានផលប្រយោជន៍ចំពោះកុមារ អាចជួយឱ្យពួកគេទទួលបាននូវឱកាស ដើម្បីធ្វើអ្វីៗដែលប្រសើរ ឬដែលពួកគេបានរំពឹងទុក និងមានន័យបំផុតសម្រាប់ជីវិតរបស់ពួកគេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply