សព្វថ្ងៃគ្រោះថ្នាក់ចរាចរណ៍គឺជាមុខសញ្ញាទីមួយដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាច្រើនរយពាន់នាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង របាយការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល១១ខែឆ្នាំ២០១១ បានបង្ហាញថា មានមនុស្សស្លាប់ជាង ១៧០០នាក់និងរបួសជាង៧០០០នាក់។ តួលេខនេះ បានបង្ហាញពីសោកនាដកម្មដ៏គួរឲ្យរន្ធត់ ដែលបានបង្កការខាតបង់សង្គមដ៏ធំធេង។ មូលហេតុចម្បងនៃសោកនាដកម្មនេះ ជាទូទៅ បណ្តាលមកពីឥរិយាបថមិនគោរពច្បាប់របស់អ្នកបើកបរនេះឯង។
យោងតាមការចេញផ្សាយរបស់សាពត៌មានកោះសន្តិភាពបានឲ្យដឹងថា មានរថយន្ដ CR-V ពណ៌ខ្មៅមួយគ្រឿង បើកបរដោយយុវជនម្នាក់ទំនងជាស្រវឹងផងបានបោលបុកម៉ូតូគុបសេ៩០ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូផ្លោងប្រហែល១០ម៉ែត្រ ឯម៉ូតូវិញត្រូវបានជាប់ជាមួយរថយន្ដ រួចបើករត់អូសទាំងម៉ូតូតាមផ្លូវបែកផ្កាភ្លើងព្រាតៗបានប្រមាណជិត១គីឡូម៉ែត្រ ទើបធ្លាក់ម៉ូតូចេញ។ ក្រោយមករថយន្ដបង្កហេតុត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់បានផងដែរ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១ មេសា ២០១២ តាមបណ្ដោយផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះឡេ ម៉ុងម៉ឹង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូគុបសេ៩០ តាមបណ្ដោយផ្លូវ២៣០ពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងចូលទៅមជ្ឈមណ្ឌម៉ុងឌីយាល់ ស្រាប់តែត្រូវរថយន្ដ CR-V ពណ៌ខ្មៅបើកបរដោយយុវជនម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបុកចំពីមុខម៉ូតូពេញទំហឹង បណ្ដាលឱ្យរូបគាត់ផ្លោងចេញពីរថយន្ដប្រមាណ១០ម៉ែត្រ។
ក្រោយពីកើតហេតុរថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយ៕
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៣ មេសា ឆ្នាំ ២០១២
Leave a Reply