ទឹកចិត្ដ​អ្នករងគ្រោះ​សម័យខ្មែរ​ក្រហម

ពាក្យថា​សង្គ្រាម​មិនដែលបាន​ផ្ដល់នូវការ​រីកចម្រើន​រុងរឿង​នោះឡើយ តែងតែផ្ដល់​នូវក្ដីវិនាស​អន្ដរាយ ការខាត​បង់ទាំង សម្ភារៈ ទាំងការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធនានា រហូតដល់​អាយុជីវិត​មនុស្ស​ថែមទៀត​ផង។ សង្គ្រាម​ធ្វើឱ្យមាន​ការប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ទៅលើបញ្ហា​ផ្លូវចិត្ដ​សតិអារម្មណ៍ និង​ធ្វើឱ្យមនុស្ស​មានការ​ផ្លាស់ប្ដូរ។ ព្រឹត្ដិការណ៍​នានា​ក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ​គឺជាមេរៀន​ឈឺចាប់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្វីខ្លះដែលខ្មែរ​បានជួប​ប្រទះក្នុង​សម័យខ្មែរ​ក្រហម?

ថ្ងៃទី១៧ មេសា ១៩៧៥ ប្រជាពលរដ្ឋ​ទូទាំង​ទីក្រុង​និងខេត្ដនានា​ត្រូវគេជម្លៀស​ឱ្យទៅរស់នៅ​តាមទី​ជនបទ។ ប៉ុន្ដែ​មិនមែន ជាការ​ជម្លៀស​មួយដ៏សមស្រប​នោះទេ ពួកខ្មែរ​ក្រហម​បាននាំ​ប្រជាពលរដ្ឋ​ទាំងនោះ​ឱ្យទៅរស់នៅ​ក្នុងខ្ទម​ប្រក់មេឃ​ដែលមាន​លក្ខណៈ ខុសប្លែកគ្នា​ស្រឡះ​ពីជីវភាពរស់​នៅប្រចាំថ្ងៃ​របស់ពួកគេ​ពីមុន។ ក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ​៣ឆ្នាំ៨ខែ​និង២០ថ្ងៃ ប្រជាពលរដ្ឋ កម្ពុជា​រាប់លាននាក់​បានទទួល​នូវមេរៀន​ដ៏សែន​ឈឺចាប់ ហើយដែល​មួយជីវិត​មិនអាច​បំភ្លេចបាន​ឡើយ។ ពួកវាបាន​បង្ខំឱ្យប្រជា ពលរដ្ឋ​ធ្វើការយ៉ាង​ខ្លាំងក្លា​ដោយគ្មាន​ពេលសម្រាក មិនថាយប់​ឬថ្ងៃនោះទេ។ ទាំងក្មេង​ទាំងចាស់ ទាំងប្រុស​ទាំងស្រី រស់នៅដោយ អត់អាហារ​ហុតតែទឹក​បបរមួយវែក ដេកត្រាំភក់​កណ្ដាលវាលស្រែ​ជាដើម។ អ្វីដែលកាន់​តែសាហាវ​ជាងនេះ ពួកវាបាន​ធ្វើទារុណកម្ម យ៉ាងសាហាវ​ឃោរឃៅ និងសម្លាប់​យ៉ាងគ្មានញ​ញើតដៃ។ បញ្ញវន្ដ និងអ្នកចេះដឹង​ត្រូវបានខ្មែរ​ក្រហម​ចាត់ទុកថា​ជាពួកចក្រពត្ដិ។ អ្វីៗ គ្រប់យ៉ាង​ត្រូវបាន​បំផ្លាញ​ក្នុងរបប​ខ្មៅខ្មែរ​ក្រហម វត្ដអារាម​ដែលជា​ទីសក្ការៈ សាលារៀន​ជាថ្នាល​បណ្ដុះវិជ្ជា និង​មន្ទីរពេទ្យ​ជាមណ្ឌល សង្គ្រោះ​ជីវិតមនុស្ស​ត្រូវពួកវា​កម្ទេចចោល និង​យកកន្លែង​ទាំងនោះមក​ធ្វើជាទី​ឃុំឃាំង កន្លែង​ចិញ្ចឹមជ្រូក ដាក់សាកសព​ជាដើម។ ទាំងអស់នេះ​ហើយដែលធ្វើ​ឱ្យខ្មែរគ្រប់​រូបមិនអាច​បំភ្លេចបាន និង​ឈឺចាប់ខ្លោច​ផ្សារកអ្វីប្រៀប​ផ្ទឹមគ្មាន។

សតិអារម្មណ៍​អ្នករស់ក្នុង​របបខ្មែរ​ក្រហម

អតីតកាល​ដ៏សែនឈឺចាប់ ជាពិសេស​ក្នុងរឿងរ៉ាវ​ដ៏សែនរន្ធត់​ញាប់ញ័រ​និងគួរឱ្យ​ភ័យខ្លាច​បែបនេះ គ្មាន​អ្នកណាម្នាក់​បំភ្លេច បានឡើយ។ ទស្សនាវដ្ដី សុខភាពយើង សូមលើកយក​នូវទឹកចិត្ដ​ឈឺចាប់​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែលមាន​ការចាប់អារម្មណ៍​ចំពោះរបប​ខ្មែរក្រហម​ជាអ្នកដែល​បង្កការឈឺចាប់​សម្រាប់ពួកគេ​ក្នុងពេល៣​ឆ្នាំ៨ខែ២០ថ្ងៃ។

  • លោកយាយ ហ៊យ អាយុ៥២ឆ្នាំ រស់នៅ​ក្រុងភ្នំពេញ ៖ កាលនោះ​ខ្ញុំមានអាយុ២២ឆ្នាំ​រស់នៅ​ក្នុងខេត្ដ​កំពង់ឆ្នាំង។ ខ្ញុំរស់នៅ​លំបាក​វេទនាណាស់​ក្នុងរបប​ខ្មែរក្រហម ស៊ីអត់ស៊ីឃ្លាន និង​ត្រូវធ្វើការ​គ្មានពេល​សម្រាក។ គ្រួសារខ្ញុំ​ធ្លាប់តែ​រស់នៅ​ជួបជុំគ្នា មានសេចក្ដីសុខ តែត្រូវពួក​វាបំផ្លាញ​គ្មានសល់។ លោកឪពុក និង​បងប្រុសខ្ញុំ​ត្រូវបាត់ខ្លួន​សូន្យឈឹង​រហូតមកដល់​ពេលនេះ! ខ្ញុំឈឺចាប់ ណាស់! ឈឺចាប់ចំពោះ​គ្រប់យ៉ាង​ដែលពួកវា​បានធ្វើមក​លើខ្ញុំនិង​ប្រជាពលរដ្ឋ​កម្ពុជាទូទៅ។
  • អ៊ំប្រុសរឿន អាយុ៥៦ឆ្នាំ ៖ ខ្មែរក្រហម​បានបំផ្លាញ​គ្រប់យ៉ាង​របស់ខ្ញុំអស់​ទៅហើយ។ គ្រួសារខ្ញុំ​មានគ្នាតែ​បីនាក់ប៉ុណ្ណោះ ប៉ុន្ដែពួកគេ​ត្រូវស្លាប់​យ៉ាងអណោច​អធម្មព្រោះ​តែអត់​អាហារ។ ពន្លឺ​សេចក្ដីសុខ​ក្នុងគ្រួសារ​ត្រូវរលាយ​ក្នុងដុំពពកខ្មៅ​នៃរបបខ្មែរ​ក្រហម ធ្វើឱ្យ​ខ្ញុំត្រូវរស់នៅ​ដោយឯកោ​តែម្នាក់ឯង រស់ក៏ដូច​ជាស្លាប់ មានជីវិតតែ​គ្មានវិញ្ញាណ។ ក្ដីឈឺចាប់​ទាំងឡាយ​ខ្ញុំបានទទួល​ឆ្អែតឆ្អន់ ហើយខ្ញុំ​មិនចង់ឮ មិនចង់ឃើញ​វាទៀតឡើយ។

សតិអារម្មណ៍​អ្នកកើតជំនាន់​ក្រោយរបប​ខ្មែរក្រហម

មិនមែន​តែមនុស្ស​វ័យចំណាស់​ដែលបានហែល​ឆ្លងកាត់​របបខ្មៅនោះទេ​មានអារម្មណ៍​ឈឺចាប់ សូម្បី​តែក្មេងៗ​ជំនាន់ក្រោយ ក៏មានអារម្មណ៍​ដូចគ្នានោះដែរ។ ព្រោះអ្នក​ដែលបាត់បង់​ក្នុងរបបនោះ​ក៏អាចជា​សាច់ញាតិ​របស់គេដែរ ពិសេស​ក្នុងនាមខ្មែរ​ដូចគ្នា។

  • លោកសំ សុវណ្ណនីន អាយុ២៤ឆ្នាំ ជាអតីត​និស្សិត​នៅសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ៖ ខ្ញុំមិន​បានឆ្លងកាត់​នូវរបប​ខ្មែរក្រហមនេះទេ ប៉ុន្ដែគ្រួសារខ្ញុំ​ក៏ជាជនរងគ្រោះ​ក្នុងរបបខ្មែរ​ក្រហមនោះដែរ។ ពួកគាត់​ត្រូវគេធ្វើបាប​ដាក់ទារុណកម្ម និង​ត្រូវគេ​សម្លាប់ធ្វើ ឱ្យត្រូវរស់នៅ​យ៉ាងលំបាក​វេទនា ឯបងប្អូនខ្ញុំ​ខ្លះក្លាយជា​កូនកំព្រា​ឪពុកម្ដាយ។
  • លោក ហឿន អាយុ២៥ឆ្នាំ ធ្វើការនៅ​ក្រុមហ៊ុនឯកជន​មួយក្នុង​ក្រុងភ្នំពេញ ៖ ខ្ញុំឈឺចាប់​រហូតដល់​ស្រក់ទឹកភ្នែក​ពេលដែល​ម្ដាយខ្ញុំ​ប្រាប់ថា​លោកឪពុក​ព្រោះតែចង់​រកអាហារ​ឱ្យកូនៗ​ត្រូវពួកខ្មែរ​ក្រហម​ចាប់យក​ទៅធ្វើ​ទារុណកម្ម​យ៉ាងសាហាវ​ព្រៃផ្សៃ បង្អត់ អាហារ និង​ធ្វើការជំនួស​គោក្របី។ អ្វីដែលពួក​ខ្មែរក្រហម​បន្សល់ទុក​ឱ្យគឺភាព​ឈឺចាប់ និង​ការនិរាស​ព្រាត់ប្រាស់​បងប្អូន។ ថ្វីត្បិតតែខ្ញុំ មិនបានជួប​មិនបានឃើញ​ដោយផ្ទាល់ ប៉ុន្ដែភាព​ឈឺចាប់ និងក្ដី​វេទនារបស់​ឪពុកម្ដាយខ្ញុំ ក៏ជាក្ដី​ឈឺចាប់ និង​ភាពវេទនា​របស់ខ្ញុំដែរ។ ខ្ញុំ ឈឺចាប់​ជំនួសបងប្អូន​ខ្មែរដែល​បានស្លាប់ និងរស់នៅ​ក្នុងភក់ជ្រាំ​នៃរបបខ្មែរ​ក្រហម​ដែលកន្លងទៅ។
  • កញ្ញា លក្ខិណា អាយុ២៣ឆ្នាំ និស្សិត​បញ្ចប់ការ​សិក្សាបរិញ្ញាប័ត្រ​នៅសាកល​វិទ្យាល័យធនធានមនុស្ស ថ្វីត្បិតតែ​ខ្ញុំមិន បានរស់​នៅក្នុង​សម័យនោះ​មែន ប៉ុន្ដែ​តាមរយៈ​ការសិក្សាខ្លះ ខ្ញុំអាចដឹង​ពីការរស់​នៅយ៉ាងវេទនា​របស់​ប្រជាពលរដ្ឋ​ក្នុងរបប​ខ្មែរក្រហម។ ខ្ញុំមានការ​ឈឺចាប់ជំនួស​លោកពុក​អ្នកម៉ែ​និង​បងប្អូន​ឯទៀត ដែល​ពួកគាត់​ត្រូវរស់នៅ​ក្នុងនរកដ៏​ខ្មៅងងឹត រស់នៅ​យ៉ាងខ្លោចផ្សា ក្រោមការ​ត្រួតត្រារបស់​ខ្មែរក្រហម។ សាច់ញាតិ​ខ្លះរបស់​អ្នកម៉ែត្រូវ​គេសម្លាប់ និង​ខ្លះទៀត​ត្រូវបាត់ខ្លួន នេះ​ក៏ព្រោះតែ​ពួកគាត់​សុទ្ធតែ ជាអ្នក​ដែលធ្លាប់​បានរៀនសូត្រ​មានចំណេះដឹង​និង​ធ្លាប់ជា​មន្ដ្រីរាជការ​ផងដែរ។ ខ្ញុំដឹងថា​អ្នកម៉ែប្រាកដ​ជាមាន​ការឈឺចាប់​ចំពោះការ ព្រាត់ប្រាស់គ្នា​នេះណាស់។ ខ្ញុំមិនចង់ជួប មិនចង់​ឃើញ និង​មិនចង់ឱ្យ​របបដ៏ខ្មៅ​ងងឹតនេះ​កើតឡើងទៀត​ឡើយ ព្រោះវាផ្ដល់​តែក្ដីវិនាស និង​ការឈឺចាប់​តែប៉ុណ្ណោះ។

ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់

ជាការពិតណាស់​ដែលលោកអ្នក​មានការឈឺចាប់ និង​មិនអាចបំភ្លេច​បានចំពោះ​រឿងរ៉ាវ​ដ៏សែនរន្ធត់​នៃរបប​ខ្មែរក្រហម។ មិនថា​គ្រួសារណា​មួយទេ​ក្នុងប្រទេស​កម្ពុជា សុទ្ធតែ​ជាអ្នករងគ្រោះ​ក្នុងរបបខ្មែរ​ក្រហមដូចគ្នា​ទាំងអស់។ ប៉ុន្ដែ​សូមលោកអ្នក​មេត្ដាកុំ បណ្ដោយ​ឱ្យបញ្ហា​ទាំងនេះ​មកបំផ្លាញ​ជីវិតរបស់​លោកអ្នក​តទៅទៀត។ ពួកអ្នកសាង​អំពើទាំង​នេះនឹង​ទទួលនូវ​អ្វីដែលគេ​បានប្រព្រឹត្ដ នៅពេល​ឆាប់ៗនេះ ដូចឃ្លា​ដែលថាធ្វើល្អ​ទទួលផលល្អ ធ្វើអាក្រក់​ទទួលផល​អាក្រក់។ សាលាក្ដី​កាត់ទោស​ខ្មែរក្រហម​នឹងរកយុត្ដិធម៌ ដល់​ប្រជាពលរដ្ឋ​ខ្មែរដែល​បានស្លាប់ក្នុង​របបនេះ និង​ដែលរស់នៅ​រហូតមកដល់​សព្វថ្ងៃ បៀមទុកនូវការ​ឈឺចាប់ និង​អំពើ​អយុត្ដិធម៌។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *