ចិញ្ចើមជាអវយវៈសំយាបមួយគូកោងដូចឥន្ទធនូនៅលើភ្នែក។ វាជាផ្នែកមួយជួយលើកសម្រស់ផ្ទៃមុខមួយកម្រិត ដោយ ហេតុថានៅពេលតុបតែងមុខ ចាំបាច់ត្រូវតុបតែងចិញ្ចើមផងដែរ។ ការតុបតែងចិញ្ចើមសម្រាប់នារីជារឿងមិនអាចខ្វះបានទេ។ បច្ចុប្បន្ននេះ ការសាក់ចិញ្ចើមកំពុងជាទីពេញនិយមសម្រាប់ស្ដ្រីទាំងវ័យក្មេង ទាំងវ័យចំណាស់។
កាលពីលេខមុនប្រិយមិត្ដអ្នកអានបានជ្រាបរួចមកហើយអំពីការសាក់បបូរមាត់។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកពីវិធីសាក់ចិញ្ចើមមកបង្ហាញជូន ដោយជួបសម្ភាសន៍ជាមួយលោកស្រី លី យូហុង ម្ចាស់ហាងកេតវ៉ាក់ឌី កែសម្ផស្ស នារី។
ហេតុអ្វីត្រូវសាក់ចិញ្ចើម?
ស្ដ្រីមួយចំនួនមានចិញ្ចើមស្អាតជាអំណោយផលពីកំណើត សឹងមិនបាច់កោររោមចិញ្ចើមក៏បានដែរ។ ចំណែកស្ដ្រីមួយចំនួន មានរោមចិញ្ចើមក្រាសពេក ហើយមួយចំនួនទៀតបែរជាមិនសូវមានរោមចិញ្ចើមទៅវិញ។ ការសាក់ចិញ្ចើម គឺធ្វើសម្រាប់សុភាពនារី ទាំងឡាយណាដែលមិនសូវមានរោមចិញ្ចើម មិនចេះគូសចិញ្ចើម ឬមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការតុបតែងចិញ្ចើម។
របៀបសាក់ចិញ្ចើម
ជាដំបូង អ្នកជំនាញយកសំឡីមកជ្រលក់ទឹកអាល់កុលជូតសម្អាតនៅត្រង់បរិវេណចិញ្ចើម ដែលចៀសវាងការបង្ករោគ ផ្សេងៗ។ បន្ទាប់មកយកខ្មៅដៃគូសចិញ្ចើមមកគូសចេញជារាងចិញ្ចើមជាមុនសិនថារាងចិញ្ចើមបែបណាដែលសក្ដិសមទៅនឹងទម្រង់មុខ។
- ទម្រង់មុខរាងពងក្រពើ ៖ ទម្រង់មុខបែបនេះងាយស្រួលជ្រើសរើសទម្រង់ចិញ្ចើមរាងបែបណាក៏ស្អាតដែរ។
- ទម្រង់់មុខធំរាងថ្គាមខ្លា ៖ ត្រូវគូសចិញ្ចើមឱ្យធំ ហើយរាងកោងបន្ដិច ទើបស្អាត។
- ទម្រង់់មុខតូចមូល ៖ ទម្រង់មុខបែបនេះ មិនអាចគូសយករាងចិញ្ចើមឱ្យធំបានទេ គួរគូសចិញ្ចើមឱ្យតូចល្មម ទើបស្អាត។
ក្រោយពីគូសជារាងចិញ្ចើមទៅតាមទម្រង់មុខដែលពេញចិត្ដហើយ។ អ្នកជំនាញចាប់ផ្ដើមសាក់ចិញ្ចើមជាមួយម្ជុលសាក់ នោះ។ រាល់ពេលសាក់ហើយ ត្រូវតែចោលម្ជុល ដើម្បីចៀសវាងនូវការឆ្លងជម្ងឺផ្សេងៗ។ ការសាក់ចិញ្ចើមមានរយៈពេលមួយម៉ោង។ សុភាពនារីអាចជ្រើសរើសពណ៌ទៅតាមការចូលចិត្ដ ភាគច្រើនជ្រើសរើសយក ពណ៌ខ្មៅ សូកូឡាក្រម៉ៅ ឬសូកូឡាចេញក្រហមបន្ដិច។ ពណ៌សូកូឡាក្រម៉ៅច្រើននិយមចំពោះស្ដ្រីវ័យចំណាស់។ ចំណែកយុវនារីវិញ ច្រើននិយមពណ៌សូកូឡាចេញក្រហម។ ប្រសិនបើសាក់ដោយប្រើទឹកថ្នាំមិនល្អ ចិញ្ចើមនឹងមិនស្អាតទេ ព្រោះពណ៌ចិញ្ចើមអាចប្រែ ពណ៌ទៅជាពណ៌ដែលមិនចង់បាន។ បន្ទាប់ពីសាក់ហើយ ការប្ដូរពណ៌សាក់ក៏អាចធ្វើទៅបានដែរ។
ផលវិបាកនៃការសាក់ចិញ្ចើម
ការសាក់ចិញ្ចើមមិនធ្វើឱ្យឈឺចាប់ខ្លាំងទេ គឺឈឺចាប់បន្ដិចបន្ដួចដូចស្រមោចខាំតែប៉ុណ្ណោះ។ ជារឿងមួយគួរឱ្យបារម្ភ ប្រសិនបើទៅសាក់នៅកន្លែងដែលគ្មានជំនាញទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ចិញ្ចើមរបស់មិត្ដនារីអាចហើម ជួនអាចឆ្លងរោគបាន តាមរយៈម្ជុលសាក់។ សុភាពនារីអាចលុបសាក់នេះចេញវិញបាន នៅពេលដែលលែងស្រឡាញ់ ឬចង់លុបវា។ ប៉ុន្ដែវានឹងមានស្លាកស្នាមនៅសេស សល់ធ្វើឱ្យចិញ្ចើមមិនស្អាតដូចមុនឡើយ។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកស្រីអ្នកនាងកញ្ញាត្រូវការសាក់ចិញ្ចើម គួរស្វែងរកហាងណាដែលមានជំនាញទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវដើម្បីឱ្យចិញ្ចើមស្អាតតាមចិត្ដដែលចង់បាន និងមានសុវត្ថិភាពចៀសវាងបាននូវផលវិបាកផ្សេងៗនៅពេល និងក្រោយសាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply