កុមារស្រូប​ផ្សែងបារី ប្រឈមមុខ​នឹងជម្ងឺផ្លូវ​ដង្ហើម

នៅកម្ពុជា​មានកុមារ​អាយុពី​១៣ទៅ​១៥ឆ្នាំ ចំនួន៧% បានជក់​បារីកាល​ពីឆ្នាំ២០០០ ហើយចំនួន​នោះបាន​កើនឡើង​ជារៀងរាល់ឆ្នាំ នេះបើ​យោងតាម​ការស្រាវជ្រាវ​មួយរបស់​កម្មវិធី​ជេវាយធីអេស។ កុមារ​ចំនួន៨០%​ក្នុងចំណោម​កុមារ៣ ៩០៩ ២៦៩នាក់ ក្នុង​ប្រទេស​កម្ពុជា បានរស់នៅ​ជាមួយ​សមាជិក​ក្នុងគ្រួសារ​ម្នាក់ជា​អ្នក​ជក់បារី ដែលជា​កត្ដាកំពុង​ចោទដល់​សុខភាព​កុមារ។ ផ្សែងបារី មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់សុខភាព​សម្រាប់​អ្នកជក់​ប៉ុណ្ណោះទេ សូម្បី​តែអ្នក​ស្រូបផ្សែង​បារី​ពីខ្យល់​អាកាស ក៏ទទួលរង​ផលប៉ះពាល់ យ៉ាង​ធ្ងន់ធ្ងរ​ពីផ្សែង​បារី​ផងដែរ។ អ្នកស្រូប​ផ្សែងបារី ជាកុមារ​ងាយរង​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ គឺដោយសារ​តែសរីរាង្គ​កាយរបស់ ពួកគេ​នៅមិនទាន់​រឹងមាំ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី​សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធាន សហគមន៍​កម្ពុជា​គ្មានផ្សែង​បារី នៃអង្គការ​អាដ្រាកម្ពុជា ដើម្បី​បកស្រាយ​ពីគ្រោះថ្នាក់​ផ្សែងបារីនេះ ពិសេស​គ្រោះថ្នាក់​ចំពោះ​សុខភាព កុមារនេះ​តែម្ដង។

ក្នុងផ្សែង​បារី មាន​អ្វីខ្លះ?

ការដក​ដង្ហើមចូល​នូវផ្សែង​បារី​របស់អ្នក​មិនជក់ ហៅថាការ​ស្រូបផ្សែង​បារី​ពីគេ។ អ្នកស្រូប​ផ្សែងបារី​ស្រូបនូវ “ផ្សែងចម្បង” ដែលហុយ​ចេញពី​ចុងបារី​កំពុង​ឆេះផង និងពីផ្សែង​បន្ទាប់ផង។ ផ្សែងបារី​បន្ទាប់ គឺជាផ្សែង​បារីហឺត​ចូលរួចចេញ​មកវិញ​របស់អ្នក​ជក់បារី ។ ផ្សែងបារី​ផ្ទុកទៅ​ដោយសារ​ធាតុគីមី​ជាង៤០០០​ប្រភេទ ក្នុងរូបភាព​ជាចុណ្ហភាគ និងឧស្ម័ន។ សារធាតុពុល​សំខាន់​របស់ផ្សែង​បារី បន្ទាប់មាន​កំហាប់ខ្ពស់​ជាងផ្សែង​បារីចម្បង ហើយផ្សែង​បារីដែល​មាននៅ​ក្នុងបន្ទប់ មានផ្សែង​បន្ទាប់រហូត​ដល់ទៅ៨៥%។ ពពួកចុណ្ហ ភាគរួម​មានជ័រ នីកូទីន បង់សែន និងបង់សូពីរ៉ែន។ ពពួកឧស្មន័​រួមមាន​កាបូន​ម៉ូណូអុកស៊ីត អាម៉ូញ៉ាក់ ឌីមេទីលនី ត្រូសាមីន ហ្វ័រម៉ាល់ ដេអ៊ីត អីដ្រូសែនស្យានីត និងអាក្រូលែន។ សារធាតុខ្លះ​ត្រូវចាត់​ទុកថា​បង្កឱ្យ​រលាក ហើយសារធាតុ​ខ្លះទៀត​ជាសារធាតុ​បង្កមហារីក។

គ្រោះថ្នាក់ចំពោះ​អ្នកស្រូប​ផ្សែងបារី

ការស្រូប​ផ្សែងបារី​បណ្ដាលឱ្យ​មានផល​ប៉ះពាល់​ភ្លាមៗ ដូចជាហៀរ​ទឹកភ្នែក ឈឺក្បាល ក្អក ឈឺបំពង់ក វិលមុខ ឬចង់ក្អួត។ អ្នកកើត​ជម្ងឺហឺត​ពេញវ័យ ពេលបាន​ស្រូបផ្សែង​បារី មុខងារ​សួតត្រូវ​ប៉ះពាល់​យ៉ាងខ្លាំង។ ឪពុកម្ដាយ​ដែលជក់បារី អាចបណ្ដាល​ឱ្យ កុមារ​កើត​ជម្ងឺហឺត។ អ្នកមិន​ជក់បារី ដែលបាន​ស្រូបផ្សែង​បារី ក៏អាចប្រឈប​មុខនឹងជម្ងឺ​គាំងបេះដូង​ដែរ។ អ្នកស្រូប​ផ្សែងបារី​ក្នុងរយៈ ពេលយូរ អាចប្រឈប​មុខនឹងជម្ងឺ​បេះដូង​កើនឡើង និងជម្ងឺមហារីក​សួតរហូត​ដល់២៥%។ តាមការ​វាយតម្លៃ​របស់គណៈ​កម្មការវិទ្យា សាស្ដ្រ​ស្ដីពីថ្នាំជក់ និងសុខភាព​ដែលចាត់តាំង​បង្កើតឡើង​ដោយរដ្ឋាភិបាល​អង់គ្លេស បានសន្និដ្ឋានថា​ការស្រូប​ផ្សែងបារី គឺជា​មូលហេតុ មួយដែល​បណ្ដាលឱ្យ​មានជម្ងឺ​មហារីកសួត និងជម្ងឺបេះដូង​ចំពោះអ្នក​មិនជក់បារី​ពេញវ័យ ហើយអាច​ជាមូលហេតុ​មួយបណ្ដាល​ឱ្យកើត ជម្ងឺផ្លូវដង្ហើម ក្អក ជម្ងឺអំបៅ​អំបែក​ត្រចៀក និងជម្ងឺហឺត​ចំពោះកុមារ។

បើប្រៀបធៀប​ការជក់បារី ការស្រូប​ផ្សែងបារី​មានគ្រោះ​តិចជាង ព្រោះជម្ងឺ​ដែលបាន​រៀបរាប់​ខាងលើ​សាមញ្ញ ហើយផល ប៉ះពាល់​សុខភាព​ទូទៅ​ទូលំទូលាយ។ យោងតាម​ការស្រាវជ្រាវ​របស់គណៈកម្មការ​វិទ្យាសាស្ដ្រ​ស្ដីពីថ្នាំជក់ និងសុខភាព​របស់​ប្រទេស អង់គ្លេស និងការវាយ​តម្លៃរបស់​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋ​អាមេរិក បានប៉ាន់​ប្រមាណថា​ជារៀងរាល់ឆ្នាំ​នៅចក្រភព​អង់គ្លេស មានអ្នក​មិនជក់បារី​ស្លាប់ប្រហែល​៦០០នាក់ ដោយសារ​ជម្ងឺមហារីក​សួត និងដោយសារ​ជម្ងឺបេះដូង​លើសពី​១២ ០០០ករណី បង្ក ដោយការ​ស្រូបផ្សែង​បារីពីគេ។ ចំណែកអ្នក​មិនជក់បារី​៣០០០នាក់​ផ្សេងទៀត​បានស្លាប់​ជារៀងរាល់ឆ្នាំ ដោយសារ​ស្រូបផ្សែង​បារីពី គេ។

គ្រោះថ្នាក់​ចំពោះកុមារ​ស្រូបផ្សែង​បារី

នៅប្រទេស​អង់គ្លេស មានកុមារ៤៩%​បានស្រូបផ្សែង​បារីនៅ​តាមផ្ទះ។ ការស្រូប​ផ្សែងបារី​ប្រឈមមុខ​នឹងការ​កើនឡើង​នៃ ជម្ងឺឆ្លងតាម​ប្រដាប់​ផ្លូវដង្ហើម ដូចជា​រលាកទងសួត ជម្ងឺសួតចំពោះ​កុមារជាដើម។ ការសិក្សាថ្មី​មួយបានរក​ឃើញថា​កុមារតូចៗ​ដែល មានទាំង​ឪពុកទាំងម្ដាយ​ជាអ្នកជក់​បារីអាច​ប្រឈមមុខ​នឹងការកើត​ជម្ងឺផ្លូវ​ដង្ហើម​រហូតដល់​៧២%។ ការស្រូប​ផ្សែងបារី​បណ្ដាល​ឱ្យមុខងារ​របស់សួត​ចុះខ្សោយ ហើយបង្កើន​ភាពធ្ងន់ធ្ងរ​ដល់រោគ​សញ្ញានៃ​ជម្ងឺហឺត​ចំពោះ​កុមារ ព្រមទាំង​ជាកត្ដា​មួយបង្ក​ឱ្យមាន​ជម្ងឺហឺត​ថ្មីៗ ទៀតចំពោះ​កុមារ។ តាមការ​ប៉ាន់ប្រមាណ​របស់ចក្រភព​អង់គ្លេស​បង្ហាញថា​កុមារដែល​ស្រូបផ្សែង​បារីមាន​ឱកាសកើត​ជម្ងឺហឺត​ពីរដង ច្រើនជាង​កុមារដែល​មិនបានស្រូប​ផ្សែងបារី។ ជម្ងឺក្អករ៉ាំរ៉ៃ និងការឡើង​ស្លេសច្រើន ក៏គេសង្កេត​ឃើញមាន​ញឹកញយ​ក្នុងចំណោម កុមារ​ដែលមាន​ឪពុកម្ដាយ​ជក់បារី​ដែរ។

កុមារដែល​មានឪពុកម្ដាយ​ជាអ្នកជក់​បារីចូល​សម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ​ដោយសារ​ជម្ងឺសួត​ក្នុងអាយុ​១ឆ្នាំដំបូង​មានអាត្រា​ខ្ពស់។ មានកុមារ​អាយុក្រោម​៥ឆ្នាំលើស​ពី១៧០០០នាក់ ចូលទៅ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ជារៀង​រាល់ឆ្នាំ ដោយសារ​គ្រោះ ថ្នាក់នៃ​ការស្រូប​ផ្សែងបារី។ ជម្ងឺផ្លូវដង្ហើម​ពេលកុមារ​ភាពដែល​បណ្ដាលមក​ពីការស្រូប​ផ្សែងបារី អាចផ្ដល់​ផលវិបាកដល់​ការកកើតជម្ងឺ ផ្លូវដង្ហើម​នៅពេល​ពេញវ័យ ចំពោះអ្នក​មិនជក់​បារី។ យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​សហរដ្ឋអាមេរិក បង្ហាញ ថាការ​ស្រូបផ្សែង​បារីពេល​មាន​ផ្ទៃពោះ គឺជាកត្ដា​ដាច់ដោយឡែក​មួយដែល​បណ្ដាលឱ្យ​ទារកមាន​ទម្ងន់មិន​គ្រប់គីឡូ​នៅពេល​កើត។ ការជក់បារី​របស់ឪពុក​ម្ដាយទទួល​ខុសត្រូវ​ចំពោះការ​ស្លាប់ភ្លាមៗ​លើសពី​២៥%​របស់កុមារ ហើយកុមារ​ដែលបាន​ស្រូបផ្សែង​បារីមាន ការកើត​ជម្ងឺអំបៅ​អំបែក​ត្រចៀក​៣០%។

ដំបូន្មានអ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​មិនទាន់​អាចបញ្ឈប់​ការជក់​បារីបានទេ សូមមេត្ដា​កុំជក់បារី​នៅកន្លែង​ដែលមាន​មនុស្ស​មិនជក់​បារី ឬនៅ កន្លែងមាន​ក្មេងស្ថិតនៅ។ ផ្ទះសម្បែង សាលារៀន និងទារកដ្ឋាន​ដែលជា​កន្លែង​ប្រមូលផ្ដុំ​របស់កុមារ មិនត្រូវ​ឱ្យមាន​ផ្សែង​បារីទេ។ កុមារងាយ​រងគ្រោះ​ដោយផ្សែង​បារីជាង​មនុស្ស​ពេញវ័យ ដោយសារ​តែរាងកាយ​របស់ពួក​គេមិនទាន់​រឹងមាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *