ភាពអសន្តិសុខដោយការបាញ់បោះសេរីនៅក្នុងប្រទេសបានធ្វើឲ្យប្រជាជនស្លូតត្រង់មានការភិតភ័យយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃកន្លងមកនេះបើទោះបីជាអាជ្ញាធរមានការរឹតបន្តឹងការយាមកាមនៅអំឡុងពេលប្រជុំអាស៊ាននា
ពេលថ្មីៗនេះមិនទាន់ទាំងចប់ក៏ដោយ។សួរថាតើនឹងមានអ្វីកើតឡើងបើមានករណីបាញ់បោះសេរីកើតមានច្រើននៅក្នុងទីក្រុង?
មានករណីផ្ទុះអាវុធ២លើក ក្នុងមួយយប់នៅខណ្ឌ៧មករា ដែលមួយលើកត្រូវបានសមត្ថកិច្ចលាក់លៀមថា មិនមានកើតហេតុផ្ទុះអាវុធនោះទេ តែមួយលើកទៀតបានអះអាងថាពិតជាមានការផ្ទុះអាវុធពិតប្រាកដមែន។ ប្រភពព័ត៌មានបានឱ្យដឹងថា ការផ្ទុះ អាវុធមួយលើកបានកើតឡើងវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២ខែមេសា ឆ្នាំ២០១២ នៅផ្លូវព្រះសីហនុទល់មុខ អតីតរោងភាពយន្ដគិរីរម្យ សង្កាត់វាល វង់ ខណ្ឌ៧មករា ដែលកើតឡើងដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ ។ នេះបើតាមការអះអាងបានឲ្យដឹងពីសារព័ត៌មាននគរវត្ត។ សារព័ត៌មានដដែលនេះបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះ កើតឡើងដោយសារម៉ូតូ៤គ្រឿងបានប៉ះគ្នាបណ្ដាលឱ្យដួលទាំងអស់គ្នានលើផ្លូវ ហើយក្នុងនោះបុរស២នាក់ដែលជិះម៉ូតូធំមានគ្នា២នាក់ មានកំហឹងក្រេវក្រោធនឹងម៉ូតូ២គ្រឿងទៀតដែលប៉ះគ្នាបណ្ដាលឱ្យដួល ព្រមទាំងឈ្លោះគ្នាអស់រយៈពេលយ៉ាងយូរនោះ បានដកកាំភ្លើងម៉ាករ៉ូឡូពីចង្កេះបាញ់ឡើងលើ ២គ្រាប់ជាការព្រមាន រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅ ។ ដោយឡែក អ្នករងគ្រោះ ៤ទៅ៥នាក់ទៀតដែលជិះម៉ូតូ២គ្រឿងនោះបានរងរបួសធ្ងន់និងស្រាល រួចនាំគ្នាទៅកាន់មន្ទីរពេទ្យរៀងៗខ្លួន។ ខណៈពេលដែលមានហេតុការណ៍នេះកើតឡើង គេមិនបានឃើញសមត្ថកិច្ចរបស់ខណ្ឌ៧មករា ចេញទៅអន្ដរាគមន៍បានទាន់ពេលវេលានោះទេ ដោយយកលេសថា ករណីនេះមិនមែនកើតឡើងលើទឹកដីរបស់ខ្លួននោះទេ គឺកើតឡើងលើទឹកដីខណ្ឌចំការមន ។ ចំណែកករណីបាញ់បោះមួយលើកទៀត បានកើតឡើងនៅវេលាម៉ោង១និង៣០ នាទីកណ្តាលអធ្រាត្រឈានចូលថ្ងៃទី៣ខែមេសា ឆ្នាំ២០១២ នៅអគារទី៨ប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ប្រភពព័ត៌មានបានឱ្យដឹងថា ការផ្ទុះអាវុធនេះគឺកើតឡើងដោយសារមន្ដ្រីអង្គរក្សម្នាក់ផឹកស៊ីស្រវឹងរួចខឹងនឹងប្រពន្ធ ក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ឡើងលើ១គ្រាប់ រួចជិះម៉ូតូគេចខ្លួនបាត់ទៅ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋរស់នៅក្បែរ នោះបានឱ្យដឹងថា មុនពេលកើតហេតុ មន្ដ្រីអង្គរក្សរូបនេះចេញមកពីផឹកស៊ីនៅជាន់ទី២អគារទី៨ជាមួយប្រពន្ធ ហើយនៅពេលដល់ផ្ទះ ប្រពន្ធយកកាំភ្លើងទៅលាក់ ព្រោះដឹងថា នៅពេលស្រវឹងម្ដងៗបុរសជាប្ដីតែងប្រើហិង្សា និងយកកាំភ្លើងកំញើញគេឯង ។ ដោយសារតែខឹងនឹងប្រពន្ធយកកាំភ្លើងលាក់ បុរសរូបនេះបានទៅរកកាំភ្លើងឃើញ ក៏យកមកបញ្ចូលគ្រាប់បាញ់១គ្រាប់ឡើងលើផ្អើលអ្នកជិតខាងទាំងកណ្ដាលយប់ ។ លោកនាយនគរបាលប៉ុស្ដិ៍វាលវង់ បានឱ្យដឹងថា ពិតជាមានករណីបាញ់បោះសេរីយ៉ាងអនាធិបតេយ្យនៅប្លុកបុរីកីឡានោះមែន ប៉ុន្ដែការបាញ់បោះនៅមុខអតីតរោងកុនគិរីរម្យ គឺមិនមានទេ ហើយ ប្រសិនបើមានមែននោះ គឺកើតនៅទឹកដីខណ្ឌចំការមន ។
ទោះយ៉ាងណាក្តី ការផ្ទុះអាវុធនៅខណៈពេលមានកិច្ចប្រជុំកំពូលអាស៊ានមិនទាន់ចប់ផងនោះ វាបានធ្វើឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់គិតថា នេះជារឿងមួយដែលគួរតែស្រាវជ្រាវ បង្ក្រាបលើសពីពេលណាៗទាំងអស់ ដោយមិនគួរណាឱ្យជនប្រព្រឹត្ដគេចខ្លួនបានដោយសេរីនោះឡើយ ៕
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ ២០១២
Leave a Reply