លោកអ្នកធ្លាប់ជួបធ្លាប់ឃើញក្មេងដែលដេកតាមចិញ្ចេឹមថ្នល់ របងវត្ដអារាម សាលារៀន និងតាមទីសាធារណៈ ពួកគេនោះហើយគឺជាក្មេងអនាថា។ ក្មេងអនាថាជាវិបត្ដិដ៏ធ្ងន់ធ្ងររបស់សង្គម។ អនាគតរបស់ប្រទេសជាតិ គឺអាស្រ័យលើកុមារនិងយុវជនជំនាន់ក្រោយ យុវជនជាទំពាំងស្នងឬស្សី។ ចុះបើមានក្មេងអនាថាកាន់តែកើនឡើង តើវាសនារបស់ប្រទេសជាតិនឹងទៅជាយ៉ាងណា? តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យមានក្មេងអនាថានេះរិតតែកើនឡើង?
ទាក់ទងនឹងក្មេងអនាថានេះ លោកស្រី លី សូផាត នាយិកាកម្មវិធីនៃអង្គការមិត្ដសំឡាញ់បានផ្ដល់បទសម្ភាសន៍ជាមួយ ទស្សនាវដ្ដី សុខភាពយើង ដើម្បីបកស្រាយពីមូលហេតុផ្សេងៗមួយចំនួនរបស់ពួកគេ។
អ្វីទៅជាក្មេងអនាថា?
ក្មេងអនាថា គឺសំដៅទៅលើក្មេងដែលរស់នៅ និងធ្វើការតាមចិញ្ចើមថ្នល់ ហើយអាចចែកចេញជាបីប្រភេទ។
1. ប្រភេទទីមួយ ៖ គឺក្មេងដែលបានផ្ដាច់ទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ ហើយមករស់នៅតាមចិញ្ចើមថ្នល់ សំយាបផ្ទះ ឬតាមទីសាធារណៈណាមួយដោយជីវភាពឯករាជ្យ និងមិនមានការគ្រប់គ្រង គ្មានការទំនុកបម្រុងគាំទ្រពីអ្នកណាម្នាក់ឡើយ។
2. ប្រភេទទីពីរ ៖ គឺកុមារដែលធ្វើការតាមចិញ្ចើមថ្នល់ ពួកគេភាគច្រើនរស់នៅតាមតំបន់អនាធិបតេយ្យ ឬតំបន់ក្រីក្រ មួយចំនួន ដូចជាតំបន់ទន្លេបាសាក់ តំបន់បុរីកីឡា ស្ទឹងមានជ័យជាដើម។ កុមារប្រភេទនេះត្រូវចំណាយពេលពេញមួយថ្ងៃ ឬកន្លះថ្ងៃ និងពេលខ្លះពេញមួយយប់នៅតាមចិញ្ចើមថ្នល់ដើម្បីរកប្រាក់ទៅបំពេញបញ្ហាជីវភាពនៅក្នុងគ្រួសាររបស់ពួកគេ។ ក្មេងប្រភេទទីពីរ នេះមានចំនួនប្រមាណជា១០ ០០០ ទៅ២០ ០០០នាក់ នេះបើយោងទៅលើស្ថិតិដែលទទួលបានពីអង្គការមិត្ដសំឡាញ់ ហើយចំនួនដ៏ច្រើននេះអាស្រ័យទៅតាមតំបន់ដែលមានជាច្រើននៅក្នុងប្រទេស ជាពិសេសក្នុងទីក្រុងភ្នំពេញ។
3. ប្រភេទទីបី ៖ ជាប្រភេទក្មេងអនាថារស់នៅជាមួយនឹងក្រុមគ្រួសារដែលជាជនអនាថារស់នៅតាមចិញ្ចើមថ្នល់ ឬតំបន់សាធារណៈដូចគ្នា។
មូលហេតុកើតមានក្មេងអនាថា
ពុំមានកុមារ ឬយុវជនណាម្នាក់ដែលមានបំណងចង់ឱ្យខ្លួនក្លាយជាក្មេងអនាថាគ្មានគោលដៅរស់នៅពិតប្រាកដនោះទេ។ ប៉ុន្ដែទាំងអស់នេះកើតឡើងដោយសារការគ្មានជម្រើសក្នុងការរស់នៅឱ្យបានសមស្រប ហើយមានកត្ដាជាច្រើនដែលបណ្ដាលឱ្យកើតមានក្មេងអនាថានៅក្នុងប្រទេសកម្ពុជា។
- ក្មេងអនាថាមួយចំនួនកើតឡើងដោយសារគ្រួសារបោះបង់ចោល មិនយកចិត្ដទុកដាក់ ឬមកពីការរវល់នឹងការងាររៀងៗខ្លួន។
- កត្ដាគ្រោះធម្មជាតិ មានដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ជាដើម បានធ្វើឱ្យផលដំណាំ និងទ្រព្យសម្បត្ដិត្រូវបំផ្លាញទាំងអស់។ កសិករមួយចំនួនបានចាកចេញមករកតំបន់ថ្មីដែលគ្មានគោលដៅ និងជម្រកពិតប្រាកដ។
- អំពើហិង្សាក្នុងគ្រួសារ ខ្វះភាពកក់ក្ដៅក្នុងការរស់នៅ ធ្វើឱ្យកុមារ ឬយុវជនចាកចេញពីផ្ទះសម្បែងមកស្វែងរកសេចក្ដីសប្បាយខាងក្រៅ យូរទៅក៏ក្លាយជាក្មេងអនាថារស់នៅតាមថ្នល់ រកស៊ីទ្រទ្រង់ជីវភាពខ្លួនឯង។
- ការមិនសមតាមបំណងរបស់កុមារ ដូចជាការចង់ទៅសាលារៀន ឬចង់បានអ្វីមួយដែលគេពេញចិត្ដ ប៉ុន្ដែមិនទទួលបានដូចបំណង។ ដូចនេះកុមារសម្រេចចិត្ដចាកចេញពីផ្ទះទៅរស់នៅតាមចិញ្ចើមថ្នល់ និងទីសាធារណៈផ្សេងៗ។
- បញ្ហាជម្ងឺអេដស៍បានបន្សល់ទុកនូវកុមារជាច្រើនដែលគ្មានទីពឹង គ្មានអ្នកមើលថែ។ ហើយកុមារទាំងនោះត្រូវរស់នៅដោយខ្លួនឯងតាមមធ្យោបាយផ្ទាល់ខ្លួន ទីបំផុតកុមារទាំងនោះគ្មានទីជម្រកពិតប្រាកដ។
- បញ្ហាគ្រឿងញៀនដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យក្មេងដែលគ្មានការគ្រប់គ្រង គ្មានគ្រួសារ និងគ្មានទីជម្រកពិតប្រាកដ ឈានទៅប្រើគ្រឿងញៀន។ កុមារដែលរស់នៅក្នុងជីវភាពសមរម្យមានការគ្រប់គ្រងក៏កំពុងតែប្រឈមមុខនឹងការប្រើប្រាស់គ្រឿងញៀននេះដែរ។ គ្រឿងញៀនបានធ្វើឱ្យកុមារចាកចេញពីផ្ទះទៅរស់នៅដោយឯករាជ្យតាមចិញ្ចើម ថ្នល់តាមសំយាបផ្ទះជាដើម ដើម្បីមានសេរីភាពក្នុងការប្រើប្រាស់គ្រឿងញៀន។
ទាំងអស់នេះសុទ្ធតែជាមូលហេតុដែលនាំឱ្យកើតមាននូវក្មេងអនាថានៅក្នុងប្រទេស ហើយក៏នៅមានមូលហេតុជាច្រើនទៀតដែលអាចជាកត្ដានាំឱ្យកើតមានក្មេងអនាថានេះផងដែរ។
ក្មេងអនាថា និងផលប៉ះពាល់
កំណើនក្មេងអនាថាអាចធ្វើឱ្យមានវិបត្ដិក្នុងសង្គម ដោយសារការបាត់បង់គ្រាប់ពូជជាយុវជនជំនាន់ក្រោយ។ ជាហេតុធ្វើឱ្យ កើតមានជាជម្ងឺសង្គមដែលសម្បូរទៅដោយអ្នកប្រើប្រាស់គ្រឿងញៀន អ្នកផ្ទុកមេរោគអេដស៍ និងក្រុមជនដែលប្រព្រឹត្ដិអំពើពាលាអាវាសែ។ ដូច្នេះមានផលប៉ះពាល់ច្រើនយ៉ាងដែលបណ្ដាលមកពីកំណើនក្មេងអនាថា។
-
ប៉ះពាល់ទៅលើការរស់នៅ ៖ ដើម្បីដោះស្រាយបញ្ហាការរស់នៅ ការចិញ្ចឹមជីវិត កុមារអនាថាទាំងអស់ត្រូវបង្ខំចិត្ដ ប្រកបមុខរបរផ្សេងៗទាំងមុខរបរស្របច្បាប់ និងមុខរបរមិនស្របច្បាប់។ មុខរបរស្របច្បាប់មួយចំនួនដែលកុមារអនាថាតែងតែធ្វើ ដើម្បីចិញ្ចឹមជីវិត ដូចជាដើរលក់ផ្កា រើសអេតចាយ ជួយលីសែង សុំទាន លាងចានតាមភោជនីយដ្ឋាន យាមឡាន ជូតឡានជាដើម។ ឯមុខរបរមិនស្របច្បាប់មានដូចជាការលួច ឆក់ លូកហោប៉ៅជាដើម ប៉ុន្ដែគឺដើម្បីតែតម្រូវការជីវិតតែប៉ុណ្ណោះ។ មានកុមារមួយចំនួន ដោយសារការប៉ះពាល់គ្រឿងញៀនផ្សេងៗ ហ៊ានប្រព្រឹត្ដិនូវអំពើខុសច្បាប់ លួច ឆក់ ប្លន់ជាដើម។ ដោយឡែកសម្រាប់ក្មេងអនាថា មួយចំនួនទៀតបានលក់ខ្លួនឱ្យជនបរទេសដើម្បីប្រព្រឹត្ដិអំពើអនាចារផ្លូវភេទ ជាពិសេសក្មេងប្រុស។
- ប៉ះពាល់ទៅលើសុខភាពផ្លូវកាយ ៖ ក្មេងអនាថាពុំបានគិតគូរ ឬព្រួយបារម្ភពីសុខភាពឡើយ។ បញ្ហាសុខភាពអាច បណ្ដាលមកពីខ្វះការអប់រំណែនាំ អនាម័យខ្លួនប្រាណ កន្លែងរស់នៅ សម្លៀកបំពាក់ ចំណីអាហារជាដើម។ ទាំងនេះធ្វើឱ្យពួកគេងាយ ទទួលរងនូវជម្ងឺផ្សេងៗ ដូចជាជម្ងឺរាក កើតកន្ទួលរមាស់ បញ្ហាមាត់ធ្មេញ អំបៅអំបែក ទឹកនោមផ្អែម ជម្ងឺរបេង ផ្ដាសាយ ថ្លើម និង ជម្ងឺដទៃទៀតជាច្រើនដែលសុទ្ធតែមានផលប៉ះពាល់ទៅលើសុខភាព និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។
- ប៉ះពាល់ទៅលើសុខភាពផ្លូវចិត្ដ ៖ ជាធម្មជាតិរបស់ក្មេងតែងតែមានការចង់បាន ចង់មានសម្ភារៈប្រើប្រាស់ផ្សេងៗ និង ងាយទទួលរងនូវការតូចចិត្ដ និងច្រណែន។ ជាអាទិច្រណែននឹងគេមានសេចក្ដីសុខក្នុងគ្រួសារ តូចចិត្ដនឹងខ្លួនឯងដែលមិនបានទទួលនូវ ការថ្នាក់ថ្នមពីសាច់ញាតិ ច្រណែននឹងកុមារដូចគ្នាដែលមានអ្វីៗគ្រប់យ៉ាង។ បញ្ហាទាំងអស់នេះបានអូសទាញចិត្ដកុមារអនាថាទាំងនោះ ឱ្យប្រព្រឹត្ដិអំពើណាមួយដែលមិនត្រឹមត្រូវ ដូចជាទៅលួចឆក់ទ្រព្យសម្បត្ដិអ្នកដទៃ ទៅប្រើប្រាស់គ្រឿងញៀនដើម្បីបំបាត់ការគិតស្រមើលស្រមៃរបស់ខ្លួនជាដើម។
- ប៉ះពាល់ទៅលើសង្គម ៖ នៅពេលក្មេងអនាថាកាន់តែកើនឡើង មានន័យថាសង្គមកំពុងឈានទៅរកការបាត់បង់ធនធានមនុស្ស ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍សង្គម ជាពិសេសលើវិស័យទេសចរ។ តើនឹងមានអ្នកទេសចរចូលមក កម្សាន្ដទស្សនាក្នុងទឹកដីកម្ពុជាទៀតទេ បើគ្រប់គ្នាមើលឃើញតែក្មេងសុំទាន ញៀនគ្រឿងស្រវឹង ដើរដេកតាមចិញ្ចើមថ្នល់ តាមសំយាបផ្ទះ និងតាមទីសាធារណៈផ្សេងៗនោះ?
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកគិតថាក្មេងអនាថា គឺជាជនរងគ្រោះដោយហេតុផលផ្សេងៗ។ ដូចនេះសូមជួយពួកគេទៅតាមលទ្ធភាពផង។ សូមលោកអ្នកធ្វើយ៉ាងណារក្សាសមាជិកនៅក្នុងគ្រួសារលោកអ្នក ប្រយោជន៍កុំឱ្យកើនឡើងនូវចំនួនក្មេងអនាថាទាំងនេះទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply