ឱសថជាផលិតផលវិទ្យាសាស្ដ្រដែលអាចជួយជីវិតមនុស្សឱ្យរួចពីសេចក្ដីស្លាប់ និងគ្រោះថ្នាក់នានានៅពេលដែលមានបញ្ហា ពាក់ព័ន្ធនឹងសុខភាព។ ទន្ទឹមនឹងនោះ ឱសថក៏អាចបណ្ដាលឱ្យមនុស្សមានគ្រោះថ្នាក់ផងដែរ បើប្រើប្រាស់មិនបានត្រឹមត្រូវតាមក្បួន ខ្នាត ឬក៏ប្រើប្រាស់ឱសថគ្មានគុណភាព។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀត គឺការប្រើប្រាស់ឱសថក្លែងក្លាយ។ ថ្មីៗនេះ សិក្ខាសាលា អន្ដរក្រសួងស្ដីពីឱសថក្លែងក្លាយ និងអន់គុណភាពនៅកម្ពុជាបានធ្វើឡើង ដោយមានការចូលរួមពិភាក្សាពីស្ថាប័នពាក់ព័ន្ធជាច្រើន។
កាលពីការចេញផ្សាយនៅលេខ០០៨ ខែកញ្ញា ២០០៦ របស់ទស្សនាវដ្ដី សុខភាពយើង លោកអ្នកបានទទួលជ្រាបរួចមក ហើយអំពីផលប៉ះពាល់ផ្សេងៗនៃការប្រើប្រាស់ថ្នាំផ្សំ។ នៅពេលនេះ លោកអ្នកនឹងបានជ្រាបជាបន្ដទៀតអំពីបញ្ហាថ្នាំក្លែងក្លាយ និង អន់គុណភាពដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជាយើងសព្វថ្ងៃ។
ការខាតបង់ដោយសារឱសថក្លែងក្លាយ
គិតមកដល់បច្ចុប្បន្ននេះ ឱសថក្លែងក្លាយកំពុងចោទជាបញ្ហាយ៉ាងស្មុគស្មាញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ជារៀងរាល់ ឆ្នាំថវិកា និងជីវិតមនុស្សជាច្រើនបានបាត់បង់ដោយសារឱសថក្លែងក្លាយនៅទូទាំងពិភពលោក។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា តាមការប៉ាន់ស្មានរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថាឱសថក្លែងក្លាយមានពី១០ទៅ២៥%។ យោងតាមព្រឹត្ដិប័ត្រព័ត៌មាន របស់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានឱ្យដឹងថាឱសថក្លែងក្លាយមានការកើនឡើងជាលំដាប់នៅ ក្នុងឆ្នាំ២០០១ រកឃើញឱសថក្លែងក្លាយចំនួន១៣,០៤% និងឱសថគ្មានចុះបញ្ជីការចំនួន៥០%។ នៅឆ្នាំ២០០៤ ចំនួនឱសថក្លែងក្លាយ ដែលរកឃើញកើនឡើងរហូតដល់២១,៣%។ ជាមួយគ្នានេះផងដែរ នៅឆ្នាំ២០០៥រកឃើញឱសថក្លែងក្លាយចំនួន១៣មុខផ្សេងទៀត ។
មូលហេតុនៃការកើនឡើងឱសថក្លែងក្លាយ
ឱសថក្លែងក្លាយមិនត្រឹមតែធ្វើឱ្យខូចសុខភាពប្រជាពលរដ្ឋតែមួយមុខនោះទេ វាថែមទាំងបានសម្លាប់ជីវិតអ្នកជម្ងឺទៀត ផង។ កត្ដាចម្បងមួយចំនួនដែលនាំឱ្យកើតមានឱសថក្លែងក្លាយ។
- ចំណេះដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិត
- ការផ្សព្វផ្សាយមិនទាន់ទូលំទូលាយ និងទាន់ពេលវេលា
- កង្វះការសហការណ៍ពីស្ថាប័នពាក់ព័ន្ធ
- ការអនុវត្ដច្បាប់នៅខ្សោយ និងការដាក់ទោសពិន័យស្រាលពេក។
ទប់ស្កាត់ការធ្វើចរាចណ៍ឱសថក្លែងក្លាយ
ទាក់ទងនឹងបញ្ហានេះ ឯកឧត្ដមវេជ្ជបណ្ឌិត នុត សុខុម រដ្ឋមន្ដ្រីក្រសួងសុខាភិបាលដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលា នេះបានថ្លែងថាក្រសួងសុខាភិបាលកំពុងចាត់វិធានការតាមផ្លូវរដ្ឋបាល និងនិតិវិធីតុលាការដើម្បីលុបបំបាត់ឱសថក្លែងក្លាយ។ ក្រសួង បានផ្សព្វផ្សាយនូវអនុក្រឹត្យ ចរាចរ ប្រកាស និងសេចក្ដីជូនដំណឹង ព្រមទាំងធ្វើការអប់រំដោយផ្ទាល់ ឬដោយប្រយោលតាមរយៈរូប ភាពបិទផ្សាយតាមឱសថស្ថាន ទីសាធារណៈ និងការអប់រំតាមទូរទស្សន៍ជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply