ស្ថានភាពជីវភាពក្រីក្រលំបាក ការហូបចុកមិនគ្រប់គ្រាន់ ការសាងសង់រោងចក្រខុសលក្ខណៈបច្ចេកទេស ការរស់នៅនៅក្នុងបន្ទប់តូចចង្អៀតគ្មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ជាដើម គឺជាប្រធានបទដ៏ក្តៅគគុកទាក់ទិនទៅនឹងការដួលសន្លប់របស់កម្មករ កម្មការនីកាត់ដេរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មកររោងចក្រសាប្រីណា (Sabrina) ជាង១០០នាក់បានដួលសន្លប់ភ្លាមៗដោយសារតែក្លិនជ័រកាវបិទឥដ្ឋការ៉ូនៅក្នុងរោងចក្រ ហើយត្រូវបានគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បីជួយសង្គ្រោះ។ លោក ឈា វីនុត ប្រធានសហជីពប្រជាធិបតីកម្មករកាត់ដេរកម្ពុជាស៊ីខាវឌូ (CCAWDU) ប្រចាំរោងចក្រសាប្រីណា បានថ្លែងកាលពីថ្ងៃទី០៤ មេសា ថ្មីៗនេះថា កម្មករប្រមាណ១០នាក់បានដួលសន្លប់មុនដំបូងដោយសារតែឈួលក្លិនជ័រកាវនោះ ហើយកម្មករផ្សេងទៀតបានដួលសន្លប់ជាបន្តបន្ទាប់នៅពេលដែលឃើញពួកគាត់ដួលសន្លប់នោះ។
រថយន្តសង្គ្រោះបន្ទាន់ រថយន្តសហជីព រថយន្តដែលត្រៀមចាំដឹកកម្មករទៅផ្ទះ ព្រមទាំងរថយន្តរោងចក្រផងនោះ បានដឹកកម្មករទៅសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកខេត្តកំពង់ស្ពឺ។ អ្នករងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ្នកស្រី សោម ចន្ថា បានថ្លែងថា គាត់មិនបានរងគ្រោះដោយសារតែក្លិនជ័របិទឥដ្ឋការ៉ូនោះទេ គឺអ្នកស្រីរន្ធត់នៅពេលឃើញកម្មករផ្សេងទៀតសន្លប់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាស៊ីសេរី។
លោកវេជ្ជបណ្ឌិត ឱ វ៉ានថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា អាការៈរបស់កម្មករដែលរងគ្រោះនោះគឺមិនធ្ងន់ធ្ងរទេ គឺមានអាការៈអស់កម្លាំង វិលមុខ និងថប់ដង្ហើមជាដើម ហើយកម្មករខ្លះទៀតខ្វះជាតិស្ករ។ តែទោះបីជាយ៉ាងណាកម្មករដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ជាច្រើនបានធូរស្រាលហើយត្រឡប់ទៅផ្ទះវិញអស់ហើយ។
កន្លងមកមានការរិះគន់ថា រោងចក្រមួយចំនួនខ្វះបច្ចេកទេសខាងផ្នែកបរិស្ថានដែលធ្វើឲ្យកម្មករដួលសន្លប់។ ករណីនេះលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រោងចក្រនិងសហគ្រាសនីមួយៗត្រូវតែមានអ្នកឯកទេស និងអ្នកបច្ចេកទេស ដើម្បីត្រួតពិនិត្យមើលជាតិពុលនៅក្នុងរោងចក្រ និងបរិស្ថាននានាដើម្បីធានាសុខភាពដល់កម្មករដែលបម្រើការងារនៅក្នុងរោងចក្រនោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាមានក្រុមកម្មកររោងចក្របានដួលសន្លប់ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ ២០១២
Leave a Reply