ទាស់ក្រោយពេលសម្រាលកូន

ក្រោយ​ពេល​សម្រាលកូន ស្ដ្រីមួយចំនួន​បានជួប​ប្រទះ​នូវបញ្ហា​ផ្សេងៗ​ខុសប្រក្រតី​ដែលខ្មែរ​យើងនិយម​ហៅទាស់។ ស្ដ្រី មួយ​ចំនួនអាច​មានបញ្ហា​ទាស់ រីឯស្ដ្រីខ្លះ​ទៀត​មិនមាន​ការទាស់​នេះដែរ។ ទាំងនេះ​បណ្ដាលមក​ពីហេតុអ្វី? តើការ​ទាស់នេះ ជាជម្ងឺ​អ្វីឱ្យ ប្រាកដ? មានវិធី​ព្យាបាលទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាជំនួយ​ឱ្យលោកអ្នក​បានជ្រាប​កាន់តែច្បាស់​ពីជម្ងឺ​ទាស់នេះ លោក​សាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អ្នក​ឯកទេស​ផ្នែក សម្ភព និង​រោគស្ដ្រី និង​ជាអនុប្រធាន​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​សូវៀត ចូលរួម​ជាមួយ​ទស្សនាវដ្ដី​សុខភាពយើង ដើម្បី​បកស្រាយ​ពីបញ្ហា​ទាំងនេះ។

ទាស់ ជាជម្ងឺឬ?  

ក្នុងក្បួន​វេជ្ជសាស្ដ្រ​មិនមាន​ជម្ងឺទាស់​នេះទេ ក៏មិនទាន់​មានការ​ស្រាវជ្រាវ​ណាមួយ​ដែលអះ​អាងពី​ជម្ងឺទាស់​នេះដែរ។ ការ ទាស់​របស់ស្ដ្រី​ក្រោយពេល​សម្រាល​អាចបណ្ដាល​មកពី​កង្វះ​អាហា​រូបត្ថម្ភ និង​ការសម្រាល​ដោយគ្មាន​អនាម័យ។

សុខភាព​ស្ដ្រីមុន និង​ក្រោយពេល​សម្រាល

ជាធម្មតា​គ្រប់ស្ដ្រី​ទាំងអស់​នៅពេល​មានផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាលកូន តែងតែ​មានសុខភាព​ទន់ខ្សោយ។ ព្រោះថា ត្រូវពពោះ​អស់រយៈ​ពេលជិត​មួយឆ្នាំ​(៩ខែ១០ថ្ងៃ) ត្រូវចាញ់​កូនក្អួតចង្អោរ ទទួលទាន​ដំណេក​មិនបាន និង​ត្រូវបាន​ទារក​ស្រូបយក​សារធាតុ​ចិញ្ចឹម​ចេញពី​រាងកាយ​បន្ថែមទៀត។

មនុស្ស​ដែលមាន​សុខភាព​ធម្មតា នៅពេល​ដែល​ទទួលទាន​ចំណី​អាហារ​មិនបាន គ្មាន​ចំណីអាហារល្អៗ​សម្រាប់​ទទួលទាន ដូច ជាត្រីសាច់ សត្វ បន្លែ ផ្លែឈើ​ជាដើម ក្នុងរយៈ​ពេលមួយខែ ប្រាកដជា​មានរាង​កាយ​ស្គមស្គាំង គ្មាន​កម្លាំង​កំហែង​មិនខាន​ទ្បើយ។ ចុះទំរាំតែ​មិនហ៊ាន​ទទួលទាន​អ្វីច្រើន​ទៀត ព្រោះខ្លាច​ទាស់នោះ តើសុខភាព​របស់ស្ដ្រី​ទៅជាយ៉ាង​ណា? ក្នុងពេល​សម្រាល​ត្រូវអស់​ឈាម ច្រើន អស់កម្លាំង ណាត្រូវ​អត់ងងុយ​ក្នុងការ​ថែទាំ និង​បំបៅកូនតូច​ថែមទៀត។

រោគសញ្ញា និង​មូលហេតុ​បង្កទាស់

នៅពេល​នេះ យើងខ្ញុំ​សូមលើក​យកបញ្ហា​ទាស់មួយ​ចំនួន​មកជម្រាប​ជូនពី​មូលហេតុ និង​រោគសញ្ញា​របស់វា។

  • ទាស់ដោយ​មានអាការ​គ្រុន នេះគឺ​បណ្ដាលមក​ពីពេល​សម្រាល​មិនមាន​អនាម័យ​គ្រប់គ្រាន់ ដៃធ្មប​មិនស្អាត​ធ្វើឱ្យមាន មេរោគ​ចូលទៅក្នុង​ស្បូន ឬ​ក៏ធ្មប​យកសុក​មិនអស់​ពីស្បូន។
  • ទាស់​ដោយមាន​អាការគ្រុន ហើយ​រងាផង ជាធម្មតា​កាលណា​សម្រាល​កូនហើយ ស្បូន​មិនព្រម​រួមតូច​ទៅវិញ នៅតែធំ ដដែល ជាហេតុ​បណ្ដាល​ឱ្យស្ដ្រី​ដែលទើប​នឹងសម្រាលកូន​មានអាការ​គ្រុនរងា ហើយ​កាន់តែ​ឈឺនៅពេល​ដែលយកដៃ​ទៅសង្កត់​ត្រង់ ពោះ ជួនកាល​មានក្អក​ផងនោះ។
  • ទាស់បែក​ស្រកា មិនមាន​ការបញ្ជាក់​មូលហេតុ​តាមក្បួន​វេជ្ជសាស្ដ្រទេ ជួនកាល​បណ្ដាលមក​ពីការទទួលទាន​អាហារ មិនគ្រប់គ្រាន់ ធ្វើឱ្យ​សារធាតុចិញ្ចឹម​ទៅចិញ្ចឹម​ស្បែកមិន​គ្រប់គ្រាន់ ទើបធ្វើ​ឱ្យស្បែក​ស្ងួតបណ្ដាល​ឱ្យបែក​ស្រកា។
  • ទាស់ដំណេក ជាធម្មតា​ក្រោយពេល​សម្រាលរយៈ​ពេល៦​សបា្ដហ៍ ស្ដ្រីត្រូវ​មកមន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​សារជាថ្មី ដើម្បី​ឱ្យប្រាកដថា​រាងកាយ​របស់គាត់​វិលមក​សះស្បើយ​ដូចសភាព​ដើមវិញ​ហើយ​ឬ​នៅ។ បើការ​ពិនិត្យ​ទៅឃើញថា​មិនមាន​បញ្ហាអ្វីទេ នោះ ស្ដ្រីអាច​បំពេញការងារ​ដូចដើមវិញ អាចធ្វើ​កិច្ចការ​ផ្សេងដូច​អ្នកធម្មតា អាចរួម​ដំណេក​ជាមួយ​ស្វាមី អាចមាន​កូនមួយ​ទៀតបាន ជាដើម។ ផ្ទុយទៅវិញ​បើស្ដ្រីនោះ​ធ្វើការរួមភេទ​ក្រោមរយៈ​ពេល៦​សបា្ដហ៍ ជាពេល​ដែលសរីរាង្គ​បន្ដពូជ​របស់គាត់​មិនទាន់​ជាសះស្បើយ នោះ ទើបបណ្ដាល​ឱ្យមានការ​ក្លាយរបួស​កើតចេញ​ជាអាការ​ផ្សេងៗ ដែលខ្មែរ​យើងនិយម​ហៅថាទាស់​ដំណេក។
  • ទាស់ស្គម​រីងរ៉ៃ ៖ វាអាច​បណ្ដាលមកពី​ស្ដ្រីនោះមាន​ជម្ងឺរបេង និង​អាចបណ្ដាលមក​ពីការ​តមអាហារ​ជ្រុលនៅ​ពេល​សម្រាលកូន​នោះ ទើបបង្ក​ឱ្យរាងកាយ​មិនមាន​ការធំធាត់​រីកសាច់រីក​ឈាមបាន។
  • ទាស់ហើម​ស្ពឹកដៃជើង វាច្រើនកើត​មានពេល​សម្រាល​កូនបាន​២០ថ្ងៃ ទើបការ​ហើម​ចាប់ផ្ដើម។ ជាដំបូង​ហើមនៅ​ជើង ខាងឆ្វេង បន្ទាប់មក​ខាងស្ដាំ រួចរាលដាល​ទៅដល់ដៃ​ទាំងពីរ​តែម្ដង។ នេះបណ្ដាលមក​ដៃធ្មប​កខ្វក់ មិន​បានសម្អាត​ឱ្យបាន​ត្រឹមត្រូវមុន នឹងប៉ះពាល់​ទ្វារមាស ឬ​ស្បូន​របស់​ស្ដ្រី ទើបធ្វើ​ឱ្យមាន​ការឆ្លង​មេរោគចូល​ទៅក្នុង​សរីរាង្គ​បន្ដពូជ។

អាការ​ធម្មតាក្រោយ​ពេលសម្រាល និង​វិធីទប់ទល់

បន្ទាប់ពី​សម្រាល ស្ដ្រីជាម្ដាយ​តែងតែ​កើតមាន​បាតុភូត​ធម្មតាមួយ​ចំនួន។

  • ពិបាកបត់​ជើងតូច ជារឿង​ធម្មតា លោកអ្នក​អាចយក​ទឹកក្ដៅ​ស្អំពោះ​ខាងក្រោម។ បើការពិបាក​បត់ជើង​នេះអូស បន្លាយ​រយៈពេល​២ថ្ងៃ ចាំបាច់​ត្រូវរក​គ្រូពេទ្យ​ដើម្បី​បូមទឹកចេញ ព្រោះបើ​ទុកយូរ​មិនល្អ​ទ្បើយ។
  • ឆ្អល់ពោះ ឬ​ដកដង្ហើម​តឹង ក្រោយពេល​សម្រាល​បើជួបនឹង​បញ្ហា ស្ដ្រីជា​ម្ដាយត្រូវ​ដេកផ្កាប់​មុខដើម្បី​ឱ្យភើ និង​ផោមដែល​អាចសម្រាល​អាការឆ្អល់​ពោះបាន។ តែត្រូវ​ប្រុងប្រយ័ត្ន មិន​ត្រូវប្រើថ្នាំ​សម្រាប់​បញ្ចុះលាមក​ផ្ដេសផ្ដាសទេ ព្រោះអាច​ធ្វើ ឱ្យខះ​ទឹកដោះ។
  • ឈឺពោះតិចៗ នេះជាចលនា​រួមមកវិញ​របស់ស្បូន​ទៅកាន់​កន្លែង​ដើមដែល​បង្កទៅជា​ការឈឺ​ពោះអួលៗ។ បើឈឺខ្លាំង ត្រូវយក​ទឹកក្ដៅ​ដាក់ក្នុង​ដបមក​ស្អំពោះ​នឹងបាន​ធូរស្រាលខ្លះ។ នៅពេល​សម្រាល​កូនបាន​មួយសបា្ដហ៍ អាការ​ទាំងនេះ​នឹង បាត់ទៅវិញ។
  • ធ្លាក់ឈាមតិចៗ ៖ ការធ្លាក់​ឈាមក្រោយ​ពេលសម្រាល​ជាការ​ធម្មតាទេ ប្រហែល​ជា៣សបា្ដហ៍​យ៉ាងយូរវា​នឹងបាត់ទៅ វិញ។ តែបើការ​ធ្លាក់ឈាម​ខ្លាំង ហើយ​មានគ្រុនក្ដៅ​ផងនោះ ចាំបាច់​ត្រូវទៅ​រកគ្រូពេទ្យ ព្រោះ​អាចទម្លាក់​សុកមិន​អស់នៅ ពេល​សម្រាល។

ការព្យា​បាលទាស់

មិនទាន់​មានថ្នាំ​សម្រាប់ព្យា​បាលទាស់ទេ។ មានតែ​ការព្យាបាល​ទៅតាម​រោគសញ្ញា​នៃជម្ងឺ​តែប៉ុណ្ណោះ ព្រោះ​គ្រប់រោគ​សញ្ញា ទាំងអស់​ទាក់ទង​ទៅនឹង​ប្រវត្ដិនៃ​ជម្ងឺនីមួយៗ និង​សុខភាព​ស្ដ្រីផ្ទាល់​តែម្ដង។

ដំបូន្មានអ្នកជំនាញ

ការទទួលទាន​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់​ក្រោយពេល​សម្រាលកូន​ជារឿង​សំខាន់ ដែល​ស្ដ្រីត្រូវ​តែធ្វើ​ដើម្បី​ឱ្យមាន​សុខភាពល្អ មាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា​កូនតូច។ គ្រប់ពេល​ទទួលទាន​អាហារ ចាំបាច់​ត្រូវមាន​អាហារ​គ្រប់មុខ ដូចជាត្រី សាច់ សត្វ សណ្ដែក ប្រេងរុក្ខជាតិ បន្លែ ផ្លែឈើ​ជាដើម ដើម្បី​ទ្រទ្រង់​រាងកាយ។ ប៉ុន្ដែ​ត្រូវចៀស​វាងឱ្យបាន​នូវអាហារ​ប្រភេទខ្លះ ដូចជាស្រា អាហារ​ដែលមាន​រសជាតិ​ហិរខ្លាំង​ពេក អាហារ​ដែលអាច​បណ្ដាលឱ្យ​រាកជាដើម ព្រោះវា​មានឥទ្ធិពល​មិនល្អដល់​ទឹកដោះ​សម្រាប់​ចិញ្ចឹម កូន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *