លោកអ្នកប្រហែលជាធ្លាប់បានជួបប្រទះ ឬមានអារម្មណ៍ថាជើងរបស់លោកអ្នកកម្រើកមិនបានស្រួល ឬក៏ឈឺចាប់នៅ ពេលដែលលោកអ្នកអង្គុយ ឬឈរយូរពេក។ គ្រានោះលោកអ្នកប្រាកដជាគិតថាវាគ្រាន់តែជាការស្ពឹកជើងធម្មតា។ ប៉ុន្ដែការពិតនោះ ជាអាការជម្ងឺមួយប្រភេទដ៏ធ្ងន់ធ្ងរអាចធ្វើឱ្យលោកអ្នកមានគ្រោះថ្នាក់រហូតដល់ពិការភាពអស់មួយជីវិតក៏មាន។
លោកវេជ្ជបណ្ឌិត គួយ សំណាង អ្នកឯកទេសវេជ្ជសាស្ដ្រទូទៅ និងជម្ងឺមហារីក នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ស្រាយ បំភ្លឺអំពីបញ្ហាជម្ងឺស្ពឹកជើងនេះជូនមិត្ដអ្នកអានជាមួយទស្សនាវដ្ដី សុខភាពយើង។
ស្ពឹកជើង ជាអ្វី?
ពាក្យស្ពឹកជើងមានបញ្ហាលំបាកក្នុងការដាក់ឈ្មោះជាពាក្យបច្ចេកទេស ឬប្រភេទជម្ងឺជាភាសាខ្មែរ។ មានជម្ងឺមួយប្រភេទ ដែលឆ្លើយតបនឹងរោគសញ្ញានេះ ហើយកើតមានច្រើនក្នុងប្រទេសកម្ពុជា គឺជម្ងឺប៉ូលីនេវ្រិត។ ប៉ូលីនេវ្រិតជាជម្ងឺមួយដែលប៉ះពាល់ទៅ លើសរសៃប្រសាទដោយផ្ទាល់ និងមានភាពស្មើគ្នាទាំងខាងឆ្វេង និងខាងស្ដាំ។ ការប៉ះទង្គិចទៅលើប្រសាទនេះធ្វើឱ្យកើតជារោគ សញ្ញាមួយចំនួនបង្កើតជាវិបត្ដិកាយវិញ្ញាណ។
មូលហេតុស្ពឹកជើង ឬជម្ងឺប៉ូលីនេវ្រិត
មានមូលហេតុច្រើនយ៉ាងដែលបណ្ដាលឱ្យកើតមានជម្ងឺស្ពឹកជើង ឬប៉ូលីនេវ្រិត។
- ការរលាកសរសៃប្រសាទជើង ឬដៃបណ្ដាលមកពីខ្វះជាតិវីតាមីនបេមួយ។ កង្វះវីតាមីនប្រភេទនេះបណ្ដាលមកពីកត្ដា មួយចំនួនដែលតែងតែកើតមានក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការទទួលទានស្រាច្រើនយូរឆ្នាំជាដើម។ ជាធម្មតា ស្រាដែលទទួលទានទៅ ក្នុងខ្លួនតែងត្រូវការវីតាមីនបេមួយក្នុងបរិមាណច្រើនដើម្បីបំបែកខ្លួន។ ទទួលទានស្រាកាន់តែច្រើនធ្វើឱ្យតម្រូវការវីតាបេមួយកាន់ តែច្រើន បើសព៌ាង្គកាយមិនមានលទ្ធភាពផ្ដល់ឱ្យគ្រប់គ្រាន់នាំឱ្យកើតជាជម្ងឺស្ពឹកជើងឡើង។
- កង្វះអាហារូបត្ថម្ភក៏ជាមូលហេតុនាំឱ្យកើតមានជម្ងឺស្ពឹកជើងដែរ។
- ស្ពឹកជើង ឬប៉ូលីនេវ្រិចអាចបណ្ដាលមកពីជាតិពុល ដូចជាជាតិសំណ ជាតិអាសេនិចជាដើម ដែលធ្វើឱ្យប៉ះពាល់ទៅលើ សរសៃប្រសាទ ជាពិសេសទៅលើចលនា។
- ការប្រើប្រាស់ឱសថលើសកម្រិតមួយចំនួន ជាពិសេសឱសថប្រឆាំងជម្ងឺរបេង និងឱសថព្យាបាលជម្ងឺមហារីក។
- ប្រតិកម្មគីមីមួយចំនួននៅក្នុងខ្លួនដើម្បីបំបែកសារធាតុជាថាមពល(អាតេប៉េ)សម្រាប់ប្រើប្រាស់ក៏បណ្ដាលឱ្យមានជម្ងឺប៉ូ លីនេវ្រិចនេះដែរ។
- ជម្ងឺទឹកនោមផ្អែមក៏អាចនាំឱ្យមានប៉ូលីនេវ្រិច ឬស្ពឹកជើងនេះដែរ។ ចំណីអាហារ និងការគ្មានបញ្ចេញពលកម្មធ្វើឱ្យកើត ជម្ងឺទឹកនោមផ្អែម ក្នុងនោះ៣០%បង្កជាប៉ូលីនេវ្រិច ស្ពឹកដៃជើង និងទន់ដៃទន់ជើង។
- ខ្សោយតម្រងនោមដែលធ្វើឱ្យជាតិពុលមួយចំនួនត្រូវកកស្ទះមិនបានបញ្ចេញចោល។ ជាតិពុលដែលមិនបានបញ្ចេញតាម ទឹកនោមក៏ជ្រាបចូលទៅក្នុងឈាម និងប៉ះពាល់ទៅសរសៃប្រសាទណាមួយដែលធ្វើឱ្យស្ពឹកជើង ឬប៉ូលីនេវ្រិច។
- កង្វះជាតិអ័រម៉ូនស្ដេរ៉ូអ៊ីដដែលមាននាទីសំខាន់ក្នុងប្រតិកម្មនាំកាល់ស្យូមចូលទៅក្នុងឆ្អឹង។
- ជម្ងឺប៉ូលីនេវ្រិតក៏អាចបណ្ដាលមកពីមេរោគមួយឈ្មោះប៊រឌុយរីត ដែលបញ្ចេញជាតិពុលធ្វើឱ្យប៉ះពាល់សរសៃប្រសាទ។ ក្រៅពីមេរោគនេះនៅមានមេរោគនៃជម្ងឺមួយចំនួនទៀត ដូចជាមេរោគជម្ងឺខាន់ស្លាក់ជាដើម។
- ជម្ងឺមហារីកឈាមក៏ជាមូលហេតុមួយនាំឱ្យស្ពឹកដៃជើងដែរ។ ជម្ងឺមហារីកឈាមធ្វើឱ្យអ្នកជម្ងឺស្លេកស្លាំងដែលបណ្ដាល មកពីការហូរឈាម និងទប់មិនឱ្យអង់ស៊ីមផលិតគ្រាប់ឈាមក្រហម។
រោគសញ្ញាជម្ងឺប៉ូលីនេវ្រិត
នៅបណ្ដាប្រទេសអឺរ៉ុប គេអាចដឹងពីរោគសញ្ញាជម្ងឺស្ពឹកជើងដោយការប្រើឧបករណ៍វាស់សាច់ដុំ។ រោគសញ្ញាដំអូញរបស់ អ្នកជម្ងឺ គឺមានអាការធ្ងន់ដៃធ្ងន់ជើង ឬធ្វើចលនាមិនបានតាមចិត្ដ និងបាត់បង់ទំនាក់ទំនងផ្នែកកាយវិញ្ញាណ(លែងដឹងថាមានអ្វីប៉ះ ពាល់ទៅលើស្បែក)។ រោគសញ្ញាខ្លះទៀតមានលក្ខណៈហាក់ដូចជាមានម្ជុលចាក់លើដៃ និងជើង ខ្លះមានការឈឺចាប់ទៀតផង។
ផលប៉ះពាល់បង្កដោយជម្ងឺប៉ូលីនេវ្រិត
ជម្ងឺប៉ូលីនេវ្រិតធ្វើឱ្យមានផលវិបាកយ៉ាងខ្លាំងចំពោះអ្នកជម្ងឺ ដូចជាមិនអាចធ្វើដំណើរជិតឆ្ងាយ ឬចេញទៅប្រកបកិច្ចការរក ស៊ីដើម្បីចិញ្ចឹមជីវិតបាន។ ប្រសិនបើជម្ងឺនេះកើតលើអ្នកដែលមានជីវភាពក្រីក្រ ឬមធ្យម អ្នកនោះនឹងជួបបញ្ហាវិបត្ដិសេដ្ឋកិច្ចជាក់ជា មិនខាន។ ម្យ៉ាងទៀតជម្ងឺប៉ូលីនេវ្រិតអាចធ្វើឱ្យលោកអ្នកក្លាយជាជនពិការថែមទៀតផង។
ការព្យាបាលជម្ងឺប៉ូលីនេវ្រិត
ដោយសារជម្ងឺប៉ូលីនេវ្រិតបង្កឡើងដោយមូលហេតុច្រើនយ៉ាង ដូចនេះដើម្បីធ្វើការព្យាបាល អ្នកជម្ងឺចាំបាច់ត្រូវព្យាបាលនូវ ជម្ងឺទាំងឡាយដែលជាមូលហេតុបង្ក ដោយទៅជួបនឹងវេជ្ជបណ្ឌិតឯកទេស។ ចំពោះមូលហេតុមួយចំនួនដែលលោកអ្នកអាចធ្វើបាន ដោយខ្លួនឯង ដូចជាបញ្ហាកង្វះចំណីអាហារ និងវីតាមីន។ ប៉ុន្ដែទោះបីជាយ៉ាងណាលោកអ្នកក៏គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផងដែរ។
វិធីបង្ការជម្ងឺប៉ូលីនេវ្រិត
ដើម្បីចៀសវាងកើតមានជម្ងឺស្ពឹកជើង លោកអ្នកគួរប្រតិបត្ដិនូវប្រការមួយចំនួន។
- ត្រូវទទួលទានអាហារដែលមានគុណប្រយោជន៍គ្រប់គ្រាន់ ពិសេសអាហារដែលមានវិតាមីនបេមួយ ដូចជាអង្ករសម្រូប ជាដើម
- មិនត្រូវទទួលទានស្រាច្រើន និងកុំឱ្យការទទួលទាននោះមានលក្ខណៈជារ៉ាំរ៉ៃ
- លោកអ្នកគួរមានការប្រុងប្រយ័ត្នចំពោះជម្ងឺមួយចំនួនដែលជាមូលហេតុនៃជម្ងឺស្ពឹកជើងដូចរៀបរាប់ជូនខាងលើ។ ចាំបាច់ គួរប្រញាប់ទៅធ្វើការព្យាបាលជាបន្ទាន់ដើម្បីកុំឱ្យឈានដល់ដំណាក់កាលជម្ងឺនោះបង្កឱ្យទៅជាជម្ងឺស្ពឹកជើងបាន។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគួរប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលក្នុងករណីមានអាការស្ពឹកជើង។ ប្រការ សំខាន់លោកអ្នកគួរកុំពិសាស្រាច្រើន និងកុំប្រើប្រាស់ឱសថប្រឆាំងជម្ងឺដោយមិនពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន ជាពិសេសថ្នាំប្រ ឆាំងជម្ងឺរបេង និងប្រឆាំងជម្ងឺមហារីក។ សូមលោកអ្នកចងចាំថាជម្ងឺស្ពឹកជើង ឬប៉ូលីនេវ្រិតនេះអាចកើតឡើងសារជាថ្មីម្ដងទៀត ក្រោយពីបានព្យាបាលជាសះស្បើយ បើលោកអ្នកមិនបានការពារឱ្យបានល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply