ចំណីអាហារជាសារធាតុសំខាន់សម្រាប់ទ្រទ្រង់រាងកាយ។ ការបរិភោគចំណីអាហារដែលមានមេរោគ និងផ្ទុកសារធាតុគីមី ធ្វើឱ្យរាងកាយទន់ខ្សោយជួបប្រទះនឹងវិបត្ដិសុខភាពជាច្រើនផ្នែក។ បូរ៉ាក់ជាសារធាតុគីមីមួយប្រភេទដែលអ្នកផលិតចូលចិត្ដប្រើដាក់ លាយជាមួយចំណីអាហារ និងគ្រឿងបរិភោគដែលដាក់លក់នៅតាមទីផ្សារ។ ការបរិភោគអាហារដែលមានជាតិបូរ៉ាក់បន្ដិចម្ដងៗនឹង ធ្វើឱ្យលោកអ្នកមានគ្រោះថ្នាក់ដែលមិនអាចមើលរំលងបានទេ។
សូមលោកអ្នកស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ឈូវ គង់ផល្លី ប្រធានកម្មវិធីសុខុមាលភាពទីក្រុងភ្នំពេញ លើប្រធានបទសារធាតុបូរ៉ាក់បំផ្លាញសុខភាព។
សារធាតុបូរ៉ាក់ ជាអ្វី?
បូរ៉ាក់ជាសារធាតុគីមីពុលម្យ៉ាងមានលក្ខណៈជាក្រាម មានក្លិនប្រហាត និងរសជាតិភ្លាវ មិនអាចកត់សម្គាល់អ្វីឱ្យបានច្បាស់ ពីលក្ខណៈរូបរបស់វាទេ។ សារធាតុបូរ៉ាក់នៅលើទីផ្សារត្រូវបានគេនិយមហៅថាទឹកអន្សា។ គេយកទឹកអន្សា ឬសារធាតុបូរ៉ាក់មកប្រើ ប្រាស់សម្រាប់ផ្សារលោហៈធាតុផ្សេងៗ ដូចជាមាស ប្រាក់ជាដើម។ បច្ចុប្បន្ននេះ ដោយសារតែការចង់បានប្រាក់ចំណេញហួសហេតុ អ្នកផលិតមួយចំនួនបានយកសារធាតុបូរ៉ាក់ ឬទឹកអន្សាមកដាក់ក្នុងចំណីអាហារដើម្បីរក្សាសម្រស់ឱ្យនៅស្រស់ ស្វិត និងទុកបានរយៈ ពេលយូរជាងធម្មតា ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេ។
ចំណីអាហារដែលផ្ទុកសារធាតុបូរ៉ាក់
តាមការពិសោធន៍ និងការសង្កេតរយៈពេលកន្លងមកឃើញថាមានចំណីអាហារជាច្រើនប្រភេទមានលាយសារធាតុបូរ៉ាក់ ដូចជាសរសៃមី គុយទាវ មីសួ ប្រហិត(សាច់គោ សាច់ត្រី សាច់មាន់) សាច់ប៉ាត់តេ សាច់ក្រក(សាច់គោ សាច់ជ្រូក) សាច់ជ្រូកចិញ្ច្រាំ សាច់ជ្រូកស្រស់ នំលត នំចាំង នំច័ក្កចាន់ជាដើម ដើម្បីឱ្យស្វិតល្អ។
ផលប៉ះពាល់របស់សារធាតុបូរ៉ាក់
ការបរិភោគចំណីអាហារដែលមានសារធាតុបូរ៉ាក់ ឬទឹកអន្សានាំឱ្យប៉ះពាល់ដល់សុខភាព។ ជាតិបូរ៉ាក់ជាសារធាតុហាមឃាត់នៅក្នុងច្បាប់ចំណីអាហារ។ ផលវិបាកដែលបណ្ដាលមកពីការទទួលទានចំណីអាហារដែលផ្ទុកសារធាតុបូរ៉ាក់មានជាច្រើន។
- ជម្ងឺប្រដាប់រំលាយអាហារ ៖ បូរ៉ាក់មានឥទ្ធិពលអាចធ្វើឱ្យមុខងារប្រព័ន្ធរំលាយអាហារចុះខ្សោយ បាត់បង់ជាតិការពារ សារជាតិបឺតស្រូបរបស់ពោះវៀនក្រពះ ជាហេតុនាំឱ្យរលាកក្រពះពោះវៀន។ នៅថ្ងៃក្រោយអាចធ្វើឱ្យលោកអ្នកប្រឈមមុខនឹងជម្ងឺ មហារីកក្រពះពោះវៀនក៏អាចមាន។
- ជម្ងឺតម្រងនោម ៖ បូរ៉ាក់អាចធ្វើឱ្យតម្រងនោមលោកអ្នករលាក មានគ្រាប់គ្រួសក្នុងតម្រងនោម ពិបាកក្នុងការបន្ទោរបង់ទឹកមូត្រ ដែលជាវិបត្ដិសម្រាប់ការបញ្ចេញចោលរបស់លោកអ្នកជាដើម។
- ជាងនេះទៅទៀត សម្រាប់មនុស្សចាស់បើបរិភោគអាហារដែលផ្ទុកសារធាតុបូរ៉ាក់លើសពី១៥ក្រាម និងកូនក្មេងលើស៥ ក្រាម នោះនឹងមានគ្រោះថ្នាក់ដោយក្អួតធ្លាក់ឈាម ហើយអាចបណ្ដាលឱ្យស្លាប់បាន។
វិធីកាត់បន្ថយគ្រោះថ្នាក់ដោយសារធាតុគីមីពុល
មិនមែនមានតែបូរ៉ាក់ទេដែលអាចធ្វើឱ្យលោកអ្នកបរិភោគមានគ្រោះថ្នាក់ដល់សុខភាព មានសារធាតុគីមីពុលជាច្រើនប្រភេទទៀត ដូចជាអាស៊ីដសាលីស៊ីលីក សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ហ្វ័រម៉ុលជាដើម ដែលលោកអ្នកបានជ្រាបរួចមកហើយតាមរយៈការ ចេញផ្សាយរបស់ទស្សនាវដ្ដី សុខភាពយើង កាលពីលេខ០០៩ ខែតុលា ២០០៦ ស្ដីអំពីជាតិគីមីក្នុងអត្ថបទដែលមានចំណងជើងថា ជាតិគីមីក្នុងចំណីអាហារកំពុងសម្លាប់ខ្មែរ។ ដូចនេះទាំងអ្នកបរិភោគក៏ដូចជាអ្នកផលិតមានតួនាទីយ៉ាងសំខាន់ដើម្បីកាត់បន្ថយអត្រា គ្រោះថ្នាក់នៃសារជាតិគីមីពុលក្នុងចំណីអាហារ។
1. អ្នកបរិភោគ ៖ លោកអ្នកគប្បីមានការប្រុងប្រយ័ត្នក្នុងការទិញចំណីអាហារមកបរិភោគ។ លោកអ្នកអាចសម្គាល់ អាហារផ្ទុកសារធាតុគីមីបានដោយអាហារទាំងនោះមានសភាពល្អលើសពីអ្វីដែលជាភាពពិតរបស់វា ដូចជាសរសៃគុយទាវដែលផលិត ចេញពីម្សៅអង្ករតាមធម្មតាវាស្វិត ប៉ុន្ដែមិនស្វិតល្អស្មើនឹងសរសៃគុយទាវដែលប្រើសារធាតុបូរ៉ាក់ទ្បើយ។ មានតែការកត់សម្គាល់គ្រប់ ប្រភេទចំណីអាហារតែម្យ៉ាង ទើបលោកអ្នកអាចគេចចេញពីការទទួលទានអាហារដែលមានជាតិគីមីពុល។ ជាងនេះទៅទៀត ប្រភេទ អាហារផ្អាប់មួយចំនួនសុទ្ធតែអាចមានដាក់លាយនូវបណ្ដាសារធាតុគីមីទាំងនោះ។ ចំណីអាហារដែលមានតម្លៃថោកខុសពីធម្មតា ក៏ជា ចំណីអាហារអាចមានបញ្ហាចំពោះសុខភាពដែរ។
2. អ្នកផលិត ៖ គ្រប់ការផលិតគ្រឿងបរិភោគរបស់លោកអ្នក សូមលោកអ្នកគិតអំពីសុវត្ថិភាពរបស់អតិថិជនរបស់លោក អ្នកផង ហើយនៅពេលខ្លះ ខ្លួនលោកអ្នកផ្ទាល់ក៏អាចបរិភោគជាមួយគ្នាដែរ។ ដូចនេះលោកអ្នកត្រូវយល់ឱ្យបានច្បាស់មុននឹងសម្រេច ចិត្ដប្រើប្រាស់សារធាតុគីមីពុល មិនថាតែសារធាតុបូរ៉ាក់ទេ។ ក្នុងរយៈពេលកន្លងមក ក្រសួងសុខាភិបាលបានចុះពន្យល់ណែនាំដល់អ្នក ផលិតឱ្យយល់អំពីផលប៉ះពាល់សុខភាពនៃការប្រើប្រាស់សារធាតុគីមីពុល។ ប៉ុន្ដែរហូតមកដល់ពេលនេះ ផលិតផលដែលដាក់លក់នៅ លើទីផ្សារនៅមានមួយចំនួនលាយបន្ថែមជាតិគីមីនៅឡើយ។ ហេតុនេះហើយ ទើបក្រសួងសុខាភិបាលនឹងអនុវត្ដទៅតាមច្បាប់ស្ដីអំពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពទៅលើផលិតផល ទំនិញ និងសេវាដែលត្រូវផាកពិន័យជាប្រាក់ចាប់ពី៥០០០០រហូតដល់២០០០០០រៀល ឬអាចត្រូវបានប្ដឹងពីបទព្រហ្មទណ្ឌដែលអ្នកផលិតអាចទទួលទោសទៅតាមច្បាប់ដែលបានចែងឡើង។
ដំបូន្មានអ្នកជំនាញ
សូមមេត្ដាពិចារណាទៅលើផលវិបាកដែលបានមកពីការផលិតចំណីអាហារលាយជាតិគីមី ព្រោះលោកអ្នកបន្ដិចម្ដងៗ កំពុង តែកសាងអំពើបាបដោយការធ្វើឱ្យអ្នកដទៃមានបញ្ហានានា និងជម្ងឺផ្សេងៗ។ សូមព្យាយាមប្រព្រឹត្ដអំពើល្អដោយការផលិតចំណី អាហារដែលគ្មានជាតិគីមី នោះលោកអ្នកបានធ្វើបុណ្យកុសលមួយយ៉ាងប្រពៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply