មនុស្សម្នាក់ៗមិនអាចរស់នៅតែឯកឯងដោយគ្មានការទំនាក់ទំនងជាមួយមនុស្សខាងក្រៅនោះឡើយ។ ចាំបាច់ត្រូវតែមានការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នា ហើយការធ្វើឱ្យមានសម្ព័ន្ធភាពនៅក្នុងសង្គម ពិតជារឿងសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ទាំងនេះគឺអាស្រ័យទៅលើកត្ដាច្រើនយ៉ាង ដូចជាការគួរសម ភាពរួសរាយរាក់ទាក់ ការមានសន្ដានចិត្ដ ការប្រើប្រាស់ពាក្យសម្ដី ផ្អែមល្ហែមជាដើម។ ឯបញ្ហាក្លិនមាត់ក៏ជាផ្នែកមួយក្នុងចំណោមចំណុចសំខាន់ៗទាំងនោះដែរ ប្រសិនបើមានក្លិនមាត់មិនល្អ ក៏នាំឱ្យការទាក់ទងជាមួយសមាជិកក្នុងសង្គម និងក្នុងគ្រួសារត្រូវជួបនូវវិបត្ដិផងដែរ។
ដើម្បីឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយអ្នកដទៃ កត្ដាចម្បងត្រូវបំបាត់ក្លិនមាត់ជាមុនសិន។ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចឹម ដើម្បីស្រាយបំភ្លឺអំពីបញ្ហានេះ ជូនមិត្ដអ្នកអាន។
ក្លិនមាត់ ជាអ្វី?
ក្លិនមាត់ គឺចង់សំដៅទៅលើមាត់ដែលមានក្លិនមិនល្អ។ ហើយក្លិនដែលមិនល្អនេះបណ្ដាលមកពីកត្ដាបីយ៉ាង គឺបញ្ហាមាត់ខ្លួន ឯងផ្ទាល់ បញ្ហាច្រមុះ និងបញ្ហាក្រពះ។ មូលហេតុទាំងបីនេះបានបង្កធ្វើឱ្យមាត់មានក្លិនមិនល្អ ដែលពិបាកក្នុងការធ្វើទំនាក់ទំនងជាមួយ អ្នកដទៃ។ ព្រោះនៅពេលដែលនិយាយទៅកាន់អ្នកណាម្នាក់ ខ្យល់ដែលបញ្ចេញទៅនោះជាខ្យល់ដែលមានក្លិនមិនល្អទៅលើអ្នកដែល នៅជុំវិញខ្លួន ពិសេសអ្នកដែលនិយាយទៅកាន់តែម្ដង។
មូលហេតុនាំឱ្យមានក្លិនមាត់
កត្ដាបីយ៉ាងដែលបណ្ដាលឱ្យមានក្លិនមាត់ គឺបញ្ហាមាត់ធ្មេញ បញ្ហាច្រមុះ និងបញ្ហាក្រពះ។
1. បញ្ហាមាត់ធ្មេញ ៖ ធ្មេញដែលមានប្រហោង ឬធ្មេញពុកច្រើនបណ្ដាលមកពីមិនបានសម្អាតឱ្យបានល្អ។ កាកសំណល់ អាហារដែលនៅជាប់នឹងធ្មេញក្រោយរយៈពេល៦ម៉ោង បំលែងទៅជាអាស៊ីដ មានប្រតិកម្មជាមួយជាតិកាល់ស្យូមនៃធ្មេញ ធ្វើឱ្យធ្មេញ ខូច។ ហើយកាកសំណល់ដែលនៅជាប់នឹងប្រហោងធ្មេញខូចនោះនឹងធ្វើឱ្យមានបញ្ហាក្លិនមាត់នេះឡើង។ កាកសំណល់ចំណីអាហារ ដែលនៅជាប់នឹងអណ្ដាត មិនបានសម្អាតក៏បណ្ដាលឱ្យមានបញ្ហាក្លិនមាត់ដែរ។ ម្យ៉ាងទៀត ការដាក់ធ្មេញមិនបានល្អត្រឹមត្រូវក៏អាចធ្វើ ឱ្យមាត់មានក្លិនមិនល្អដែរ ពិសេសការដាក់ធ្មេញដែលមានជាតិប្លាស្ទិក។ ព្រោះប្រភេទធ្មេញដាក់នេះអាចជ្រាបទឹកបាន ប៉ុន្ដែទឹកមិន អាចចេញវិញបានទេ។ ហើយទឹកដែលជ្រាបចូលទៅក្នុងប្រហោងធ្មេញយូរទៅ ធ្វើឱ្យមានក្លិនមិនល្អកើតឡើង។
2. បញ្ហាច្រមុះ ៖ ច្រមុះដែលមានបញ្ហា ដូចជាការរលាកជាដើម ក៏អាចបណ្ដាលឱ្យមានក្លិនមាត់ដែរ។ ទោះបីមិនបង្កជា បញ្ហាក្លិនខ្លាំងក៏ដោយ ក៏ជាកត្ដារួមផ្សំដែលអាចធ្វើឱ្យមានក្លិនកាន់តែខ្លាំង។
៣. បញ្ហាក្រពះ ៖ បញ្ហាមានក្លិនមាត់មិនល្អ ក៏អាចបណ្ដាលមកពីមានជម្ងឺរលាកក្រពះផងដែរ។ កាលណាមានជម្ងឺរលាក ក្រពះធ្វើឱ្យមានក្លិនមិនប្រសើរចេញពីក្រពះមកមាត់ ហើយធ្វើឱ្យមាត់មានក្លិនមិនល្អ។ ក្លិនមាត់មិនល្អនេះពិបាកក្នុងការធ្វើទំនាក់ ទំនង។
ផលប៉ះពាល់ដែលបណ្ដាលមកពីមានក្លិនមាត់
ចៀសមិនផុតពីការធ្វើឱ្យមានផលប៉ះពាល់នោះឡើយ ប្រសិនបើមានបញ្ហាក្លិនមាត់មិនល្អ។ ហើយការប៉ះពាល់ទាំងនោះ តែងតែផ្ដល់ជាគុណវិបត្ដិយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកដែលមានបញ្ហាក្លិនមាត់នេះ។
- ក្លិនមាត់ប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងជាមួយដៃគូសន្ទនា ព្រោះនៅពេលមានបញ្ហាក្លិនមាត់កើតឡើង ក្លិនដែលមិន ល្អនោះអាចធ្វើឱ្យអ្នកដទៃមិនចង់មានទំនាក់ទំនងជាមួយ ឱកាសនៃការធ្វើសម្ព័ន្ធភាពដទៃទៀតជាមួយបុគ្គលក្នុងសង្គមនឹងត្រូវបាត់ បង់។
- ក្លិនមាត់អាចមានផលប៉ះពាល់ចំពោះសុខភាពទូទៅ ជាពិសេសបញ្ហាក្លិនមាត់ដែលបណ្ដាលមកពីការមានកាកសំណល់នៅ ជាប់នឹងធ្មេញ អណ្ដាត និងនៅក្នុងប្រហោងធ្មេញដែលខូច។ កាកសំណល់អាហារទាំងនេះយូរទៅនឹងបង្កឱ្យកើតជាមេរោគដែលអាច ជ្រាបចូលទៅក្នុងសរសៃឈាម ឬប្រព័ន្ធសរសៃឈាមតាមរយៈទឹកមាត់ដែលប៉ះនឹងស្នាមដាច់ ឬរបួសក្នុងមាត់។ កត្ដាទាំងនេះអាចធ្វើ ឱ្យមានបញ្ហាដល់បេះដូង ពិសេសនៅពេលដែលឈានចូលដល់វ័យកាន់តែចាស់ទៅ។
វិធីបំបាត់ក្លិនមាត់
ដើម្បីបំបាត់បញ្ហាក្លិនឱ្យទទួលបានជោគជ័យ ជាចាំបាច់ត្រូវរកឬសគល់ និងមូលហេតុឱ្យឃើញច្បាស់ជាមុនសិន។
- យ៉ាងណាម៉ិញ ប្រសិនបើមានបញ្ហាជាជម្ងឺដំបៅក្រពះ ត្រូវទៅព្យាបាលក្រពះ។
- បើមានបញ្ហារលាកច្រមុះ ត្រូវទៅព្យាបាលច្រមុះជាមួយនឹងគ្រូពេទ្យដែលមានជំនាញពិតប្រាកដ ដើម្បីទទួលបាននូវជោគជ័យកាន់តែប្រសើរ។
- ដោយឡែកបញ្ហាក្លិនមាត់ដែលបណ្ដាលមកពីមាត់ធ្មេញខ្លួនឯងផ្ទាល់ ត្រូវទៅពិគ្រោះ និងព្យាបាលជាមួយអ្នកដែលមាន ឯកទេសពិតប្រាកដដើម្បីសម្អាត និងព្យាបាលធ្មេញខូចដែលបង្កឱ្យមានបញ្ហាក្លិនមាត់នេះ។ ប៉ុន្ដែប្រការសំខាន់ដែលចាំបាច់គួរធ្វើដោយ ខានពុំបាន គឺខ្លួនឯងផ្ទាល់ត្រូវធ្វើអនាម័យធ្មេញឱ្យបានល្អ ដុសសម្អាតកម្ទេចកម្ទីចំណីអាហារដែលនៅជាប់នឹងធ្មេញឱ្យបានស្អាត និង ត្រឹមត្រូវ ដើម្បីកុំឱ្យធ្មេញខូច និងមានប្រហោង។
ដំបូន្មានអ្នកជំនាញ
បច្ចុប្បន្ននេះប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីការថែរក្សាធ្មេញ និងសម្អាតធ្មេញ ប៉ុន្ដែទោះបីជាយ៉ាងណាក៏សំណូមពរ ឱ្យលោកអ្នកបន្ដការថែរក្សា និងស្វែងយល់ឱ្យបានច្រើនអំពីកត្ដាដែលធ្វើឱ្យមានបញ្ហាក្លិនមាត់។ សូមកុំបណ្ដោយទុកឱ្យការមានបញ្ហា ក្លិនមាត់តទៅទៀត ព្រោះអាចមានផលមិនល្អចំពោះខ្លួន និងអ្នកដទៃ ពិសេសក្នុងការធ្វើទំនាក់ទំនង។ គួរប្រញាប់ទៅរកគ្រូពេទ្យជំនាញដើម្បីប្រឹក្សា និងព្យាបាល។ កត្ដាសំខាន់មួយទៀតត្រូវស្វែងរកឱ្យឃើញពីមូលហេតុដែលបណ្ដាលឱ្យមានបញ្ហាក្លិនមាត់ ដូចជាជម្ងឺ ដំបៅក្រពះ រលាកច្រមុះ ឬបញ្ហាមាត់ធ្មេញផ្ទាល់ ហើយព្យាបាលនូវចំណុចទាំងនេះ នោះបញ្ហាក្លិនមាត់នឹងលែងកើតមានចំពោះខ្លួន លោកអ្នកទៀតដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply