លោកអ្នកបានជ្រាបរួចមកហើយអំពីការវិវត្ដន៍របស់ទារកក្នុងផ្ទៃ នៅពេលនេះសូមតាមដានអំពីការវិវត្ដន៍របស់ស្ដ្រីជាម្ដាយវិញម្ដង។ ក្រោយពីដឹងថាមានផ្ទៃពោះ រ៉េផ្លិចដំបូងរបស់ស្ដ្រីគឺឈរយ៉ាងយូរនៅមុខកញ្ចក់ ឆ្លុះពីមុខ ពីចំហៀង ទៅជិត ឬពីចម្ងាយ។ ស្ដ្រីជាអនាគតម្ដាយចាប់ផ្ដើមគិតពីសុខភាព និងសម្រស់ពេលមានផ្ទៃពោះ។ តើមានការប្រែប្រួលអ្វីខ្លះទៅ ដើម្បីបាន ទារកប្រសូតមកមានទម្ងន់ដល់ទៅ៣គីឡូក្រាម?
ការរំពឹងទុកបានកើតមានឡើងចំពោះស្ដ្រីដែលដឹងថាមានផ្ទៃពោះដំបូង ដោយចាប់ងឿងឆ្ងល់ថា ដូចជាមិនឃើញមានអ្វីប្រែ ប្រួលទាល់តែសោះ។ ចំណែកឯរាងកាយហាក់ដូចជាមិនទាន់មានសភាពមូលក្លុំនៅឡើយទេនៅប៉ុន្មានសប្ដាហ៍ដំបូង ពោលគឺជាការលូត លាស់ចាប់តាំងពីស៊ុតឬពងមួយតូច រហូតទៅដល់ទារកដែលកើតចេញមកមានទម្ងន់ដល់ទៅ៣គីឡូក្រាមឯណោះ។ ដើម្បីទទួលយក ការលូតលាស់ និងការរីកធំនៃទារក ខ្លួនប្រាណរបស់លោកស្រីអ្នកនាងចាប់ប្រែប្រួលផងដែរ ដោយចាប់ផ្ដើមចេញពីអាការរោគខ្លះនៃ ការមានគភ៌។ និយាយឱ្យស្រួលស្ដាប់គឺទារកចាប់ផ្ដើមរីកលូតលាស់ក្នុងខ្លួនលោកស្រីអ្នកនាងជាម្ដាយ គឺដោយសារលោកស្រីអ្នកនាង ផ្ទាល់តែម្ដង។
ស្បូនជាសម្បុករបស់ទារក
ជាធម្មតា ស្បូនមានប្រវែង៦,៥សង់ទីម៉ែត្រ និងមានទម្ងន់ជាង៥០ក្រាម(កន្លះខាំ)។ ប៉ុន្ដែដល់ពេលសម្រាល ស្បូន លោកស្រីអ្នកនាងនេះបានកើតទម្ងន់ដល់ទៅ១,៥គីឡូក្រាម។ បម្រែបម្រួលនេះអាចមើលដឹងតាមរយៈការឆ្លុះអេកូសាស្ដ្រ ប៉ុន្ដែអាច មើលឃើញពោះខ្ទាតធំដោយភ្នែកទទេនៅខែទី៣ឬខែទី៤នៃការមានគភ៌តែប៉ុណ្ណោះ។ គ្រូពេទ្យអាចចាប់ផ្ដើមវាស់ទំហំស្បូន ដោយ ប្រើម៉ែត្រវាស់រង្វង់ចង្កេះ។
ការតាមដានគភ៌ឬផ្ទៃពោះអាចធ្វើបានដោយផ្ទៀងផ្ទាត់ដំណាក់កាល ឬទំហំនៃការលូតលាស់ទៅតាមខែនីមួយៗ។
– ខែទី២ : ស្បូនមានទំហំប៉ុនក្រូចពោធិ៍សាត់
- ខែទី៣ : វាស្ថិតនៅកម្ពស់លើថ្ងាសក្រោមបន្ដិច
- ខែទី៤ : ស្បូនលូតមកនៅត្រឹមពាក់កណ្ដាលចន្លោះពីថ្ងាសក្រោម និងផ្ចិត
- ខែទី៥ : ស្បូននៅត្រឹមផ្ចិត
- ខែទី៦ និងទី៧ : វាលូតមកលើរឹតតែខ្ពស់ និងរីកធំលូតលាស់ពាសពេញផ្ទៃពោះ
- ខែទី៨ : ការលូតលាស់របស់ស្បូន និងទារកឈានមកដល់ត្រង់ចុងដង្ហើម
- ខែទី៩ : នៅខែចុងក្រោយនេះ គភ៌លែងរីកធំហើយ ស្បូនមានកម្ពស់ពី៣២ទៅ៣៣សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបាន ប្រមាណជា៤,៥លីត្រ។
សុដន់ត្រៀមការបំបៅដោះ
- ខែទី១ : សុដន់ទាំងពីរចាប់ផ្ដើមរាងធ្ងន់ជាងមុន តឹង និងឈឺ។ ទាំងនេះគឺជារោគសញ្ញាផ្លូវកាយដំបូងៗនៃការមានគភ៌។
– ខែទី២ : ក្បាលដោះមានសម្បុរក្រមៅជាងមុន។ កន្ទួលពកតូចៗបានលេចចេញពាសលើក្បាលដោះ។ ទាំងនេះជា ក្រពេញខ្លាញ់ដែលបន្សើមជាតិខ្លាញ់ដល់ក្បាលសុដន់ ជាការងាយស្រួលដល់ការបំបៅដោះកូន។
– ខែទី៤ : សុដន់អាចបញ្ចេញសារធាតុរាវម្យ៉ាង ដែលមានពណ៌លឿងថ្លា។ លោកស្រីអ្នកនាងមិនចាំបាច់ខំច្របាច់ឬទប់ខ្ទប់ កុំឱ្យវាចេញនោះឡើយ។ ព្រោះថាវាជាទឹកដោះដំបូងដែលហៅថា កូឡូស្ដ្រូម សម្បូរទៅដោយប្រព័ន្ធការពារ ឬអង្គបដិបក្ខប្រាណ គាំពារសុខភាពមនុស្ស។
- ខែទី៥ : ពេលនេះស្នាមរង្វង់ពណ៌ត្នោតដែលនៅជុំវិញក្បាលសុដន់ពាសវាតរឹតតែធំទៅលើសុដន់។ ស្នាមរង្វង់នេះអាចរួម មកធម្មតាវិញ ក្រោយពេលសម្រាលកូនរួច។
- ខែទី៦ និងទី៨ : សុដន់ និងក្បាលសុដន់រឹតតែរីកធំជាងមុន ក្រោមឥទ្ធិពលនៃសម្ពាធអ័រម៉ូន។ សរសៃឈាមខ្មៅឬសរសៃ វ៉ែនរឹតតែលេចរូបរាងច្បាស់ជាងមុន។ ចរន្ដឈាមរត់ឡើងខ្លាំង ដើម្បីចិញ្ចឹមតំបន់ដែលពោរពេញទៅដោយសកម្មភាពនេះ។ ជា លទ្ធផលលោកស្រីអ្នកនាងជួនមានអារម្មណ៍ចាក់ឈីបៗ។
- ខែទី៩ : សុដន់មានលក្ខណៈពេញលេញ ត្រៀមដើរតួនាទីចិញ្ចឹមទារក។ ក្រោមឥទ្ធិពលរបស់អ័រម៉ូនប្រូឡាក់ទីន និងការ បៅជញ្ជក់ដំបូងៗរបស់ទារក ទឹកដោះចាប់ផ្ដើមមាន និងកើតឡើងនៅថ្ងៃទី៣ ក្រោយពេលប្រសូតឬឆ្លងទន្លេ។
ការប្រែប្រួលសព៌ាង្គកាយយ៉ាងឆាប់រហ័ស
យន្ដការសំខាន់ៗនៅក្នុងខ្លួនបានកើតមានឡើងយ៉ាងឆាប់រហ័សលើសពីធម្មតា។ តើមកពីមូលហេតុអ្វី? ពីព្រោះថាត្រូវផ្ដល់ ថាមពលបន្ថែមទៅដល់ខ្លួនប្រាណរបស់លោកស្រីអ្នកនាង។ ទី១គឺសម្រាប់ចិញ្ចឹមទារក និងបញ្ចេញចោលកាកសំណល់។ ទី២ សម្រាប់ស្ថាបនាជាលិកាថ្មីរបស់សុដន់ និងរបស់ស្បូន។
- ចរន្ដឈាម : ចរន្ដឈាមរត់បានកើនឡើងយ៉ាងខ្ពស់។ ខ្លួនប្រាណរបស់លោកស្រីអ្នកនាងផលិតឈាមកើនឡើងដល់ ទៅ៤០%ឯណោះ។ ព្រោះសុកត្រូវការឈាមទាំងនេះដើម្បីបំពេញដំណើរការនាំចេញនាំចូលសារធាតុចិញ្ចឹមរវាងសព៌ាង្គកាយលោក ស្រីអ្នកនាង និងទារកនៅក្នុងផ្ទៃ។
- បេះដូង : បេះដូងច្របាច់ញាប់។ តើជាការបណ្ដាលមកពីអារម្មណ៍ឬ? មិនប្រាកដថាទាំងអស់នោះទេ។ ដោយសារ បរិមាណ ឬមាឌឈាមច្រើនជាងមុន ជាហេតុនាំឱ្យមានការកើនឡើងនៃចង្វាក់បេះដូងដល់ទៅ១៥ដងក្នុង១នាទី។
- ចង្វាក់ដង្ហើម : ដង្ហើមរឹតតែញាប់ ដោយសារសួតរឹតតែត្រូវការអុកស៊ីសែនច្រើនជាងមុន។ រាល់ពេលដកដង្ហើម លោកស្រីអ្នកនាងត្រូវស្រូបដង្ហើមយកខ្យល់ច្រើនជាងមុនពី១០ដល់១៥%ឯណោះ។ ដោយសារហេតុផលនេះ លោកស្រីអ្នកនាងដក ដង្ហើមញាប់ ជាពិសេសរឹតតែញាប់នៅខែមុនចុងក្រោយនៃគភ៌។
- តម្រង់នោម : ពេលមានផ្ទៃពោះ ស្ដ្រីជាម្ដាយមានឈាមច្រើនដែលត្រូវច្រោះ ជាហេតុនាំឱ្យតម្រង់នោមធ្វើតួនាទីច្រោះ រឹតតែច្រើនជាងមុន។
- វិបត្ដិផ្លូវរំលាយអាហារ និងទល់លាមក : ការរំលាយអាហារត្រូវបានរំខាន និងមានសភាពយឺតៗជាងមុន ពោះវៀនស្ពឹក ស្រពន់ នាំឱ្យអាការទល់លាមកកើតមានឡើង។ តើអ្វីទៅជាអ្នកបង្កឡើង? គឺដោយសារអ័រម៉ូនគភ៌។ សូមកុំបារម្ភពេក! អ័រម៉ូនទាំង នេះបញ្ឈប់ឬកាត់បន្ថយការកន្ដ្រាក់នៃស្បូនដំណាលគ្នា នោះវាក៏មានឥទ្ធិពលទៅលើក្រពះ និងពោះវៀនតូចផងដែរ។ គ្រូពេទ្យ ព្យាបាលអាចជួយលោកស្រីអ្នកនាងតាមរយៈការប្រើប្រាស់ ឬផ្ដល់ឱសថ ដើម្បីប្រឆាំងនឹងអាការទាំង២នេះ។
បម្រែបម្រួលចុងក្រោយមុនការប្រសូត
ខ្លួនប្រាណរបស់លោកស្រីអ្នកនាងរៀបចំការបង្កកំណើត និងប្រសូតទារកប្រកបដោយប្រសិទ្ធភាព។
- អាងត្រគាក : អាងត្រគាកចាប់ផ្ដើមបើកទូលាយ រីឯសន្លាក់ត្រគាកក៏ចាប់ផ្ដើមបត់បែនរីករួមបានល្អ ដើម្បីឱ្យទារកអាច លូតលាស់ចេញបាន។ ទំហំផ្លូវឬច្រកតែប៉ុន្មានមីលីម៉ែត្រនេះអាចធ្វើឱ្យមានភាពខុសគ្នា ងាយស្រួលកើតឬក៏ពិបាកកើត។
– ស្បូន : ស្បូនក្លាយជារីករួមយឺតយារបាន នាំឱ្យមានការកន្ដ្រាក់បានល្អ។ សរសៃសាច់ដុំស្បូនធំជាងមុន និងមានប្រវែង វែងជាងដល់ទៅ១៥ទៅ២០ដងនៅពេលកើត បើប្រៀបធៀបជាមួយពេលចាប់មានផ្ទៃពោះដំបូង។
- មាត់ស្បូន : មាត់ស្បូនទន់ជាងមុន ជាស្ថានភាព“ទំជោរ” និងអាចបើកចំហបានដោយងាយគ្មានការពិបាក។ ពេលរង់ចាំ ថ្ងៃប្រសូតមកដល់ មាត់ស្បូនបិតផ្ចិតទៅដោយឆ្នុកភ្នាសមុយកឺ ដែលអាចការពារទារកពីពពួកមេរោគបាន។
- ទ្វារមាស : វាមានប្រវែងវែងជាងមុន រីកកាន់តែធំ និងបត់ជាផ្នត់ៗ ប្រៀបបាននឹងឧបករណ៍តន្ដ្រីអាគ័រដេអុង។ នេះជា ពេលវេលាដែលអាចឱ្យទារកឆ្លងកាត់បានហើយ។ កំណើនឡើងនៃសារធាតុរាវឬទឹករំអិលទ្វារមាសក៏ជាបច្ច័យមួយរៀបចំឱ្យមានការ កាត់ផ្ដាច់រវាងទារក និងមេរោគមកពីក្រៅផងដែរ។
- ឈឹចាប់នៅក្រលៀន : ការយឺតយារនៃសរសៃពួរ សាច់ដុំ និងសន្លាក់ នៃអាងត្រគាកអាចបង្កឱ្យមានអាការមិនសូវស្រួល នៅម្ដុំអាងត្រគាក ជាពិសេសក្រលៀន។ លោកស្រីអ្នកនាងអាចទប់ទល់ការឈឺចាប់នៅក្រលៀន ឬការប្រែប្រួលទាំងនោះបាន តាម រយៈការហែលទឹក និងការសម្រាកនៅស្ងៀមបន្ធូរអារម្មណ៍។
អ័រម៉ូនជាមេការដ៏ចំណាន
អ័រម៉ូនទទួលបន្ទុកគ្រប់យ៉ាងក្នុងការវិវត្ដន៍របស់គភ៌នេះ។ វាភ្ញោចការលូតលាស់នៃជាលិកាស្បូន បង្កបង្កើតថាមពលបម្រុង បង្កើនចំណីតម្រង់នោម និងរៀបចំការផ្ទេរសារធាតុចិញ្ចឹមពីម្ដាយទៅកូន។ ដោយសារអ័រម៉ូនបោះទីតាំងស្ទើរតែគ្រប់ប៉ុស្ដិ៍បញ្ជានៃការ បង្កបង្កើតគភ៌ វាក៏អាចដើរតួនាទីផងដែរនៅក្នុងការសម្រាល និងការបំបៅដោះ។
(សូមបន្ដអាននៅលេខក្រោយ)
អត្ថបទដោយ : វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ : សៀវភៅក្បួនថែរក្សាគភ៌ ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply