កាលពីលេខមុខៗ សុភាពនារីបានជ្រាបរួចមកហើយអំពីវិធីតុបតែងបែបកូរ៉េ បែបចិន និងបែបថៃ។ សម្រាប់លេខនេះដែរ យើងខ្ញុំសូមលើកយកអំពីវិធីតុបតែងមុខបែបជប៉ុនបន្ថែមទៀតមកជម្រាបជូន ដើម្បីឱ្យសុភាពនារីងាយស្រួលនៅក្នុងការតុបតែងមុខ។ ជាការពិតណាស់ ចំពោះសុភាពនារីបើសិនជាចេះនូវវិធីតុបតែងមុខដោយខ្លួនឯង វាជាការប្រសើរបំផុតព្រោះអាចចំណេញទាំង ពេលវេលា រួមទាំងថវិកាផងដែរ។ ប៉ុន្ដែក៏នៅមាននារីមួយចំនួននៅតែមិនទាន់ប្រសព្វនៅឡើយ ចំពោះការតុបតែងផ្ទៃមុខ។ កង្វល់ ទាំងនេះនឹងមិនមានទៀតឡើយ បើសិនជាមិត្ដនារីយកចិត្ដទុកដាក់ និងអនុវត្ដទៅតាមការណែនាំរបស់អ្នកជំនាញនោះ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ផ្ទាល់ជាមួយកញ្ញា សោភា ម្ចាស់ហាងសោភាកែសម្ផស្ស ធ្វើការ ពន្យល់អំពីវិធីនៅក្នុងការតុបតែងមុខបែបជប៉ុន ដើម្បីឱ្យស្ដ្រីគ្រប់រូបបានយល់និងជ្រាបឱ្យកាន់តែច្បាស់អំពីវិធីតុបតែងមុខនេះ។
ប្រការល្អគួរយល់ដឹងនៅពេលតុបតែងមុខ
មុនពេលចាប់ផ្ដើមតុបតែងមុខ គួរតែរៀបចំឧបករណ៍សម្រាប់តុបតែងឱ្យបានសព្វគ្រប់ទាំងអស់។ ការតុបតែងមុខក៏ តម្រូវទៅលើពន្លឺផងដែរ ដូច្នេះស្ដ្រីទាំងឡាយគួរជ្រើសរើសកន្លែងតុបតែងណាដែលមានពន្លឺថ្ងៃឬពន្លឺភ្លើងគ្រប់គ្រាន់ មិនងងឹតពេក ដើម្បីងាយស្រួលក្នុងការតុបតែង ចៀសវាងលាបទៅមើលឃើញស ឬក្រាស់ពេក។
វិធីតុបតែងមុខបែបជប៉ុន
ជាដំបូងមុនពេលចាប់ផ្ដើមតុបតែងមុខ សុភាពនារីគួរតែលាងសម្អាតផ្ទៃមុខឱ្យបានស្អាតជាមុនសិន ហើយត្រូវជូតឱ្យស្ងួត ដោយប្រើដៃថ្នមៗ។ បន្ទាប់មកទៀតត្រូវប្រើម្សៅទ្រនាប់លាបផ្ទៃមុខ មិនត្រូវប្រើម្សៅទ្រនាប់ណាដែលមានពណ៌ស្រាលជាងស្បែក របស់ខ្លួនពេកនោះទេ ហើយក៏មិនត្រូវលាបឱ្យក្រាស់ពេកនោះដែរ។ ត្រូវផាត់ម្សៅហុយលាបឱ្យសព្វនៅលើផ្ទៃមុខ ដើម្បីធ្វើឱ្យមាន ភាពស្រស់ស្អាត និងជាប់បានយូរផងដែរ។ ចំពោះចិញ្ចើម អាចប្រើម៉ាស្ការ៉ាលាបលើរោមចិញ្ចើមឬក៏ប្រើខ្មៅដៃគូសចិញ្ចើមពណ៌ សូកូឡាដើម្បីឱ្យឃើញច្បាស់ និងមានទ្រង់ទ្រាយរបស់ចិញ្ចើមបន្ដិច មិនចាំបាច់គូសឱ្យឃើញដិតច្បាស់ឡើយ។ បន្ទាប់មកត្រូវ ប្រើម្សៅផាត់ភ្នែកដោយប្រើពណ៌ស្រាលៗឱ្យសមនឹងវ័យដ៏ស្រស់ថ្លារបស់មិត្ដនារី ដូចជាពណ៌មាស ឬពណ៌សូកូឡា ដោយផាត់ តែបន្ដិចបន្ដួចប៉ុណ្ណោះ។ ចំណែកឯត្របកភ្នែកវិញ ត្រូវតែមានភាពភ្លឺរលោងដោយម្សៅដែលអាចធ្វើឱ្យត្របកភ្នែកភ្លឺរលោង បន្ទាប់មក ទៀតត្រូវលាបម៉ាស្ការ៉ាលាបរោមភ្នែកឬក៏សុភាពនារីអាចពាក់រោមភ្នែកក៏បាន។ ហើយត្រូវគូសអាយលែននឺ គូសយកកន្ទុយភ្នែកជួយ ឱ្យភ្នែកមើលទៅឃើញធំជាងមុន និងភ្លឺមុតស្រស់ស្អាត ដោយគូសអូសឱ្យវែងហួសកន្ទុយភ្នែកបន្ដិច។ ចំណែកឯម្សៅពណ៌ដែលត្រូវ ផាត់មុខវិញ សុភាពនារីគួរតែប្រើពណ៌ផ្កាឈូកមកផាត់លើថ្ពាល់ ដើម្បីឱ្យមើលទៅមានភាពស្រស់ថ្លា។ ជាបន្ទាប់មកទៀតសូមប្រើ ក្រែមរលោងពណ៌ស្រាលលាបលើបបូរមាត់ ដើម្បីឱ្យរលោងជាការស្រេច។ ចំពោះការតុបតែងមុខបែបជប៉ុននេះ អាចចូលរួមបាន គ្រប់កម្មវិធី ជាពិសេសពិធីមង្គលការ និងរាត្រីស្រមោលសជាដើម ហើយអាចប្រើបានសម្រាប់យុវវ័យ។
ដំបូន្មានអ្នកជំនាញ
សុភាពនារីគ្រប់រូបមិនត្រូវឧស្សាហ៍តុបតែងមុខជារៀងរាល់ថ្ងៃពេកនោះទេ ព្រោះការផាត់មុខជារៀងរាល់ថ្ងៃអាចធ្វើឱ្យ ស្បែកមុខមានបញ្ហា ដូចជាកើតមុន មានអាចម៍រុយជាដើម។ តែបើសិនជាចៀសមិនផុតពីការតុបតែងមុខជារៀងរាល់ថ្ងៃនោះទេ មិត្ដនារីគួរតែជ្រើសរើសនូវផលិតផលដែលមានគុណភាពល្អ ហើយសក្ដិសមទៅនឹងស្បែកមុខរបស់មិត្ដនារី។ ជាពិសេសនៅក្រោយ ពេលតុបតែងមុខរួចហើយ សុភាពនារីគួរតែប្រញាប់ធ្វើការសម្អាតផ្ទៃមុខជាមួយផលិតផលជំនួយដល់ផ្ទៃមុខ ចៀសវាងកើតមានបញ្ហា នៅលើផ្ទៃមុខ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply