ជាការពិត បុរសមានសិទ្ធិទូលាយនៅក្នុងការដើរហើរដោយសេរី មិនថាពេលថ្ងៃ ឬពេលយប់។ មានបុរសជាច្រើនបាន ជ្រើសរើសការផ្ដល់រង្វាន់ដល់រាងកាយ និងផ្លូវចិត្ដរបស់ខ្លួនតាមរយៈការចេញទៅកម្សាន្ដនៅខាងក្រៅផ្ទះ បន្ទាប់ពីបញ្ចប់ការងារថ្ងៃចុង សប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ ដោយសារភាពសម្បូរបែបនៃសង្គម សម្ភារៈខាងក្រៅផ្ទះបានទាក់ទាញបុរសឱ្យចេញទៅរកការសប្បាយ ដោយមិនបាននឹកគិតដល់ផលវិបាកនៃការចេញប្រមាញ់របស់ពួកគាត់ឡើយ។ ស្ដ្រីជាភរិយាភាគច្រើនតែងតែឱ្យរហ័សនាមទៅប្ដីដែល ចេញទៅខាងក្រៅថាបុរសសៅគ្រី។ តើបុរសសៅគ្រីត្រូវប្រឈមមុខនឹងអ្វីខ្លះនៅក្នុងសង្គមខាងក្រៅផ្ទះ?
បុរសសៅគ្រី សំដៅលើអ្វី?
សៅគ្រីគឺជាពាក្យក្រឡាស់កាត់ដែលប្រែថាស៊ីក្រៅ។ ពាក្យនេះត្រូវបានគេប្រើជាភាសាសម្រាប់សម្គាល់ក្រុមបុរសដែល មានភរិយា ឬមានគូកំណាន់ហើយ និយមចូលចិត្ដដើរលេងខាងក្រៅផ្ទះ ហើយមានទំនាក់ទំនងជាមួយនឹងស្រីថ្មី។ បច្ចុប្បន្ននេះ ភាគច្រើននៃបុរសដែលចូលចិត្ដសៅគ្រីមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ ព្រោះពួកគាត់មានលទ្ធភាពនៅក្នុងការចំណាយនឹងតម្រូវការខ្ពស់ ខាងក្រៅ។ ការចេញទៅខាងក្រៅផ្ទះរបស់បុរស មិនមែនត្រឹមតែរកស្រីប៉ុណ្ណោះទេ តែនៅមានការផឹកស៊ីផ្សេងៗទៀតផងដែរ។
មូលហេតុដែលបុរសចូលចិត្ដសៅគ្រី
មិនមានការសន្និដ្ឋានច្បាស់លាស់ពីមូលហេតុណាមួយដែលធ្វើឱ្យបុរសចូលចិត្ដសៅគ្រីពិតប្រាកដទេ តែភាគច្រើនគឺអាស្រ័យ ទៅលើចំណង់ចំណូលចិត្ដរបស់បុរស។
- បុរសមួយចំនួនក៏មិនចូលចិត្ដដើរខាងក្រៅផ្ទះដែរ ពួកគាត់តែងតែនិយមទៅកម្សាន្ដជាមួយនឹងក្រុមគ្រួសារ។ ពួកគាត់ មានអារម្មណ៍ថាសង្គមខាងក្រៅគួរឱ្យភ័យខ្លាច ពួកគាត់មិនហ៊ានប្រថុយនឹងល្បែងស្នេហាបែបនេះទេ។ យើងអាចនិយាយបានថាពួក គាត់ជាបុរសស្អាតស្អំ។
- បុរសមួយប្រភេទទៀត ចេញក្រៅផ្ទះដរាបណាមានករណីពិសេស ដូចជាមានការណាត់ប្រជុំ ពិភាក្សាការងារ ឬការជប់ លៀងបន្ដិចបន្ដួច តែមិនជាញឹកញាប់ពេកទេ។
- បុរសប្រភេទទីបី គឺពួកគាត់តែងតែមានកម្មវិធីនៅក្រៅផ្ទះជារៀងរាល់ថ្ងៃ អាចនិយាយថាញៀន ឬក្លាយជាទម្លាប់ទៅ ហើយ។ បើសិនជាមិនបានចេញទៅខាងក្រៅទេ គឺនៅមិនសុខ ហើយគាត់យល់ថាជីវិតបែបនេះសប្បាយរីករាយ ឬគាត់ចូលចិត្ដបែបនេះ។ គាត់ចង់ធ្វើអ្វីដែលអស្ចារ្យ មិនដដែលៗ ចង់ភ្លក់អ្វីថ្មីស្រស់ ចង់បង្អួតថាគាត់មានលទ្ធភាព ឬថវិកាដើម្បីទៅរកការសប្បាយនៅ ខាងក្រៅ។
- នៅមានកត្ដារួមផ្សំមួយចំនួនទៀត ដែលនាំឱ្យបុរសត្រូវចេញទៅរកការសប្បាយខាងក្រៅ ដូចជាមានការប្រច័ណ្ឌពីប្រពន្ធ ពេលមកដល់ផ្ទះខ្លាំងពេក នាំឱ្យមិនមានភាពសុខសាន្ដនៅក្នុងគ្រួសារ មានការស្មុគស្មាញក្នុងចិត្ដពីរឿងការងារ ស្នេហា ឬគ្រួសារ មាន ចំណាប់អារម្មណ៍ ឬទំនាក់ទំនងជាមួយស្រីខាងក្រៅផ្ទះ ចាញ់ការលួងលោមបោកបញ្ឆោតរបស់ស្រីខាងក្រៅ ចង់យកចិត្ដនារីបម្រើការ ងារ ឬនារីបម្រើស្រាបៀរនៅតាមភោជនីយដ្ឋាន ឬខារ៉ាអូខេជាដើម និន្នាការនៃសង្គមទាន់សម័យស៊ីវីល័យហួសហេតុ ពិសេសភ្លើត ភ្លើនក្នុងរឿងល្បែងតណ្ហាជាដើម។
ផលដែលអាចទទួលពីការសៅគ្រី
នៅក្នុងក្រុមគ្រួសារអាចមិនមានសុភមង្គលទេ ប្រសិនបើបុរសគិតតែពីចេញទៅប្រមាញ់ខាងក្រៅផ្ទះញឹកញាប់។ ការចេញ ទៅខាងក្រៅញឹកញាប់អាចក្លាយទៅជាទម្លាប់ ឬញៀនរហូតដល់ថ្នាក់មិនអាចទ្រាំនៅផ្ទះបាន។ ការចេញទៅក្រៅអាចមានការពាក់ព័ន្ធ ជាមួយនឹងស្រី ស្រា ល្បែង បារី ឬគ្រឿងញៀនដោយមិនដឹងខ្លួន ដែលបច្ច័យទាំងនេះហុចផលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាព។
1. ការញៀនសុរា ៖ នាំឱ្យសុខភាពមិនល្អ អាចបាត់បង់ការងារ ឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារ ឬដាក់អ្នកដទៃ។ ហើយវាអាចបង្កឱ្យឈឺក្រពះ រលាកថ្លើម ខូចតម្រងនោម រលាកពោះវៀន ខូចខួរក្បាលជាដើម។ ពិសេសពេលបើកបរអាចមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត ឬត្រូវប្រឈមមុខនឹងច្បាប់ ជាក់ស្ដែងគ្រោះថ្នាក់ចរាចរភាគច្រើនតែងបង្កឡើងដោយអ្នកស្រវឹងបើកបរ។ ពេលស្រវឹងអាចងាយប្រឈមមុខនឹងជម្ងឺកាមរោគដោយសារការប្រថុយរួមភេទមិនប្រើស្រោមអនាម័យជាមួយស្រីដែលមានដៃគូស្នេហាច្រើន។
2. ការញៀនបារី ៖ ពេលដែលទទួលទានសុរា បុរសតែងតែចេះពិសាបារីបានយ៉ាងងាយ។ ការញៀនបារីនាំឱ្យមានជម្ងឺ ដូច ជាសួត ភ្នែក សរសៃឈាមបេះដូង មហារីក ឈឺក្បាល ឈឺក ក្អកជាដើម។ បារីមានឥទ្ធិពលធ្វើឱ្យអ្នកជក់បារីមានស្បែកស្ងួត ឆាប់ចាស់ ជ្រីវជ្រួញ បបូរមាត់ខ្មៅ មានធុំក្លិនឈ្ងៀមជាប់ខ្លួន រលាកសួត មហារីកសួតជាដើម។ ឯការឈានដល់ប្រើប្រាស់គ្រឿងញៀននាំឱ្យខ្លួន គាត់បាត់បង់ការឃុំគ្រងខ្លួនឯង និងបាត់បង់នូវកិត្ដិយសទៀតផង។
3. ការញៀនស្រី ៖ បុរសមួយចំនួនពេលចេញទៅខាងក្រៅតែងមានទំនាក់ទំនងជាមួយនឹងស្រីថ្មី ដែលអាចនាំឱ្យឆ្លងមេរោគអេដស៍ ឬអាចឆ្លងទៅកាន់គ្រួសារទៀតផង។ ការដែលស្នេហាត្រូវបានជ្រៀតជ្រែកដោយជនទីបី ស្ថានភាពគ្រួសារដែលធ្លាប់កក់ក្ដៅ អាចឈានទៅរកការបែកបាក់គ្រួសារ ឬលែងលះគ្នា។ ពេលមានការងប់ជាមួយនឹងរឿងស្នេហាលួចលាក់ភ្លេចខ្លួន ជួនកាលពួក គាត់នៅមានការយល់ឃើញថាការលបលួចមានស្រីថ្មីនៅខាងក្រៅផ្ទះជាអំពើមិនគួរគប្បីចំពោះភរិយាខ្លួន តែវាយឺតពេលហើយ។ បុរសភាគច្រើនដែលជ្រើសរើសការចេញដើរពេលយប់ ការទទួលទានដំណេករបស់គាត់អាចមិនគ្រប់គ្រាន់ នាំឱ្យពួកគាត់ឆាប់ចាស់។ មាន ការបង់ខាតថវិកា ពេលវេលា និងសុខភាពជាច្រើនទៀតនៅក្នុងការសៅគ្រីរបស់ពួកគាត់។
តើបុរសគួរតែសៅគ្រីទេ?
មានទស្សនៈជាច្រើនទាក់ទងទៅនឹងសំណួរនេះ។ លោកវេជ្ជបណ្ឌិត ទិត ឃីមុយ ជានាយកកម្មវិធីអង្គការខាណា យល់ ឃើញថា “បុរសមិនគួរមានទំនាក់ទំនងជាមួយនឹងស្រីខាងក្រៅទេ ព្រោះការរៀបការមានគ្រួសារ ត្រូវមានភក្ដីភាពចំពោះគ្នា”។ លោក សុគន្ធ អាយុ២២ឆ្នាំ ជាសន្ដិសុខក្រុមហ៊ុនឯកជនមួយក៏បានគាំទ្រប្រឆាំងក្នុងការដែលបុរសមានស្រីនៅខាងក្រៅផ្ទះដែរ។ លោក បានមានប្រសាសន៍ថា “ខ្ញុំចេញទៅក្រៅត្រឹមតែ២ដងក្នុងមួយខែដើម្បីជួបជុំមិត្ដភក្ដិផឹកស៊ីបន្ដិចបន្ដួច។ ទោះបីខ្ញុំមិនទាន់មានប្រពន្ធ តែ ខ្ញុំយល់ថាការមានស្រីក្រៅអាចនាំឱ្យប្រពន្ធកូន ដែលជាជនស្លូតត្រង់មិនសប្បាយចិត្ដ”។
អ្នកមីង ចេង មានអាយុ៥០ឆ្នាំ បានលើកឡើងថា “វាជាសិទ្ធិរបស់បុរសដែលចង់ចេញទៅក្រៅ ឬមានស្រីក្រៅ តែសូមកុំឱ្យ នាំជម្ងឺចូលផ្ទះ។ បើឃាត់ណាស់ ជួនកាលអាចលួចទៅទៀត ដូច្នេះមិនងាយឃាត់ចិត្ដបានទេ”។ យុវសិស្ស ធីតា អាយុ២២ឆ្នាំ បានរំលឹក ថា “វាអាចជាទម្លាប់របស់ពួកគាត់ក្នុងការសៅគ្រី តែពេលខ្លះក៏ជ្រុលពេកដែរ អាងតែខ្លួនមានលុយ។ ពេលសប្បាយមិនចេះការពារខ្លួន រហូតនាំទុក្ខដល់គ្រួសារ បែបនេះគឺសប្បាយមិនចេះគិត”។ ឯលោក រ៉ាវី មានអាយុ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនបានទទួលសារភាពថា “ខ្ញុំចេញទៅខាងក្រៅញឹកញាប់ស្ទើរតែរាល់ថ្ងៃ ពេលចេញក្រៅម្ដងៗត្រូវចាយលុយច្រើន ចំណាយលើការផឹកស៊ី ជួនកាលចាយលើស្រី ខ្លះដែរ។ ខ្ញុំក៏ដឹងដែរថាវាមិនល្អ តែមិនអាចហាមចិត្ដបាន”។ ទាំងនេះគឺសុទ្ធតែជាទស្សនៈ និងការទទួលខុសត្រូវផ្ទាល់ខ្លួនប៉ុណ្ណោះ ដូច្នេះ ការដែលលោកអ្នកសម្រេចចិត្ដចេញទៅខាងក្រៅ សូមគិតបន្ដិចសិនថាលោកអ្នកត្រូវប្រឈមមុខនឹងអ្វីខ្លះ នរណាខ្លះដែលនឹងត្រូវរង គ្រោះដោយសារទង្វើរបស់លោកអ្នក?
ដំបូន្មានអ្នកជំនាញ
សូមជួយគ្នាលើកស្ទួយនូវភក្ដីភាព និងភាពស្មោះត្រង់ដែលជាចំណុចសំខាន់នៅក្នុងចំណងសុភមង្គលគ្រួសារ។ បើលោកអ្នក សម្រេចចិត្ដរៀបការ មានន័យថាលោកអ្នកបានដាក់កិច្ចសន្យាជាមួយនឹងខ្លួនឯងថាត្រូវមានភក្ដីភាពចំពោះគូស្នេហ៍ ឬភរិយា។ ស្ដ្រីជា ភរិយាសូមជួយបង្កនូវលក្ខណៈកក់ក្ដៅក្នុងគ្រួសារផង កុំមានចិត្ដប្រច័ណ្ឌពេក ព្រោះនាំឱ្យបុរសជាស្វាមីធុញទ្រាន់មិនចង់នៅផ្ទះ។ ជំនួស ការចេញក្រៅផ្ទះ លោកអ្នកអាចលេងកីឡា ធ្វើកិច្ចការងារផ្ទះជំនួស ឬសាងភាពសប្បាយនៅក្នុងក្រុមគ្រួសារ វាមានប្រយោជន៍ច្រើន ជាងការទៅរកស្រីខាងក្រៅ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply