ភាពសម្បូរបែបនៃចំណីអាហារបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើង ជាពិសេសអ្នកដែលរស់នៅទីក្រុងងាយទទួលនូវអាការធាត់លើសទម្ងន់។ ការធាត់លើសទម្ងន់មិនមែនអាចបញ្ជាក់ថា លោកអ្នកមានសុខភាពល្អនោះទេ។ ផ្ទុយទៅវិញការធាត់នេះ អាចបណ្ដាលឱ្យការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ជាពិសេសចំពោះអ្នកដែលមានជម្ងឺធាត់តាំងពីវ័យកុមារ។ ការធាត់របស់កុមារបានបង្ក បញ្ហាជាច្រើនដល់ការលូតលាស់របស់កុមារ។
លោកស្រីវេជ្ជបណ្ឌិត ជា កាំហ៊ូយ អ្នកជំនាញខាងអាហារបំប៉ននៅមន្ទីរពេទ្យកុមារជាតិ និងបកស្រាយអំពីបញ្ហានេះ។
កុមារធាត់បណ្ដាលមកពីអ្វី?
ធាត់ ឬជម្ងឺធាត់បណ្ដាលមកពីការបរិភោគច្រើនលើសកំណត់ និងការបរិភោគមិនត្រឹមត្រូវ។ កាឡូរីចូលក្នុងខ្លួនច្រើនជាកាឡូរីដែលត្រូវចំណាយជាហេតុធ្វើឱ្យមាននៅសល់ជាតិខ្លាញ់ស្ដុកក្នុងរាងកាយ។ កំនើនជាតិខ្លាញ់បន្ដិចម្ដងៗធ្វើឱ្យរាងកាយធាត់ហួសកម្រិត ហើយមិនសមមាត្រនឹងវ័យ ក៏ដូចជាកម្ពស់របស់កុមារ។ ការរស់នៅដោយប្រើសកម្មភាពផ្លូវកាយតិចតួច ក៏ធ្វើឱ្យធាត់ដែរ។ ជាឧទាហរណ៍ កុមារមានអាយុត្រឹម៦ឆ្នាំ តែមានទម្ងន់រហូតដល់ទៅ៣០គីឡូក្រាមឯណោះ។
ផលវិបាកនៃការធាត់របស់កុមារ
ការធាត់របស់កុមារអាចបង្កទុក្ខដល់កុមារពីក្មេងរហូតដល់ចាស់បាន។ ជម្ងឺធាត់អាចប៉ះពាល់កុមារទាំងផ្នែកស្មារតី និងរាងកាយ។
- ផ្នែកស្មារតី ៖ កុមារធាត់ភាគច្រើនត្រូវរស់ឯកោ ដោយត្រូវកុមារដទៃសើចចម្អកពីរាងកាយដូចជ្រូករបស់គេ។ ទង្វើទាំង នេះទើបកុមារដែលធាត់ច្រើនមានអារម្មរណ៍ឆេវឆាវ ខឹងច្រើនជាដើម។
- ផ្នែករាងកាយ ៖ កុមារដែលធាត់ពេលធំឡើងត្រូវប្រឈមមុខជាមួយនឹងជម្ងឺទឹកនោមផ្អែម ជម្ងឺត្បៀតសរសៃឈាមបេះដូង កូលេសស្ដេរ៉ូលកើនឡើងក្នុងសរសៃឈាម ជម្ងឺសន្លាក់ ដាច់សរសៃឈាម វិបត្ដិផ្លូវរំលាយអាហារ (នៅពេលបរិភោគមានអាការ ចុកពោះ ឬរមួលពោះ)ជាដើម។
វិធីបង្ការធាត់លើសទម្ងន់
ដើម្បីកុំឱ្យកូនរបស់លោកអ្នកជួបបញ្ហាធាត់លើសទម្ងន់ របបអាហារមួយដ៏ត្រឹមត្រូវជាប្រការប្រសើរបំផុតសម្រាប់សុខភាព របស់កូនលោកអ្នក។ របបអាហារត្រឹមត្រូវចាំបាច់ត្រូវមានបរិមាណសមល្មមនៃប្រូតេអ៊ីន និងកាឡូរី។
ចៀសវាងការចម្អិនអាហារដោយការចៀន បំពង ឬឆា ព្រោះថាអាចធ្វើឱ្យជាតិខ្លាញ់កើនឡើង។ អាហារប្រភេទខ្លះដែលផ្សំ ឡើងពីប៊រ ឬខ្លាញ់សត្វ ដូចជាសាច់ក្រកជាដើម ជាអាហារដែលគួរតែទទួលទានឱ្យបានតិចបំផុត។
គួរហាត់ប្រាណឱ្យបានជាប្រចាំ ដើម្បីបញ្ចេញជាតិខ្លាញ់ដែលនៅសល់ក្នុងរាងកាយចេញមក។ ការរស់នៅស្រណុកពេក អាច ឱ្យប្រឈមនឹងជម្ងឺធាត់។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកឃើញកូនរបស់ខ្លួនធាត់ទ្រលុកទ្រលន់ លោកអ្នករីករាយថានឹងមិនមានជម្ងឺឈឺថ្កាត់ផ្សេងៗមកបៀតបៀននោះ ដោយគេអាចដើរបាន រត់បាន ហូបបាន និងគេងបាន សន្និដ្ឋានថាគេមានសុខភាពល្អនោះ គឺជាការខុសឆ្គងមួយ។ តាមការត្រួតពិនិត្យស្រាវជ្រាវទូទាំងពិភពលោករបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថាមានមនុស្សតែ៥%ប៉ុណ្ណោះ ដែលមានសុខភាពឥតខ្ចោះ ក្រៅពីនេះស្ថិតក្នុងប្រភេទមនុស្សផ្ទុកដោយមេរោគ ដែលអាចបង្កឱ្យកើតជាជម្ងឺផ្សេងៗបានភ្លាម។ ប្រសិនបើពុំមានការ ការពារឱ្យទាន់ពេលវេលាទេ ជាពិសេសអ្នកដែលមានប្រវត្ដិធាត់ក្នុងវ័យកុមារភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply