ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់អំពីការរៀបចំរណ្តាប់នេះ ទស្សនាវដ្តី សុខភាពយើង បានលើកយកក្បួនខ្លះៗតាមរយៈលោក វ៉ាយ វិបុល ជាសមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់នៃគណៈកម្មការជាតិរៀបចំបុណ្យ បុណ្យជាតិ អន្តរជាតិ ធ្វើការបកស្រាយដូចខាងក្រោម។
ការរៀបចំរណ្តាប់ទទួលទេវតាឆ្នាំរោង
ការរៀបចំទទួលទេវតាតាមទំនៀបទម្លាប់ពីបុរាណរៀងរហូតមក ត្រូវរៀបរានទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវមានរានទេវតា៧ថ្នាក់ ភ្លេងពិណពាទ្យ១វង់ កា្រលសំពត់ស លើរានទាំង៧ថ្នាក់ បាយសីធំ១គូ ស្លាធម៌១គូ ទឹកអប់១គូ ទៀប៥ ធូប៥ លាជ៥ កែវផ្កា៥ ស្លាបារីដាក់ជើងពាន១គូ ចេកនួន ឬចេកណាំវ៉ា១គូ (ស្និតដាក់លើជើងពាន)ពែព្រះភូមិ១គូ ពែព្រះកេតុ១គូ។ ពែព្រះភូមិមានលក្ខណៈជាជ្រុង៣ រួត មានកន្ទោង៥ គឺកន្ទោងបាយ១ កន្ទោងម្ហូប២ និងកន្ទោងបង្អែម២។ ចំណែកឯពែព្រះកេតុមានលក្ខណៈ៣ជ្រុង មានថ្នាក់៩រាងជម លើមានដាក់បាយម្ហូបចំណីគ្រប់ទាំង៩ថ្នាក់។ ទាំងអស់នេះធ្វើតែនៅក្នុងព្រះបរមរាជវាំង ឬផ្ទះដែលអស់លោកណាដែលមានលទ្ធភាពធ្វើទៅបានប៉ុណ្ណោះ។ ប៉ុន្តែចំពោះប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រសាមញ្ញធម្មតា សូមធ្វើការរៀបចំទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លាទៅចុះ មិនជាការខុសឆ្គងអ្វីទេ ឲ្យតែមានចិត្តគោរពចំពោះមាតាបិតា ព្រះរតនៈតៃ្រ និងគុណទេវតា។
មហាសង្រា្កនឆ្នាំរោង
ឆ្នាំខាល ឆ្នាំនេះសង្រា្កនចូលមកនូវថ្ងៃសុក្រ ៧រោជ ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០១២ វេលាម៉ោង ១៩ និង១១នាទីយប់។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវ គេវិថី គឺផ្លូវកណ្តាលទើបមានទេពធីតា មួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជាបុត្រទី៦នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពពណ៌ខៀវ សៀតផ្កាចង្កុលណី គ្រឿងប្រដាប់ បុស្បរាគ័ម ភក្សាហារ ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ពិណពាហនៈក្របី។ ទើបនាំអស់ទេវបុត្រទេពធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្មមាលី នាទីភ្នំកៃលាស ខេត្តហេមពាន្ត ជាទីតម្កល់នូវព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាស នាំមកដង្ហែប្រទិក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួន៦០ នាទី” ២៤ម៉ោង” ។ ទើបនាំទៅតម្កល់ទុកនូវកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេពធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភារាជទាំង៧ត្រជាក់ក្សេមក្សាន្តព្រះរាជហឬទ័យ។ ហើយនាំគ្នាទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងពួង តាំងពីចូលឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀងទៅ។
ថ្ងៃរៀបចំពិធីបុណ្យចូលឆ្នាំថ្មី
- ថ្ងៃទី១ ៖ ទទួលទេវតាឆ្នាំថ្មី និងសាងវាលុកចេតិយ (ពូនភ្នំខ្សាច់) សម្មាទាននីជសីល នមស្សការព្រះរតនៈត្រៃ និង និមន្តព្រះសង្ឈចម្រើនព្រះបរិត្ត បន្ទាប់មកនិមន្តព្រះសង្ឈសម្តែងធម្មទេសនា។
- ថ្ងៃទី២ ៖ វេលាព្រឹកឡើងវេរភក្តប្រគេនព្រះសង្ឈ នាពេលរសៀលនិមន្តព្រះសង្ឈចម្រើនព្រះបរិត្ត ព្រះសង្ឈស្រង់ទឹកនិងទេសនាសង្គាយនា ឆ្លងបុណ្យ ទេសនាគ្រែបី ដោយមានព្រះសង្ឈបីអង្គធម្មគ្គធិកសម្តែង។
- ថ្ងៃទី៣ ៖ ពិធីស្រង់នៃព្រះករុណា និងពិធីចេញទទួលទឹកទៀន និងជ័យមង្គល ដែលព្រះរាជវង្សានុវង្សនិងខ្ញុំរាជការទាំងស្រី ទាំងប្រុសថ្វាយ ប៉ុណ្ណេះជាសូរេចកិច្ចក្នុងពិធីចូលឆ្នាំ ដែលបានប្រារព្ធស្ថិតនៅក្នុងព្រះបរមរាជវាំង។ រីឯវប្រជាពលរដ្ឋទាំងស្រី ទាំងប្រុស តែងតែរៀបចំពិធីស្រង់ទឹកជូនចំពោះព្រះពុទ្ធរូប ព្រះសង្ឈ មាតា បិតា ជីដូនជីតា ព្រមទាំងបុព្វការីជននៅតាមវត្តអារាម ភូមិស្រុកនីមួយៗ។
ការរៀបចំផ្ទះសម្បែងដើម្បីទទួលទេវតាឆ្នាំថ្មី
នៅរយៈពេលមុនថ្ងៃចូលឆ្នាំថ្មីមកដល់មួយសប្តាហ៍ ប្រជាពលរដ្ឋតែងនាំកូនចៅបោសសម្អាតទីធ្លាភូមិដ្ឋាន និងសម្អាតផ្ទះសម្បែង រានទេវតាជាដើម។ រីឯនៅតាមវត្តអារាមវិញ ក៏ដូចគ្នាដែរ ព្រះចៅអធិការវត្ត បានចាត់ពុទ្ធបរិស័ទបោសសម្អាតទីធ្លា វត្ត និងរៀបចំកន្លែងសំខាន់ៗមួយចំនួនសម្រាប់រៀបចំពិធីផ្សេងៗ។ កន្លែងទាំងនោះមានដូចជាកន្លែងស្រង់ព្រះ កន្លែងពូនភ្នំខ្សាច់ពូនភ្នំអង្ករ ចេតិយ និងទីកន្លែងផ្សេងៗទៀត ទុកដើម្បីទទួលពុទ្ធបរិស័ទដែលមកធ្វើបុណ្យទាន និងដើម្បីទទួលពុទ្ធបរិស័ទមកលេងល្បែងកម្សាន្តទទួលទេវតាឆ្នាំថ្មីផង។ តាមជំនឿប្រពៃណីខ្មែរ ការរៀបចំសម្អាតផ្ទះសម្បែង ឬវត្តអារាម គឺដើម្បីអបអរទទួលទេវតាឆ្នាំថ្មី ដែលនឹងត្រូវចុះមកអភិបាលលោកនេះ។ ម្យ៉ាងវិញទៀត គឺដើម្បីបណ្តេញចេញឲ្យអស់ឧបទ្រពចង្រៃដែលមាននៅក្នុងឆ្នាំចាស់ ហើយទទួលទេវតាដែលមាននៅក្នុងឆ្នាំថ្មី នូវសិរិសួស្តី សុភមង្គល។
ដំបូន្មានអ្នកជំនាញ
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងនេះ សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មិនគួរលេងល្បែងជះទឹក គប់ថង់ទឹក ដាក់ភក់ ប៉ាតម្សៅ ឬវត្ថុមិនល្អផ្សេងៗទៅលើអ្នកដំណើរទេ ព្រោះនេះមិនមែនជាទង្វើសមរម្យនោះទេ។ ទង្វើបែបនេះនឹងបង្កឲ្យកើតមាននូវការមិនសប្បាយចិត្ត និងមិនពេញចិត្តពីសំណាក់លោកអ្នកមួយចំនួន ជាពិសេសសម្រាប់លោកអ្នកដែលជាចាស់ទុំ។ មួយវិញទៀត មិនគួរនាំគ្នាលេងល្បែងស៊ីសង ដូចជាបៀ ឬចាក់អាប៉ោង និងខ្លាឃ្លោកទេ ព្រោះនេះជាអំពើផ្ទុយពីគន្លងច្បាប់ និងនាំទៅរកការប្រើហិង្សា។ ក៏ប៉ុន្តែគួរងាកមកការលេងល្បែងប្រជាប្រិយខ្មែរវិញដូចជា ចោលឈូង ទាញព្រ័ត និងលាក់កន្សែងជាដើម។ ហើយទស្សនាវដ្តី សុខភាពយើង Healthcambodia.com សូមជូនពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមឲ្យមានសំណាងល្អ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈកុំបីឃ្លាងឃា្លតឡើយ។
អត្តបទដោយ ៖ សៀង វិរៈ
អ្នកប្រឹក្សា ៖ លោក វ៉ាយ វិបុលជាសមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់នៃគណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ
ចេញផ្សាយ ៖ ថ្ងៃទី ១០ មេសា ឆ្នាំ ២០១២
Leave a Reply