ពាក្យថាជម្ងឺមហារីក កុំថាដល់ទៅកើត សូម្បីតែឮក៏មិនចង់ឮផង។ គ្រប់គ្នាតែងតែចាត់ទុកថាបើកើតជម្ងឺមហារីកហើយ មានតែត្រៀមខ្លួនស្លាប់ឱ្យហើយទៅ គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ។ ដោយឡែកសម្រាប់ជម្ងឺមហារីកគ្រាប់ឈាម វារិតតែធ្ងន់ធ្ងរ ទៅទៀតហើយ ព្រោះជម្ងឺនេះភាគច្រើនកើតមានដោយមិនធ្វើឱ្យអ្នកជម្ងឺដឹងខ្លួនជាមុនឡើយ។ ហើយអ្នកកើតជម្ងឺនេះថែមទាំងត្រូវ ចំណាយប្រាក់ច្រើនលើសលប់សម្រាប់ព្យាបាល រីឯអត្រានៃក្ដីសង្ឃឹមជាសះស្បើយមានកម្រិតទាប។
លោកវេជ្ជបណ្ឌិត សុខ សុធា អ្នកឯកទេសជម្ងឺមហារីកឈាម នៃមន្ទីរពេទ្យមិត្ដភាពកម្ពុជាសូវៀត បានបកស្រាយជម្រាប ជូនលោកអ្នកពីបញ្ហានៃជម្ងឺមហារីកគ្រាប់ឈាមដើម្បីជាជំនួយដល់ការថែរក្សាសុខភាពពីជម្ងឺកាចសាហាវនេះ។
មហារីកគ្រាប់ឈាម ជាអ្វី?
ជាធម្មតា គ្រាប់ឈាមក្រហម និងគ្រាប់ឈាមសចូលមកដល់ក្នុងឈាម ត្រូវឆ្លងកាត់ការវិវឌ្ឍន៍មួយនៅក្នុងខួរឆ្អឹង ដែល ហៅថាកោសិកាដើមរបស់គ្រាប់ឈាមស។ ក្នុងកោសិកាដើមនោះ គ្រាប់ឈាមវិវឌ្ឍន៍ច្រើនដំណាក់កាល ហើយនៅពេលណាដែលវា មានសារធាតុពុលផ្សេងទៀតចូលទៅជាមួយនោះ ធ្វើឱ្យកោសិកាដើម(គ្រាប់ឈាមស)រងនូវការខូចខាត។ បន្ទាប់ពីនោះ កោសិកា ដើមដែលខូចខាតចាប់មានការរីកលូតលាស់ខុសពីធម្មតា បង្កឱ្យកើតជាមហារីកគ្រាប់ឈាមដែលប្រជាពលរដ្ឋទូទៅច្រើនហៅថាជម្ងឺ ឈាមសស៊ីឈាមក្រហម ឬមហារីកខួរឆ្អឹងខ្នង។ ជាទូទៅកោសិកាមហារីកគ្រាប់ឈាមរីកដុះដាលដោយអនាមិក មិនអាចគ្រប់គ្រង បានទេ។ វាបានទៅរំខានទៅដល់ការផលិតគ្រាប់ឈាមក្រហម ធ្វើឱ្យអ្នកជម្ងឺខ្វះគ្រាប់ឈាមក្រហមដោយសារវីរុសនេះ។ បើមិន បញ្ចូលគ្រាប់ឈាមក្រហម ឬឈាមឱ្យអ្នកជម្ងឺទេ អាចបណ្ដាលឱ្យស្លាប់។
រោគសញ្ញាមហារីកគ្រាប់់ឈាម
គេអាចរកឃើញជម្ងឺមហារីកគ្រាប់ឈាមដោយកត្ដាមួយចំនួន រោគសញ្ញាខ្លះៗរបស់ជម្ងឺនេះ និងការវិភាគផ្សេងៗ។
- អ្នកជម្ងឺរកឃើញដោយខ្លួនឯង ៖ អ្នកជម្ងឺមានសភាពរាងកាយស្លេកស្លាំង ឆាប់ហត់ មានចេញឈាមនៅតាមអញ្ចាញ ធ្មេញ ហើយស្បែកមានលក្ខណៈជាំខុសពីធម្មតា។
- រកឃើញរោគសញ្ញាដោយចៃដន្យ ៖ ដោយអ្នកជម្ងឺមានអាការផ្សេងទៀត ដូចជាអ្នកជម្ងឺក្ដៅខ្លួនហើយទៅពិគ្រោះជា មួយគ្រូពេទ្យជាដើម។ បន្ទាប់មកគ្រូពេទ្យយកឈាមអ្នកជម្ងឺទៅពិនិត្យវិភាគទើបឃើញកោសិកាមហារីកនៅក្នុងឈាម។
- គ្មានរោគសញ្ញា ៖ នៅពេលដែលអ្នកជម្ងឺមានជម្ងឺផ្សេងៗ ត្រូវវះកាត់ ឬធ្វើការវះកាត់អវយវៈណាមួយ។ ជាធម្មតា មុន ពេលវះកាត់ គ្រូពេទ្យត្រូវពិនិត្យឈាមអ្នកជម្ងឺជាមុនសិន ដើម្បីរកមើលបរិមាណថយចុះនៃគ្រាប់ឈាមស គ្រាប់ឈាមក្រហម និង ប្លាកែត។
- វិធីមួយទៀតដែលមានប្រសិទ្ធភាពបំផុតសម្រាប់ធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកគ្រាប់ឈាម គឺការចោះបូមយកខួរឆ្អឹងខ្នង មកពិនិត្យ ដោយគ្រូពេទ្យយកម្ជុលមួយទៅចោះសន្ទះឆ្អឹង បូមយកខួរឆ្អឹងទៅដាក់លើឡាម ហើយយកទៅពិនិត្យក្នុងមន្ទីរពិសោធន៍។
មូលហេតុមហារីកគ្រាប់ឈាម
មានមូលហេតុពីរយ៉ាងដែលនាំឱ្យមានជម្ងឺមហារីកគ្រាប់ឈាមបាន។
- មូលហេតុទី១ ៖ អ្នកជម្ងឺមានជម្ងឺនេះពីកំណើតតែម្ដង ដោយសារនៅពេលបង្កកំណើតមានហ្សែនមួយប្រភេទជាក្រូម៉ូ ស្យូមមិនល្អ។ តែជម្ងឺនេះមិនមែនជាជម្ងឺតំណពូជ ឬសួពូជនោះទេ។
- មូលហេតុទី២ ៖ បរិស្ថាននៃការរស់នៅ ការស្រូបយកសារធាតុពុលផ្សេងៗ ដូចជាសារធាតុគីមីពុលមាននៅក្នុងថ្នាំលាប ផ្ទះ កាំរស្មីជាដើម។
ការព្យាបាលជម្ងឺមហារីកគ្រាប់ឈាម
ជាទូទៅមហារីកគ្រាប់ឈាមកើតទៅលើមនុស្សគ្រប់វ័យ ហើយព្យាបាលទៅតាមកម្រិតជម្ងឺ និងវ័យរបស់អ្នកជម្ងឺ។ ការ ព្យាបាលត្រូវចំណាយអស់ថវិកាជាច្រើន និងពេលវេលាយូរទៀតផង។ ការព្យាបាលត្រូវប្រើសារធាតុគីមីក្នុងកម្រិតជាតិថ្នាំខ្លាំង ដើម្បី សម្លាប់កោសិកាមហារីកនៅក្នុងខួរឆ្អឹងឱ្យស្លាប់។ ជាទូទៅតម្រូវឱ្យដាក់ជាតិគីមីច្រើនពី៦ ឬ៧ដង ដើម្បីសម្លាប់វាឱ្យអស់តែម្ដង។ នៅ ចុងបញ្ចប់គេផ្សាំខួរឆ្អឹងទៅឱ្យអ្នកជម្ងឺ។ ខួរឆ្អឹងដែលបានផ្សាំនោះរីកដុះដាលនៅក្នុងខ្លួនអ្នកជម្ងឺបាន លុះណាតែជាខួរឆ្អឹងល្អដែលគ្មានមេរោគ។ ការផ្សាំខួរឆ្អឹងមានពីរយ៉ាង។
- វិធីផ្សាំទី១ ៖ ការបរិច្ចាករបស់អ្នកដទៃ ត្រូវមានខួរឆ្អឹងឱ្យអ្នកជម្ងឺ។ អ្នកផ្ដល់ឱ្យ ឬបរិច្ចាកនោះត្រូវមានសុខភាពល្អ មានប្រភេទឈាម និងបរិមាណដូចគ្នា ដើម្បីចាក់បញ្ចូលទៅឱ្យអ្នកជម្ងឺ។
- វិធីផ្សាំទី២ ៖ ខ្លួនឯងបរិច្ចាកឱ្យខ្លួនឯង ក្រោយពីដាក់សារធាតុគីមីដើម្បីសម្លាប់កោសិកាមហារីក គេចាក់ថ្នាំម្យ៉ាងដើម្បី បង្កើតគ្រាប់ឈាមសឱ្យខួរឆ្អឹងខ្នងធ្វើចលនាផលិតគ្រាប់ឈាមដើមឱ្យបានច្រើនចេញទៅសរសៃឈាម។ ក្នុងនោះមានម៉ាស៊ីនមួយ ប្រភេទសម្រាប់ច្រោះយកគ្រាប់ឈាមសដើមឱ្យបានគ្រប់ចំនួន ឬគ្រប់ទម្ងន់ដែលគេត្រូវការ ដើម្បីយកទៅចាក់ឱ្យអ្នកជម្ងឺនោះវិញ។
ក្នុងចំណោមវិធីព្យាបាលទាំងពីរខាងលើនេះ វិធីទី១ដែលជាការបរិច្ចាកខួរឆ្អឹងឱ្យអ្នកជម្ងឺមានគ្រោះថ្នាក់បំផុត ពេលកំពុង ព្យាបាលភាគច្រើនទទួលលទ្ធផលត្រឹមតែ៥០%តែប៉ុណ្ណោះ។ ដោយឡែកចំពោះការបរិច្ចាកឱ្យខ្លួនឯង មិនសូវមានគ្រោះថ្នាក់នៅពេល ព្យាបាល តែលទ្ធផលដែលទទួលជោគជ័យមានចំនួនតិច។
ផលវិបាករបស់ជម្ងឺមហារីកគ្រាប់ឈាម
ផលរំខានមួយចំនួនទាក់ទងទៅដល់ប្លាកែតដែលជាគ្រាប់ឈាមម្យ៉ាងដែលមានតួនាទីសម្រាប់ទប់ឈាមកុំឱ្យហូរ ធ្វើឱ្យ ឈាមចុះខុសពីធម្មតា។ ក្រៅពីនេះមានផលវិបាកធំៗ ដែលតែងតែកើតមានចៀសមិនរួច គឺបរិមាណគ្រាប់ឈាមក្រហម និងគ្រាប់ ឈាមប្លាកែតថយចុះ។
ដំបូន្មានអ្នកជំនាញ
បើមានជម្ងឺមហារីកគ្រាប់ឈាម ឬមហារីកផ្សេងៗ សូមបញ្ចូនអ្នកជម្ងឺមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេល វេលា។ បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានសេវាព្យាបាលជម្ងឺមហារីកហើយ ដោយថ្នាំគ្រប់គ្រាន់ប្រកបដោយគុណភាព។ សូមមាន ទំនុកចិត្ដលើវេជ្ជបណ្ឌិតក្នុងប្រទេសយើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply