កម្ពុជាជាប្រទេសកសិកម្ម ប្រជាពលរដ្ឋភាគច្រើនជាកសិករ។ ក្នុងការគ្រប់គ្រងទិន្នផលឱ្យបានល្អ និងផលិតផលកើនឡើង ប្រជាកសិករមួយចំនួនបានជ្រើសរើសការប្រើប្រាស់ជីគីមី។ ជីគីមីបានជួយឱ្យផលដំណាំកើនឡើង និងមានរូបរាងល្អ។ ប៉ុន្ដែក៏មាន ផលប៉ះពាល់ជាច្រើនប្រការផងដែរ ជាពិសេសទៅលើបញ្ហាដីដែលកំពុងដាំដំណាំត្រូវរងនូវការបំផ្លាញ។
លោក យិន សុប៊ុណ្ណា អនុប្រធានសមាគមសុខភាព និងវិជ្ជាជីវៈនារីខ្មែរ ចូលរួមបកស្រាយបំភ្លឺអំពីបញ្ហានេះជូនមិត្ដអ្នកអាន តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជីគីមី ជាអ្វី?
គីមី គឺអ្វីដែលធ្វើឡើងដោយការសំយោគ ការបំផ្លែងអ្វីមួយឱ្យទៅជាអ្វីមួយទៀតដោយប្រើប្រាស់ឧបករណ៍ និងគ្រឿងចក្រ សម្រាប់សំយោគ។ ជាអាទិការដុតអុសនៅពេលមានប្រតិកម្មចំហេះ ក៏ក្លាយទៅជាផេះ និងផ្សែង។ ជីគីមីក៏ដូចគ្នានោះដែរ គឺជាការ ធ្វើប្រតិកម្មសំយោគរវាងសារធាតុផ្សេងៗដើម្បីបានជាជី។ ជីគីមីដែលកសិករនិយមយកមកប្រើក្នុងកសិកម្មច្រើនជាងគេនោះ ភាគ ច្រើនជាប្រភេទជីដែលមានសារធាតុអាសូត ប៉ូតាស្យូម ផូស្ព័រជាដើម។
ប្រភេទជីគីមី
ការទាមទារឱ្យមានផលិតផលខ្ពស់ ជាតម្រូវការចាំបាច់ដើម្បីទ្រទ្រង់ជីវភាព ហើយដែលកសិករត្រូវងាកមករកការប្រើប្រាស់ជីគីមី។ ដោយសារតម្រូវការទាំងនោះហើយ ទើបមានការនាំចូលនូវផលិតផលគីមីច្រើនប្រភេទចូលក្នុងប្រទេស។ ថ្វីត្បិតជីគីមីមាន ច្រើនប្រភេទ ប៉ុន្ដែជាទូទៅមានពីរប្រភេទ គឺប្រភេទទឹក និងប្រភេទគោក។ ជីគីមីប្រភេទទឹកប្រើសម្រាប់បាញ់សម្លាប់សត្វល្អិត ឬបាក់ តេរីនៅលើដំណាំ។ ឯជីគីមីប្រភេទគោកប្រើសម្រាប់បាចដាក់ក្នុងស្រែ និងដាក់ក្នុងគុម្ពដំណាំ ដើម្បីឱ្យដំណាំស្រូបយកសារធាតុចិញ្ចឹម។
ផលប៉ះពាល់នៃការប្រើប្រាស់ជីគីមី
ក្នុងរយៈពេលដ៏ខ្លីនៃការប្រើប្រាស់ ជីគីមីពិតជាមានប្រយោជន៍ប្រាកដមែន ព្រោះវាអាចកម្ចាត់សត្វល្អិតដែលបង្កផលប៉ះ ពាល់ដល់ផលដំណាំ។ ម្យ៉ាងទៀតវាជួយធ្វើឱ្យផលិតផលមើលទៅស្រស់ល្អ ទទួលទិន្នផលបានច្រើនគួរសម។
ថ្វីត្បិតតែផលិតផលមើលទៅល្អ បរិមាណច្រើន និងគួរឱ្យចង់ទទួលទាន ប៉ុន្ដែមួយចំនួនធំមិនសូវមានគុណភាព បាត់បង់រសជាតិ និងធ្វើឱ្យមានការប៉ះពាល់ជាច្រើន។ ការប្រើប្រាស់ជីទៀតសោតក៏ធ្វើឱ្យមានគុណវិបត្ដិច្រើនយ៉ាងផងដែរ ដូចជាសុខភាព បរិស្ថាន បញ្ហាដីទៅថ្ងៃក្រោយជាដើម។
1. ផលប៉ះពាល់សុខភាព ៖ ការប្រើប្រាស់ជីគីមីដោយមិនមានការប្រុងប្រយ័ត្ន និងគ្មានបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរទៅលើសុខភាព។ ការបាញ់ជីគីមីប្រភេទទឹកទៅលើដំណាំអាចធ្វើឱ្យរលាកភ្នែក ច្រមុះ ប៉ះពាល់ទៅលើស្បែក និងអាចបង្ក ឱ្យកើតជាជម្ងឺមហារីកថែមទៀតផង។ ឯការទទួលទានផលិតផលដែលបានពីការប្រើជីគីមីក៏អាចមានគ្រោះថ្នាក់ច្រើនដែរ ដូចជាធ្វើឱ្យ រលាកក្រពះ ពោះវៀន ក្អួតចង្អោរ រាករូស ដោយសារសារធាតុគីមី និងជាតិពុលនៅក្នុងចំណីដែលទទួលទាន។ ជម្ងឺផ្សេងៗទៀតក៏ អាចនឹងកើតមានឡើងដែរ ដូចជាជម្ងឺទឹកនោមផ្អែម ជម្ងឺបាត់ការចងចាំ និងជម្ងឺរ៉ាំរ៉ៃដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិតដូចដែល ទស្សនាវដ្ដី សុខភាពយើង ធ្លាប់បានលើកយកមកអត្ថាធិប្បាយរួចមកហើយតាមរយៈអត្ថបទ “ថ្នាំគីមីកសិកម្ម បំផ្លាញសុខភាព”ច្បាប់ ចេញផ្សាយលេខ០០៤ ខែឧសភា ឆ្នាំ២០០៦។
2. ផលប៉ះពាល់សេដ្ឋកិច្ច ៖ ការជ្រើសរើសប្រើប្រាស់ជីគីមី ធ្វើឱ្យមានការរាំងស្ទះផ្នែកសេដ្ឋកិច្ច ពីព្រោះផលិតផលគីមីទាំង នោះសុទ្ធតែមានតម្លៃថ្លៃ ដែលមិនសមស្របនឹងស្ថានភាពជីវភាពរស់នៅរបស់ប្រជាកសិករដែលចង់ប្រើប្រាស់។
3. ផលប៉ះពាល់បរិយាកាសនិងបរិស្ថាន ៖ លោកអ្នកជ្រាបហើយថាជីគីមីកើតឡើងពីការសំយោគរវាងសមាសធាតុគីមី មួយចំនួន។ នៅពេលដែលប្រើជីគីមីទាំងនោះទៅលើដំណាំ សមាសធាតុគីមីទាំងនោះអាចនឹងហូរតាមទឹកចាក់ទៅបឹង ស្ទឹង ឬទន្លេ ធ្វើឱ្យប៉ះពាល់ទៅដល់សត្វមានជីវិតក្នុងទឹក។ សារធាតុពុលនិងជាតិគីមីបង្កឱ្យជីវចម្រុះបាត់បង់ ហើយក៏អាចបំពុលទឹក ធ្វើឱ្យទឹកខូច មិនអាចជាទីបម្រើបម្រាស់របស់ប្រជាពលរដ្ឋបាន។ ម្យ៉ាងទៀតការបាញ់ថ្នាំគីមីទៅលើដំណាំក៏អាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើខ្យ ល់បរិយាកាស ព្រោះការបំភាយសារធាតុគីមីអាចមានប្រតិកម្មជាមួយអុកស៊ីសែនដែលជាតម្រូវការចាំបាច់សម្រាប់ជីវិត។ ប្រតិកម្ម រវាងសារធាតុគីមីដែលមានក្នុងជីគីមី និងអុកស៊ីសែន ធ្វើឱ្យអុកស៊ីសែនក្នុងបរិយាកាសថយចុះ និងប្រែប្រួល ខ្យល់ត្រូវរងនូវការបំពុល ហើយក៏អាចធ្វើឱ្យប៉ះពាល់ទៅដល់ស្រទាប់អូសូនថែមទៀតផង។
4. ផលប៉ះពាល់ទៅលើដី ៖ ការបាចជីទៅលើដី ការបាញ់ជីគីមីទៅលើដំណាំ ធ្វើឱ្យជះឥទ្ធិពលយ៉ាងខ្លាំងទៅលើដី។ ព្រោះដំណាំរុក្ខជាតិទាំងនោះនឹងស្រូបយកតែសមាសធាតុណាដែលខ្លួនវាត្រូវការដើម្បីចិញ្ចឹម ដូចជាអាសូត ប៉ូតាស្យូមជាដើម។ ចំណែកសាមាសធាតុគីមីមួយចំនួនទៀតដែលសល់ពីការស្រូបយករបស់រុក្ខជាតិនិងដំណាំ នឹងជ្រាបចូលទៅក្នុងដី។ នៅពេលត្រូវទឹកសមាសធាតុ ទាំងនោះបំប្លែងខ្លួនទៅជាអាស៊ីដ និងបាស។ សមាសធាតុទាំងពីរប្រភេទនេះអាចមានប្រតិកម្មជាមួយសារធាតុមួយចំនួនដែលមាននៅ ក្នុងដី ធ្វើឱ្យដីឡើងរឹង គ្មានជីជាតិ។ ជាមួយគ្នានោះផងដែរ ការប្រើជីគីមីទៅលើដីនឹងធ្វើឱ្យប៉ះពាល់ទៅដល់ពពួកយន្ដការតូចៗ(ម៉ាយក្រូអ័រកានីហ្សឹម)ដែលមាននាទីធ្វើឱ្យដីមានជីជាតិល្អ។ ពពួកម៉ាយក្រូអ័រកានីហ្សឹមនេះអាចកាច់បំប្លែងអ្វីៗដែលនៅជុំវិញខ្លួនវាឱ្យក្លាយ ទៅជាជីប្រយោជន៍សម្រាប់ដី និងដំណាំគ្រប់ប្រភេទ។ កាលណាដីរឹងគ្មានជីជាតិនោះ ប្រជាកសិករមិនអាចប្រកបការងារកសិកម្មបាន ទៀតដែរ។ អ្វីដែលប្រឈមមុខ គឺគ្រោះអត់ឃ្លាន ដោយសារមិនអាចធ្វើការបង្កបង្កើតផលសម្រាប់ទ្រទ្រង់ជីវភាពបាន។
វិធានការទប់ស្កាត់
មិនមែនជារឿងដែលលំបាកនោះទេ ដោយលោកអ្នកគ្រាន់តែកាត់បន្ថយ ឬបញ្ឈប់ការប្រើប្រាស់ជីគីមីគ្រប់ប្រភេទទៅលើ ដំណាំកសិកម្មរបស់លោកអ្នក នោះគ្រប់យ៉ាងនឹងអាចដោះស្រាយបានជាក់ជាមិនខាន។ ម្យ៉ាងទៀតវាអាចជួយកាត់បន្ថយការចំណាយ ទៅលើការទិញផលិតផល និងអាចការពារសុខភាព ក៏ដូចជាអាយុជីវិតរបស់លោកអ្នកពីការមានគ្រោះថ្នាក់ដោយជីគីមី។ អ្វីដែលសំខាន់មួយទៀត គឺអាចជួយការពារបរិស្ថានធម្មជាតិបានថែមទៀតផង។
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកជ្រាបថាការប្រើប្រាស់ជីគីមីពិតជាមានប្រយោជន៍បន្ដិចបន្ដួចមែនក្នុងរយៈពេលខ្លី ប៉ុន្ដែក្នុងរយៈកាលបន្ដបន្ទាប់ ជីគីមីធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើផលិតផល និងគុណភាពដីរបស់លោកអ្នក។ ដោយសារដីរឹង គ្មានជីជាតិ លោកអ្នកមិនអាចធ្វើ កសិកម្មបាន បញ្ហានឹងចោទឡើងចំពោះលោកអ្នក។ លោកអ្នកប្រហែលជាជ្រាបស្រាប់ហើយថាលោកអ្នកមិនមែនធ្វើស្រែចំការសម្រាប់តែមួយរដូវនោះទេ គឺលោកអ្នកធ្វើវាអស់មួយជីវិត។ ដូចនេះសូមលោកអ្នកថែរក្សាដីដែលជាអនាគតរបស់លោកអ្នកឱ្យបានត្រឹម ត្រូវ។ សូមលោកអ្នកកុំយកដៃខ្លួនឯងដកកាំបិតចាក់លើដើមទ្រូងរបស់ខ្លួនឯង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply