ទស្សនាវដ្ដី សុខភាពយើង សូមណែនាំប្រិយមិត្ដអ្នកអានឱ្យស្វែងយល់ពីជម្ងឺស្រែង ជាជម្ងឺផ្សិតដែលកើតមានញឹកញាប់ ។
ជម្ងឺស្រែង ជាអ្វី?
ស្រែងជាជម្ងឺបង្កឡើងដោយមេរោគផ្សិតលើស្រទាប់ស្បែកលើ មេរោគផ្សិតនោះមានឈ្មោះថាឌែម៉ាតូហ្វីត។ មេរោគ ផ្សិតនេះទាមទារចាំបាច់នូវជាតិកេរ៉ាទីនរបស់ស្បែកមនុស្ស ដើម្បីចិញ្ចឹមជីវិតវា។ ផ្សិតដែលបង្កឱ្យកើតជម្ងឺស្រែងនេះ ច្រើនតែ កើតនៅត្រង់កន្លែងស្បែកដែលគ្របដណ្ដប់ដោយជាតិស្នែងច្រើន ដែលជាតិស្នែងនេះច្រើនមាននៅលើស្បែកធម្មតា ក្រចក និង សក់របស់មនុស្ស។
មូលហេតុនាំឱ្យកើតជម្ងឺស្រែង
ការហូបចុកមិនមានឥទ្ធិពលដល់ការធ្វើឱ្យកើតជម្ងឺស្រែងនេះទេ។ គេសង្កេតឃើញជម្ងឺនេះ ច្រើនតែកើតលើអ្នកដែល ប្រើប្រាស់ពពួកថ្នាំបន្ថយប្រព័ន្ធការពារខ្លួនដូចជាថ្នាំគ័រទីកូអ៊ីតយូរពេលជាដើម អ្នកដែលមានប្រព័ន្ធការពារខ្លួនខ្សោយដូចជាអ្នក កើតជម្ងឺអេដស៍ របេងជាដើម អ្នកមានជម្ងឺតម្រងនោម និងអ្នកជម្ងឺទឹកនោមផ្អែម ពួកគាត់ងាយរងគ្រោះជម្ងឺផ្សិតណាស់។
តាមការសង្កេតជម្ងឺនេះច្រើនកើតនៅត្រង់កន្លែងកន្លាក់ដែលស្បែកផ្អិបគ្នា ហើយសើម ដូចជានៅក្រលៀន ក្លៀក ចង្វែកគូថ ឬចន្លោះម្រាមដៃជើង។ ចំពោះមនុស្សស្រីវិញ គេឃើញកើតមាននៅក្រោមសុដន់ផងដែរ។ ជម្ងឺស្រែងកើតលើមនុស្ស មិនប្រកាន់វ័យឡើយ។ ប៉ុន្ដែគេសង្កេតឃើញវាច្រើនកើតលើមនុស្សវ័យជំទង់ គឺឋិតនៅក្នុងវ័យពី១៣ទៅ១៤ឆ្នាំ។ ភាសាចាស់ បុរាណលោកតែងនិយមហៅថាស្រែងឡើងខ្លួន។ ការពិត កាលដែលស្រែងច្រើនកើតលើមនុស្សកំពុងពេញវ័យ ដោយសារក្នុង វ័យនេះ ក្រពេញទាំងអស់របស់គាត់មានដំណើរការលូតលាស់ខ្លាំង។ នៅពេលដែលក្រពេញលូតលាស់ខ្លាំងធ្វើឱ្យការផលិតជាតិ កេរ៉ាទីនក៏មានច្រើន។ ស្រែងជាជម្ងឺឆ្លង ពិសេសងាយឆ្លងចំពោះកុមារ និងមនុស្សដែលមានប្រព័ន្ធការពារខ្លួនខ្សោយ។
រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ
សញ្ញាលើស្បែករបស់ជម្ងឺស្រែងច្រើនមានរាងមូល តែពេលខ្លះក៏មានរូបរាងមិនជាក់លាក់ដែរ។នៅពេលកើតឡើង ហើយវារមាស់។ គេអាចធ្វើរោគវិនិច្ឆ័យបានដោយរោគសញ្ញាទាំងនេះ។
- ការមើលទៅតាមសញ្ញាដែលចេញលើស្បែក។ ស្រែងមានរាងជាបន្ទះមូល ក្រម៉ៗ ហើយនៅគែមៗជុំវិញបន្ទះនោះ រាងខ្ពស់ និងក្រហមជាងផ្នែកកណ្ដាលដែលមានលក្ខណៈដូចជាស្បែកធម្មតា។ នៅត្រង់កន្លែងខូងនោះហើយ ដែលមេរោគផ្សិតស៊ី គឺជាកន្លែងដែលមានជាតិកេរ៉ាទីនល្អរបស់ស្បែកតែប៉ុណ្ណោះ។
- គេអាចយកក្រម៉ដែលនៅគែមនោះយកទៅពិនិត្យ ដើម្បីវិភាគរកមើលមេរោគផ្សិត។
- ក្នុងករណីពិបាកដែលមិនអាចមើលឃើញក្នុងមីក្រូទស្សន៍ភ្លាមបាន គឺទាមទារឱ្យធ្វើការពិនិត្យដោយបណ្ដុះវា ប៉ុន្ដែ ប្រើរយៈពេលយូរ គឺមិនតិចជាងបីសប្ដាហ៍ឡើយ ទើបបណ្ដុះចេញមេរោគបាន។ ការបណ្ដុះអាចមានភាពលំអៀងខ្លះ ដោយសារ ពេលកោសក្រម៉ទៅបណ្ដុះមានពពួកផ្សិតផ្សេងទៀតមកដុះជាមួយ។ នៅប្រទេសជឿនលឿន គេច្រិបយកស្បែកដែលមានស្រែង នោះទៅពិនិត្យមើលឃើញច្បាស់តែម្ដង។
ផលវិបាកជម្ងឺស្រែង
ស្រែងមិនមែនជាជម្ងឺដែលបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងទេ។ ប៉ុន្ដែមានករណីខ្លះធ្ងន់ធ្ងរ ជាពិសេសនៅពេលវាកើតនៅត្រង់ ពុកមាត់ វាធ្វើឱ្យរលាករន្ធរោមជ្រៅ បង្កឱ្យហើមប៉ោង ឬអាចមានខ្ទុះទៀតផង។ ប្រសិនបើវាកើតនៅលើក្បាល វាធ្វើឱ្យសក់នៅ ត្រង់កន្លែងដែលកើតនោះជ្រុះ និងធ្វើឱ្យរំខានដល់អ្នកជម្ងឺដោយសារការរមាស់។ ភាគច្រើនជម្ងឺនេះមានទំនោរទៅរកសភាពរាលដាល។ នៅពេលកើតស្រែង អ្នកជម្ងឺច្រើនតែអេះ ពេលនោះហើយដែលមេរោគនោះតោងជាប់នៅក្រចក។ នៅពេលយកដៃនោះ ទៅអេះនៅកន្លែងផ្សេងទៀតវាអាចឆ្លងបាន។
ការព្យាបាលជម្ងឺស្រែង
ការព្យាបាលជម្ងឺស្រែងមានពីរយ៉ាងសំខាន់។ ជម្ងឺនេះអាចព្យាបាលជាសះស្បើយក្នុងរយៈពេល២១ថ្ងៃ។ ជួនកាលជម្ងឺ នេះក៏អាចជាសះស្បើយដោយខ្លួនវាផងដែរ ជាពិសេសសម្រាប់អ្នកដែលមានប្រព័ន្ធការពារខ្លួនខ្លាំង ករណីនេះកម្រកើតមាន ណាស់។ ដំណាក់កាលនៃការព្យាបាល គឺធ្វើឱ្យកន្លែងដែលកើតជម្ងឺមានសភាពស្ងួត ចៀសវាងនូវការសើម។ ប្រសិនបើមានសញ្ញា លើស្បែកតែមួយកន្លែង អាចប្រើថ្នាំលាប។ ផ្ទុយទៅវិញ ប្រសិនបើកើតច្រើនកន្លែងឈានដល់ការរលាកដល់រន្ធរោមហើយនោះ ទាមទារឱ្យប្រើថ្នាំលេបទៅតាមកម្រិតជម្ងឺ។ ដូច្នេះការព្យាបាលគួរតែធ្វើដោយគ្រូពេទ្យព្យាបាល ទើបជាការប្រសើរ។
វិធានការការពារ
ត្រូវអនាម័យខ្លួនប្រាណជាប្រចាំ ងូតទឹកសម្អាតខ្លួនជាមួយសាប៊ូ។ ជាការសំខាន់ក្រោយពេលងូតទឹក ត្រូវជូតសម្អាត ខ្លួនឱ្យស្ងួត។ ប្រសិនបើលោកអ្នកដឹងខ្លួនថាមានជម្ងឺទឹកនោមផ្អែម ជម្ងឺអេដស៍ ឬរបេង ការធ្វើអនាម័យខ្លួនជាការចាំបាច់ និងត្រូវ ប្រយ័ត្នលើការប៉ះពាល់អ្នកកើតស្រែង ព្រោះវានឹងឆ្លង។ គួរប្រយ័ត្នជាមួយការប្រើប្រាស់សម្ភារៈរួមគ្នា ដូចជាសារ៉ុង ក្រមាជាដើម ។
ដំបូន្មានអ្នកជំនាញ
មិនត្រូវសាកល្បងព្យាបាលជម្ងឺនេះដោយខ្លួនឯងទេ ព្រោះវាអាចមានជម្ងឺផ្សេងទៀតមកចូលរួមផ្សំ នាំឱ្យមានគ្រោះ ថ្នាក់បាន។ ជាការប្រសើរ លោកអ្នកដែលកើតជម្ងឺស្រែងនេះ ទោះបីជាតិចតួចក្ដី លោកអ្នកមិនត្រូវប្រងើយកន្ដើយនោះឡើយ។ លោកអ្នកគួរប្រញាប់អញ្ជើញទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យបានច្បាស់លាស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply