ស្ដ្រីមាឌ​ល្អិត ពិបាក​សម្រាល​បុត្រ

ស្ដ្រីមាឌ​ល្អិត​មិន​ត្រឹមតែ​ប្រឈមមុខ​នឹងបញ្ហា​សម្រស់​រូបរាង​កាយ​ប៉ុណ្ណោះទេ ដែលធ្វើ​ឱ្យគាត់​មិនសប្បាយ​ចិត្ដនោះទេ។ សូម្បីតែបញ្ហា​សុខភាព​ក៏គាត់​មានបញ្ហា​មួយចំនួន​ត្រូវប្រឈម​មុខផងដែរ ជាពិសេស​នៅពេល​ចូលដល់​វ័យ​បន្ដពូជ។ ស្ដ្រីមាឌ​ល្អិតច្រើន តែជួប​បញ្ហាសម្រាល​កូន​លំបាក ដោយសារ​គាត់មាន​អាង​ត្រគាក​តូច។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីឱ្យ​ប្រិយមិត្ដ​អ្នកអាន​ជ្រាបកាន់​តែច្បាស់​នូវបញ្ហា​លំបាក និងសុខភាព​របស់ស្ដ្រី​មាឌល្អិត ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការ​បរិយាយ​ជូន តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ឡឹក សែ ប្រធាន​សម្ភព​នៃមន្ទីរ​បង្អែក​រាជធានី​ភ្នំពេញ។

ស្ដ្រីមាឌ​ល្អិត?

ស្ដ្រីដែល​ចាត់ទុក​ថាមាន​មាឌល្អិត ឬមាឌតូច គឺសំដៅ​ដល់ស្ដ្រី​ដែលមាន​កម្ពស់ទាប​ជាង១,៥០ម៉ែត្រ ឬ១៥០​សង់ទីម៉ែត្រ។

បញ្ហារបស់​ស្ដ្រីមាឌ​ល្អិត

ស្ដ្រីដែល​មានមាឌ​ល្អិត ឬមាន​កម្ពស់ទាប​មិនមាន​បញ្ហាចោទ​ចំពោះ​សុខភាព​ខ្លាំង ខុសពីស្ដ្រី​ដែលមាន​មាឌ​ធម្មតា ឬមាឌធំ ប៉ុន្មានទេ។ តាមការ​សង្កេតឃើញថា​នៅវ័យ​បន្ដពូជ​ស្ដ្រីមាឌល្អិត​ច្រើនជួប​បញ្ហានៅ​ពេលសម្រា​លបុត្រ។ ព្រោះថា​ស្ដ្រីមាន​មាឌល្អិត​ច្រើនតែមាន​អាងត្រគាក​តូច ដែលជា​ធម្មតាអាង​ត្រគាក​មានទំហំ​សមស្រប​ទៅនឹងមាឌ​របស់គាត់។ អាងត្រគាក​តូចពិបាក​សម្រាល​បុត្រ ឬទារក​អាចកើត​មិនរួច ដែលអាច​ឈានទៅ​រកការ​វះកាត់ ឬការបូម​ទាញយក​ទារកចេញ​ទៀតផង។ នេះក៏​មិនមែន​មានន័យថា​គ្រប់ ស្ដ្រីមាឌតូច ឬកម្ពស់ទាប​សុទ្ធតែមាន​បញ្ហា​អាងត្រគាក​តូចទាំងអស់​នោះទេ។ ជាក់ស្ដែង​នៅក្នុង​សង្គមខ្មែរ​យើងមាន​ស្ដ្រីដែល​មានមាឌ ល្អិតខ្លះ មានបុត្រ​ច្រើនមិន​មានការ​លំបាក​ក្នុងការ​សម្រាល​ផងដែរទេ។ ករណីនេះ​ដោយសារ​អាងត្រគាក​របស់ស្ដ្រី​នោះមាន​ការវិវឌ្ឍន៍ ល្អ ដូចស្ដ្រីមាឌ​ធំដែរ។ ទារក​ដែលកើត​ចេញពីម្ដាយ​មាឌល្អិត មានសុខភាព​ល្អដូចគ្នា​នឹងទារក​ដែលសម្រាល​ចេញពីម្ដាយ​មាឌធំដែរ។ សុខភាពផ្លូវភេទមិន​មានបញ្ហា​ដោយឡែក​ណាមួយចោទ​ឡើង ចំពោះស្ដ្រី​មាឌល្អិត​នោះឡើយ។

បញ្ហារបស់​ស្ដ្រីមាឌ​ល្អិតធាត់

ចំពោះស្ដ្រី​មាឌល្អិត ហើយមាន​រូបរាង​ធាត់ទៀត​នោះ រិតតែ​មានបញ្ហា​ដោយសារ​គាត់សម្បូរ​សាច់នៅត្រង់​គល់ភ្លៅ ជាហេតុ ធ្វើឱ្យទ្វារមាស​ត្បៀតចង្អៀត ដូចនេះ​ស្ដ្រីនោះ​នឹងជួបនូវ​ផលវិបាកពីរ​យ៉ាងក្នុង​ពេល​សម្រាលបុត្រ។

  • ផលវិបាកទី១ ៖ អាចសម្រាល​បុត្រលំបាក ដោយសារ​មានអាង​ត្រគាកតូច។
  • ផលវិបាកទី២ សាច់ដែល​នៅគល់ភ្លៅ និងទ្វារមាស​ត្បៀត នៅពេល​សម្រាលបុត្រ​ឆ្លងផុតពី​អាងត្រគាក​ហើយ អាចនឹង ជួបការ​លំបាកដោយ​ទារកមិន​អាចចេញ​មកបានដោយ​សារជាប់ណែន​នៅច្រក​ទ្វារមាស និងសាច់គល់ភ្លៅ​ដែលត្បៀត​របស់គាត់។ ទារក អាចសម្រាល​បានដែរ តែពិបាក​ក្នុងការ​ជួយ​សង្គ្រោះ ដូចជាទាញ ឬបូមយក​ទារកចេញ។ ជាធម្មតា ទារកដែល​កើតចេញ​ពីការ​សម្រាល មិនធម្មតា មិនសូវ​ជាមានសុខភាព​ល្អឡើយ។ វាអាច​ប៉ះពាល់​ជាពិសេស​ទៅលើ​ខួរក្បាល​របស់ទារក ដែលជាហេតុ​ធ្វើឱ្យ​ប៉ះពាល់​ដល់ ភាពវ័យឆ្លាត​របស់ទារក​នោះ ឬធ្វើឱ្យទារក​នោះមានលក្ខណៈ​មិនប្រក្រតី​ទៀតផង។
រូបភាពទស្សនាវដ្តីសុខភាពយើង

វិធានការបង្ការ​គ្រោះថ្នាក់​នៅពេល​សម្រាល

ដើម្បីចៀសវាង​នូវបញ្ហា​គ្រោះថ្នាក់​ផ្សេងៗដែល​អាចកើតមាន​ឡើងនៅពេល​សម្រាលបុត្រ​ជាយថា​ហេតុ ស្ដ្រីមាឌ​ល្អិតដែល ជាអនាគត​មាតាគួរ​ប្រតិបត្ដិនូវ​ប្រការមួយ​ចំនួននៅ​ពេលមាន​ផ្ទៃពោះ ដោយត្រូវ​ធ្វើយ៉ាងណា​កុំឱ្យទារក​ក្នុងផ្ទៃធំ ឬថ្លោសពេក។

1. ការបរិភោគ​ចំណី​អាហារ ៖ ដោយសារ​ស្ដ្រីមាន​មាឌតូច​អាចមាន​អាងត្រគាកតូច​នោះ។ ដូច្នេះ​នៅពេល​មាន​ផ្ទៃពោះ ស្ដ្រីជាម្ដាយ​គួរគិត​គូរពីការ​ទទួលទាន​អាហារ។ ចូរកុំ​បរិភោគ​ចំណីអាហារ​ណាដែល​នាំឱ្យ​កូនថ្លោស ដូចជា​អាហារដែល​មាន​ជាតិស្ករ ច្រើនជាដើម។ ចូរបរិភោគ​អាហារ​ដែលមាន​ជាតិសាច់​ឱ្យបានច្រើន​ជំនួសបង្អែម។ នៅពេល​ម្ដាយមាន​ផ្ទៃពោះ​ការទទួល​ទានចំណី​អាហារច្រើន​មិនបានគិត អាចឱ្យ​ទារក​ក្នុងផ្ទៃថ្លោស​ជ្រុល មិនអាច​សម្រាលរួច​ឡើយ។ ដូចនេះ​មិនត្រូវ​ទទួលទាន​តាមចំណង់​ឡើយ។ ទម្ងន់ដែល​សមល្មមទារក​អាចសម្រាល​ចេញពី​ផ្ទៃម្ដាយ​បានស្រួល គឺនៅក្រោម​ទម្ងន់៣​គីឡូក្រាម។

2. ការពិនិត្យ​ផ្ទៃពោះ នៅពេលមាន​ផ្ទៃពោះ អនាគត​មាតាគួរ​ទៅពិនិត្យ​ផ្ទៃពោះឱ្យ​បានទៀងទាត់​នៅមណ្ឌល​សុខភាព ឬ មន្ទីរសម្ភព ជាប្រយោជន៍​ជួយដល់​សុខភាព​ស្ដ្រីជាមាតា និងយល់ដឹង​ពីវិធី​ថែរក្សាគភ៌។ នៅពេល​ផ្ទៃពោះ​កាន់តែធំ ម្ដាយរិតតែ​មានការ ខ្វះជាតិដែក។ ដូច្នេះការ​ទៅជួប​គ្រូពេទ្យ គឺដើម្បី​ទទួលថ្នាំ​ជាតិដែក​ផងដែរ។ ព្រោះទាំង​ទារកទាំង​ម្ដាយត្រូវការ​ជាតិដែក ដើម្បី​បំពេញ បន្ថែម​គ្រាប់ឈាម​ក្រហម។

3. ឥរិយាបថ​ពេលមាន​ផ្ទៃពោះ ៖ ស្ដ្រីមាន​ផ្ទៃពោះ​គប្បីសម្រាន្ដ​ងាកទៅ​ខាងឆ្វេង ដើម្បីចៀស​ផុតពីការ​គាបសង្កត់​ទៅលើ សរសៃវ៉ែន ដែលនាំ​ឱ្យហើម​ជើង។ នៅពេល​មានបញ្ហាមិន​ប្រក្រតី ដូចជា​ហើមដៃជើង​ជាដើម ត្រូវទៅ​ជួបជា​មួយគ្រូពេទ្យ​ជាបន្ទាន់។

4. វិធីទប់ទល់​អាការចាញ់​កូន ជាទូទៅ​ស្ដ្រីមាន​ផ្ទៃពោះ​នៅខែទីមួយ​រហូតដល់ខែ​ទីបួន ច្រើនមាន​អាការចាញ់ ដូចជា ក្អួតចង្អោរ​ជាដើម។ ការប្រើថ្នាំ​ដើម្បីបំបាត់​អាការចាញ់​កូនមិនមាន​ប្រសិទ្ធភាព​១០០%ទេ ចាំបាច់​ត្រូវតែ​មានការ​ប្រតិបត្ដិ​នូវកត្ដា​មួយ ចំនួន។

  • ត្រូវភ្ញាក់ពី​ដំណេកដោយ​កាយវិការ​យឺតៗ មិនត្រូវរហ័ស​រហួនពេកទេ។
  • បរិភោគអាហារ​ដែលមិន​មានទឹក អាហារក្រៀម ដូចជានំប៉័ង​ជាដើម។ មិនត្រូវ​បរិភោគអាហារ​ច្រើនស្ទួន​ពេលតែ​មួយទេ គួរបរិភោគ​ឱ្យតិចៗ តែញយដង និងទទួលទាន​ទឹកតិចល្មម​បានហើយ។ ត្រូវអនុវត្ដ​បែបនេះឱ្យ​បានញយដង ធ្វើយ៉ាងណា​កុំឱ្យ​មានអា ការក្អួត។

ដំបូន្មានអ្នក​ជំនាញ

ស្ដ្រីមាឌ​ល្អិតមិន​មានអ្វីគួរ​ឱ្យអាក់​អន់ស្រពន់ចិត្ដ​ពេកនោះទេ។ ចំពោះ​បញ្ហាសុខភាព ការថែរក្សា​សុខភាព​ដូចគ្នា​នឹងស្ដ្រីដែល មានកម្ពស់​ខ្ពស់ធម្មតា​ដែរ។ ប៉ុន្ដែស្ដ្រី​មាឌល្អិត​គួរប្រយ័ត្ន​នៅពេល​មានផ្ទៃពោះ​ត្រូវយក​ចិត្ដទុកដាក់ ជាពិសេស​ធ្វើយ៉ាងណា​កុំឱ្យទារក ថ្លោសពេក ដើម្បីឱ្យ​ទារក​សម្រាលមក​បានស្រួល។ ជាការ​ប្រសើរគួរ​ឱ្យគ្រូពេទ្យ​ពិនិត្យអាង​ត្រគាកជាមុន តើអាច​សម្រាល​បុត្ររួច ឬ មិនរួច។ នៅលេខ​ក្រោយទស្សនាវដ្ដី សុខភាពយើង នឹងលើកយក​ប្រធានបទ​ស្ដ្រីមាឌធំ និងបញ្ហា​សុខភាព មកជម្រាប​ជូន​ប្រិយមិត្ដ អ្នកអានទុក​ជាការ​ស្វែងយល់​វិញម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *