គ្មាននរណាម្នាក់ចង់បានផ្ទៃមុខដែលពោរពេញទៅដោយស្នាមអុចខ្មៅនោះទេ ព្រោះវាធ្វើឱ្យសម្រស់ផ្ទៃមុខត្រូវបាត់បង់។ អាចម៍រុយជាចំណុចខ្មៅកើតមាននៅលើផ្ទៃមុខ ឬនៅលើស្បែក។ មានលោកអ្នកខ្លះស្វែងរកការព្យាបាល ជួនមានប្រសិទ្ធភាព ជួនក៏ មិនមានប្រសិទ្ធភាពដែរ ដោយសារការព្យាបាលបានត្រឹមត្រូវ ឬមិនបានត្រឹមត្រូវ។ តើអាចម៍រុយបណ្ដាលមកពីហេតុអ្វី? ព្យាបាលបានដែរទេ?
ដើម្បីបំបាត់ចម្ងល់នេះ លោកស្រី ឈឹម វត្ដី ជានាយិកាគ្លីនិកលុចបានចូលរួមបកស្រាយលើទំព័រទស្សនាវដ្ដី សុខភាពយើង ដើម្បីឱ្យប្រិយមិត្ដអ្នកអាន ពិសេសស្ដ្រីទាំងឡាយធ្វើការស្វែងយល់។
មូលហេតុកើតអាចម៍រុយ
អាចម៍រុយកើតឡើងដោយមកពីស្បែកមានលក្ខណៈស្ងួតខ្លាំង រហូតងាប់កោសិកាស្បែក ជួនកើតលើស្បែកខ្វះជាតិទឹក។ ស្បែកស្ងួតបណ្ដាលមកពីស្បែកខ្វះជាតិទឹក ទើបបណ្ដាលឱ្យកោសិកាគ្មានសុខភាពល្អ។ នៅពេលដែលជាតិទឹកមិនបានបំពេញនូវការទ្រ ទ្រង់ស្បែកឱ្យបានគ្រប់គ្រាន់ ធ្វើឱ្យស្បែកកើតអាចម៍រុយ។ ស្បែកងាប់កោសិកាមានន័យថាស្បែកមានសភាពស្ងួតខ្លាំង រហូតដល់គ្មាន អុកស៊ីសែនសម្រាប់ចិញ្ចឹមស្បែក។ ក្នុងដំណាក់កាលនេះ ស្បែកងាយទទួលរងនូវជម្ងឺគ្រប់បែបយ៉ាង។ ចំណុចខ្មៅ ឬអាចម៍រុយកើត មានមុនគេនៅលើស្បែក ជាបន្ដមកទៀតស្បែកមុខប្រែជាស្រអាប់បន្ដិចម្ដងៗ មានមុនខ្សាច់ ស្នាមជ្រីវជ្រួញ ហើយមានរបកនៅស្បែក ទៀតផង។
វិធីព្យាបាលអាចម៍រុយ
អាចម៍រុយ ជាបញ្ហាដែលអាចព្យាបាលជាសះស្បើយ។ ការព្យាបាលអាចម៍រុយមានជាពីរដំណាក់កាល។
1. ការចិញ្ចឹមស្បែក ៖ ដំណាក់កាលនេះត្រូវប្រើផលិតផលម្យ៉ាង ដើម្បីចិញ្ចឹមស្បែកឱ្យមានសំណើមមកវិញ។ កត្ដាបន្ទាប់ បន្សំមួយចំនួនទៀតក្នុងការចិញ្ចឹមស្បែកឱ្យមានភាពសំណើម គឺការទទួលទានអាហារ ដូចជាសណ្ដែក សណ្ដែកហោឡាំងតាវ សណ្ដែក ខៀវ សណ្ដែកបណ្ដុះ ល្ង ត្រយូងចេកជាដើម និងបន្លែដែលមានជាតិប្រេងអាចជួយធ្វើឱ្យស្បែកស្ងួតរបស់លោកអ្នកមានសំណើម វិញបាន។
2. ការបញ្ចូលជាតិទឹកទៅក្នុងស្បែក ៖ គប្បីទទួលទានទឹកឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ចំនួន២លីត្រក្នុងមួយថ្ងៃ។
អត្ថប្រយោជន៍នៃការទទួលទានទឹក គឺជួយធ្វើឱ្យស្បែកមានសំណើម កាន់តែស្អាត ភ្លឺថ្លា ត្រជាក់ និងមិនជ្រីវជ្រួញ។ ការព្យាបាលនេះ មានរយៈពេលតែ២ទៅ៣ខែ អាចម៍រុយនឹងបាត់អស់ចេញពីផ្ទៃមុខលោកអ្នក។ សព្វថ្ងៃនេះ ក៏មានប្រភេទថ្នាំគ្រាប់ម្យ៉ាងអាចព្យាបាល បំបាត់អាចម៍រុយផងដែរ។
ដំបូន្មានអ្នកប្រឹក្សា
សម្រស់ផ្ទៃមុខថែរក្សាបានឋិតឋេរបានយូរ បុរសស្ដ្រីទាំងឡាយត្រូវយល់ដឹងពីវិធីការពារ ដូចជាថែរក្សាស្បែកមុខកុំឱ្យត្រូវ កម្ដៅថ្ងៃខ្លាំងពេក ព្រោះវាធ្វើឱ្យស្បែកមុខមានបញ្ហាផ្សេងៗ។ គួរតែទទួលទានទឹកឱ្យបានច្រើន។ លោកអ្នកអាចប្រើប្រាស់ផលិតផល មួយចំនួន ដើម្បីជាជំនួយ និងការពារស្បែកមុខ។ ប៉ុន្ដែមុននឹងប្រើប្រាស់ផលិតផលទាំងនោះ សូមស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញ ខាងជម្ងឺសើស្បែក ឬអ្នកជំនាញខាងសម្ផស្សជាមុនសិន។ សូមចៀសវាងការប្រើប្រាស់ផលិតផលដោយចិត្ដឯង ព្រោះថាស្បែកមុខ របស់យើងម្នាក់ៗមិនដូចគ្នាទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply