សាប៊ូសម្រាប់កក់សក់មានច្រើនប្រភេទណាស់ ដែលដាក់លក់នៅលើទីផ្សារ និងឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន រហូតដល់លោកអ្នកពិបាកក្នុងការជ្រើសរើសយកមកប្រើ។ មិនមានសាប៊ូកក់សក់ច្រើនប្រភេទទេ ដែលត្រូវនឹងសរសៃសក់របស់លោក អ្នក។ បើលោកអ្នកជ្រើសរើសមិនបានសាប៊ូល្អ លោកអ្នកត្រូវប្រឈមមុខនឹងបញ្ហាច្រើនប្រការណាស់ ដូចជាជ្រុះសក់ កើតអង្គែ រមាស់ស្បែកក្បាល រោគផ្សិតជាដើម និងបញ្ហាជាច្រើនប្រការទៀតដែលមិនអាចមើលស្រាលបានទេ។
សូមចូលរួមស្វែងយល់ជាមួយយើងខ្ញុំតាមរយៈការអានទស្សនាវដ្ដី សុខភាពយើង លេខនេះ។ លោកអ្នកនឹងទទួលជ្រាបជាមួយការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគ ស្ដីអំពីការជ្រើសរើសសាប៊ូកក់សក់។
សាប៊ូកក់សក់ ជាអ្វី?
សាប៊ូកក់សក់សំដៅដល់សាប៊ូដែលប្រើសម្រាប់សម្អាតសរសៃសក់ក្បាល ក្នុងគោលបំណងជំនួយផ្នែកអនាម័យ ដូចជាកម្ចាត់ ធូលីដីដែលមកទំនឹងសរសៃសក់របស់លោកអ្នក ដែលអាចបណ្ដាលឱ្យមានជម្ងឺសរសៃសក់មួយចំនួន។ ជួនកាលជម្ងឺទាំងនេះអាច បណ្ដាលឱ្យជ្រុះសក់ រលាកស្បែកក្បាល និងមិនអាចឱ្យសក់ដុះជាថ្មីទៀតបាន។ បើលោកអ្នកបាត់បង់សក់ លោកអ្នកនឹងអៀនខ្មាស និង មិនមានភាពជឿជាក់គ្រប់គ្រាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃមិនខានឡើយ។
ការជ្រើសរើសសាប៊ូកក់សក់
មិនមានអ្វីច្រើនទេ ដោយគ្រាន់តែលោកអ្នកយកចិត្ដទុកដាក់លើសមាសធាតុផ្សំរបស់សាប៊ូ ជាពិសេសគឺជាតិអាល់កាឡាំង។ បើសាប៊ូដែលមានជាតិអាល់កាឡាំងច្រើន ធ្វើឱ្យសរសៃសក់លោកអ្នកស្ងួត ងាយបែកចុងសំពោង។ ផ្ទុយទៅវិញ សាប៊ូដែលមានជាតិ អាល់កាឡាំងច្រើនបែបនេះសក្ដិសមជាមួយនឹងលោកអ្នកដែលមានសរសៃសក់មានជាតិប្រេងច្រើន។ មុននឹងលោកអ្នកសម្រេចចិត្ដ ជ្រើសរើសប្រើសាប៊ូមួយណា លោកអ្នកគួរសាកល្បងប្រើរយៈពេលពីរ ឬបីថ្ងៃសិន ទើបសម្រេចចិត្ដជាក្រោយ។ សាប៊ូដែលល្អ គឺអាច ជួយឱ្យសរសៃសក់លោកអ្នកទន់ ភ្លឺរលោងស្អាត មិនបង្កជាកន្ទួលរមាស់នៅលើស្បែកក្បាល។
ប្រការគួរចៀសវាង
លោកអ្នកមិនត្រូវផ្លាស់ប្ដូរសាប៊ូកក់សក់ទៅតាមចិត្ដចង់របស់លោកអ្នកទេ ព្រោះអាចធ្វើឱ្យមានប្រតិកម្មលើស្បែកក្បាល ក៏ ដូចជាសរសៃសក់ផងដែរ។ ក្រៅពីនេះ សូមលោកអ្នកកុំយកសាប៊ូផ្សេងៗ ដូចជាប្រភេទសាប៊ូសម្រាប់បោកសម្លៀកបំពាក់ សាប៊ូ សម្រាប់លាងចាន សាប៊ូសម្រាប់ដុសខ្លួនជាដើម មកកក់សក់ឱ្យសោះ ព្រោះសាប៊ូប្រភេទនីមួយៗមានសមាសធាតុផ្សំខុសៗគ្នា មិនអាច ប្រើច្របល់ចូលគ្នាបានទេ។ មិនមាននរណាម្នាក់អាចវាយតម្លៃបានពីការប៉ះពាល់នៃការប្រើសាប៊ូឡូកឡំគ្នានោះទេ។
ដំបូន្មានអ្នកជំនាញ
ពិតជាពិបាកណាស់ក្នុងការជ្រើសរើសការប្រើប្រាស់សាប៊ូឱ្យបានត្រឹមត្រូវ ហើយមានផលប្រយោជន៍សម្រាប់ថែទាំសរសៃ សក់។ បើលោកអ្នកមិនអាចវិនិច្ឆ័យបានល្អក្នុងការជ្រើសរើសសាប៊ូកក់សក់ទេ សូមលោកអ្នកទៅរកអ្នកជំនាញខាងសរសៃសក់ដើម្បី ពិនិត្យប្រភេទសរសៃសក់ និងលទ្ធភាពនៃការរីកលូតលាស់របស់សរសៃសក់ នោះលោកអ្នកនឹងបានសាប៊ូដែលល្អសម្រាប់ថែបំប៉ន សរសៃសក់មិនខានឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply