ជម្ងឺមហារីកមាត់ស្បូនជាជម្ងឺសម្បូរជួបប្រទះហើយស្ថិតនៅលំដាប់លេខពីរ ក្នុងចំណោមជម្ងឺមហារីកដែលកើតនៅលើខ្លួន ប្រាណស្ដ្រី បន្ទាប់ពីជម្ងឺមហារីកសុដន់។ ជម្ងឺមហារីកមាត់ស្បូនច្រើនកើតនៅលើមាត់ស្បូន គឺនៅមាត់ស្បូនខាងក្រៅ និងមាត់ស្បូនខាង ក្នុង។ វ័យដែលអាចកើតមានជម្ងឺនេះ ជាទូទៅគឺស្ថិតក្នុងវ័យបន្ដពូជ។ នៅប្រទេសកម្ពុជា គេឃើញមានជម្ងឺមហារីកមាត់ស្បូនកើតនៅ លើស្ដ្រីអាយុមិនដល់២០ឆ្នាំផងក៏មាន។ ដូច្នេះសូមស្វែងយល់ដើម្បីបង្ការ និងព្យាបាលទាន់ពេលវេលា។
មូលហេតុជម្ងឺមហារីកមាត់ស្បូន
ថ្វីត្បិតតែរហូតមកដល់ពេលនេះ មិនទាន់មានភស្ដុតាងជាក់លាក់អំពីកត្ដាដែលនាំឱ្យកើតមានជម្ងឺមហារីកមាត់ស្បូនក្ដី ប៉ុន្ដែ មានតម្រុយខ្លះដែលបង្ហាញឱ្យដឹងពីជម្ងឺនេះ។ ជម្ងឺមហារីកមាត់ស្បូនមិនមែនជាជម្ងឺសួពូជទេ ប៉ុន្ដែវាជាជម្ងឺគ្រួសារ។ ស្ដ្រីទាំងឡាយ ត្រូវយកចិត្ដទុកដាក់ថាប្រសិនបើមានសមាជិកណាម្នាក់កើតជម្ងឺមហារីក យើងនឹងអាចកើតមានដែរ។ ពីព្រោះជីវភាពរស់នៅ និងការ ទទួលទាននៅក្នុងគ្រួសារមានលក្ខណៈប្រហាក់ប្រហែលគ្នា។
- វាអាចកើតឡើងនៅពេលដែលមានការចម្លងមេរោគនៅក្នុងប្រដាប់បន្ដពូជ ជាពិសេសគឺកើតឡើងដោយសារវីរុសអែបប៉េសម្យ៉ាង។
- វាអាចកើតឡើងដោយសារគ្រោះថ្នាក់ប៉ះទង្គិចនៅលើមាត់ស្បូនផ្ទាល់។
- ក្រៅពីនេះ វាអាចកើតឡើងដោយសាររបបអាហារទទួលទាន ដូចជាបរិភោគអាហារដែលមានលាយជាតិគីមីច្រើនជា ដើម។
ផលវិបាកជម្ងឺមហារីកមាត់ស្បូន
ជម្ងឺមហារីកមាត់ស្បូនមានអាការធ្ងន់ធ្ងរ ដូចជាសមានធុំក្លិន រួមដំណេកមានធ្លាក់ឈាម ឬការប៉ះទង្គិចទៅមានឈាម។ ស្ថិតក្នុងដំណាក់កាលនេះ ការព្យាបាលពិបាកនឹងកំណត់ថារស់បានយូរឆ្នាំប៉ុណ្ណាឡើយ ហើយអ្នកជម្ងឺមានការឈឺចាប់ជាខ្លាំង។ ប្រសិន បើជម្ងឺនៅថ្មីៗ គ្រូពេទ្យអាចព្យាបាលជាសះស្បើយ។ ហើយប្រសិនបើដំណាក់កាលជម្ងឺមហារីកមើលឃើញនឹងភ្នែកហើយ(ដំណាក់ កាលធ្ងន់ធ្ងរ) ការព្យាបាលមិនជាទេ គ្រាន់តែសម្រន់ការឈឺចាប់តែប៉ុណ្ណោះ។ គ្រូពេទ្យអាចដឹងថាអ្នកជម្ងឺអាចរស់នៅបានប៉ុន្មានខែ ឬ ប៉ុន្មានឆ្នាំទៀត។
វិធីបង្ការជម្ងឺមហារីកមាត់ស្បូន
ស្ដ្រីស្ថិតនៅក្នុងវ័យ២០ឆ្នាំដែលមានស្វាមី ឬស្ដ្រីដែលធ្លាប់មានការរួមភេទគួរតែទៅពិនិត្យអាការរោគផ្សេងៗទាក់ទងនឹង សុខភាពប្រដាប់បន្ដពូជ ដូចជារកមើលកោសិកាមហារីកជាដើម។ ស្ដ្រីត្រូវធ្វើការពិនិត្យសុខភាពឱ្យបានជាប្រចាំ យ៉ាងហោចណាស់ពីរ ឆ្នាំម្ដង។ ប្រសិនបើស្បូននោះមិនសូវល្អ ឬសង្ស័យ គ្រូពេទ្យនឹងទាមទារឱ្យស្ដ្រីនោះធ្វើការពិនិត្យមួយឆ្នាំម្ដង ឬប្រាំមួយខែម្ដង។ បច្ចុប្បន្ននេះ កន្លែងពិនិត្យរកកោសិកាមហារីកមានច្រើនកន្លែងនៅតាមមន្ទីរពេទ្យនានា។ ពិនិត្យដើម្បីស្រាវជ្រាវថាតើមានមេរោគ ដែលបង្កជាជម្ងឺមហារីកឬទេ។ សរុបមកស្ដ្រីត្រូវពិនិត្យរោគឱ្យបានពីរឆ្នាំម្ដងនៅអាយុចាប់ពី២០ដល់៦៥ឆ្នាំ ដើម្បីរកមើលកោសិកាមហារីក។ សូមបង្ការ ឱ្យបានកុំឱ្យមានជម្ងឺឆ្លងតាមការរួមភេទ។ ដើម្បីបង្ការជម្ងឺឆ្លងតាមការរួមភេទ មានរូបមន្ដ្ដមួយចំនួនដូចតទៅ។
- បើមិនមានការរួមភេទទេ មិនអាចឆ្លងជម្ងឺឆ្លងតាមការរួមភេទ(កាមរោគ)នោះទេ
- ការស្មោះត្រង់ជាមួយដៃគូ
- ការប្រើប្រាស់ស្រោមអនាម័យ
យុទ្ធសាស្ដ្រនេះមានប្រសិទ្ធភាពក្នុងជីវិតស្នេហា ជាពិសេសសម្រាប់អ្នកដែលមិនចង់ទទួលគ្រោះថ្នាក់ដោយសារជម្ងឺឆ្លងតាម ការរួមភេទ និងមេរោគអេដស៍។ ត្រូវបង្ការកុំឱ្យកើតមានផ្សិតនៅលើសរីរាង្គបន្ដពូជ ព្រោះផ្សិតនោះកើតឡើងដោយសារប្រើថ្នាំផ្សះ ច្រើនពេក ការអនាម័យមិនបានត្រឹមត្រូវ និងការមានប្រតិកម្មជាមួយសម្ភារៈប្រើប្រាស់ ដូចជាការប្រើសាប៊ូមិនត្រឹមត្រូវ ដុសសម្អាត ទៅលើទ្វារមាសហួសហេតុជាដើម។ ស្វាមីត្រូវដឹងពីអ្វីដែលជាជោគវាសនារបស់ភរិយា ត្រូវលើកទឹកចិត្ដភរិយាឱ្យថែរក្សាសុខភាពឱ្យបានជាប្រចាំ។ ហើយបុរស ជាស្វាមីដែលស្រឡាញ់ភរិយា ត្រូវបង្ការកុំឱ្យឆ្លងរោគដែលជាជម្ងឺឆ្លងតាមផ្លូវភេទ។ ពីព្រោះក្រៅពីជម្ងឺមហារីក មានសោកនាដកម្ម ផ្សេងទៀតដែលកើតឡើងដោយសារជម្ងឺឆ្លងតាមផ្លូវភេទ។ ជម្ងឺឆ្លងតាមផ្លូវភេទ ការប៉ះទង្គិចលើមាត់ស្បូន និងការទទួលទានចំណីអាហារ សុទ្ធតែជាកត្ដាបង្កជម្ងឺមហារីកមាត់ស្បូន។
ដំបូន្មានអ្នកជំនាញ
ភាពខ្មាសអៀនជាបញ្ហាមួយរបស់ស្ដ្រី ប៉ុន្ដែស្ដ្រីទាំងឡាយត្រូវដឹងថាជីវិតរបស់លោកស្រីអ្នកនាងកញ្ញាស្ថិតនៅក្នុងកណ្ដាប់ ដៃរបស់ខ្លួនឯងផ្ទាល់។ មិនត្រូវយកជីវិតទៅឡូកឡំនឹងភាពអៀនខ្មាសនោះទេ។ មានករណីខុសឆ្គងខ្លះទៀត ស្ដ្រីគិតថាមិនហ៊ានទៅ ពិនិត្យសុខភាពទេ ព្រោះខ្លាចកើតជម្ងឺមហារីក។ ជាការប្រសើរ ប្រសិនបើកើតជម្ងឺ គួរតែទៅពិនិត្យវាដើម្បីការពារ ព្រោះថាដំណាក់ កាលដំបូងអាចព្យាបាលជាសះស្បើយ១០០%។ បើភ័យនឹងជម្ងឺអ្វី ត្រូវពិនិត្យជម្ងឺនោះឱ្យបានដិតដល់ ការពារប្រសើរជាងព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply